ដោយ ៖ រ៉ាណេត
កំពង់ចាមៈ គម្រោងស្ថាបនាផ្លូវជាតិលេខ២៧០ ដែលមានប្រវែង៥៨គីឡូម៉ែត្រ តភ្ជាប់ពីឃុំរកាកោងស្រុកមុខកំពូល ខេត្តកណ្តាល ទៅស្រុកកងមាស ខេត្តកំពង់ចាម ដែលកំពុងមមាញឹកក្នុងការស្ថាបនា នឹងត្រូវបញ្ចប់ឱ្យរួចរាល់ក្នុងឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូន។

-->
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់សាជាថ្មីតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា បច្ចុប្បន្នក្រុមការងារជំនាញថ្នាក់ខេត្ត និងក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងតែជំរុញ និងពន្លឿនការស្ថាបនាផ្លូវលេខ២៧០នេះ បន្ទាប់ពីផ្លូវមួយខ្សែនេះមានសភាពខូចខាតធ្ងន់ធ្ងរ ដែលបង្កផលលំបាកក្នុងការធ្វើដំណើរ ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ទាំងការធ្វើចរាចរណ៍ និងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ។
លោកបានបញ្ជាក់ថា “ក្រសួងបានធ្វើការប្ដេជ្ញាចិត្ដជាមួយខេត្ដថា នឹងស្ថាបនឱ្យរួច បើទោះបីទំហំថវិកាមានការប៉ះពាល់ដោយសារ Covid-19 យ៉ាងក៏ដោយ ប៉ុន្ដែកងវិស្វកម្មរបស់ក្រសួងសាធារណការធ្វើឱ្យរួច” ។ លោកបន្តថា “នេះជាសំណួរដដែលៗរាប់ឆ្នាំមកហើយ ដែលយើងកំពុងប៉ះពាល់ថវិកា ហើយបើអត់ថវិកាធ្វើទេក៏ពិបាកដែរ ហើយអ្នកធ្វើក៏ត្រូវការថវិកាជាទ្រង់ទ្រាយធំដែរ ដើម្បីធានាគុណភាព” ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ចាម លោកសុខ ស្រ៊ុន បានបញ្ជាក់ថា កំណាត់ផ្លូវ២៧០នេះ គឺមានប្រវែងជាង៥៨គីឡូម៉ែត្រ ដោយបានសាងសង់ជាគ្រួសកៅស៊ូបានចំនួន ៤៨គីឡូម៉ែត្រ ហើយនៅសល់១២គីឡូទៀត ត្រូវបានផ្អាកសាងសង់មួយរយៈបន្ទាប់ពីមានការផ្ទុះជំងឺ Covid-19 ។ ផ្លូវលេខ២៧០នេះ ជាផ្លូវស្របតាមមាត់ទន្លេ តភ្ជាប់ពីស្រុកមុខកំពូលខេត្ដកណ្ដាល ទៅស្រុកកងមាស ខេត្ដកំពង់ចាម ហើយកំពុងមានការមមាញឹកក្នុងការធ្វើចរាចរណ៍ និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ខេត្តទាំង២នេះ៕