ដោយទិវា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដល់មន្ត្រីរាជការដែលឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីជួរគណបក្ស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងករណីពីវិវាទដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ។
សម្តេចតេជោថ្លែងថា “ជម្លោះដីធ្លីនេះ គឺមានការឃុបឃិតរវាងមន្ត្រី និងលោកឧកញ៉ា សង ថន ដោយឃុបឃិតយកដីរបស់រដ្ឋ ហើយបែរជាបន្លំធ្វើឯកសារថាដីនោះជាដីស្របច្បាប់របស់ឧកញ៉ា ហើយកាត់ឆ្វៀលជូនប្រជាពលរដ្ឋទៅវិញ”។
សម្តេចតេជោបន្ថែមថា ដើម្បីដោះស្រាយវិវាទដីធ្លីនេះ សម្តេចបានបញ្ជាទៅក្រសួងយុត្តិធម៌ ក្រុមមេធាវីរបស់សម្តេច ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីស៊ើបអង្កេតលើរឿងនេះ។ ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាទៅលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរៀបចំឯកសារពាក់ព័ន្ធលើវិវាទនេះដាក់ជូនគណៈរដ្ឋមន្ត្រីថែមទៀតផង។
សម្តេតេជោបានថ្លែងថា “ចំពោះមន្ត្រីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ” ។
វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ វិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។ ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ៕






