គម្រោង​ស្ថាបនា​ផ្លូវ​វាង​ក្រុង​កំពត​កំពុង​ទាក់ទាញ​ការវិនិយោគ​បន្ថែម

0

ដោយ ៖ រ៉ា​ណេ​ត

កំពត ៖ ជាមួយនឹង​លទ្ធផល​នៃ​ការស្ថាបនា​ផ្លូវ​វាង​ក្រុង​កំពត​ទទួលបាន​ជាង ៩០ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅក្នុង​អំឡុង​ខែកក្កដា ឆ្នាំ២០២០នេះ បច្ចុប្បន្ន​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន បាន និង​កំពុង​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅក្បែរ​ផ្លូវ​ដ៏​មាន​សារសំខាន់​មួយ​នេះ។

គិត​ត្រឹម​ចុង​សប្ដាហ៍ ដើមខែ​កក្កដា ឆ្នាំ២០២០នេះ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​កំពត​សម្រេចបាន​លទ្ធផល​ជាង ៩០ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅក្នុង​អំឡុង​ខែ​នេះ។

អភិបាលរង​ខេត្ត លោក ភូ លិ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​កំពត គិត​ត្រឹម​ថ្ងៃនេះ​សម្រេចបាន​ជាង៩០ភាគរយ​ហើយ ដែល​អាច​នឹង​បញ្ចប់​នៅក្នុង​អំឡុង​ខែកក្កដា ឆ្នាំ២០២០នេះ។

លោក​បាន​បញ្ជាក់ថា “ឥឡូវ​ជិត​បញ្ចប់​ការសាងសង់​ទាំងស្រុង​ហើយ ពោលគឺ​នៅសល់តែ​ការចាក់​បំពេញ​នៅ​ដើមផ្លូវ និង​ចុង​ផ្លូវ​បន្តិចទៀត​តែប៉ុណ្ណោះ ហើយ​តាមរយៈ​ផ្លូវ​បេតុង​វាង​ក្រុង​កំពត១ខ្សែ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​នូវ​រថយន្ត​តូច ធំ​បើកបរ​លើ​ដងផ្លូវ​ជាតិ​លេខ៣ ក្បែរ​ផ្សារ​សាមគ្គី ក្នុង​ក្រុង​កំពត និង​ក៏ដូចជា​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​របៀបរៀបរយ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​កំពត ព្រោះ​បច្ចុប្បន្ន​ក្រុង​កំពត​ផ្លូវ​វាង​ក្រុង​ប៉ែក​ខាងជើង ឬ​ខាងលិច​នៃ​ក្រុង​កំពត នៅ​ពុំទាន់​មាន​ផ្លូវ​សម្រាប់​សម្រួល​ចរាចរណ៍​នៅឡើយ” ។

ជាមួយនឹង​វត្ត​មាននៃ​ផ្លូវ​វាង​ក្រុង​ដ៏​ស្រស់ស្អាត និង​ធំ​ទូលាយ មួយ​នេះ បច្ចុប្បន្ន​មាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​បានចាប់ផ្តើម​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​ភាគច្រើន​ជាការ​វិនិយោគ​ក្នុង​វិស័យ​លំនៅដ្ឋាន​បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍​តំបន់​កម្សាន្ត​ដែល​ស្ថិតនៅ​ក្បែរ​មាត់​ព្រែក​ជិត​ផ្លូវ​វាង​ក្រុង។

ផ្លូវ​វាង​ក្រុង​មួយ​នេះ ស្ថិតនៅ​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត មាន​ទទឹង ១៥ម៉ែត្រ​បណ្ដោយ ១៣៨០ម៉ែត្រ ធ្វើ​ពី​បេតុង​សរសៃដែក អមដោយ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញពី​ក្នុង​ក្រុង​កំពត ដោយ​ផ្លូវ​នេះ​ត​បំបែកចេញ ពី​ផ្លូវជាតិ​លេខ៣ ឆ្ពោះទៅ​ទល់នឹង​ផ្លូវ​បេតុង​ម៉ា​កេង ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដែលមាន​គំលាត​ពី​ផ្លូវ​រថភ្លើង​ចម្ងាយ ១២ម៉ែត្រ និង​ចិញ្ចើមផ្លូវ​ម្ខាង​ទៀត មាន​ចំនួន ៣ម៉ែត្រ ក្រោម​គម្រោង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្តកំពត៕

LEAVE A REPLY

Please enter your comment!
Please enter your name here