ទីតាំង​សណ្ឋាគារ និង​បូ​ទិ​ក ចាប់ផ្ដើម​កែប្រែ​អាជីវកម្ម​ផ្សេង ខណៈ​កូ​វីដ១៩នៅតែ​អូសបន្លាយ

0

ដោយ ចរិយា

ភ្នំពេញៈ ក្រោយពី​បិទ​អាជីវកម្ម​អស់​មួយរយៈ ដោយសារតែ​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វីដ១៩ សណ្ឋាគារ ផ្ទះសំណាក់ និង​ប៊ូ​ទិ​ក​មួយចំនួនទៀត នៅតែ​មិនមាន​ភ្ញៀវ​សម្រាក​និង​លំហែ​នៅឡើយ ហើយ​ម្ចាស់​អាជីវកម្ម​មួយចំនួន ក៏​សម្រេច​ប្តូរ​អាជីវកម្ម​ពី​សណ្ឋាគារ និង​បូ​ទិ​ក​ទៅជា​អាជីវកម្ម​ផ្សេង​ជំនួស​វិញ ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​បុគ្គលិក និង​ម្ចាស់​អាជីវកម្ម​ខ្លួនឯង។

លោកស្រី​ក្លេ​ខៃ ចិន្ដា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​ថ្លែង​តាម​ទូរ​សព្ទ​អោយដឹងថា ទីតាំង​សណ្ឋាគារ ផ្ទះសំណាក់ និង​បូ​ទិ​ក​មួយចំនួន បាន​កែប្រែ​អាជីវកម្ម​របស់ខ្លួន​ទៅជា​អាជីវកម្ម​ផ្សេង ដែល​មិន​បម្រើអោយ​វិស័យ​ទេសចរណ៍ ឬ​វិស័យ​ដែល​នៅតែ​រង​ផលប៉ះពាល់។

លោកស្រី​បន្តថា “បើទោះបីជា​បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍​បាន​ជំ​រុញអោយ​ពលរដ្ឋ​ក្នុងស្រុក​ធ្វើដំណើរ​កម្សាន្ត និង​សម្រាក​នៅផ្ទះ​សំណាក់​សណ្ឋាគា​រ និង​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍ផ្សេងៗក្ដី តែ​ក៏​វា​មិនអាច​ធ្វើអោយ​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់​ប៊ូ​ទិ​កនៅ​ទីតាំង​មួយចំនួន ដែល​រង​ផលប៉ះពាល់​ដោយសារតែ​កូ​វីដ១៩ មិនទាន់​ងើបឡើង​វិញ​បានឡើយ។លោកស្រី​បន្តថា “សណ្ឋាគារ​ខ្លះ​ផ្ដោតលើ​ភ្ញៀវទេសចរ​ក្រៅ​ស្រុក ហើយ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក​វិញ ក៏​មិនបាន​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍ អស់​សក្ដានុពល​ដូច​ភ្ញៀវ​អន្តរជាតិ​ឡើយ” ។

លោកស្រី​បន្ថែមថា សម្រាប់​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ក៏ដូចជា​ទីតាំង​ទេសចរណ៍​ដទៃទៀត ដែល​មិន​ប្រភព​ទុន​គ្រប់គ្រាន់ ក៏បាន​ប្រកាស​លក់​ទីតាំង​នោះ​ទី​អ្នក​ទី២ ទី៣បន្ត ដើម្បីអោយ​អ្នក​បន្ត​អាច​កែប្រែ​ជំនួស​ខ្លួន​ដែល​មិនមាន​លទ្ធភាព។

លោក​តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ជាការ​ពិតណាស់​អាជីវ​កម្ម​មួយចំនួន ដែល​ប៉ះពាល់​ដោយសារ​កូ​វីដ បាន​កែប្រែ​ដើម្បី​អាច​រក​ចំណូល​ចិញ្ចឹម​បុគ្គលិក ផ្ដល់ប្រាក់​ចំណូល​ដល់​បុគ្គលិកខ្លះៗ ក្នុងការ​លើកកម្ពស់​ក​ម្រិ​ត​ជីវភាព ហើយ​ក្នុងនាម​ក្រសួងទេសចរណ៍​ក៏​រីករាយ​និង​សាទរ ឃើញ​ម្ចាស់​អាជីវកម្ម​បត់បែន​ទៅតាម​កាលៈទេសៈ​បែបនេះ ។

លោក​បន្តថា កាលពី​ខែឧសភា២០២០កន្លងទៅនេះ គេ​ឃើញថា​ចលនា​ទេសចរណ៍​ក្នុងស្រុក ក៏​ចាប់​ផ្ដើ​ក​កម្រើក​ឡើងវិញ​ជា​បណ្ដើរ​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូ​វីដ១៩នៅ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្រាល​ឡើងវិញ ក៏ប៉ុន្តែ​សម្រាប់​តំបន់​ខ្លះ​នៅតែ​ចោទ​ជា​បញ្ហា ដែល​ធ្វើអោយ​ម្ចាស់​អាជីវកម្ម ដែល​ជួល​ទីតាំង​ត្រូវ​បង្ខំចិត្ត​លក់ ឬក៏​ផ្លាស់ប្តូរ​អាជីវកម្ម។

យោងតាម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ រាជរដ្ឋាភិបាល​បានសម្រេច​អោយ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខេ​ធី​វី ផ្លាស់ប្តូរ​អាជីវកម្ម​ទៅជា​ភោជនីយដ្ឋាន និង​អាច​ទទួលភ្ញៀវ ហើយ​នៅតែ​បន្ត​បិទ អាជីវកម្ម​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ​ដដែល ដើម្បី​បន្ត​ការពារ​ការឆ្លង​រាលដាល​នៃ​កូ​វីដ១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here