លោក​នី ទី​ណាត​ ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលវត្ថុឲ្យ​មាន​ប្រសិទ្ធភាព

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មានការ​លើកឡើងផ្សេងៗគ្នា​ជាច្រើន ពាក់ព័ន្ធ​ទៅនឹង​វិធីសាស្ត្រ ក្នុងការ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ម្នាក់ ដែលមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​ខ្ពស់ ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ លើកយក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​មក​បង្ហាញ ហើយ​អ្នក​ខ្លះទៀត បាន​លើកយក​ទ្រឹស្ដី​ពី​ការសិក្សា​ស្រាវជ្រាវ​មក​ធ្វើជា​អំណះអំណាង។

ជាការ​ចែករំលែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ ទៅនឹង​គន្លឹះ​ដែល​អាច​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ម្នាក់ ដែល​អាច​ទទួលបាន​ភា​គ​រយ​ជោគជ័យ​ខ្ពស់ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Basac Realthy Co,. Ltd លោក នី ទី​ណាត​បាន​លើកយក​ពី​ចំណុចសំខាន់ៗមួយចំនួន ដែល​លោក​ធ្លាប់​អនុវត្ត និង​ទទួលបាន​លទ្ធផល​ល្អ​មក​បង្ហាញ​ដូចខាងក្រោម​នេះ។

ក្នុងការ​ធ្វើ​បទ​បង្ហាញ​នៅ​អង្គសិក្ខាសាលា​ស្ដីពី ការចែករំលែក​ចំណេះដឹង​ការ​អភិ​វ ឌ្ឍ​ខ្លួន​ជា​ភ្នាក់ងារ​អចល​ទ្រព្យ​នៅ​ភោជនីយដ្ឋាន សួគ៌ា កាលពីពេលថ្មីៗនេះ​ថា វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​គឺមាន​ច្រើន ប៉ុន្តែ​អ្វីដែល​សំខាន់ និង​ចាំបាច់​បន្ថែម​ពីលើ​ចំណង់​ចំណូលចិត្ត ការព្យាយាម ការចេះ​រៀបចំខ្លួន និង​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ ទៅនឹង​វិស័យ​អចលនទ្រព្យ នៅមាន​ចំណុច​មួយចំនួនទៀត​ដែល​លោក​ធ្លាប់បាន​អនុវត្តន៍។

លោក​នី ទី​ណាត​បាន​បញ្ជាក់ថា “ក្រៅពី​អ្វីដែល​ខ្ញុំ​រៀបរាប់​ខាងលើនេះ ភ្នាក់ងារ​ដែលមាន​ឱកាស​ជោគជ័យ គឺ​ត្រូវ​ចេះ​ជ្រើសរើស​អតិថិជន​ពិតប្រាកដ ដឹង​ពី​តម្រូវការ​ពិតប្រាកដរ​បស់​អតិថិជន យល់ដឹង​ពី​នីតិវិធី​ច្បាប់ និង​មាន​អចលនទ្រព្យ​ច្រើន​ប្រភេទ​សម្រាប់​ដាក់លក់​ដល់​អ​តិ​ថិ​ជន” ។ លោក​បន្តថា “ជា​បទពិសោធន៍​របស់​ខ្ញុំ ស្ទើរតែ​គ្រប់​អតិថិជន​ដែល​មកជួប​យើង ភាគច្រើន​ពួកគាត់​ក៏​ធ្លាប់​ជួប​ជាមួយ​បណ្តា​ភ្នាក់ងារ នៃ​ក្រុមហ៊ុន​ដទៃទៀត ដែល​ប្រឡូក​នៅក្នុង​ទីផ្សារ​រួមជាមួយ​គ្នា ដូច្នេះ​នៅពេលដែល​ដឹងថា ពួកគាត់​ធ្លាប់​ជួប​ជាមួយ​ភ្នាក់ងារមុនៗ យើង​គួរ​ស្វែង​យក​ពី​គោលបំណង​របស់​ភ្ញៀវ ហើយ​ជ្រើសរើស​ប្រភេទ​អចលនទ្រព្យ ដែល​ស្ថិតក្នុង​គោលបំណង​របស់​ពួកគាត់ ដោយ​អាចមាន​ចាប់ពី២-៣ប្រភេទ​ឡើងទៅ ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា” ។

លោក​បន្តថា កុំ​ព្យាយាម​និយាយ​បង្អាប់​ភ្នាក់ងារមុនៗ ដែល​ពួកគាត់​បាន​ជួប ប៉ុន្តែ​ត្រូវ​ព្យាយាម​បង្ហាញ​ពី​ជំនាញ ចំណេះដឹង និង​ភាពស្មោះត្រង់​ទៅកាន់​ពួកគាត់ ដើម្បីឱ្យ​ពួកគាត់​ស្គាល់​ពី​តម្លៃ និង​ផ្តល់​ទំនុក​កាន់តែខ្លាំង​មកលើ​យើង។ អ្វីដែល​សំខាន់ គឺ​ការចេះ​គ្រប់គ្រង​ពេលវេលា​ជាក់លាក់ ក្នុងការ​ណាត់ជួប​ជាមួយ​ភ្ញៀវ។ មុនពេល​កំណត់​ពេលណា​ត់​ជួប ឬ​សន្យា​ចេញ​ជួប​ភ្ញៀវ ចាំបាច់​បំផុត​ប្រាកដថា បាន​ត្រៀមខ្លួន​រួចរាល់ ដោយ​ក្នុងនោះ ត្រូវ​រាប់បញ្ចូល​ទាំង​ការរៀបចំ​ឯកសារ​ដែល​ពាក់ព័ន្ធ ការស្វែងយល់​បន្ថែម​ពី​ចរន្ត​អចលនទ្រព្យ ដែល​ស្ថិតនៅ​ជុំវិញ​ទីតាំង​គោលដៅ​របស់​ភ្ញៀវ ជៀសវាង​ការទទួលបាន​ដំណឹង​យឺត​ជាង​ភ្ញៀវ ឬ​ជា​ដំណឹង​លឿន​រហ័ស ប៉ុន្តែ​មិន​ច្បាស់​ការណ៍។

ជាមួយនឹង​ការបង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ខាងលើនេះ លោក​នី ទី​ណាត​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការរក្សាបាន​នូវ​កិច្ចទំនាក់ទំនង​ល្អ​ជាមួយ​ភ្ញៀវ ក៏ដូចជា​ដៃគូ​សហការ​ដែល​ស្ថិតនៅក្នុង​វិស័យ​រួមគ្នា ក៏​ជា​ចំណុច​សំខាន់​ដែល​ភ្នាក់ងារ​ត្រូវតែ​ប្រកាន់ខ្ជាប់ រួម​ជាមួយនឹង​ការព្យាយាម​សិក្សា ស្វែងយល់​បន្ថែមទៀត​ពី​មនុស្ស ដែលមាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here