កម្ពុជា​ទាក់ទាញ​ទុនវិនិយោគ​លើ​វិស័យ​សំណង់​ជាង ៥៦,៩៦១លាន​ដុល្លារក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍

0

ដោយ វុត្ថា

ភ្នំពេញៈ ក្នុង​រយៈពេល២០ឆ្នាំ ចាប់ពី​ឆ្នាំ ២០០០ ដល់​ខែមិថុនា ឆ្នាំ២០២០ នេះ កម្ពុជា បានចេញ​លិខិតអនុញ្ញាត​សាងសង់​សំណង់​ចំនួន៥០,៩៦៨គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​ជាង១៤៥លាន​ម៉ែត្រការ៉េ ដែលមាន​ទុនវិនិយោគ​ជាង៥៦,៩៦១លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានឱ្យដឹង​នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០នេះ​បង្ហាញថា គម្រោង​អគារខ្ពស់ៗចាប់ពី៥ ជាន់ឡើង​នូវ​ទូទាំងប្រទេស គិត​ចាប់ពី​ឆ្នាំ២០០៥ រហូតដល់​ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ មាន​ចំនួន១៩៤៥ អគារ។

ក្នុងនោះ​អគារខ្ពស់ៗ ចាប់ពី៥ជាន់​ទៅ៩ ជាន់​មាន​ចំនួន១០២២ អគារ។ អគារខ្ពស់ៗចាប់ពី១០ ជាន់​ទៅ១៩ជាន់​មាន​ចំនួន៥៦៦ អគារ ។ អគារខ្ពស់ៗចាប់ពី២០ ជាន់​ទៅ ២៩ជាន់​មាន​ចំនួន១៨៧អគារ។ អគារខ្ពស់ៗចាប់ពី៣០ ជាន់​ទៅ៣៩ជាន់​មាន​ចំនួន ១១៤ អគារ និង​អគារខ្ពស់ៗចាប់ពី៤០ ជាន់​ទៅ មាន​ចំនួន៤៦ អគារ។

របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា ដោយឡែក នៅ​ខេត្ត​ព្រះសីហនុ មាន​អគារ​ចាប់ពី ៥ ជាន់​ឡើងទៅ​ចំនួន៣៤៦ អគារ។ សម្រាប់​គម្រោង​បុរី​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី គិតពី​ឆ្នាំ២០០៣ ដល់​ខែមិថុនា ឆ្នាំ ២០២០ មាន​ចំនួន៣៤៨ គម្រោង ។

សេដ្ឋវិទូ​បានឱ្យដឹងថា វិស័យ​សំណង់​នៅ​កម្ពុជា បាន​នឹង​កំពុង​ដើរតួនាទី​ជា​កំលាំងចលករ​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ខណៈ​វិស័យនេះ ពិតជា​បាន​ង្ហា​ញ ពី​ការវិវត្ត​ឈានឡើង​នៃ​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ស្ថេរភាព និង​និរន្តរភាព តាមរយៈ​ការដាក់ចេញ នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់មាន​ប្រសាសន៍​កន្ល​ង​មកនេះ​ថា ក្នុង​វិស័យ​សំណង់​កម្ពុជា មាន​ក្រុមហ៊ុន​បរទេស​មក​ធ្វើការ​បោះទុន​វិនិយោគ ជាច្រើន រួមមាន ក្រុមហ៊ុន​ចិន​ជាប់​ចំណាត់ថ្នាក​ទី១ ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក​ទី។ ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន ជាប់​ចំណាត់ថ្នាក់​ទី៣ និង​បណ្តា​ក្រុមហ៊ុនធំៗមកពី​បណ្តា​ប្រទេស​ផ្សេងទៀត ទាំង​នៅក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here