អាគារពាណិជ្ជកម្មExchange Square តម្លៃ១០០លានដុល្លារចាប់ផ្តើមសម្ភោធ

0

ដោយ គង់ សូរិយា

ភ្នំពេញអគារពាណិជ្ជកម្ម Exchange Square តម្លៃ១០០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ​និងវិនិយោគដោយក្រុមហ៊ុន HongKong Land បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៨នេះ។

ប្រធានប្រតិបត្តិក្រុមហ៊ុន Hongkong Land លោក Robert Wong បានលើកឡើងថា ក្រុមហ៊ុនលោកមានគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅតាមបណ្តាទីក្រុង ក្នុងទ្វីបអាស៊ីជាច្រើន ដែលទទួលបានភាពជោគជ័យ។ ដោយឡែកនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបាននិងកំពុងក្លាយជាតំបន់ហិរញ្ញវត្ថុ និងអាជីវកម្ម ដែលកំពុងលូតលាស់យ៉ាងខ្លាំងនៅក្នុងតំបន់ និងជាទីក្រុងដ៏ធំមួយដែលក្រុមហ៊ុនបានពង្រីកវត្តមាននាពេលនេះ។

លោកបន្តថា “អគារថ្មីនេះ បានក្លាយទៅជាគម្រោងអភិវឌ្ឍន៍គំរូ នៅក្នុងទីក្រុង ហើយបានទាក់ទាញការិយាល័យ និងហាងទំនិញលក់រាយនានា ពីការចាប់ផ្តើមបើកដំណើរការសាកល្បង នាខែសីហាកន្លង ឆ្នាំមុន”។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកប៉ែន សុផលបានថ្លែងថា ការបើកដំណើរការអាគារថ្មី មានកំពស់រហូតដល់២៦ជាន់កម្ពស់១១៧.១៥ម៉ែត្រ លើក្រឡាផ្ទៃសំណង់សរុប ៥៩.៨៤១​ម៉ែត្រការ៉េ បានឆ្លុះបញ្ចាំងអំពីការវិវត្តឈានឡើងនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យឯកជនជាដៃគូ និងបានលើកកម្ពស់តួនាទីវិស័យឯកជន ក្នុងការងារអភិវឌ្ឍអចលទ្រព្យ ធ្វើឲ្យទីផ្សារអច​លនទ្រព្យនៅកម្ពុជាមានកំណើនយ៉ាងឆាប់រហ័ស។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​បង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងមក ទុនវិនិយោគខាងវិស័យសំណង់ បានកើនដល់៦,៧៩៨លានដុល្លារអាមេរិក កើនឡើង២១,៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៦ មានទុនវិនិយោគជាង៥,៥០០លានដុល្លារអាមេរិក៕

តើនៅភ្នំពេញមានប្រជាជនរស់នៅប៉ុន្មានពាន់នាក់ក្នុងមួយគីឡូម៉ែត្រ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋ ចូលមករស់នៅរាជធានីភ្នំពេញកាន់តែច្រើន ការកកស្ទះចរាចរកាន់តែអាក្រក់ និងណែនណាប់តាន់តាប់ដែលជាបញ្ហាកំពុងក្លាយជាចំណោទមួយ ប៉ុន្តែសំណួរគួរសួរថា តើទីក្រុងនេះមានប្រជាជនរស់នៅប៉ុន្មាននាក់ ក្នុងមួយគីឡូម៉ែត្រ?។

ការសិក្សាមួយធ្វើឡើងដោយក្រុមហ៊ុន CBRE Cambodia កាលពីឆ្នាំមុនបានរក ឃើញថា តង់ស៊ីតេប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានប្រជាជនរស់នៅចំនួន១៨០០នាក់ក្នុងមួយគីឡូម៉ែត្រ ខណៈទីក្រុងហូជីម៉ិញ មានប្រជាពលរដ្ឋរស់នៅ៦០០០នាក់ ទីក្រុងបាងកកចំនួន៧០០០នាក់ និងទីក្រុងរ៉ង់ហ្គូនមានតង់ស៊ីតេប្រជាពលរដ្ឋចំនួន៨០០០​នាក់ក្នុងមួយគីឡូម៉ែត្រ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា របាយការណ៍នេះបានបង្ហាញថា ទីក្រុងភ្នំពេញមានចំនួនតង់ស៊ីតេប្រជាពលរដ្ឋតិច ធៀបនឹងទីក្រុងធំៗនៅក្នុងតំបន់នេះ ប៉ុន្តែអ្វីដែលយើងឃើញមានបញ្ហា គឺការកកស្ទះចរាចរណ៍នឹងភាពមមាញឹកនៃទីក្រុងនេះ។

អ្នកនាងបន្តថា “ការបើកបរមិនគោរពច្បាប់ មិន​យល់ដឹងពីច្បាប់ និងបំពានគំនូសសញ្ញាចរាចរណ៍ ជារឿងដែលកើតឡើងច្រើននៅទីក្រុងភ្នំពេញ”។អ្នកនាងបន្ថែមថា “អា ​ជ្ញាធរពាក់ព័ន្ឋគួរយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីបញ្ចៀសភាពអាណាធិបតេយ្យលើដងផ្លូវ”។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការគោរពច្បាប់ចរាចរណ៍ និងការចតយានយន្តដោយមានសណ្តា​ប់ធ្នាប់របៀបរៀបរយ ជារឿងគួរយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ ដើម្បីកុំឲ្យរឿងនេះ​ក្លាយជាបញ្ហាសង្គមកាន់តែធ្ងន់ធ្ងរនាពេលអនាគត។

លោកបន្តថា “ការធ្វើចរាចររបស់​យានយន្តនានា និងការចតអាណាធិបតេយ្យ

កំពុងកើតមានស្ទីរគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ ដែលជារឿងគួរតែយកចិត្តទុកដាក់ជាបន្ទាន់ពីសំណាក់អាជ្ញាធរ”៕

ស្វែងយល់៖ តើកម្ពុជាមានប័ណ្ណកម្មសិទ្ឋិអចលនទ្រព្យមានប៉ុន្មានប្រភេទ និងមានសុពលភាពផ្លូវច្បាប់ដូចម្តេច?

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដោយសារកម្ពុជាមានការផ្លាស់ប្តូររបបដឹកនាំញឹកញាប់ បានធ្វើឲ្យការចេញ​ប័ណ្ណកម្មសិទ្ឋគ្រប់គ្រងអចលនទ្រព្យ ឬវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យមានច្រើន​ប្រភេទ ទៅតាមរបបនិមួយៗ ប៉ុន្តែតើប័ណ្ណទាំងនោះមានសុពលភាពផ្លូវច្បាប់បែបណា? គេហទំព័រ Propertyarea.asia បានជួបសម្ភាសន៍ជាមួយអ្នកជំនាញ និងអ្នកប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekongបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការគ្រប់គ្រងតាមរយៈប័ណ្ណសម្គាល់ ឬវិញ្ញាបនបត្រគ្រប់គ្រងអច​លនទ្រព្យនៅកម្ពុជា ពិតជាមានច្រើនប្រភេទនៅកម្ពុជា ដែលប័ណ្ណឬវិញ្ញាបនបត្រទាំងនោះមាន ដូចជា ទី១ ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ កម្ពុជាមានប័ណ្ណសម្គាល់អចលនទ្រព្យ ដែលគេហៅថា “ប័ណ្ណសាធារណៈរដ្ឋប្រជាមានិត​កម្ពុជា”។ ប័ណ្ណប្រភេទនេះនៅបន្សល់ទុកតិតចតួចប៉ុណ្ណោះ ក្នុងករណីម្ចាស់ដីមិនផ្លាស់ប្តូរ​ប័ណ្ណ និងភាគច្រើនស្ថិតនៅតំបន់ជនបទដាច់ស្រយាល។

ទី២ គិតចាប់ពីកំឡុងឆ្នាំ១៩៨៥ ដល់ដើមទសវត្សរ៍១៩៩០ កម្ពុជាបានផ្លាស់ប្តូរប័ណ្ណ​កម្មសិទ្ឋអចលនទ្រព្យថ្មីមួយទៀត ដែលគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ដែលប័ណ្ណ​ប្រភេទនេះ នៅតែមានការប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះផងដែរ។ ទី៣ ប្លង់កាន់កាប់ឬគ្រប់គ្រងអចលនទ្រព្យ ដែលមានការចេញឲ្យប្រើប្រាស់កំឡុងឆ្នាំ១៩៩៣ មកដល់បច្ចុ​ប្បន្ន (ហៅថាប្លង់ទន់) ដែលប័ណ្ណប្រភេទនេះមានការពេញនិយម ប្រើប្រាស់ច្រើនជាងគេនាពេលបច្ចុប្បន្ននេះ។

ប័ណ្ណប្រភេទនេះ មានការទទួលស្គាល់ត្រឹមអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ និងតាមបណ្តាស្រុកនានា។

ទី៤ បច្ចុប្បន្នមានប័ណ្ណមួយទៀត ដែលហៅថាប្លង់រ៉ឹង ឬវិញ្ញាបនបត្រដែលមានការ​ទទួលស្គាល់ពីមន្រ្តីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត។ប័ណ្ណនេះមានពីរយ៉ាង ដែលខ្លះគេហៅថា L MAPនិងខ្លះទៀតហៅប័ណ្ណបំបែកក្បា​លដី។

លោកច្រឹក សុខនីមបានបន្តថា រហូតមកទល់ពេលនេះ ដើម្បីទប់ស្កាត់ទំនាស់ដីធ្លី និងប័ណ្ណនិមួយៗមានសុពលភាពផ្លូវច្បាប់ គឺពេលចុះវាស់វែងដីធ្លី តែងតែមានមន្រ្តីជំនាញ​ក្រសួងរៀបចំដែនដីចូលរួម ទោះជាធ្វើប្លង់ឬប្លង់រ៉ឹងក៏ដោយ។

លោកបន្តថា “ប័ណ្ណទាំង៥​ប្រភេទខាងលើនេះ សុទ្ឋតែមានសុពលភាពផ្លូវច្បាប់ ប៉ុន្តែដើម្បីបញ្ចៀសហានិភ័យពីការរំលោភបំពានដីធ្លី អ្នកកាន់កាប់អចលនទ្រព្យដែលមាន​ប្លង់របបសាធារណៈរដ្ឋ ប័ណ្ណស្លាបមាន់ និងប្លង់ទន់គួរតែរៀបចំឯកសាររបស់ខ្លួន ដើម្បីស្នើសុំធ្វើប្លង់រ៉ឹង ដែលមានការទទួលស្គាល់ពីមន្ទីរ និងក្រសួងជំនាញជាក់លាក់”។លោកបន្តថា ការកាន់កាប់អចលនវត្ថុអ្វីមួយ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ពី​សំណាក់អាជ្ញាធរជំនាញ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហានិភ័យនាពេ​លអនាគត”។

ទោះជាយ៉ាងណាបច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​និងកំពុងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួន ចុះធ្វើប័ណ្ណកម្មសិទ្ឋដីធ្លីថ្មី ជូនប្រជាពលរដ្ឋនៅគ្រប់​ភូមិ ឃុំនៃបណ្តារាជធានី ខេត្តទាំង២៥បណ្តើរៗហើយ៕

ព្រមាន៖ រដ្ឋាភិបាលដកអាជ្ញាប័ណពីក្រុមហ៊ុនរុករករ៉ែចំនួន៥០

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលបានសម្រេចដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុនរ៉ុករករ៉ែនៅកម្ពុជាចំនួន៥០អាជ្ញាប័ណ្ណ ដើម្បីជាការព្រមានដល់ក្រុមហ៊ុនផ្សេងទៀតឲ្យធ្វើអាជីវកម្មប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។

លោកម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ នៅកម្ពុជានាព្រឹកថ្ងៃទី២៣ ឧសភានេះថា ក្រុមហ៊ុនដែលរុករ៉ែនៅកម្ពុជាបច្ចប្បន្ន មានចំនួនប្រមាណជាង៥០ក្រុមហ៊ុន ដែល​បាន​កំពុង​ដំណើរ​ការរបស់ខ្លួន ក្នុងនោះក្រុមហ៊ុនរុករករ៉ែប្រមាណជាង៥០ក្រុមហ៊ុន ត្រូវបានក្រសួងរ៉ែ និង​ថាមពល ដកអាជ្ញាប័ណ្ណមិនឲ្យធ្វើអាជីវកម្ម ព្រោះក្រុម ហ៊ុនទាំងនោះ មិនបាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ​របស់ក្រសួង។

លោកបន្តព្រមានថា “​ក្រុមហ៊ុនដែល​កំពុង​ធ្វើ​អាជីវកម្ម មិនត្រូវធ្វេសប្រហែស និងពិនិត្យឲ្យបានត្រឹមត្រូវ  ក្នុងការស្វែងរករ៉ែលោហៈ ក៏ដូចជា​រ៉ែ​អាជីវកម្ម​ផ្សងៗជាដើម  ក្នុងនោះក្រុមហ៊ុន ត្រូវមានកាតព្វកិច្ចខ្ពស់ចំពោះសង្គម សេដ្ឋកិច្ច និង​បរិស្ថាន​”។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានបន្ទរថា ​ក្រុមហ៊ុនដែលកំពុងរុករករ៉ែនៅកម្ពុជា ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ ទៅតាមប្រកាសរបស់ក្រសួង សម្រាប់​ក្រុមហ៊ុនដែលមានអាអាជ្ញាប័ណ្ណស្វែងរុករករ៉ែ ត្រូវអនុវត្តន៍តាមច្បាប់នៃការរុករករ៉ែ ក្នុងនោះ​ប្រសិន​បើ​ក្រុមហ៊ុនណាលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ ក្រុមហ៊ុននោះ មិនត្រូវអត់ឱនឲ្យបានដាច់ខាត ដោយ​ឈាន​ទៅដកអាជ្ញាប័ណ្ណទាំងស្រុងតែម្តង។

លោកបន្តថា ការស្វែងរករករ៉ែនេះ ការប្រើប្រាស់សម្ភារៈ ដូចជា ការ​ប្រើប្រាស់​វត្ថុដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន ការប្រើប្រាស់កាកសំណល់ជាតិពុលផ្សេងៗ ក្រុមហ៊ុននានាត្រូវរក្សាទុក​​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ បើមានការខុសឆ្គងក៏មិន មានការអព្យាស្រ័យឲ្យបាននោះដែរ ព្រោះបរិស្ថាន​មាន​សារៈសំខាន់​ណាស់ សម្រាប់ការងាររស់នៅរបស់មនុស្ស សត្វជាដើម ៕

ក្រសួងទេសចរណ៍ជំរុញឲ្យរមណីយដ្ឋាននានាពង្រឹងគុណភាពសេវាកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជម្រុញឲ្យបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍​ទាំងអស់​ ត្រូវពង្រឹងវិធានការចលនាប្រកួតប្រជែង និងប្រលងយកជ័យលាភីឆ្នើមរមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍គំរូ ខណៈ​បច្ចុប្បន្នភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិកំពុង បាននិងកំពុង​ផ្តោត​ការចាប់អារម្មណ៍លើតំបន់ទេសចរណ៍បែប​​ធម្មជាតិ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ អមជាមួយ​ចលនា​ប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ នៅថ្ងៃទី២៣ ខែឧសភានេះ លោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា បច្ចុប្បន្នកម្ពុជា​មានរមណីយដ្ឋាន​​ទេសចរណ៍ ​​សរុប​​ជិត៤០០កន្លែង ដែលបានចុះបញ្ជីផ្លូវការ និងមាន​សហគមន៍ទេសចរណ៍ និងអេកូទេសចរ​ណ៍ចំនួន៥៦កន្លែង ​​មាន​​ដាក់បញ្ចូលសកម្មភាពទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ណ៍ទៅទស្សនាកំសាន្ត។

លោកបន្តថា ជាទូទៅគ្រប់គោលដៅរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ព្រមទាំង​សហគមន៍​អេកូទេសចរណ៍ នៅពេលមានកម្មវិធីបុណ្យជាតិ និងថ្ងៃឈប់សំរាកម្តងៗ ក្រសួងសង្កេត​ឃើញថា មានប្រជាពលរដ្ឋ និង​​ភ្ញៀវទេសចរ​​រាប់លាននាក់បានដើរកំសាន្ត​ នៅ​តាម​រមណីយដ្ឋាន​ទូទាំងប្រទេស ពិសេសថ្ងៃឈប់សំរាកក្នុង​​ឱកាសពិធីបុណ្យ​​ភ្ជុំបិណ្ឌ​​នាឆ្នាំកន្លងមក មានភ្ញៀវទេសចរចេញ ដើរកំសាន្តសរុបប្រមាណ ជាង១លាននាក់ ពិធីបុណ្យអុំទូកសរុបប្រមាណ៤​​លាននាក់ បុណ្យឆ្លងឆ្នាំសាកលជាង ៩០ម៉ឺននាក់ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានភ្ញៀវប្រមាណ៤,៨លាន​​នាក់ បានដើរកំសាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

លោកជា បូរាបានបន្តថា ការជំរុញអោយគ្រប់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍​​ ពង្រឹង​​ចលនាប្រលងប្រណាំងគ្នានោះ ចង់ឲ្យគ្រប់គោលដៅកន្លែង  ផ្តល់សេវាទេសចរណ៍ ត្រូវរួមគ្នារក្សាភាពស្អាត គ្មានសំរាម និង​​ចូលរួមគាំទ្រដល់ចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ  និងឃោសនា​​ផ្សព្វ​​ផ្សាយទេសចរណ៍ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ  ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា សហគមន៍ទេសចរណ៍នៅតាមមូលដ្ឋាន បានរៀបចំកាន់តែល្អប្រសើរជាងមុន ប៉ុន្តែទាមទារឲ្យ​មានការពង្រឹងបន្ថែមទៀត លើគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម និងគួរពង្រឹងនូវ​ស្តង់ដាអនាម័យ បរិស្ថានឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញ និងទាញបាននូវផល​ប្រ​យោជន៍ដល់សហគមន៍មូលដ្ឋាន បានកាន់តែច្រើនថែមទៀតពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកបន្តថា “ការទៅទស្សនាកំសាន្តនៅតាមសហគមន៍ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍នានា មិនត្រឹមតែអាចផ្តល់ចំណូលដល់សហគមន៍មូលដ្ឋានដោយផ្ទាល់ និងប្រយោលនោះទេ ប៉ុន្តែក៏រួមចំណែកផ្តល់ចំណេះដឹង ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ”៕

តោះទៅមើលតម្លៃដីត្រួសៗនៅខ័ណ្ឌអភិវឌ្ឍន៍លឿនជាងគេក្នុងក្រុងភ្នំពេញ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ខ័ណ្ឌចំនួនបី កំពូងតែមានភាពលេចធ្លោជាងគេនៅរាជធានីភ្នំពេញ ដោយ​សារជាតំបន់ដែលមានសកម្មភាពអភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មច្រើនជាងគេនៅរាជធានីដែលមានការរីកចម្រើនយ៉ាងលឿននេះ។

តើតម្លៃដីធ្លីក្នុងខ័ណ្ឌទាំងបីនេះមានភាពខុសគ្នាយ៉ាងដូចម្តេច លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ ឧសភានេះថា តម្លៃដីធ្លីក្នុងខ័ណ្ឌចំការមក ដូនពេញ និងក្នុងខ័ណ្ឌទួលគោក នឹងឡើងថ្លៃក្នុងតម្លៃប្រហាក់ប្រហែលគ្នានាពេលអនាគត ដោយសារ​តម្រូវការដីធ្លីកើនឡើងខ្ពស់ក្នុងតំបន់ទាំងនេះ។

លោកស្រីបន្តថា ដីធ្លីនៅតំបន់បឹងកេងកង១ ក្នុងសង្កាត់ទន្លេបាសាក់មានតម្លៃចន្លោះពី ៣៥០០ ទៅ ៤៥០០ដុល្លារគិតជមធ្យម ប៉ុន្តែដីនៅតាមបណ្តោយផ្លូវធំៗក្នុងសង្កា​ត់ដដែលនេះ មានតម្លៃរហូតដល់ ៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកតំបន់បឹងកេងកង១ មានតម្លៃចន្លោះពី ៤៥០០ ទៅ ៥៥០០ដុល្លារអាមេរិក គិតជាមធ្យម។ ចំណែកដីនៅក្នុងខ័ណ្ឌដូនពេញ មានតម្លៃចន្លោះ ៣៥០០ទៅ៤០០០ដុល្លារអាមេរិក។

លោកស្រីបន្តថា ចំណែកដីនៅក្នុងខ័ណ្ឌទួលគោក មានតម្លៃជាមធ្យមចន្លោះ១៥០០ ទៅ២៥០០ដុល្លារគិតជាមធ្យម ប៉ុន្តែដីនៅតំបន់ជាប់ផ្លូវធំអាចមានតម្លៃរហូត ដល់៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកស្រីតាំង ហួរបានបន្តថា “ខ្ញុំគិតថានាពេលអនាគត តម្លៃដីធ្លីនៅតំបន់ខាងលើ​នេះ នឹងមានតម្លៃប្រហាក់ប្រហែលគ្នា ដោយសារតំបន់បឹងកេងកងមួយ ដែលជាតំបន់ពេញនិយម និងអភិវឌ្ឍន៍ខ្លាំង ពិបាករកដីសម្រាប់សាងសង់រួចទៅហើយ”។លោកស្រីបន្តថា “បើកើនឡើងខ្ពស់ជាងនេះ តំបន់បឹងកេងកង១នឹងពិបាក ដោយសារអ្នកវិនិយោគបាន​ចាប់ផ្តើមងាកចេញពីតំបន់នេះរួចទៅហើយ”៕

ភាគខាងត្បូងក្រុងតាខ្មៅ កំពុងក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់ស្ថិតនៅភាគខាងត្បូងក្រុងតាខ្មៅ តាមបណ្តោយផ្លូវជាតិលេខ២១កំពុងមានការរីកចម្រើនយ៉ាងលឿន បន្ទាប់ពីផ្លូវនេះបានពង្រីកពីពីរ ដល់៤គន្លងសម្រាប់​រថយន្ត។

តាមរយៈការចុះសង្កេតផ្ទាល់ពីស្ថាបនិក នៃគេហទំព័រ Propertyarea.asia បានរកឃើញថា បច្ចុប្បន្នមានបុរីសំណង់លំនៅដ្ឋាន ប្រមាណជាង១០ក្រុមហ៊ុនធំៗ កំពុងដំនើរ​ការសាងសង់ និងបញ្ចប់ការសាងសង់។ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសមួយក៏ត្រៀមបើកដំណើរការផងដែរនៅតំបន់នេះ។

ជាមួយនឹងគំរោងសាងសង់ព្រលានយន្តហោះ លំដាប់អន្តរជាតិតម្លៃ១៥០០លានដុល្លារនៅភាគខាងត្បូងក្រុងនេះ បានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកជាច្រើន បានប្រមូលទិញ​ដី ដើម្បីសាងសង់គំរោងរបស់ពួកគេ និងទាក់ទាញបាននូវផលប្រយោជន៍ចេញពីព្រ​លានយន្តហោះនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា​តំបន់ភាគខាងត្បូងក្រុងតាខ្មៅ ពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានបុរីជាច្រើនកំពុងសាងសង់នៅតំបន់នោះ​ដូចជាបុរីពិភពថកមី បុរីគ្រីស្តាល់ និងគំរោងជាច្រើនទៀត។លោកបន្តថា ការពង្រីកផ្លូវជាតិលេខ២១ បានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើ​នចាប់អារម្មណ៍តំបន់ដែលធ្លាប់តែស្ងប់ស្ងាត់នេះ។

លោកបន្តថា “ទោះជាតំបន់នេះភាគច្រើនជាដីបឹងក្តី ប៉ុន្តែលក្ខខ័ណ្ឌអាកាសធាតុនៅតំបន់នេះមានភាពល្អប្រសើរ ដោយសារមានទន្លេបាសាក់ ដែលផ្តល់នូវខ្យល់អាកាស​ល្អប្រសើរ”។ លោកបន្តថា “ជាមួយគំរោងសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅភាគខាងត្បូងក្រុងតាខ្មៅ និងស្ថិតក្នុងស្រុកកណ្តាលស្ទឹង នឹងជាកំលាំងចលករជួយជម្រុញឲ្យតំបន់នេះមានការរីកចម្រើនកាន់តែលឿននាពេលអនាគត”៕

កត្តាសំខាន់ៗចំនួន៥ជម្រុញឲ្យចិនវិនិយោគកាន់តែច្រើននៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលកំណើននៃការមកដល់របស់អ្នកវិនិយោគចិននៅកម្ពុជា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានមើលឃើញថា កត្តាសំខាន់ៗចំនួនបួនបានធ្វើឲ្យចិនមកវិនិយោគច្រើននៅកម្ពុជា។

ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា លោកឆារស៍ វ៉ាន់ បានថ្លែងឲ្យដឹង​តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា មូលហេតុដែលអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាច្រើន ដោយសារកត្តាសំខាន់ៗមួយចំនួនដួចជា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ កំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានជាង៧ភាគរយ​ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ការបញ្ចេញសាច់ប្រាក់របស់រដ្ឋាភិបាលចិនវិនិយោគនៅខាងក្រៅប្រទេស ដើម្បីជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន និងកត្តាផ្លូវច្បាប់ និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។
លោកបន្តថា កំនើននៃការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយសារកម្ពុជាជាទីផ្សារមានភាពទាក់ទាញ ហើយអ្នកវិនិយោគចិនបានផ្តោតទីផ្សាររបស់ពួកគេភាគច្រើននៅប្រទេសចិន និងអតិថិជនចម្រុះដែលជាវអចលន ទ្រព្យរបស់ពួកគេ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់បានឲ្យដឹងថា គិតត្រឹមរយៈពេល៧ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណ​ង់មានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក។

អ្នកនាង Carrie Sun ប្រធានផ្នែកអចលនទ្រព្យភាសាចិននៃគេហទំព័រ Realestate.com.kh បានថ្លែងថា ចិនវិនិយោគនៅកម្ពុជាច្រើន ដោយសារទីផ្សារនេះមានភាពទាក់ទាញ និងផ្តល់ឳកាសចំណេញច្រើនដល់អ្នកវិនិយោគ។ គំរោង​វិនិយោគរបស់ចិន និងក្រុមហ៊ុនវិនិយោគ និងសាងសង់សំណង់នៅកម្ពុជាមានជាង២០០ក្រុមហ៊ុន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។

អ្នកនាងបន្តថា ទីផ្សារកម្ពុជាជាទីផ្សារមានសក្តានុពល និងកំពុងមានភាព ទាក់ទាញក្នុងក្រសែភ្នែកអ្នកវិនិយោគនានា។

យោងតាមការសិក្សារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរកឃើញថា កម្ពុជាទទួលលំហូរទុនវិនិយោគផ្ទាល់ពី អន្តរជាតិចំនួនជាង២,៦ពាន់លានដុល្លារកាលពីឆ្នាំមុន និងរំពឹងកើនឡើងច្រើនជាង២,៦ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ២០១៧នេះ។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការបង្ហាញវត្តមានរបស់អ្នកវិនិយោគចិនជារឿងអបអរសាទរ ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ហើយការមកវិនិយោគកាន់​តែច្រើនកាន់តែល្អ។ លោកបន្តថា ការវិនិយោគរបស់ចិនកាន់តែច្រើនកាន់តែល្អ បើលើវិស័យខុនដូវិញ ពួកគេសាងសង់៥០ទៅ១០០អាគារទៀតក៏បាន ព្រោះពួកគេសាងសង់នៅលើដីខ្មែរ ពួកគេមិនលើកទៅណាទេ គឺអាគារនៅលើដីខ្មែរ ដីចិនទិញ​ក៏នៅលើដីខ្មែរ ពួកគេមិនអាចលើកទៅណាបាននោះទេ។

លោកបន្តថា “យើងស្វាគមន៍ការវិនិយោគ ព្រោះការវិនិយោគកាន់តែច្រើន នឹងជួយបង្កើននូវកំនើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ីលោកអ៊ិន ចាន់នីបានថ្លែងថា អ្នកវិនិយោគអន្តរជាតិមុនសម្រេ​ចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសម្លឹងមើលកត្តាសំខាន់ៗមួយចំនួនដូចជា សុខសន្តិភាព និងស្ថិរភាពនយោបាយ ស្ថិរភាព​សង្គមរយៈពេលវែង កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសណាមួយនោះ និងប្រព័ន្ឋច្បាប់របស់ប្រទេសនោះថាមានការលើក​ទឹកចិត្ត និងមានការការពារដល់អ្នកវិនិយោគឬអត់។

លោកបន្តថា “កម្ពុជាមានកត្តាសំខាន់ៗខាងលើនេះ ទើបធ្វើឲ្យលំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនឡើង ហើយ​កម្ពុជាបានក្លាយជាគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ”៕

អាគារ Burj Khalifa កំពស់ ៨២៨ម៉ែត្រ មានអ្វីខ្លះដែលគួរស្វែងយល់?

0

ដោយ វុត្ថា

ភ្នំពេញ៖ លោក អ្នកប្រហែលជាដឹងហើយពីអាគារខ្ពស់ជាងគេនៅលើពិភពលោក ស្ថិតក្នុងប្រទេសណា ប៉ុន្តែប្រ​ហែ​លមិនទាន់ដឹងពីភាពអស្ចារ្យនៃអាគារនេះនៅឡើយទេ។ ការពិតអាគារនេះជាអាគារមិនត្រឹមតែខ្ពស់ទេ តែជាអាគារអ ស្ចារ្យបំផុតនៅប្រទេសអារ៉ាប់មានឈ្មោះថា Burj Khalifa ឬហៅថា ប៉ម Khalifa ដែលមានកំពស់ប្រមាណជា៨២៩.៨ ម៉ែត្រ។

អគារមួយនេះគឺជាអាគារខ្ពស់ជាងគេនៅលើលោក។ អគារនេះដ៏អស្ចារ្យមួនេះ បានបំបែកកំណត់ត្រាពិភពលោកជាច្រើនដែលមានប៉មខ្ពស់ជាងគេនៅលើពិភពលោក។

ការសាងសង់អគារ Burj Khalifa បានចាប់ផ្តើមនៅឆ្នាំ២០០៤ ដែលចំណាយពេលប្រមាណជា៥​ឆ្នាំ ហើយបានបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ ២០០៩ ព្រមទាំងត្រូវគេបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០១០ ។ អគារនេះ វាជាផ្នែកមួយនៃការអភិវឌ្ឍនៃទីក្រុងឌូបៃ (Downtown Dubai) ។ ការសម្រេចចិត្តសាងសង់អាគារនេះ ត្រូវបានគេនិយាយថាគឺការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មពីវិស័យប្រេងកាត និងសម្រាប់អោយបរទេសទទួលស្គាល់ជាអន្តរជាតិ។ អាគារនេះត្រូវបានគេដាក់ឈ្មោះមុនដំបូងថា Burj Dubai ប៉ុន្តែក្រោយមកត្រូវបានប្តូរឈ្មោះទៅវិញ ដើម្បីជាការផ្តល់កិត្តិយដល់អ្នកគ្រប់គ្រង គឺលោគ អាប៊ូដាប៊ី និងប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ឈ្មោះថា Khalifa bin Zayed Al Nahyan ។

អគារ Burj Khalifa ត្រូវបានរចនាឡើងដោយ លោក Adrian Smith បន្ទាប់មកគឺ លោក Skidmore, Owings & Merrill (SOM) ដែលក្រុមហ៊ុនរបស់ពួកគេបានកសាងអគារ Willis Tower និង One World Trade Center ។

ក្រុមហ៊ុន Hyder Consulting ត្រូវបានជ្រើសរើសក្នុងការត្រួតពិនិត្យនៃអាគារទាំងមូល ហើយក្រុមហ៊ុនNORR Group Consultants International Limited ក៏ត្រូវបានជ្រើសរើសត្រួតពិនិត្យគម្រោងស្ថាបត្យកម្មផងដែរ។ រចនាបទមួយចំនួនត្រូវបានគេចំលងមកពីស្ថាបត្យកម្មវិហារឥស្លាម ដូចជា យកមកពីវិហារអ៊ីស្លាមសាម៉ារ៉ា។ ធរណីមាត្រត្រីកោណនៃអាគារនេះមានរាងY ត្រូវបានរចនាឡើង ដើម្បីបង្កើនប្រសិទ្ធភាពបន្ទប់ស្នាក់នៅ និងសណ្ឋាគារ។ ស្នូលកណ្តាលនិងស្លាបសង់ខាងត្រូវបានប្រើដើម្បីទ្រទ្រង់កំពស់នៃអាគារ។

រចនាសម្ព័ន្ធនៃអគារនេះ ក៏មានលក្ខណៈពិសេសដែលត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងសីតុណ្ហភាពក្តៅនៅ រដូវក្តៅរបស់ទីក្រុងឌូបៃ។ វាមានជណ្តើរយោងចំនួនសរុប៥៧ និង ជណ្ឌើរយន្តចំនួន៨។ អគារ Burj Khalifa ជាទូទៅមានវិជ្ជមានសម្រាប់ទទួលស្វាគមន៍ភ្ញៀវទូទៅ ហើយអគារនេះបានទទួលពានរង្វាន់ជាច្រើន។

នៅក្នុងអគារ Burj Khalifa មានផ្ទះចំនួន៣០,០០០យូនីត សណ្ឋាគារចំនួន៩ សួនឧទ្យានចំនួន៣ហិកតា ប៉មលំនៅដ្ឋានចំនួន១៩ ផ្សារទំនើប និងមានអាងទឹកនទំហំ១២ហិកតា៕

រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌា៖ កម្ពុជាទិសដៅ​វិនិយោគដ៏ល្អ​មួយ​សម្រាប់​ឥណ្ឌា

0

ដោយគង់ សូរិយា

ភ្នំពេញ៖
មន្រ្តីជានខ្ពស់នៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលបានថ្លែងថា ប្រទេសកម្ពុជាដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង គឺជាទិសដៅវិនិយោគដ៏ល្អមួយសម្រាប់អ្នកវិនិយោគឥណ្ឌា។

លោក Suresh Prabhu រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា​បាន​ថ្លែងកាល ក្នុងពិធីបិទកិច្ចជំនួបពាណិជ្ជកម្មឥណ្ឌា និងបណ្តាប្រទេស CLMV កាលពី​ម្សិលមិញ​ថា កម្ពុជា​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​គឺជា​ទិសដៅ​វិនិយោគ ​ដ៏ល្អ​មួយ​សម្រាប់​ឥណ្ឌា ដោយសារ​សក្ដានុពល​វិនិយោគ​របស់​ប្រទេស​នេះ​ ដូចជា ​ការវិនិយោគ​មិន​ប៉ះពាល់​​បរិស្ថាន​របស់​ខ្លួន សេដ្ឋកិច្ច​ពឹង​លើ​ប្រាក់​ដុល្លារ និង​គោលនយោបាយ​បើក​ចំហ​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​ទាក់ទាញ​ការវិនិយោគ​។

លោក​បន្តថា ឥណ្ឌា​សម្លឹង​ឆ្ពោះ​មុខ​ដើម្បី​ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ បន្ថែម​ទៀត​ជាមួយ​ប្រទេស​កម្ពុជានាពេលអនាគត”។

កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​លើក​ទី៥ របស់​ប្រ​ទេស​ឥណ្ឌា និង​ក្រុម​ប្រទេសCLMV នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ ដែល​ផ្ដោ​ត​​លើ​កិច្ចសហការ​សមាហរណកម្ម​ក្នុង​តំបន់។
​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ​បាន​ថ្លែង​ថា ឥណ្ឌា និង​ បណ្ដា​​ប្រទេស CLMV ត្រូវ​តែ​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​។លោក​បាន​ថ្លែង​ថា ​ប្រទេស​ទាំង​៥​នេះ​ គួរតែ​ចាំបាច់​ធ្វើ​ការងារ ​ដើម្បី​ទប់ស្កាត់​គោលនយោបាយ​គាំពារ​និយម ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន (B2B)​។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ប្រទេស​ឥណ្ឌា​ មក​កាន់​តំបន់​អាស៊ាន​បាន​កើនឡើង​ពី៩៦០លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៥ ដល់ ១,០៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦​។

នេះ​ជា​លើក​ដំបូង​ហើយ ​ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំ​ពា​ណិជ្ជកម្ម​របស់​ប្រទេស​ឥណ្ឌា និង​ក្រុម​ប្រទេស CLMV នេះ​៕