ដំណឹងល្អ!!! ក្រសួងសាធារណការរៀបចំកំពង់ផែកាណូត១៥ទីតាំង ដើម្បីផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក

0

ដោយ ដូង ចន្រ្ទា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងរៀបចំកំពង់ផែចំណតកាណូត ដឹកអ្នកដំណើរ១៥ទីតាំងចេញពីតំបន់ព្រែកព្នៅ ទៅកាន់តាខ្មៅ ដែលអាចនឹងដំណើរការបាននៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃ ទី២ខែមករា ឆ្នាំ២០១៨ថា ចំណតកំពង់ផែទាំង១៥ទីតាំង ចេញពីតំបន់ព្រែកព្នៅ ទៅក្រុងតាខ្មៅ រួមមាន ទី១ គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) ទី២ គីឡូម៉ែត្រលេខ៦ ទី៣ ខាងមុខឃ្លាំងសាំងឬស្សីកែវ ជាប់នឹងទីលានប្រជាធិបតេយ្យថ្មី ទី៤ ផែបណ្ដែតមុខផ្សាររាត្រី, ទី៥ កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ ទី៦ ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត ទី៧ ចំណតរថយន្តចាក់អង្រែក្រោម។

ទី៨ បាក់ខែងត្រង់ផ្លូវបំបែក លីយ៉ុងផាត់ ទី៩ ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) ទី១០ ជាប់សណ្ឋាគារសុខាភ្នំពេញ ទី ១១ ភូមិកោះនរា ទី១២ កំពង់ចម្លងក្តីតាកុយ ទី១៣ កំពង់ចម្លងតាព្រហ្មមាត់ក្រសះ ដោយឡែកចំនួន២ទីតាំង ផ្សេងទៀតស្ថិតនៅខេត្តកណ្តាល គឺទី១ នៅមុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) និងទី២ ស្ថិតនៅកំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់បានមានប្រសាសន៍លើកឡើងថា គម្រោ​ងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងអាចដំណើរបាននៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ខែមេសា) ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។ ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា តាមគម្រោងនឹងមាននាវាល្បឿនលឿនចំនួន២០គ្រឿង ដែលក្នុងមួយគ្រឿងអាចផ្ទុកអាចដំណើរប្រមាណ១០០នាក់ នឹងត្រូវឲ្យធ្វើប្រតិតបត្តិការចាប់ពីពេលព្រឹកម៉ោង០៦ រហូតដល់ម៉ោង០៨យប់។

ទោះជាយ៉ាងណាគំរោងនេះ មិនទាន់មានការបញ្ជាក់ឲ្យដឹងពីថវិកាជាតិដែលត្រូវចំណា​យលើគំរោងនេះនៅឡើយទេ៕

អស្ចារ្យ!!! ផ្ទះល្វែង Habitat 67 ដ៏ចំលែកនៅលើលោកក្នុងប្រទេសកាណាដា

0

ដោយ វុត្ថា

ភ្នំពេញ៖ ផ្ទះល្វែង Habitat 67 ឬគេហៅជាទូទៅថា​ Habitat គឺជាសហគមន៍គំរូ និងលំនៅដ្ឋានដ៏ចំលែកលើលោក ដែលស្ថិតនៅក្នុងក្នុងទីក្រុងម៉ុងត្រេអាល់ និង កេបិចប្រទេសកាណាដា។

ផ្ទះល្វែងដ៏ចម្លែងគ្មានពីរនេះ ត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីស្រាអែល កាត់កាណាដាលោក Moshe Safdie ដោយលោកបានសាងសង់ជាលើកដំបូងយកគំរូតាម និក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញស្ថាបត្យកម្មសំណង់របស់លោក នៅសកលវិទ្យាល័យម៉ាក់ហ្គីល (McGill University) សម្រាប់ប្រកួតប្រជែងយកពាន Pilkington Prize ប៉ុន្តែលោកបានបរាជ័យ ក្នុងការទទួលពាននេះ តែក្រោយមកគំរូស្ថាបត្យកម្មនេះ ត្រូវបានគេយកមកសាងសង់ផ្ទះល្វែងHabitat 67 នេះ និងទទួលបានការកោតសសើរ និងពានរង្វាន់ជាច្រើន។

ផ្ទះល្វែង Habitat 67 ត្រូវបានគេចាត់ទុកថា ជាសំណង់ស្ថាបត្យកម្មដ៏ធំ និងជាអគារដែលគេទទួលស្គាល់ថា អស្ចារ្យបំផុតនៅទីម៉ុងត្រេអាល់ ប្រទេសកាណាដា។ នៅឆ្នាំ​២០១៧ កាសែត Canada Post បានចេញផ្សាយពីរចនាសម្ព័ន្ពនៃផ្ទះល្វែងនេះ សម្រាប់ប្រារព្ធខួបលើកទី៥០នៃពិព័រណ៍ Expo 67 នៅខែ មេសា ដល់ ខែតុលា ឆ្នាំ១៩៦៧ ហើយលោក Moshe Safdie ទទួលការប្រសិទ្ធនាមពីលោក Edward Churchill នាយកនាយកដ្ឋាន Expo 67 និងពានរង្វាន់ក្នុងនាជាយុវជន   ​វ័យក្មេងដែលមានគំនិតឆ្លៃប្រឌិតមួយអស្ចារ្យ។

ការអភិវឌ្ឍផ្ទះល្វែងនេះ ត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយរដ្ឋាភិបាលសហព័ន្ធកាណាដា ប៉ុន្តែឥឡូវនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរួម ដែលបានទិញអគារនេះពីសាជីវកម្មបញ្ចាំ និងលំនៅឋានរបស់កាណាដានៅឆ្នាំ១៩៨៥  ប៉ុន្តែលោក Safdie ក៏នៅតែជាម្ចាស់ផ្ទះល្វែងក្នុងអាគារនេះដដែល។

ផ្ទះល្វែង  Habitat 67 មាន៣៥៤ទម្រង់បេតុងដូចគ្នា ដែលបានរៀបចំផ្សេងៗគ្នារហូតដល់កំពស់១២ជាន់។ ជារួមទម្រង់ទាំងនេះ បានបង្កើតលំនៅដ្ឋានចំនួន១៤៦ផ្ទះ ដែលមានទំហំខុសៗគ្នា រចនាសម្ព័ន្ធនីមួយៗត្រូវបង្កើតឡើងតៗគ្នាពីមួយទៅប្រាំបីUnit។ ដំបូងឡើយអគារនេះ មានផ្ទះល្វែងចំនួន១៥៨​ Units ប៉ុន្តែត្រូវបានគេរួមបញ្ចូលគ្នា ដើម្បីបង្កើតជា Units ធំៗ ដូច្នេះហើយចំនួនបន្ទប់បានថយចុះ។ បន្ទប់នីមួយៗត្រូវបានតភ្ជាប់គ្នា ដែលអាចមានទំហំចាប់ពី ២០ ទៅ៩០ម៉ែត្រការ៉េ។

ស្ថាបត្យករ លោក Moshe Safdie បានសាងសង់ និងរៀបចំនូវអគារនេះបានយ៉ាងប្រណីត សម្រាប់អោយប្រជាពលរដ្ឋកាណាដា រស់នៅប្រកបដោយផាសុខភាពមាន រួមមានទាំង សួនច្បារ បរិយាកាស្រស់ស្រាយ ស្ថានភាពស្ងាត់ស្រងំ និងជាពិសេសមានបរិស្ថានស្រស់ស្អាត សម្រាប់មនុស្សជាច្រើន ដែលចូលចិត្តភាពស៊ីវិល័យ និងស្ងប់ស្ងាត់។

តម្លៃផ្ទះនៃគំរោងនេះ ខ្ពស់បំផុត១៤០.000ដុល្លារអាមេរិកក្នុងមួយ Unit។ ផ្ទះល្វែង Habitat 67 បានក្លាយទៅជាកន្លែងល្បីល្បាញ ដែលមានភ្ញៀវទេចរណ៍មកពីជុំវិញពិភពលោក ទៅទស្សនារាប់ពាន់នាក់ ហើយក្នុងកំឡុងពេលការតាំងពិព៌ណ​កន្លងមកនេះ ក៏បានបម្រើដល់ការរស់នៅបណ្តោះអាសន្ន របស់ឥស្សរជនជាច្រើនមកទស្សនាដែលបានមកដល់ទីក្រុងម៉ុងត្រេអាល់។

នៅខែមីនាឆ្នាំ២០១២ ផ្ទះល្វែង Habitat 67 បានឈ្នះការស្ទង់មតិតាមអនឡាញជាស្ថាបត្យកម្ម Lego (Lego Architecture) និងជាបេក្ខភាព ដែលត្រូវបានដាក់ក្នុងបញ្ជីនៃអគារដ៏ល្បីល្បាញ ដែលបំផុសគំនិតចម្លងពិសេសLego ។ ឥដ្ឋ  ម៉ាក Legoត្រូវបានគេប្រើនៅក្នុងផែនការដំបូងសម្រាប់លំនៅដ្ឋាន។

យោងតាមក្រុមហ៊ុនរបស់ក្រុមហ៊ុន Safdie “គំរូដំបូងនៃគម្រោងសាងសង់អគារនេះឡើង ដោយប្រើឥដ្ឋLego ហើយជាបន្តបន្ទាប់មក ការសាងសង់នានាក៏ត្រូវបានប្រើប្រាស់ឥដ្ឋ Lego ផងដែរ”៕

លោកជា សុផារ៉ា គ្រោងបញ្ជូនមន្រ្តីចុះសិក្សាពីកោះទាំងអស់នៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្រសួងនឹងធ្វើការបញ្ជូនមន្រ្តីជំនាញផ្នែកសុរិយោដី ចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់ នៅកម្ពុជាដែលមានចំនួនសរុប៧៥កោះ។

លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ក្នុងការបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះថា ការបញ្ជូនមន្រ្តីជំនាញរបស់ក្រសួងទៅសិក្សាលើកោះទាំង៧៥នេះ អាចចាប់ផ្ដើមនៅខែឧសភា ឆ្នាំ ២០១៨ ដោយសិក្សាឲ្យបានច្បាស់ពីសក្ដានុពលនៃកោះនីមួយៗ។

លោកបានបន្តថា “យើងមិនត្រូវមានមោទនភាព ព្រោះបានស្គាល់កោះនៅប្រទេសដទៃនោះទេ អ្វីដែលសំ​ខាន់ គឺត្រូវស្គាល់ឲ្យច្បាស់ពីកោះនៅកម្ពុជាទើបជាការប្រសើរ ជាការការពារបូរណភាពទឹកដី”។លោកបន្តថា “ការបញ្ជូនមន្រ្តីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង៧៥នៅកម្ពុជានេះ គឺដើម្បីសិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគ និងជៀសផុតពីការសាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាត្តឲ្យមានការសាងសង់រូច ទើបហាមឃាត់និងរុះរើតាមក្រោយនោះទេ”៕

បណ្តាកោះនានានៅតាមសមុទ្រក្នុងខេត្តទាំងបួន ជាប់តំបន់ឆ្នេរមានកោះ​តិចតួចប៉ុណ្ណោះ ដែលបាននិងកំពុងអភិវឌ្ឍន៍ដូចជា កោះដែកគោល កោះសង្សារ កោះឬស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើម ខណៈរដ្ឋាភិបាលបានផ្តល់សិទ្ឋសម្បទាន​ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍កោះទាំងនោះរួចហើយ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា បណ្តាកោះនានានៅតាមសមុទ្រកម្ពុជា មានសក្តានុពលខ្លាំងណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា ដែលទាមទារឲ្យមានការអភិវឌ្ឍ ដើម្បីរដ្ឋាភិបាលទទួលបានចំណូលដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមចំណែក ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ប៉ុន្តែជាមូយនឹងសក្តានុពល និងការវិនិយោគដែលបានកំពុងធ្វើមួយចំនួន គឺអ្នកអភិ​វ ឌ្ឍ​​ន៍ និងអាជ្ញាធរគួរគិតគូរពីនិរន្តភាពបរិស្ថាន ពិសេសកុំឲ្យមានការសាងសង់ស្ថានីយ៍ប្រេងឥន្ឋនៈនៅលើកោះ ព្រោះវាបំពុលបរិស្ថានខ្លាំងណាស់។

លោកបន្តថា “ការអភិវឌ្ឍជាអ្វីយើងស្វាគមន៍ តែការអភិរ័ក្ស ដើម្បីនិរន្តរភាព​បរិស្ថានមានសារៈសំខាន់ណាស់ ដើម្បីយើងទទួលបានផលសម្រាប់ទាំងអស់គ្នា និងជាការអភិវឌ្ឍប្រកបដោយចីរភាព”៕

ខុនដូ ១៣០០០យូនីតទៀត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ចំនួនខុនដូកាន់តែច្រើនបន្ថែមទៀត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ​ដែលធ្វើឲ្យវិស័យនេះ កាន់តែមានការប្រកួតប្រជែងយ៉ាងស្រូចស្រាវជាមួយនឹង​សេវាកម្មអាផាតម៉ិននានា។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២ មករានេះថា ខុនដូចំនួ​ន១៣,០០០យូនីតទៀតនឹង​ដាក់ចូលទីផ្សារនៅដំណច់ឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានការប្រកួតប្រ​ជែងគ្នា ដោយសារអ្នកវិនិយោគខុនដូជាជនបរទេសទិញសម្រាប់ជួល និងទុកលក់យកចំណេញ និងជនជាតិខ្មែរទិញសម្រាប់ស្នាក់នៅ និងទុកសម្រាប់ជួលផង​ដែរ។

អ្នកនាងបន្តថា ខុនដូដែលមានតម្លៃខ្ពស់ពិបាក ក្នុងការលក់នាពេលបច្ចុ​ប្បន្ននេះ ខណៈខុនដួក៏ដូចជាលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់អ្នកមានជីវភាពមធ្យម​បានលក់ដាច់ច្រើនជាងលំនៅដ្ឋានប្រណីត។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal បានរកឃើញថា ដំណាច់ឆ្នាំ២០១៧នេះ ចំនួនខុនដូនៅរាជធានីភ្នំពេញបានកើនដល់៦០៥០០យូនីត និងនៅខេត្តព្រះសីហនុមានចំនួន៥០០០យូនីត។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ទីផ្សារខុនដូបច្ចុប្បន្នមាន៣០ភាគរយ ត្រូវបានគ្រប់គ្រងដោយជនជាតិខ្មែរ និង៧០ភាគរយគ្រប់គ្រងដោយជនបរទេស ប៉ុន្តែលោកសង្កេតឃើញថា និន្នាការប្រជាជនខ្មែរទិញខុនដូបានកើនឡើង៥ភាគរយ នៃទីផ្សារទិញ លក់ខុនដូសរុបក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ជីព ម៉ុង នឹងសាងសង់អាគារពាណិជ្ជកម្មកប់ពពកមួយនៅទីតាំងអាគារ Parkway

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនជីព ម៉ុងនឹងសាងសង់អាគារពាណិជ្ជកម្មកប់ពពកមួយ នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងគេ នៅរាជធានីភ្នំពេញគឺអាគារ Parkway បច្ចុប្បន្ននេះ។

អ្នកនាង Grace Rachny Fong នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មករានេះថា ក្រុមហ៊ុនជីព ម៉ុង គ្រុប នឹងសាងសង់អាគារពាណិជ្ជកម្មនៅទីតាំងនេះ នាចុងឆ្នាំនេះឬដើមឆ្នាំ​២០១៩ខាងមុខ ព្រោះទីតាំងនេះត្រូវបានក្រុមហ៊ុនជីព ម៉ុងទិញយករួចហើយ។

អ្នកនាងបន្តថា “ទីតាំងនេះជាទីតាំងដ៏ល្អ និងមានតំបន់ពាណិជ្ជកម្មរសរវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងអំណោយផលសម្រាប់ការសាងសង់អាគារពាណិ​ជ្ជកម្មបែបនេះ”។

តាមព័ត៌មានពីប្រភពមួយទៀតបានឲ្យដឹងផងដែរថា ក្រុមហ៊ុនជីព ម៉ុងក៏គ្រោងទិញដីនៅក្រោយអាគារនេះ និងទិញទីតាំងស្ថានីយ៍ប្រេងឥន្ឋនៈកាល់តិច ដែលស្ថិតនៅខាងមុខច្រកចូល ភោជនីយដ្ឋាន Spark ដែលជាកម្មសិទ្ឋរបស់លោកជំទាវហ៊ុន ម៉ាណាកូនស្រីរបស់សម្តេចតេជោហ៊ុន សែនផងដែរ ប៉ុន្តែមិនមាន​ប្រភពជាក់លាក់ថា ក្រុមហ៊ុននេះបានទិញយកបានឬអត់ឡើយនូវទីតាំងស្ថា​នីយ៍ប្រេងឥន្ឋនៈនេះ ព្រោះមានក្រុមហ៊ុនជាច្រើនចង់បានទីតាំងនេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យមួយ ដែលបាននិយាយក្នុងលក្ខ​ខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងអាគាររួមនឹងចំណ​តរថយន្តនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Parkway មានទំហំជាង១ហិកតា ហើយដីនៅទីនេះមានតម្លៃចន្លោះពី៣៥០០ ទៅ៤២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះតម្លៃអចលនទ្រព្យនេះ មិនតិចជាង៤០លានដុល្លារអាមេរិកនោះទេ។

ថ្នាក់ដឹកនាំក្រុមហ៊ុនជីព ម៉ុងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេទាក់ទងនឹងការវិនិយោគ និងការទិញទីតាំងខាងលើនេះ៕

ស្រ្តីជើងខ្លាំងពីររូប លើកឡើងពីស្ថានភាពអចលនទ្រព្យឆ្នាំ២០១៨

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឆ្នាំ២០១៨ជាឆ្នាំនៃការបោះឆ្នោត និងជាវដ្តនៃវិបត្តិសេដ្ឋកិច្ចផងដែរ ប៉ុន្តែឆ្នាំ២០១៨នៅកម្ពុជា ទំនងជាមិនមានអ្វីកើតឡើងក្នុងវិស័យសំណង់និងអចលនវត្ថុនៅកម្ពុជានោះទេ។

ស្រ្តីជើងខ្លាំងពីររូបដែលធ្វើការងារយ៉ាងសកម្មទាក់ទងការទិញ លក់ ជួល​ក្នុងវិស័យអចលនទ្រព្យ បានលើកឡើងពីការយល់ឃើញរបស់ខ្លួន ជាមួយស្ថានិកនៃគេហទំព័រអចលនទ្រព្យ Propertyarea.asia ទាក់ទងនឹងស្ថានភាពអចលទ្រព្យឆ្នាំនេះ។

នាយិកាប្រចាំប្រទេស នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២ មករានេះថា ឆ្នាំ២០១៨មានវិស័យមួ​យ​​ចំនួននឹងកើនឡើងនូវការផ្គត់ផ្គង់ និងប្រកួតប្រជែងកាន់តែខ្លាំង ដោយចំនួនខុនដូ១៣០០០យូនីត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារជួលកើន ឡើង។ចំណែកតម្រូវការអាគារការិយា​ល័យនៅតែល្អប្រសើរ ដោយអាគារកម្រិត B និងC មានតម្រូវការខ្ពស់ ខណៈផ្សារទំនើបក៏កំពុងមានការប្រែប្រួលខ្លាំងផងដែរ ដោយសារផ្សារទំនើបលំដាប់អន្តរជាតិ២ទៀតនឹង បើកដំណើរការក្នុងឆ្នាំនេះ។

អ្នកនាងបន្តថា “ខ្ញុំគិតថាលំហូរ FDI នៅតែមានស្ថិរភាព មិនធ្លាក់ចុះនោះទេ ហើយទីផ្សារនេះ កំពុងមានតម្រូវការស្រូបយកច្រើន ដែលធ្វើឲ្យការទិញលក់បុរីនៅតែល្អប្រសើរ”។ អ្នកនាងបន្តថា “ទីផ្សារបុរីបានងាកមកកាន់តម្លៃសមរម្យ ហើ​យកំលាំងទិញនៅតែខ្លាំង ព្រោះបុរីផ្តោតលើប្រជាជនក្នុងស្រុក”។

ចំណែកនាយិកាប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពអចលនទ្រព្យនឹងមិនប្រែប្រួលខ្លាំងនោះទេ ព្រោះចុងឆ្នាំ២០១៧មានគំរោងធំ២បានបើកសម្ភោធជាអ្វីដែលផ្តល់ទំនុកចិត្តដល់ទីផ្សារនេះ។ ជាមួយនេះសកម្មភាពនៃការទិញលក់ ជួលនៅក្នុងក្រុមហ៊ុនរបស់យើង នៅតែមានភាពសកម្មទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

អ្នកនាងបន្តថា ចំនែកទីផ្សារខុនដូនៅតែមានសក្តានុពល ដោយគំរោង ដែលបានសាងសង់កាលពីមុនបានបញ្ចប់ច្រើន ហើយការលក់នៅ​តែល្អ សម្រាប់គំរោងដែលមានតម្លៃសមរម្យ ប៉ុន្តែខុនដូតម្លៃខ្ពស់ និងស្ថិតនៅទីតាំងមិនអំណោ​យផល ជួបការលំបាកបន្តិច។អ្នកនាងបន្តថា ខុនដូមួយចំនួនដែលបានបញ្ចប់ការ​សាងសង់បានប្តូររូបភាពទៅជាសណ្ឋាគារ និងសេវាអាផាតម៉ិន ដើម្បីធ្វើពិពិធកម្ម​ទីផ្សាររបស់ខ្លួន ខណៈការប្រកួតប្រជែងបន្តកើនឡើងក្នុងទីផ្សារនេះ។

អ្នកនាងបន្តថា “បើសិនជាពិនិត្យមើលលំហូរ FDI វិញ ខ្ញុំគិតថាអាចស្ថិតក្នុងសភាពទ្រឹង ឬអាចធ្លាក់ចុះតិចតួច ព្រោះអ្នកវិនិយោគពីអឺរ៉ុបមានការបារម្ភ ប៉ុន្តែអ្នកវិនិយោគក្នុងតំបន់អាស៊ី ពួកគេនៅតែចូលមកកាន់ទីនេះ”៕

លោកឧកញ៉ា លី ហួរ ចាប់ផ្តើមឈានជើងចូលក្នុងវិស័យធានារ៉ាប់រង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានចាប់ផ្តើម​បោះជំហ៊ានថ្មីមួយទៀត ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយសារការរីកចម្រើ​ននៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មករា​នេះថា ក្រុមហ៊ុន Ly Hour insurance បានបើកដំណើរការនៅខែមករា និងបើក​សម្ពោធនៅចុងខែនេះ ដោយផ្តោតលើការធានារ៉ាប់រងទូទៅ ព្រោះលោកឧកញ៉ាមើ​ល​ឃើញថា ជីវភាពប្រជាពលរដ្ឋមានការកើនឡើង ប្រជាពលរដ្ឋទទួលបានផលពីវិស័យកសិកម្មកើនឡើង ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធូរធារ។

លោកឧកញ៉ាបន្តថា “តាមធម្មតាក្រុមហ៊ុនធំ ត្រូវមានក្រុមហ៊ុនតូចៗដទៃទៀត ដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក ស្របពេលប្រទេសជាតិ​កាន់តែមានការរីកចម្រើន”។ លោកបន្តថា “ក្រុមហ៊ុន លី ហួរ គ្រុប មានក្រុមហ៊ុនជា​បុត្រសម្ពន្ឋចំនួន៨ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ”។

បច្ចុប្បន្នក្រុមហ៊ុន លី ហួរ គ្រុប បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១១៩៨​នាក់ ដែលពួកគេបាន និងកំពុងបំពេញការងារនៅតាមក្រុមហ៊ុនទាំងអស់ ដែលស្ថិតក្រោមចំណុះក្រុមហ៊ុន លី ហួរ គ្រុប ៕

បុណ្យឆ្លងឆ្នាំសាកលនឹងរៀបចំដូចបុណ្យអុំទូក

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានស្នើ ឲ្យមានការរៀបចំគណៈកម្មការ​មួយ ដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់ការកម្សាន្ត សប្បាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលឲ្យមានរបៀបរៀបរយ និងមានភាពដូចគ្នានឹងពិធីបុណ្យអុំទូក។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ មករា​នេះថា នៅរាជធានីភ្នំពេញប្រជាជនប្រមាណជាង ១លាននាក់ បានមកកំសាន្តនៅ​តំបន់មាត់ទន្លេ និងជុំវិញព្រះបរមរាជវាំង ដែលធ្វើឲ្យចំនួនមនុស្សមានភាពកកកុញ និងការកកស្ទះចរាចរណ៍រាប់ម៉ោង។ ហេតុនេះ យើងគួររៀបចំគណៈកម្ម​ការមួយ ដូចគណៈកម្មការបុណ្យអុំទូក ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរកំសាន្តបាន​សប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ ដោយមិនអនុញ្ញាត្តឲ្យប្រជាពលរដ្ឋជិះរថយន្ត និងម៉ូតូចូលតំបន់កំសាន្តឡើយ។

លោកបន្តថា “ខ្ញុំគិតថាប្រជាជនជាង១លាននាក់ បានដើរកំសាន្តនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ សូម្បីតែខ្ញុំជាប់ក្នុងរថយន្តប្រ​មាណ៥ម៉ោង”។លោកបន្តថា “បុណ្យចូលឆ្នាំសាកលមិនមែនជាបុណ្យប្រពៃណី ជាតិរបស់យើងទេ តែជាបុណ្យសាកល ដែលប្រជាជននៅគ្រប់ប្រទេសរីករាយ​ស្វាគមន៍ការមកដល់នៃឆ្នាំថ្មី”។

លោកលថោង ខុនបានបន្តថា កន្លងមកយើងរៀបចំគណៈកម្មការសម្រាប់​បុណ្យអុំទូក តែបុណ្យឆ្លងឆ្នាំសាកលដូចជាយើងភ្លេច ហេតុនេះយើងគួរតែរៀបចំ​ឲ្យមានគណៈកម្មការមួយ និងរៀបចំកន្លែងផ្ញើរឡានម៉ូតូ ហើយឲ្យប្រជាពលរដ្ឋ​ធ្វើដំណើរដោយថ្មើជើងទៅកាន់កន្លែងកំសាន្តនៅមាត់ទន្លេ និងជុំវិញរាជវាំង។

ទាក់ទងនឹងដំនើរកំសាន្តរបស់ប្រជាពលរដ្ឋ នៅតាមរមណីយដ្ឋាននានារដ្ឋមន្រ្តីរូបនេះបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរចេញដើរកំសាន្តនៅតាមរមណី​យ​ដ្ឋាននានាបានកើនឡើងច្រើនណាស់ ដោយសារតម្លៃនៃសុខសន្តិភាព ស្ថិរភាព​នយោយបាយ និងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីបាន​គាំទ្រនូវការលើកឡើងរបស់រដ្ឋមន្រ្តូទេសចរណ៍ទាំងស្រុង ដោយបានមានប្រ​សា​សន៍ថា យើងគួរតែរៀបចំឲ្យមានគណៈកម្មការ ដើម្បីរៀបចំរបៀបរៀបរយ និង​សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យនេះ ព្រោះបុណ្យផ្សេងៗសុទ្ឋតែមានគណៈកម្មការរៀប​ចំ និងទទួលខុសត្រូវ ហេតុនេះយើងគួរតែមានការរៀបចំគណៈកម្មការសម្រាប់​បុណ្យចូលឆ្នាំសាកលផងដែរ។

លោកស្រីបន្តថា “ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចេញកំសាន្តនៅរាជធានីភ្នំពេញបានកើនឡើងជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យចូលឆ្នាំសាកលទោះជាមិន​បានរៀបចំបានល្អក្តី តែប្រជាពលរដ្ឋចូលរួមអបអរសាទរដោយខ្លួនឯង”។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានគាំទ្រ​នឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ការរៀបចំបែបនេះជាការល្អប្រសើរ ព្រោះមនុស្សចូលរួមក្នុងពិធីបុណ្យនេះច្រើនណាស់ ហើយយើងមានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិរួចហើយ ហេតុនេះការរៀបចំគណៈកម្មការទទួលខុស ត្រូវបុណ្យឆ្លងឆ្នាំសាកល វាមិនបញ្ហាអ្វីនោះទេ៕

កម្ពុជាទទួលចំណូលបានជិត ១០៨លានដុល្លារពីថ្លៃសំបុត្រចូលអង្គរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជិត១០៨លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅឆ្នាំ២០១៧ ដែលបានបញ្ចប់កាលពីរាត្រីថ្ងៃម្សិលម៉ិញនេះ។

យោងតាមសេចក្តីប្រកាសព៌តមាន របស់គ្រឹះស្ថានអង្គរបាន្យដឹងនាព្រឹកថ្ងៃទី១ មករា ឆ្នាំ២០១៨នេះថា ក្នុងឆ្នាំ២០១៧កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរចំនួន២,៤៥៧,០២៤ កើនឡើង១១,៨២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានទទួលចំណូលសរុនបចំនួន​១០៧,៩៧៦,៤៣៩ដុល្លារអាមេរិក កើនឡើង៧២,៥៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសដដែលបានបន្តថា សរុបចំណូលទទួលបាននេះ គ្រឹះស្ថានអង្គរបានផ្តល់បដិភាគជួយមន្ទីរពេទ្យគន្ឋបុប្ឆា ចំនួនជាង៤លានដុល្លារអាមេរិក សម្រាប់រយៈពេល១១ខែ៕

ដំណឹងល្អ! ព្រលានយន្តហោះខេត្តកោះកុងកំពុងពន្លឿនការសាងសង់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Tianjin Union Development Group (TUDG) បាននិងកំពុ​ងពន្លឿនការវិនិយោគរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុងកំពុងពន្លឿនកា​រ​សាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុង និងកំពង់ផែទឹកជ្រៅក្នុង​ខេត្តនេះ។

ប្រធានមន្ទីរទេសចរណ៍ខេតកតកោះកុង លោកប៊ុន ទៀតបានថ្លែងឲ្យដឹងតា​មទូរស័ព្ទនាព្រឹកថ្ងៃទី១ មករា ឆ្នាំ២០១៨នេះថា បច្ចុប្បន្នអ្នកវិនិយោគរមណីយ​ដ្ឋានតារាសាគរ ក្នុងស្រុកគិរីសាគរ និងស្រុកថ្មបាំង ក្នុងខេត្តនេះកំពុងពន្លឿនការ​សាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុននេះក៏បាននិង​កំពុងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយទៀតផងដែរ។

លោកបន្តថា “ដំណើរការសាងសង់ព្រលាននិងកំពង់ផែកំពុងដំនើរការទៅមុខលឿនជាងមុន ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋនានាមិនទាន់បានលេចចេញជារូបរាង​ច្រើនទេ ដោយសារវាត្រូវការពេលវេលា”។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលសិទ្ឋសប្បទានពីរាជរដ្ឋា ភិបាលកម្ពុជា វិនិយោគរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង ដែលមានផ្ទៃដីជាង៥ម៉ឺនហិកតា។ គំរោងនេះរួមមានលំនៅដ្ឋាន សណ្ឋាគារ ទីលានវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ និងសេវាកម្មជាច្រើនទៀត សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងផងដែរថា ភាគីក្រុមហ៊ុនសាងសង់ព្រលាន​យន្តហោះនេះបានមកជួបជាមួយមន្រ្តីជំនាញ និងមន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋា​នអាកាសចរណ៍ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគំរោងនេះ។លោកបន្តថា ព្រលានយន្តហោះនេះសាងសង់លឿនឬយឺតអាស្រ័យលើល្បឿន នៃការអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំង និបុទុមសាគរក្នុងខេត្ត​កោះកុង។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិ​បាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នក​សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ប៉ុន្តែសកម្មភា ពហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀង ប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្ម​ភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។

ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោ​គដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋាន​ទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។

តំណាងក្រុមហ៊ុន Tainjin Union Development Group លោកស្រីប៊ែលឡា ហ្សាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើផែមការសាងសង់ព្រលាន​យន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំ Boing 380 ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះ​នេះរួចហើយ៕