WOW! ម៉ូនីទ័រ LG សេរ៊ីថ្មី ពិតជាទំនើប និងអស្ចារ្យមែន

0

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ ​UHD 4K (32UK950)  ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌អោយកាន់តែភ្លឺល្អ។ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR600 នៃពន្លឺអោយកាន់តែច្បាស់ និងមានបន្ថែមជម្រើសការតភ្ជាប់ថ្មីយ៉ាងអស្ចារ្យ (Thunderbolt™ 3 compatibility)

ម៉ូនីទ័រ LG សេរ៊ីថ្មី នឹងដាក់បង្ហាញនៅក្នុងកម្មវិធី CES 2018 និងជាម៉ូនីទ័រដំបូងគេដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS ដែលចូលរួមដំណើរការជាមួយកម្មវិធី Nanometer-sized particles ទៅនិងអេក្រង់ LED ដើម្បីស្រូបយករលកពន្លឺ។ ភាពអស្ចារ្យនេះជួយជំរុញកំលាំង និងភាពសុទ្ធទៅលើពណ៍អេក្រង់ សម្រាប់ជាបទពិសោធន៍នៃការទស្សនាថ្មី និង​ដូចពិតៗ។

ម៉ូនីទ័រប្រភេទថ្មីនេះអាចធ្វើការបង្ហាញដល់ទៅ 98 ភាគរយនៃស្រមោលពណ៍ DCI-P3​ ដែលអាចប្រៀបទៅនិងម៉ូនីទ័រដែលប្រើប្រាស់ការងារក្រាហ្វិច (Graphic) របស់ Master Hollywood blockbusters

លោក Chang Ik-hwan ប្រធានផ្នែកអាជីវកម្មព័ត៌មានវិទ្យារបស់ក្រុមហ៊ុន LG បានមានប្រសាសន៏ថា “ពួកយើងភាគច្រើនចំណាយពេលរាប់ពាន់ម៉ោងនៅមុខម៉ូនីទ័រជារៀងរាល់ខែ ហើយទាំងដែលម៉ូនីទ័រភាគច្រើនវាមិនមែនជាផលិតផលដែលមានបច្ចេកវិទ្យាល្អ ឬ អេក្រង់ដែលមានការវិវត្តិចុងក្រោយនោះទេ។ បុន្តែជាមួយបច្ចេកវិទ្យាម៉ូនីទ័រដ៍ប្រណិតចុងក្រោយរបស់  LG ពិតជាដំណោះស្រាយយ៉ាងអស្ចារ្យ ដែលអាចផ្តល់នូវបទពិសោធន៍ប្រើប្រាស់យ៉ាងរីករាយ ជាមួយនិងអេក្រង់កំរិតគុណភាពភ្លឺច្បាស់ល្អឥត់ខ្ចោះ៕

ហាងអាហាររហ័សទាន់ចិត្ត MacDonald’s នឹងចូលមកកាន់ទីផ្សារកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ហាងអាហាររហ័សទាន់ចិត្តMacdonald’s នឹងឈានជើងចូលទីផ្សារកម្ពុជានៅពេលឆាប់ៗនេះ ខណៈបច្ចុប្បន្ន​អ្នកមានបំណងទិញ Franchise ហាងអាហាររហ័សទាន់ចិត្តនេះ កំពុចចារជាមួយក្រុមហ៊ុនមេ។

តាមប្រភពព៌តមានដែលនិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យ​ដឹងថា អ្នកវិនិយោគក្នុងស្រុកមួយរូប កំពុងធ្វើការចចាយ៉ាងស្វិតស្វាញ ដើម្បីនាំ​យកហាងអាហាររហ័សទាន់ចិត្ត Macdonald’s មកកម្ពុជា ហើយគេរំពឹងថា ការនាំ​Franchise នេះមកកម្ពុជានឹងទទួលបានជោគជ័យនៅក្នុងឆ្នាំនេះ។

ហាងអាហាររហ័សទាន់ចិត្ត Macdonald’s មានសាខាចំនួន១២០ប្រទេស ក្នុងពិភពលោក និងមានមនុស្សទទួលទានអាហារនេះ ចំនួន៦៨លាននាក់ក្នុងមួយថ្ងៃ មានភោជ​នីយដ្ឋានសរុប៣៦៨៩៩ទីតាំង និងផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន៣៧៥ពាន់នាក់កាលពីដំណាច់ឆ្នាំ២០១៦។

ទស្សនវិទ្យារបស់ MacDonald’s គឺតម្រូវឲ្យអ្នកទិញ Franchise និមួយៗ ត្រូវ​ទៅលាងបន្ទប់ទឹកនៅក្រុមហ៊ុនមេ របស់ក្រុមហ៊ុននេះនៅសហរដ្ឋអាមេរិក៕

ដំណឹងរីករាយៈវិស័យហិរញ្ញវត្ថុសម្រេចបានវឌ្ឈនភាពគ្រប់ផ្នែក

0

​ដោយ វុត្ថា
​ភ្នំពេញ៖ វិស័យហិរញ្ញវត្ថុកម្ពុជា ដែលជាសរសរស្តម្ភយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ កំពុងមានការរីកចម្រើនគ្រប់ផ្នែកក្នុងឆ្នាំ២០១៧ដែលទើប​បញ្ចប់កាលពីពេលថ្មីៗនេះ។

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០១៨នេះថា គោលនយោបាយរូបិយវត្ថុត្រូវបានអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្ន បត់បែន និងមានសង្គតិភាពជាមួយគោលនយោបាយសារពើពន្ធ ហើយបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ។ អត្រាប្តូរប្រាក់ត្រូវបានរក្សាឱ្យមានស្ថិរភាពក្នុងរង្វង់៤.០៥០រៀល ក្នុងមួយដុល្លារអាមេរិក ហើយអត្រាអតិផរណាជាមធ្យមនៅឆ្នាំ២០១៧ មានកម្រិតទាបអាចគ្រប់គ្រងបាន ប្រមាណ២,៩ភាគរយ។

ក្រៅពីនេះ ប្រព័ន្ធធនាគារនៅកម្ពុជាសម្រេចបានការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងមានស្ថិរភាព។ ប្រព័ន្ធធនាគារក៏ត្រូវបានពង្រឹងភាពធន់ នឹងហានិភ័យសន្ទនីយភាព ដោយបានបង្កើនគុណភាព និងកម្រិតសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គោលការណ៍តម្លាភាព ការប្រកួតប្រជែងដោយសមភាព និងកិច្ចការពារអតិថិជន ក៏ត្រូវបានលើកកម្ពស់ផងដែរ។

ជាមួយគ្នានេះនៅឆ្នាំ២០១៧ វិស័យធនាគារបានបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនពេញវ័យបន្ថែមប្រមាណ ៦០ ម៉ឺននាក់ ដែលធ្វើឱ្យអត្រាបរិយាប័ន្នហិរញ្ញវត្ថុកើនដល់ ៥៦% ស្មើនឹងចំនួនប្រជាជនពេញវ័យប្រមាណ ៦,២ លាននាក់។ ធនាគារពិភពលោកបានផ្តល់ចំណាត់ថ្នាក់ទី៧ដល់កម្ពុជា ជាប្រទេសដែលមានភាពងាយស្រួលជាងគេលើពិភពលោកក្នុងការទទួលបានហិរញ្ញប្បទាន។

ធនាគារជាតិនៃកម្ពុជាក៏បានចេញសេចក្តីជូនដំណឹងចំពោះការទប់ស្កាត់ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ និងផ្សព្វផ្សាយរូបិយវត្ថុ Crypto Currencies ដោយហេតុថាCrypto Currencies ជាឧបករណ៍ថ្មីមិនមានការគ្រប់គ្រ​ង​ច្បាស់លាស់ ដូច្នេះអាចនាំមកនូវហានិភ័យខ្ពស់ចំពោះអ្នកប្រើប្រាស់ និងអាចជាមធ្យោបាយមួយក្នុងការសម្អាតប្រាក់។

ធនាគារជាតិនៃកម្ពុជាបានកសាង និងគ្រោងនឹងសម្ពោធបើកដំណើរការជាផ្លូវការសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ នាដើមឆ្នាំ២០១៨នេះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩៕

កម្ពុជាកំពុងឈានទៅសម្រេចគោលដៅនាំចេញអង្ករ ១លានតោន

0

ដោយ រ៉ាវី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចនូវការនាំចេញអង្ករឲ្យបាន១លានតោននៅពេលឆាប់ៗខាងមុខនេះ ខណៈការនាំចេញ​ឆ្នាំនេះសម្រេចបានជាង៦៣ម៉ឺនតោនរួចទៅហើយ។

យោងតាមរបាយការណ៍ ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងរយៈពេល12ខែក្នុងឆ្នាំ2017កន្លងទៅនេះ កម្ពុជាធ្វើការនាំចេញអង្ករ ទៅក្រៅប្រទេសសម្រេចបានចំនួន635,679តោន កើនឡើងប្រមាណ17,30% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2016 ដែលមានត្រឹម 542, 144 តោន តែប៉ុណ្ណោះ។

របាយការណ៍ដែលបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំនេះអង្កររបស់កម្ពុជា បាននាំចេញ ទៅកាន់ប្រទេសជាង60នៅលើពិភពលោក ក្នុងនោះនាំទៅកាន់ប្រទេសចិនច្រើនជាងគេ ដែលមានចំនួនជិត20ម៉ឺនតោន ប្រទេសបារាំងជិត8 ម៉ឺនតោន និងប្រទេសប៉ូឡូញបានជាង4ម៉ឺនតោន។ ដោយឡែក សម្រាប់ក្រុមហ៊ុនដែលនាំចេញអង្ករ ទៅកាន់ក្រៅប្រទេសសរុបមានចំនួន​84ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនដែលនាំចេញបានច្រើនជាងគេ រួមមាន ក្រុមហ៊ុន Cristal Rice នាំចេញបានជាង 7ម៉ឺនតោន ក្រុមហ៊ុនបៃតង បានជាង 6ម៉ឺនតោន និងក្រុមហ៊ុន City Rice បានចំនួនជាង 5ម៉ឺនតោន។

ជាមួយនឹងលទ្ធផលនៃការនាំចេញអង្ករ ទៅកាន់បរទេសខាងលើនេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខប្រមាញ់ និងនេសាទ ក៏បានប្រកាសឱ្យដឹងពីកំណើននៃការទិន្នផលស្រូវ ដែលកម្ពុជាទទួលបាននៅក្នុងឆ្នាំ2017នេះ មានចំនួនកើនឡើងផង ពោលគឺចាប់ពីខែមករា រហូតដល់ខែធ្នូ កម្ពុជាទទួលបានទិន្នផលស្រូវចំនួនជាង 10,27 លានតោន។ ថ្លែងនៅក្នុងពិធីវេទិកាស្ដីពី «កសិកម្ម រុក្ខប្រមាញ់ និងនេសាទ»​ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងរយៈពេល5ឆ្នាំកន្លងនេះ វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ផ្ទៃដីដាំដុះដំណាំស្រូវបានកើនពី 3លានហិកតា នៅឆ្នាំ2012 ដល់3.09លានហិកតានៅឆ្នាំ2016។

លោក វេង សាខុន បានលើកឡើងអំពីសន្ទុះនៃកំណើន ផ្ទៃដីដាំដុះដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មកើនឡើងជាលំដាប់ ក្នុងរយៈពេលកន្លងមកនេះ ពោលគឺបាន កើនពី0.91លានហិកតា កាលពីឆ្នាំ 2012 ដល់ជាង1លានហិកតា នៅឆ្នាំ2016 ហើយបរិមាណផលបានកើនពី10.85លានតោន កាលពីឆ្នាំ2012 ដល់ 16.77លានតោន នៅឆ្នាំ2016។ ដោយឡែកការនាំចេញផលិតផលកសិកម្មសរុបមានការកើនឡើងជាលំដាប់ ហើយមានសន្ទុះខ្លាំងក្នុងរយៈពេល5ឆ្នាំ​ចុងក្រោយនេះ ដែលនៅឆ្នាំ2012 ការនាំចេញផលិតផលកសិកម្មស​ម្រេចបានចំនួន 680.46 ពាន់តោន កើនដល់ 4.7លានតោន នៅឆ្នាំ2016។

លោកឧកញ៉ាភួ ពុយប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានថ្លែងថា វិស័យអង្ករកម្ពុជាកំពុងមានសញ្ញាវិជ្ជមាន ដោយសារកំនើននៃការ​នាំចេញ និងផលិតកម្មដំណាំស្រូវមានការកើនឡើង ពិសេសស្រូវក្រអូប ដែលជាប្រភេទស្រូវសម្រាប់នាំចេញ។លោកបន្តថា ទោះជាយើងមិនសម្រេចបានតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការនាំអង្ករចេញឲ្យបាន១លានតោននៅឆ្នាំ២០១៥ក្តី ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងឆ្ពោះទៅសម្រេចគោលដៅនេះ នៅពេលឆាប់ៗ ខាងមុខ៕

តោះ​ទៅ​មើល​ផ្ទះ​ចម្លែក Cube house នៅ​ប្រទេស​ហូ​ឡង់

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្ថាបត្យករ​និមួយៗតែងតែ​រិះរក​គំនិតប្លែងៗ ដើម្បី​គូរ​ប្លង់​ស្ថាបត្យកម្ម​សំណង់​អាគារ​លំនៅដ្ឋាន ឬ​អាគារ​ពាណិជ្ជកម្ម​នានា ដែល​ជាការ​បន្សល់ទុក​នូវ​ស្នាដៃ ក៏ដូចជា​ការចងចាំ​សម្រាប់​ប្រជាជន​របស់​ខ្លូន។

គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ Propertyarea.asia សូម​នាំ​មិត្ត​អ្នកអាន ទៅ​សិក្សា​ស្វែងយល់​ពី​សំណង់​ស្ថា​ត្យ​កម្ម លំនៅដ្ឋាន​ថ្មី​មួយ​ស្ថិតនៅ​ប្រទេស​ហូ​ឡង់ ដែលមាន​ឈ្មោះថា​ផ្ទះ Cube house ឬ​ហៅ​ជា​ភាសា​ហូ​ឡង់​ថា Kubuswoningen គឺជា​ផ្ទះមួយ​មាន​លក្ខណៈ​ច្នៃប្រឌិត ដែល​បាន​សាងសង់ឡើង​នៅ​ទីក្រុង Rotterdam និង Helmond ប្រទេស​ហូ​ឡង់។ ផ្ទះ​នេះ​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ លោក Piet Blom ដែល​ផ្អែកលើ​គំនិត​នៃ “ការរស់នៅ​លើដំបូល​ទីប្រជុំជន” លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​ដែលមាន​ដង់ស៊ីតេ​ខ្ពស់​នេះ មាន​ទំហំ​សមស្រប​នឹង​ទំហំ​ដី ដោយ​រាប់បញ្ចូល​ពី​ពី​គោលបំណង​ចម្បង​របស់​វា គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទំហំ​នៅ​ខាងក្នុង​លំនៅដ្ឋាន។

ការ​រចនា​របស់​វិចិត្រករ​នេះ គឺជា​តំណាងឱ្យ​ភូមិ​មួយ​នៅក្នុង​ទីក្រុង ដែល​ផ្ទះ​និមួយៗតំណាងឱ្យ​ដើមឈើ​មួយ​ដើម និង​ផ្ទះ​ទាំងអស់គ្នា​គឺជា​ព្រៃ។ គំនិត​នៃ​ផ្ទះ ​Cube នៅ​ជុំវិញ​ពិភពលោក គឺ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ជា​អចិន្ត្រៃយ៍ មានដូចជា​ទីធ្លា​ផ្ទះ ទាំង​ការ​បែក​ចែក​បន្ទប់​នៅ​ខាងក្នុង។

ការសាងសង់​សាកល្បង​ចំនួន​បី​ដង ជា​លើកដំបូង​នៅក្នុង​ឆ្នាំ១៩៧៤ និង​នៅ​ឆ្នាំ១៩៧៧ ផ្ទះ​ចំនួន១៨ ត្រូវបាន​សាងសង់​នៅក្នុង​ទីក្រុង Helmond ។  ផ្ទះ​ជាច្រើន​តម្រូវឱ្យ​សាងសង់​ពី​ឈើ តែ​មិន​ត្រូវបាន​គេ​ដឹង​នោះទេ។ ផ្ទះ​នៅ Rotterdam ត្រូវបាន​គេ​រចនា​ឡើង​ក្នុង​ឆ្នាំ១៩៧៧ ក្នុង​ផែនការ៥៥ ដែល​ក្នុងនោះ​ផ្ទះ​ចំនួន៣៩ ត្រូវបាន​សាងសង់។ ផ្ទះ Cube ស្ថិតនៅក្នុង​ទីក្រុង Helmond បាន​ហ៊ុំព័ទ្ធ​ដោយ​រោង​មហោស្រព​មួយ​ឈ្មោះថា Theatre Speelhuis។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងផ្ទះ​នេះ ត្រូវបាន​រំខាន​ជា​ញឹកញាប់​ដោយសារ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ចង់ដឹង ចង់ឃើញ។ ម្ចាស់ផ្ទះ​ម្នាក់​បានសម្រេច​ចិត្ត​បើក “បង្ហាញ​ផ្ទះ​គំរូ” ដើម្បី​ទាក់ទាញ និង​ផ្តល់​ឪ​កាស​អោយ​ភ្ញៀវ​ទេសចរណ៍​មក​ចូល​លេង​កម្សាន្ត និង​រស់នៅ។ ផ្ទះ​នេះ​មាន​បី​ជាន់​រួមមាន ជាន់​ទី១ មាន​បន្ទប់ទទួលភ្ញៀវ និង​ផ្ទះបាយ ជាន់​ទី២ មាន​បន្ទប់​គេង​ពីរ និង​បន្ទប់ទឹក និង​ជាន់​ទី៣ ខាងលើ​បង្អស់​ត្រូវបាន​ប្រើ​ជា​សួនច្បារ​តូច​មួយ។

ជញ្ជាំង និង​បង្អួច​នៃ​ផ្ទះ​នេះ ត្រូវបាន​គេ​ធ្វើអោយមាន​រូបរាង​កោង ក្នុង​កម្រិត ៥៤.៧ដឺ​ក្រេ។ ផ្ទៃដី​សរុប​នៃ​ផ្ទះ​ទាំងមូល​មាន​ទំហំ​ប្រហែល១០០ម៉ែត្រការ៉េ ។ នៅ​ឆ្នាំ២០០៦ សារមន្ទីរ​មួយ​ត្រូវបាន​បើក​នៅក្រោម​ផ្ទះ​នោះ ហើយ​នៅ​ឆ្នាំ ២០០៩ ផ្ទះធំៗ ត្រូវបាន​បំ​លែង​ទៅជា​សណ្ឋាគារ ហើយ​ក្រោយមក​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សណ្ឋាគារ Stayokay របស់​ប្រទេស​ហូ​ឡង់៕

និន្នាការទិញរថយន្តបង់រំលស់កាន់តែមានប្រជាប្រិយភាព

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹងលក្ខខ័ណ្ឌឥណទានល្អប្រសើរ កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋល្អជាងមុន បានធ្វើឲ្យការទិញរថយន្តបង់រំលស់បបានកើនឡើងខ្ពស់ជារៀងរាល់ឆ្នាំ។

អគ្គនាយផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុន RMA Asia លោក សេង វឹង បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៣ មករានេះថា ឆ្នាំ២០១៧ការនាំចូលរថយន្តថ្មីកើនឡើងក្នុងរង្វង់២០ភាគរយ ហើ​យចំនួនរថយន្តថ្មីចរាចរលើដងផ្លូវ បានកើនរហូតដល់ចន្លោះ១៣ ទៅ១៧ភាគរយ​នៃរថយន្តសរុប។ លោកបន្តថា ជាមួយនឹងកំនើនសេដ្ឋកិច្ចកើនឡើង និងជីវភា​ព​ប្រជាពលរដ្ឋមានភាពល្អប្រសើរ ការលក់រថយន្តរបស់ RMA បានកើនឡើងប្រមា​ណ៣០ភាគរយ។

លោកបន្តថា “ការកើនឡើងនៃការលក់ ដោយសាររថយន្តរបស់យើងទំនើ​ប ប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង និងប្រជាពលរដ្ឋកាន់តែច្រើននិយម​ទិញរថយន្តដោយបង់រំលស់”។ លោកបន្តថា “បច្ចុប្បន្នប្រជាជនមិនចង់ចំណា​យលុយទាំងដុលទិញរថយន្តទេ ដោយពួកគេទុកលុយពង្រីកមុខរបរដទៃទៀត ហើយបានសម្រេចចិត្តទិញរថយន្តបង់រំលស់”។

លោក សេង វឹង បានបន្តថា ប្រសិនជាគិតពីឆ្នាំ២០១៨នេះ លោកនៅតែមាន​សុទិដ្ឋិនិយម សម្រាប់ទីផ្សារថយន្តនៅកម្ពុជា ប៉ុន្តែនេះជាការប្រមើលមើលពីឥឡូវប៉ុណ្ណោះ ប៉ុន្តែលោកគិតថាស្ថានភាពនយោបាយនឹងនៅតែមានលំនឹង មិន​មានអ្វីគួរឲ្យបារម្ភនោះទេ។

នាយកផ្នែកទីផ្សារនិងលក់នៃក្រុមហ៊ុនតូយ៉ូតា ខេមបូឌាលោក លី ប៊ុនហៃ បានមានប្រសាសន៍ស្រដៀងគ្នាថា ការលក់រថយន្តកាលពីឆ្នាំមុនមានសញ្ញាល្អ​ប្រសើរ ធៀបនឹងឆ្នាំ២០១៦ ដោយក្រុមហ៊ុនសម្រេចបានកំនើនលក់ចន្លោះពី២០ទៅ៣០ភាគរយ។ លោកបន្តថា សម្រាប់ឆ្នាំ២០១៨នេះ លោកនៅតែមានសុទិដ្ឋិ​និយម ដោយសារសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែរក្សាបាន​កំនើនល្អប្រសើរ និងស្ថានភាពនយោបាយមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។

លោកបន្តថា “ឆ្នាំ២០១៨ ខ្ញុំគិតថាអ្វីៗនឹងប្រសើរឡើង ព្រោះយើងអ្នករកស៊ី មិនសូវគិតពីបញ្ហានយោបាយទេ យើងគិតពីសេដ្ឋកិច្ច បើសេដ្ឋកិច្ចល្អ យើងនៅតែបន្តរីកចម្រើន”។ លោកបន្តថា “ការលក់រថយន្តកើនឡើងមួយផ្នែក ដោយសារ​ប្រជាពលរដ្ឋ បានទិញរថយន្តបង់រំលោះកាន់តែច្រើន ព្រោះពួកគេគិតពីការដាំលុយ ដូច្នេះពួកគេមិនយកលុយទាំងដុំទៅទិញរថយន្តទេ ពួកគេទុកលុយរកស៊ី វាជាការដាំលុយ ឬធ្វើឲ្យលុយកើតកូន”។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី លោកអ៊ិន ចាន់នីបាន​ថ្លែងថា ឥណទានសម្រាប់ទិញវត្ថុ ឬរបស់របរប្រើប្រាស់កំពុងកើនឡើង ប៉ុន្តែវាមិន​​ទាន់ឈានដល់ចំណុចគ្រោះថ្នាក់នោះទេ។ លោកបន្តថា ឥណទានប្រើប្រាស់ជា​ប្រភេទឥណទាន មិនជួយដល់សេដ្ឋកិច្ចទេ ព្រោះឥណទានបែបនេះមិនបង្កើតឲ្យមានសកម្មភាពសេដ្ឋកិច្ចឡើយ ផ្ទុយទៅវិញវាជាឥណទានបំណុល ជាការទិញបំណុល។

លោកបន្តថា “ឥណទានបែបនេះបើកើនឡើងខ្លាំងពេក វាផ្តល់គ្រោះថ្នាក់​ដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែនៅកម្ពុជាមិនទាន់ឈានដល់កំនើនខ្ពស់នោះទេ”៕

កាំកុងត្រូលហាមដាច់ខាតមិនឲ្យទិញម្សៅទឹកដោះគោរបស់ក្រុមហ៊ុនគ្រុបប៉េឡាក់តាលីស

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានកំាកុងត្រូល បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ពាណិជ្ជករនាំចូល អាជីវករ លក់ដុំលក់រាយស្តីពី ការប្រមូលត្រឡប់មកវិញទាំងអស់ នូវផលិតផលម្សៅទឹកដោះគោសំរាប់ទារក និងកុមារតូចៗនិងផលិតផលចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ ក្រាអន (Craon)។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកំាកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បង្ហាញនៅ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើការជម្រាបដល់សាធារណៈជនបន្តថា ក្រុមហ៊ុនបាននិងកំពុងបន្តការប្រមូលត្រឡប់មកវិញនូវផលិតផល ដែលមានបញ្ហាពីទីផ្សារប្រទេសបារំាង និងបណ្តាប្រទេសនានា ដែលក្រុមហ៊ុនបានចែកចាយ។ ការចម្លងបាក់តេរី សាម៉ុនណេឡា អាហ្គូណា (Salmonella Agona) មានចំពោះតែលើផលិតផល ដែលមានអត្តសញ្ញាណ ដូចជា ក្រុមហ៊ុនផលិតផលគ្រុបប៉េ ឈ្មោះផលិតផល ណម ខមមើសសល (Norm Commercial) លេខឡូតិ៍ (Lot Four) កាលបរិច្ឆេទជាអប្បបរមាចំពោះផលិតផល ដែលស្ថិតក្នុងបញ្ជីនៃលិខិត ប្រកាសព័តមានរបស់ក្រុមហ៊ុនដូចមានជូនភ្ជាប់មកជាមួយប៉ុណ្ណោះ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា វត្តមានបាក់តេរី សាម៉ុនណេឡា ក្នុងផលិតផលនេះ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារកនិងកុមារតូចៗ ដោយបង្ករឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន ។ល។ ឆ្លើយតបនឹងបញ្ហានេះអគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរួមមាន រាំងខ្ទប់មិនឲ្យនាំចូល ផលិតផលដូចបានអធិប្បាយខាងលើ  ផ្តល់ព័តមានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយក្នុង ករណីមាននាំចូលនិងមានចរាចរលើទីផ្សារ ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្រួលនិង មានវិធានការតាមនីតិវិធីប្រសិនបើមានការដាក់តាំងលក់។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពជាយហេតុ អគ្គនាយកដ្ឋានកាំកុងត្រូល សូមអំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណដូចបានជម្រាបខាងលើ និងសូមជួយសហការផ្តល់ព័តមានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានថ្លែងអំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់របស់ សាធារណៈជន ពាណិជ្ជករ អាជីវករទាំងអស់លើកិច្ចសហការ ការពារសុខមាលភាពទារក និងកុមារតូចៗឲ្យបានល្អប្រសើរ៕

តម្រូវការសាច់សត្វកើនឡើងខ្ពស់ ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ កម្ពុជាតម្រូវការសាច់សត្វមាននិន្នាការកើនឡើងខ្ពស់ ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរអន្ដរជាតិកើនឡើង ដែលក្រសូងកសិកម្មប៉ាន់ប្រមាណថា នៅកម្ពុជាមានតម្រូវការសាច់សត្វប្រមាណពី២៩ទៅ៣០ម៉ឺនតោន នៅក្នុង១ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ខាងមុខ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេ​ង សាខុនបានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី៣ មករានេះថា បច្ចុប្បន្នចំនួនគោសរុបមានការថយចុះ ហើយការរៀបចំដីកសិកម្មប្រមាណ៩៣ភាគរយ ត្រូវជំនួសដោយគ្រឿងយន្ដកសិកម្ម។ ប៉ុន្តែផលិត​កម្មជ្រូកមានកំណើន២,៩ភាគរយ និងផលិតកម្មបក្សីមានកំណើន៥,៤ភាគរយ។ ដោយឡែកផលិត​កម្មសត្វទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្មនៅកម្ពុជា មានការវិវឌ្ឍគួរឲ្យកត់សម្គាល់ ទាំងបរិមាណសត្វ និងបែបផែនផលិតកម្ម។

លោកបន្តថា “យើងមិនទាន់អាចធានាបានទេ ចំពោះការផ្គត់ផ្គង់ និងតម្រូវការសាច់បានទាំងស្រុងនោះទេ ជាពិសេសសាច់មានគុណភាពខ្ពស់”។ លោកបន្តថា “ស្ថានភាពនេះបញ្ជាក់យ៉ាងច្បាស់ថា តម្រូវការសាច់សត្វមានគុណភាពខ្ពស់ បាននិងកំពុងជំរុញឲ្យមានការផ្លាស់ប្ដូរ បែបផែនផលិតកម្មសត្វ ពីការចិញ្ចឹមសម្រាប់ម្ហូបអាហារគ្រួសារ ទៅជាផលិតកម្មសម្រាប់ពាណិជ្ជកម្មតាមតម្រូវទីផ្សារវិញ”។

ផលិតផលសរុបក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់ៗកើនពី៧៦០ដុ ​ល្លា​​រក្នុងឆ្នាំ២០០៨ ដល់ជាង១៤០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ដែលធ្វើឲ្យកម្ពុជាបានឆ្លងផុតពីចំណាត់ថ្នាក់ជា ប្រទេសចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឲ្យបាននូវ ទស្សនវិស័យធំៗ នៃការអភិវឌ្ឍបន្តទៀត៕

កំនើននៃការអភិវឌ្ឍ៖ បញ្ហាប្រឈមបួនកំពុងកើតមាននៅខេត្តព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការអភិវឌ្ឍជារឿងត្រូវអបអរសាទរ ប៉ុន្តែការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាអ្វីដែលមិនអាចមើលរំលងបាន ពិសេសខេត្តព្រះសីហនុកំពុងរីករា​យនឹងល្បឿននៃការអភិវឌ្ឍន៍ ប៉ុន្តែបញ្ហាប្រឈមជាច្រើនកំពុងកើតមាននាពេល​បច្ចុប្បន្ននេះ។

បញ្ហាប្រឈមទាំងនោះរូមមាន ខេត្តមិនទាន់មានប្លង់គោលច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ឋមិនទាន់ឆ្លើយតបនឹងកំ​នើនមនុស្ស និងកំនើនយានយន្ត បញ្ហាបរិស្ថាន និងជម្លោះដីធ្លីកំពុងកើតមានកាន់​តែច្រើន ដោយសារដីឡើងថ្លៃខ្ពស់។

អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានថ្លែងទទួលស្គាល់ថា ខេត្តព្រះសីហនុបានរៀបចំប្លង់គោលរួចហើយ ប៉ុន្តែមិនទាន់បានអនុម័តដោ​យប្លង់គោលនោះស្ថិតនៅក្នុងដៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់​ត្រួតពិនិត្យ។លោកបន្តថា ជាមួយនឹងកំនើនដីធ្លី បានធ្វើឲ្យខេត្តជួបបញ្ហាច្រើនក្នុង​ការដោះស្រាយបញ្ហាអនាធិបតេយ្យនានា។

លោកបន្តថា ខេត្តកំពុងពង្រីកហេដ្ឋា​រចនាសម្ព័ន្ឋនានា ដើម្បីឆ្លើយតបនឹងកំនើនយានយន្ត និងចំនួនមនុស្សកើនឡើង​នៅក្នុងខេត្តនេះ ពិសេសកំពុងដោះស្រាយបញ្ហាបរិស្ថាន ដោយផ្សព្វផ្សាយឲ្យប្រ​ជាពលរដ្ឋបានយល់ និងចូលរួមធ្វើអាងចម្រោះទឹកកខ្វក់ ដែលបង្កផលប៉ះពាល់​ដល់បរិស្ថាន។

លោកបន្តថា “យើងកំពុងខិតខំបំផុសឲ្យប្រជាជនចូលរួម ប៉ុន្តែបើមិនធ្វើអា​ជ្ញាធរនឹងចាប់បង្ខំឲ្យធ្វើ ព្រោះបើមិនធ្វើវានឹងរលាយហើយ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal បានរកឃើញថា បច្ចុប្បន្នខុនដូនៅខេត្តព្រះសីហនុ មានផ្ទះចំនួន៥០០០យូនីត និងមានគំរោងសរុប១៦គំរោង។

បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូចំនួងជាង២០ និងមានភ្ញៀវទេសចរ ន៍ចិនកំពុងតែចាប់អារម្មណ៍ច្រើនក្នុងខេត្តនេះ ជាមួយនឹងការភ្ជាប់ការហោះហើរ​យ៉ាងសកម្មពីប្រទេសចិន ​និងគោលដៅផ្សេងៗទៀតមកកាន់ខេត្តនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ជំរុញឲ្យវិស័យលំនៅដ្ឋាន ពិសេសអាគារបែបសហកម្ម​សិទ្ឋ(ខុនដូ)មានការរីកចម្រើនយ៉ាងលឿន។

គិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនវិនិយោគទឹកប្រាក់ជាង៣៥០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដោយបានបង្កើតរោ​ងចក្រ សហគ្រាសប្រមាណ១៣០នៅតំបន់នោះ និងបានផ្តល់ការងារដល់ប្រជា ពលរដ្ឋជាង១០ម៉ឺននាក់។

អគ្គនាយកសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុលោកឡៅ ហេងបានមានប្រសាសន៍ថា លោកស្វាគមន៍គំរោងវិនិយោគជាច្រើនពីអ្នកចិន ដែលបាននិងកំពុងកើនឡើងក្នុងខេត្តព្រះសីហនុ។ ការចូលមកវិនិយោគជាសញ្ញាល្អប្រ​សើរ និងសុទ្ឋជារឿងល្អ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ចរបស់យើង ប៉ុន្តែការត្រួតពិនិត្យគុណភាពសំណង់ និងផលប៉ះពាល់បរិស្ថានជារឿងចាំបាច់ដែលយើង​ត្រូវធ្វើជាបន្ទាន់។

លោកបន្តថា “យើងរីករាយជាមួយការវិនិយោគ ប៉ុន្តែអាជ្ញាធរគួរកសាងហេ​ដ្ឋារចនាសម្ព័ន្ឋឲ្យបានប្រសើរ និងសមស្របនឹងការអភិវឌ្ឍជាក់ស្តែង ពិសេសបញ្ហាសំរាម និងទឹកកខ្វក់ជារឿងដែលត្រូវតែគិតគូរជាចម្បង”៕

រាជធានីភ្នំពេញ នឹងមានរថយន្តក្រុងជាង100គ្រឿងបន្ថែមទៀត ជាជំនួយរបស់ជប៉ុន

0
រថយន្តជំនួយរបស់ចិនកាលពីពេលកន្លងទៅ

ដោយ ៖ រាវី

ភ្នំពេញ ៖ មិនយូរទៀតនោះទេ ចំពោះបញ្ហានៃការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពខណៈដែលបច្ចុប្បន្ន រដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងដោយប្រគល់កាតព្វកិច្ចទៅឱ្យសាលារាជធានីភ្នំពេញជាអ្នកទទួលបន្ទុក និងដោះស្រាយ តាមរយៈការកសាងស្ពានអាកាស ការពង្រីកទំហំផ្លូវ ការដាក់ភ្លើងសញ្ញាចរាចរណ៍ ជាពិសេស ការផ្តល់សេវាដឹកជញ្ជូនដោយរថយន្តក្រុងដែលមានចំនួន150គ្រឿងកាលពីអំឡុងឆ្នាំ2017កន្លងទៅ។

រថយន្តជំនួយរបស់ចិនកាលពីពេលកន្លងទៅ

ដោយឡែកសម្រាប់ឆ្នាំ2018នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានភាពល្អប្រសើរទ្វេដងនោះ ក្រៅពីមានការរៀបចំដាក់ឱ្យដំណើរការនូវសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ដោយមានរហូតដល់ចំនួន15កំពង់ផែ ក្រោមវត្តមាននាវាល្បឿនលឿនចំនួន20គ្រឿងនោះ នៅក្នុងខែមេសាឆ្នាំ2018ខាងមុខនេះ សាលារាជធានីភ្នំពេញនឹងទទួលបានរថយន្តក្រុងជាង100គ្រឿងបន្ថែមទៀតដែលជាជំនួយពីរាជរដ្ឋាភិបាលជប៉ុន ដាក់ឱ្យដំណើរការនៅគ្រប់ផ្លូវ និងដងវិថីនានាទូទាំងរាជធានីភ្នំពេញ ដែលស្របទៅនឹងយុទ្ធនាការកាត់បន្ថយការកកស្ទះ កាត់បន្ថយការចំណាយរបស់ពលរដ្ឋ ជាគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរ។

នេះបើយោងតាមការបង្ហើបឱ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ៕