ឆ្លងឆ្នាំសាកល៖ ភ្ញៀវទេសចរណ៍សំរុកទៅទស្សនាតំបន់ឆ្នេរ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ឆ្លងឆ្នាំសាកល ដែលជាសករាជនៃឆ្នាំ២០១៨បានបញ្ចប់ ប៉ុន្តែក្នុងដំនើរកំសាន្តនិងភាពសប្បាយរីករាយនេះ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានសំរុកទៅទស្សនាតំបន់ឆ្នេរបានកើនឡើង និងខេត្តខ្លះស្ថិតក្នុងសភាពទ្រឹង។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១ មករា ឆ្នាំ២០១៨នេះថា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណ៨ម៉ឺននាក់ បានទៅទស្សនានិងលេងកំសាន្តក្នុងខេត្តកំពត កើនឡើ​ងប្រមាណ៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះមានភ្ញៀវទេ​សចរណ៍អន្តរជាតិ១៤០០នាក់។លោកបន្តថា ខេត្តកំពតទទួលបានភ្ញៀវទេសច​រ ណ៍ជាតិ និងអណ្តរជាតិប្រមាណ១,៦លាននាក់ កាលពីឆ្នាំ២០១៧កន្លងមកថ្មីៗ​នេះ។


លោកបន្តថា “ភ្ញៀវទេសចរណ៍បានមកទស្សនាក្នុងខេត្តយ៉ាងកកកុញ និងបន្តដល់ថ្ងៃនេះ ខណៈរមណីយដ្ឋានក្នុងខេត្តបាន​កើនឡើងដល់១៤កន្លែង និងមានសណ្ឋាគារ ព្រមទាំងផ្ទះសំណាក់ជា​ច្រើន​ពាន់បន្ទប់”។

រីឯខេត្តព្រះសីហនុវិញ លោកតាំង សុចិត្រគ្រឹស្នាប្រធានមន្ទីរទេសចរ​ណ៍ខេត្តបានឲ្យដឹងផងដែរថា ខេត្តព្រះសីហនុឆ្នាំនេះ ទទួលបានភ្ញៀវទេសចរណ៍​ប្រហាក់ប្រហែលឆ្នាំមុនៗដែរ ប៉ុន្តែបញ្ហាប្រឈមគឺកង្វះបន្ទប់គេង ដែលភ្ញៀវមួយ​ចំនួនបានសម្រាកនៅមាត់សមុទ្រ និងត្រលប់ទៅលំនៅដ្ឋានវិញ ទោះបីជាចំនួន​បន្ទប់សណ្ឋាគារនិងផ្ទះសំណាក់បានកើនឡើងប្រមាណ១ម៉ឺនបន្ទប់ក្តី។

លោកបន្តថា “យើងរំពឹងថានៅឆ្នាំថ្មីនេះ មានសណ្ឋាគារជាច្រើនទៀតបញ្ច​ប់​​ការសាងសង់ និងដាក់ឲ្យដំណើរការ ជាការឆ្លើយតបនឹងកំណើនទេសចរ​ណ៍ក្នុង​ខេត្តនេះ”។

ចំណែកទឹកដីខេត្តកោះកុងឯណោះវិញ ចំនួនភ្ញៀវទេសចរណ៍ទៅទ ស្សនាខេត្តនេះមានប្រមាណ១ម៉ឺននាក់ ជាចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុន។នេះ​បើតាមលោកប៊ុន ទៀនប្រធានមន្ទីរទេសចរណ៍ខេត្តនេះ។លោកបន្តថា ខេត្តកោះ​កុងបច្ចុប្បន្នមានសណ្ឋាគារចំនួន៨ និងមានផ្ទះសំណាក់ជាង៦០ ដែលមានបន្ទប់សរុបជាង១៤០០បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា។

ខេត្តកោះកុងមានសហគមន៍ទេសចរណ៍ចំនួន៥ ដែលបាននិងកំពុងទាក់​ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍ទៅទស្សនាតាមរមណីយដ្ឋាននានា បាននិងកំពុងកើនឡើ​ង ហើយអ្វីលោកកត់សំគាល់គឺឃើញថា ចំនួនភ្ញៀវបានចាប់ផ្តើមងាកទៅកាន់តំបន់ធម្មជាតិច្រើន ដោយពួកគេដើរកំសាន្តជាលក្ខណៈគ្រួសារ និងបោះតង់នៅ​តាមព្រៃនានា។

លោកបន្តថា “ទោះជាភ្ញៀវកើនឡើងក្តី ប៉ុន្តែបាតុភាពការដំឡើងថ្លៃពីសេវាកម្មទេសចរណ៍នានា មិនមានអ្វីគួរឲ្យកត់សំគាល់ទេ ដោយសារមានការយល់ដឹង​និងមានការចូលរួមពីប្រតិបត្តិករនានា”៕

Empire State Tower អច្ឆរិយៈភាពអាមេរិកនៃសតវត្សរ៍ទី២០

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រវត្តិសាស្រ្តអាមេរិក មានរឿងជាច្រើនគួរឲ្យចាប់អារម្មណ៍ ហើយ​ស្ថាបត្យកម្មអាមេរិក ក៏មានរឿងជាច្រើនដែលត្រូវស្វែងយល់ផងដែរ ដោយសារ​មហាអំពាចសេដ្ឋកិច្ចពិភពលោកនេះ បានសាងសង់អាគារខ្ពស់ៗជាច្រើនដើម្បី​បង្ហាញឥទ្ឋិពលរបស់ពួកគេ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia ជាគេទំព័រនាំមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច សូមនាំលោកអ្នក មកស្វែងយល់ពីអាគារ Empire State Building មានកំពស់១០២ជាន់ ស្មើនឹង៣៨០ម៉ែត្រទាំង​អង់តែនផងមានកំពស់សរុប៤៤៣.២ ម៉ែត្រស្ថិតនៅក្នុងតំបន់ Midtown Manhattan ទីក្រុងញូវយ៉ក។ ឈ្មោះរបស់អគារនេះ ត្រូវបានដកចេញពី “Empire State” ដែលមានរហស្សនាមថាញូវយ៉ក។ នៅឆ្នាំ ២០១៧អគារនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ ជាអគារខ្ពស់កប់ពពកដែលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និងជាអគារខ្ពស់កប់ពពកលំដាប់ទី២៨នៅលើពិភពលោក។

វាក៏ជាសំណង់ដែលមានកំពស់ខ្ពស់បំផុតទី ៦ នៅទ្វីបអាមេរិកផងដែរ។

ទីតាំងនៃអាគារ Empire State ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកសិដ្ឋាននៅដើមសតវត្សទី១៨ ។ នៅចុងទសវត្សឆ្នាំ១៨២០ វាបានក្លាយជាកម្មសិទ្ធិរបស់គ្រួសារAstorដ៏លេចធ្លោជាមួយ ដែលបានសាងសង់ទៅជាសណ្ឋាគារ Waldorf-Astoria នៅទសវត្សឆ្នាំ១៨៩០ 1890 ។ នៅទសវត្សរ៍ឆ្នាំ១៩២០ ក្រុមគ្រួសារនេះបានលក់សណ្ឋាគារដែលហួសសម័យនេះ ទៅអោយក្រុមហ៊ុន Empire State Inc ដែលជាក្រុមហ៊ុនជំនួញមួយ ដែលរួមបញ្ចូលទាំងអ្នកជំនួញល្បីឈ្មោះលោក  John J. Raskob និងអតីតអភិបាលរដ្ឋញូវយ៉ក លោក Al Smith។

អាគារ Empire State Building ក៏ត្រូវបានគេសន្មតថាជាអាគារការិយាល័យកម្ពស់៥០ជាន់។

ទោះជាយ៉ាងណាផែនការដើម ត្រូវបានគេកែសម្រួលដប់ប្រាំមួយដង ដោ​យអគារនេះ ត្រូវបានពង្រីកទៅជាអាគារដែលមានកំពស់១២៥០ ហ្វីតនឹង៨៦ជាន់។ អគារនេះត្រូវបានគេដឹងថា វានឹងក្លាយជាអាគារខ្ពស់បំផុតនៅលើពិភពលោកដោយបានផ្តួលអាគារ Chrysler និង 40 Wall Street និងអាគារខ្ពស់ៗពីរផ្សេងទៀត ដែលបានសាងសង់នៅកំឡុងនៅពេលនោះ។

ក្រុមហ៊ុន Waldorf-Astoria បានកវ៉ែកំទេចអគារនេះ បានចាប់ផ្តើមនៅខែតុលាឆ្នាំ១៩២៩ ហើយគ្រឹះនៃអាគារ Empire State។

ការស្ថាបនាអគារនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនាឆ្នាំ១៩៣០ ដោយគេកំណត់ធ្វើឲ្យបាន១ជាន់ជាមធ្យមក្នុងមួយថ្ងៃ។ ដូចការគ្រោងទុកក្រោយពីចាប់ផ្តើមសាងសង់រយៈពេល៦​ខែ  គេក៏បានរសាងសង់ និងរៀបចំល្អបានកម្ពស់៨៦ ជាន់បញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ហើយអង់តែនខាងលើត្រូវបានបញ្ចប់នៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំដដែល។ អគារនេះត្រូវបានបើកអោយដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៣១។ ទោះបីជាមានការផ្សព្វផ្សាយអំពី ការសាងសង់សំណង់អាគារឡើងវិញក៏ដោយ តែម្ចាស់របស់អគារនេះបានបរាជ័យ ក្នុងការរកប្រាក់ចំណេញរហូតដល់ដើមទសវត្សឆ្នាំ១៩៥០។

ទោះជាយ៉ាងណាក៏ដោយ វាជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម ចាប់តាំងពីមានការបើកទ្វារ ដោយមានភ្ញៀវទេសចរប្រហែល៤លាននាក់ទៅកាន់លេងទៅទីនោះ​ ហើយបានឡើងមើលទេសភាពទីក្រុងនៅជាន់ទី៨៦ និងជាន់ទី១០២ ជារៀងរាល់ឆ្នាំ។

អាគារ Empire State ធ្លាប់បានជាប់ឈ្មោះ ជាអគារខ្ពស់ជាងគេនៅលើពិភពលោកអស់រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីវត្តមានអគារ North Tower ដំបូងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅ Lower Manhattan នៅចុងទសវត្ស១៩៧០បានសាងសង់ចប់។ បន្ទាប់ពីការវាយប្រហារដោយភេវរកម្មនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ វាបានក្លាយជាអគារខ្ពស់បំផុតនៅទីក្រុងញូវយ៉កជាថ្មី មុនពេលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មី មួយនៅក្នុងខែមេសាឆ្នាំ២០១២។

Empire State Tower គឺជាសម្បត្តិវប្បធម៌របស់អាមេរិក ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីជាង២៥០ទូរទស្សន៍ និងភាពយន្តរាប់បញ្ចូលទាំងខ្សែភាព​យន្ត King Kong ត្រូវបានចេញផ្សាយនៅឆ្នាំ១៩៣៣ ។

វាជានិមិត្តសញ្ញានៃទីក្រុងញូវយ៉ក និងត្រូវបានគេដាក់ឈ្មោះថាជាអច្ឆរិយទំនើប ដោយសមាគមវិស្វកម្មស៊ីវិលអាមេរិច។ អគារ Empire State Building ត្រូវបានគេចាត់ទុកថា ជាទីតាំងអត្តសញ្ញាណរបស់ក្រុងញូវយ៉ក។ អគារនេះត្រូវបានគេចាត់ទុកថា ជាអគារប្រវត្តិសាស្ត្រជាតិផងដែរនៅឆ្នាំ១៩៨៦ និងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើបណ្ណសារស្ថាបត្យកម្មអាមេរិកក្នុងឆ្នាំ ២០០៧៕

ចិនដើរតួនាទីយ៉ាងដូចម្តេចក្នុងវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ

0

ដោយ រ៉ាវី
ភ្នំពេញ៖ តើចិនកំពុងដើរតួនាទីយ៉ាងដូចម្តេច ក្នុងវិស័យអចលនទ្រព្យនៅ ខេត្តព្រះសីហនុ? ជាសំណួរមួយដែលមានការចង់ដឹង ចង់ឮច្រើនពីអ្នកជំនាញក្នុងវិស័យនេះ និងសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈចិនបាននិងកំពុងវិនិយោគទឹកប្រាក់ជាង២០០០លានដុល្លារលើវិស័យមួយនេះនៅឆ្នាំ២០១៧ ។

នៅត្រឹមរយៈពេលប្រមាណជាង១ឆ្នាំចុងក្រោយនេះ ស្របពេលដែលកំនើន​នៃវិស័យទេសចរណ៍នៅកម្ពុជា មានការកើនឡើងខ្លាំង នៅតាមតំបន់កម្សាន្តនានា ជាពិសេសតំបន់ឆ្នេរនាក្រុងព្រះសីហនុតែម្ដង បានជំរុញឱ្យការវិនិយោគលើវិស័យសំណង់ កំពុងរីកលូតលាស់គួរឱកត់សម្គាល់ ដែលក្នុងនោះភាគច្រើនត្រូវបានគេមើលឃើញថា ជាការបណ្តាក់ទុកវិនិយោគពីសំណាក់ជនជាតិចិនតែម្ដង។

កាលពីឆ្នាំគិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនវិនិយោគទឹកប្រាក់ជាង៣៥០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដោយបានបង្កើតរោ​ងចក្រ សហគ្រាសប្រមាណ១៣០នៅតំបន់នោះ និងបានផ្តល់ការងារដល់ប្រជា ពលរដ្ឋជាង១០ម៉ឺននាក់។

អ្នក​នាង​អាន សុធីតា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE Cambodia​ បាន​ថ្លែង​ថា ទីផ្សារ​ខុនដូ​នៅ​ខេត្ត​ព្រះសីហនុ ដែល​រំពឹង​ដាក់​ចូល​ទីផ្សារ​ឆ្នាំ​នេះ មាន​ប្រមាណ​800​យូនីត ខណៈ​គម្រោង​ភាគ​ច្រើន​កំពុង​សាងសង់ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។ ​អ្នក​នាង​បន្ត​ថា ចំនួន​ខុនដូ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​អ្នក​វិនិយោគ​ជាច្រើន​កំពុង​តម្រង់​គោ​លដៅ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​នេះ ​ដែល​ធ្វើ​ឱ្យមាន​តម្រូវការ​លំនៅឋាន​ កើន​ឡើង​យ៉ាង​ប្រសើរ​។ ដោយឡែកសម្រាប់តម្លៃវិញ នៅ​ទីនោះ​គិត​ជា​​មធ្យម ​មាន​ចាប់ពីចន្លោះ​ 1000​ ទៅ​ 1800 ​ដុល្លារ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនVTRUST Appraisalបានរកឃើញថា បច្ចុប្បន្នខុនដូនៅខេត្តព្រះសីហនុ មានផ្ទះចំនួន៥០០០យូនីត និងមានគំរោងសរុប១៦គំរោង។

លោកឧកញ៉ា ចេង ​ខេង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​នៃ​ក្រុម​ហ៊ុន​អចលនទ្រ​ព្យ​ Hutton CPL​ និងជាតំណាងផ្នែកផ្តាច់មុខរបស់ខុនដូរSea Gate Suite ក៏បានទទួលស្គាល់ផងដែរថា​ បច្ចុប្បន្នការវិនិយោគទៅលើវិស័យអចលនទ្រព្យ គឺភាគច្រើន ជាការវិនិយោគិនជនជាតិចិនពិតមែន ប៉ុន្តែក៏មានជនបរទេសផ្សេងទៀត រួមជាមួយជនជាតិខ្មែរផងដែរ។

លោកឧកញ៉ាបញ្ជាក់ទៀតថា «ជាក់ស្ដែងដូចជាគម្រោងខុនដូរ Sea Gate Suite ដែលកំពុងដំណើរការលក់នាពេលបច្ចុប្បន្ន ដែលមានកំពស់៤៣ជាន់ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​ជ័យជំនះ ជា​តំបន់​ផ្លូវ​ប្រសព្វ និង​ជា​ទីតាំង​អាច​គយគន់​ទេសភាព​សមុទ្របានយ៉ាងប្រសើរនោះ អតិថិជនក្នុងស្រុកទិញត្រឹម១ឬ២ Units ប៉ុណ្ណោះ ប៉ុន្តែសម្រាប់វិនិយោគិនចិនវិញ ទិញរហូតដល់1ជាន់ឬ២ជាន់តែម្តង»​។

លោកឧកញ៉ាក៏បានបញ្ជាក់ពីលក្ខខណ្ខ នៃការទិញលក់ខុដូប្រណីត និងខ្ពស់ជាងគេនៅក្រុងព្រះសីហនុផងដែថា ខុនដូ Sea Gate Suite​ បាន​ចាប់​ផ្តើម​ជាមួយ​តម្លៃ​ចាប់ពី​៧ម៉ឺន​ដុល្លារ​ឡើង​ទៅ និង​តម្លៃ​ខ្ពស់​ជាង​នេះ​អាស្រ័យ​លើ​ទំហំ​បន្ទប់និង​ជាន់​នីមួយៗ​។ អ្នក​ទិញ​តម្រូវ​ឱ្យ​បង់​ប្រាក់​ត្រឹម1​ភាគរយ​សម្រាប់ឆ្នាំ​ទី​1 បង់២​ភាគរយ​សម្រាប់​ឆ្នាំ​ទី២ និង៣​ភាគរយ​សម្រាប់​ឆ្នាំ​ទី​៣។

បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូចំនួងជាង២០ និងមានភ្ញៀវទេសចរ ន៍ចិនកំពុងតែចាប់អារម្មណ៍ច្រើនក្នុងខេត្តនេះ ជាមួយនឹងការភ្ជាប់ការហោះហើរ​យ៉ាងសកម្មពីប្រទេសចិន ​និងគោលដៅផ្សេងៗទៀតមកកាន់ខេត្តនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ជំរុញឲ្យវិស័យលំនៅដ្ឋាន ពិសេសអាគារបែបសហកម្ម​សិទ្ឋ(ខុនដូ)មានការរីកចម្រើនយ៉ាងលឿន៕

ឧកញ៉ា សៀ រិទ្ធី ប្រាប់បួនវិធីសាស្រ្តដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ

0

ដោយដែន ចែងចាំង
​ភ្នំពេញ ៖ អ្នកវិនិយោគនិមួយៗ តែងមានយុទ្ឋសាស្រ្តស្រដៀងគ្នាឬខុសគ្នា អាស្រ័យលើសមត្ថភាព និងចំណេះដឹងរបស់ពួកគេ ប៉ុន្តែថ្ងៃនេះយើងនឹងលើក​យកវិធីសាស្រ្តចំនួន៤របស់លោកឧកញ៉ា សៀ រិទ្ធី ដែលបានបង្ហាញពីគន្លឹះជោគ​ជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។

​លោកឧកញ៉ាដែលកំពុងទទួលជោគជ័យ លើការអភិវឌ្ឍន៍វិស័យខុនដូនៅកម្ពុជា បានប្រាប់នូវវិធីសាស្រ្តចំនួន៤ ដល់គេហទំព័រ Propertyarea.asia ដើម្បី​ចែករំលែកដល់អ្នកចង់វិនិយោគលើវិស័យអចលនទ្រព្យ។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group បានថ្លែងថា ប្រសិនជាអ្នកចង់អភិវឌ្ឍន៍លើការសាងសង់ខុនដូលក់ ត្រូវគិតលើកត្តាមួយចំនួន ទី១ អ្នកអភិវឌ្ឍន៍ត្រូវសិក្សាថា អ្នក​ណាគេជាសក្តានុពលទីផ្សាររបស់យើង។ បើយើងសិក្សាទីផ្សារមិនច្បាស់ យើងជួបបញ្ហាហើយ។

ទី២ យើងត្រូវដឹងថា ចិនត្រូវ​ការបែបណា ជប៉ុនត្រូវការបែបណា សាំងហ្កាពួរ ឬហុងកុងត្រូវការបែបណា? យើងត្រូវសិក្សាឲ្យច្បាស់។

ទី៣ បើយើងចាប់យកអតិថិជនទាំងអស់ យើងត្រូវរៀបចំគំរោងបែបណា ដើម្បីឲ្យពួកគេទទួលបានទាំងអស់គ្នា”។ អ្នកអភិវឌ្ឈន៍ត្រូវឆ្លាតចំណុចហ្នឹង។ ទី៤ យើងត្រូវរៀបចំក្រុមហ៊ុនរបស់ខ្លួនឲ្យមានតម្លាភាព មានគណនេយ្យភាព និងបង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវ ព្រោះបើយើងរៀបចំក្រុមហ៊ុនមិនបានល្អ និងតម្លាភាពទេ យើងមិនអាចចាប់ដៃគូវិនិយោគពីក្រៅប្រទេសបានទេ។
លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា “ដោយសារខ្ញុំធ្វើឲ្យក្រុមហ៊ុនមានតម្លាភាព និងគណនេយ្យភាពត្រឹមត្រូវ គោរពច្បាប់ប្រទេស ទើបមានក្រុមហ៊ុនអន្តរជាតិជា​ច្រើនចង់ចាប់ដៃគូជាមួយខ្ញុំ”៕

លំនៅដ្ឋានតម្លៃទាបតំបូងគេនឹងទទួលកក់ប្រាក់នៅដើមឆ្នាំ២០១៨

0

ដោយគង់ សូរិយា
​ភ្នំពេញ ៖ គំរោងលំនៅដ្ឋានតម្លៃទាបតំបូងគេ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន World Bridge Cambodiaនឹងចាប់ផ្តើមទទួ​លកក់ប្រាក់ជាលើកតំបូងនៅដើមឆ្នាំ២០១៨ខាងមុខនេះ។

​លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalដែលទទួលបានសិទ្ឋលក់ផ្តាច់មុខ នៃគំរោងលំនៅដ្ឋានតម្លៃទាបស្របតាមគោល​នយោបាយរដ្ឋាភិបាលនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ធ្នូនេះថា រហូតមកទល់ពេលនេះការរៀបចំបែបបទ និតិវិធីជាមួយរដ្ឋាភិបាល និងការទទួ​លបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលលើគំរោងនេះបានជិតបញ្ចប់ហើយ ហេតុនេះយើងរំពឹងថា គំរោងលំនៅដ្ឋានតម្លៃទាបនេះ នឹងបើកទទួលការកក់ប្រាក់ពីអតិថិជននៅដើមឆ្នាំ២០១៨ខាងមុខនេះ។


​លោកបន្តថា “រហូតមកទល់ពេលនេះ ការចាក់ខ្សាច់បំពេញគំរោងដែលស្ថិតនៅលើផ្ទៃដីជាង២០ហិកតានេះ បាន​ជិតបញ្ចប់១០០ភាគរយហើយ”។លោក​បន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ឃ្លាំង រោងចក្រ ដើម្បីផលិតវត្ថុធាតុដើម​ដោយខ្លួន​ឯង ដើម្បីកាត់បន្ថយការចំណាយ និងធ្វើឲ្យប្រាកដថាលំនៅដ្ឋានក្នុងគំ​រោងនេះមានគុណភាពខ្ពស់”។

 

​លោកឧកញ៉ា នួន រិទ្ឋីបានបន្តថា ផ្ទះក្នុងគំរោងនេះមានតម្លៃចន្លោះពី២៥,០០០ទៅ៣៨,០០០ដុល្លារអាមេរិក ដែលជាគំរោងផ្តោតលើមន្រ្តីរាជការ និងប្រ​ជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងមធ្យមកម្រិតទាប។
​គំរោងនេះស្ថិតនៅភាគខាងត្បូងក្រុងភ្នំពេញ ស្របតាមបណ្តោយផ្លូវជាតិ​លេខ២១ ស្ថិតក្នុងភូមិរកាខ្ពស់ ឃុំគោករកា ស្រុកស្អាង ខេត្តកណ្តាល និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

ក្រសួងដែនដីតម្រូវឲ្យអ្នកវិនិយោគលើលំនៅដ្ឋានរៀបចំប្រព័ន្ឋចម្រោះទឹកកខ្វក់

0

​ដោយ ដួង ចន្រ្ទា
​ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរៀបចំថដែនដី នគរូបនីយកម្មនិសំណង់បានដាក់​បទបញ្ញត្តិថ្មីមួយ ដោយតម្រូវឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ឬបុរីនានារៀបចំប្រព័ន្ឋ​ចម្រោះទឹកកខ្វក់ចេញពីគំរោងរបស់ពួកគេ ដើម្បីផលប្រយោជន៍សាធារណៈ។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក​ជា សុផារ៉ា បានលើកឡើងក្នុងសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨កាលពីពេលថ្មីៗនេះថា គ្រប់គម្រោងសំណង់នៃអាគារសាធារណៈ ម្ចាស់គម្រោងបុរីលំនៅឋាន គម្រោងម្ចាស់ផ្ទះល្វែង ត្រូវតែភ្ជាប់មកជាមួយគម្រោងចម្រុះទឹកស្អាត មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មុនចាប់ផ្ដើមការសាងសង់។
លោកបន្តថា “ក្រសួងនឹងរៀបចំប្រព័ន្ធចម្រោះទឹកស្អាត នៅតាមប្រឡាយនានា មុននឹងធ្វើការបង្ហូរចេញក្រៅនាពេលឆាប់ៗនេះ”។

លោកបណ្ឌិតស៊ាង ប៊ុនលាងស្ថាត្យករកម្ពុជាដែលបានសាងសង់និងគូប្លង់វិមានសន្តិភាពបានថ្លែងថា គំរោងបុរីនិមួយៗ គួររៀបចំឲ្យមានប្រព័ន្ឋចម្រោះទឹក​កខ្វក់មុនបង្ហូរចេញ ដើម្បីលើកកំពស់បរិស្ថាននៅតាមសហគមន៍ និងបំរើដល់ផលប្រយោជន៍សាធារណៈ ព្រោះការមិនបែងចែកប្រព័ន្ឋទឹកស្អាត និងទឹកស្អុយដាច់ពីគ្នា និងមិនមានប្រព័ន្ឋចម្រោះត្រឹមត្រូវ បានបង្កហានិភ័យដល់សុខភាព​ខ្លាំងណាស់ ពិសេសនៅពេលរដូវភ្លៀងមកដល់ ទឹកកខ្វក់និងទឹកស្អាតបញ្ចូលគ្នា នឹងធ្វើឲ្យមានមេរោគសាយភាយនៅក្នុងបរិស្ថាន។


លោកបណ្ឌិតបន្តថា “នៅក្រោយពេលភ្លៀង ផ្លូវឬភូមិដ្ឋានស្ងួត ហើយមាន​ខ្យល់បក់មក បាននាំមេរោគមកជាមួយ ដែលធ្វើឲ្យប្រជាជនកើតជំងឺផ្តាសាយនិង ជំងឺផ្សេងៗទៀត”៕

តើគួរទិញដីនៅតំបន់ជាយក្រុងកន្លែងណាដើម្បីទទួលបានចំណេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញនានាបានលើកឡើងថា ការវិនិយោគលើដីធ្លីសុទ្ឋតែទទួ​លបានផលចំណេញ និងប្រឈមនឹងហានិភ័យផងដែរ ហេតុនេះការជ្រើសរើសទីតាំង ដើម្បីវិនិយោគបានផលចំណេញមានសារៈសំខាន់ណាស់។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកគិតថាការវិនិយោគលើដីធ្លីមានការបែងចែកជាដំណាក់កាលខុសៗគ្នា អាស្រ័យលើទំហំទុន និងពេលវេលាសមស្រប ប៉ុន្តែលោកបានផ្តល់យោបល់ថា បើសិនជាអ្នកមានលទ្ឋភាពចង់ទិញដី​សាងសង់ខុនដូ គួរទិញនៅតំបន់ទួលគោក ភ្នំពេញថ្មី សម្រាប់រយៈពេល៥ឆ្នាំក្រោយ។

លោកបន្តថា ប៉ុន្តែប្រសិនជាចង់ទិញដីសាងសង់បុរី លោកគិតថាគួរទិញដីដែលមានចម្ងា​យ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ និងនៅស្របតាមខ្សែក្រវ៉ាត់ក្រុងទី២ ហើយបើគិតដល់រយៈពេល១០ឆ្នាំក្រោយ ទិញដីស្ថិតនៅចម្ងាយ៤០គី​ឡូម៉ែត្រពីភ្នំពេញគឺពិតជាមិនខុសនោះទេ។

លោក គីម ហ៊ាង បានបន្តថា “តម្លៃដីធ្លីនៅតំបន់ជុំវិញក្រុង នឹងកើនឡើងខ្លាំង ដោយសារកំនើនប្រជាសាស្រ្ត កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពល​រដ្ឋ”។លោកបន្តថា “តាមការព្យាករណ៍បានរកឃើញថា ប្រជាជនក្រុងភ្នំពេញនឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០ ហើយខ្ញុំយល់ស្រប”។

ប្រធានសមាគមរូបនេះបានបន្តថា បទពិសោធន៍បែបនេះ បានកើតមានរួចហើយ​ នៅប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ដែលប្រជាជន ពិសេសយុវជនចូលមកកាន់ទីក្រុងរកការងារធ្វើ និងមកសិក្សា ហើយពួកគេនឹងមិនត្រលប់ទៅវិញនោះទេ។

នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានថ្លែងឲ្យដឹងផងដែរថា ប្រសិនជានិយាយពីឳកាសវិនិយោគវិញ អ្នកមានលទ្ឋភាពគួរទិញដីធ្លីទុកយកចំណេញ ប៉ុន្តែគួររកទីតាំងល្អដោយត្រូវពិនិត្យមើលលើតម្រូវការជំវិញ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ គំរោងវិនិយោគលើវិស័យម្ហូបអាហារ និងភេសជ្ជៈនានា ដែលសុទ្ឋតែជាសកម្មភាពអភិវឌ្ឍន៍ធ្វើឲ្យតម្លៃដីឡើងថ្លៃ។

អ្នកនាង Grace Rachny Fongban បន្តថា “អ្នកវិនិយោគគួរសម្លឹងមើលដីនៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ និងទីតាំងមួយចំនួនទៀត ដែលមានសក្តានុពល”៕

កាត់បន្ថយជម្លោះ! ក្រសួងដែនដីនឹងបង្កើតប្លង់ដីថ្មីដោយភ្ជាប់ជាមួយ QR Code

1

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ជម្លោះដីធ្លីទំនងជាត្រូវកាត់បន្ថយច្រើននាពេលអនាគត ខណៈក្រសួងរៀបចំដែនដីបានថ្លែងឲ្យដឹងថា កម្ពុជានឹងដាក់ QR Code ក្នុងក្រដាសកម្មសិទ្ធដីប្រភេទថ្មីក្នុងឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដើរទាន់បច្ចេកវិទ្យា និងផ្ដល់ជាភាពងាយស្រួលដល់ការគ្រប់គ្រង។

ទេសសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានលើកឡើងក្នងឱកាសបិទសន្និបាត បូកសរុបការងារឆ្នាំ ២០១៧ និងលើកគោលដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីម្សិលម៉ិញនេះថា ការរៀបចំប្រព័ន្ធទិន្នន័យ ចុះបញ្ជីដីនិងផ្ដល់ព័ត៌មានសង្ខេបតាម QR Code លើសន្លឹកប័ណ្ណកម្មសិទ្ធិដី នឹងផ្ដល់ជាភាពងាយស្រួល ក្នុងការគ្រប់គ្រងស្របតាមបច្ចេកវិទ្យា និងធ្វើការភ្ជាប់មកទិន្នន័យរួមរបស់ក្រសួង ខណៈថ្នាក់ខេត្តកំពុងធ្វើការចុះបញ្ជីដីធ្លី ហើយវាមិនលំបាកក្នុងការស្រាវជ្រាវ ដើម្បីធានាបានសុវត្ថិភាព និងជាការបម្រើសេវាសាធារណៈបានដល់បុគ្គលម្នាក់ៗផងដែរ។

លោកបន្តថា “គម្រោងមួយនេះ គឹស្របទៅតាមបច្ចេកវិទ្យាដែលជ្រាបចូលមកក្នុងសង្គមកម្ពុជា និងផ្ដល់ការងាយស្រួលដល់មនុស្សគ្រប់គ្នា គ្រាន់តែត្រូវការទូរស័ព្ទស្មាតហ្វូនប៉ុនណ្ណោះ នោះអ្នកនឹងដឹងថាដីនៅទីកន្លែងណា មានទំហំទទឹង បណ្ដោយប៉ុន្មាន និងម្ចាស់កម្មសិទ្ធិជាអ្នកណាផងដែរ”។ លោកបន្តថា “ព៌តមានបឋម នឹងបង្ហាញលើទូរស័ព្ទដោយមិនគិតថ្លៃអ្វីទាំងអស់ ហើយបើចង់ដឹងព័ត៌មានលម្អិតបន្ថែមនោះ អ្នកប្រើប្រាស់ត្រូវតែបង់សេវាតាមប្រព័ន្ធទូរស័ព្ទ ដើម្បីជាប្រាក់ចំណូលចូលថវិការរដ្ឋ”។

ទេសរដ្ឋមន្រ្តីជា សុផារ៉ាបានបន្តថា កម្ពុជាគ្រោងបង្កើតនូវក្រដាសកម្មសិទ្ធិដីធ្លីដោយផ្ទាល់នៅកម្ពុជាដោយខ្លួនឯងផងដែរ ដោយមិនចង់ពឹងពាក់បញ្ជាទិញពីបរទេសនោះទេ។ ឯកឧត្តមបន្តថា ការបោះពុម្ពក្នុងស្រុកនឹងកាត់បន្ថ​យការចំណាយ នឹងផ្ដល់ភាពរហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាជនផងដែរ ជាពិសេសមិនចាំបាច់តោងកន្ទុយប្រទេសអូស្រ្តាលី និងប្រទេសអាឡឺម៉ង់ក្នុងការបញ្ជាទិញក្រដាសកម្មសិទ្ធដីធ្លីទៀតនោះទេ។

អ្នកជំនាញក្នុងវិស័យនេះ ដែលនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្នុងអាណត្តិទី៥នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវសកម្មភាពកំណែទម្រង់ជាច្រើន ដែលយើងឃើញមានថ្នាក់ដឹកនាំក្រសួងមួយចំនួនមានភាពលេចធ្លោ ដូចជា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសូងបរិស្ថានជាដើម។ ជាក់ស្តែងក្នុងអាណត្តិថ្មីនេះ ក្រសួងដែនដីក្រោមការដឹកនាំដោយលោកជា សុផារ៉ាបានធ្វើកំណែទម្រង់ជាច្រើន ហើយការដាក់ចេញ​នូវប្រព័ន្ឋ QR Codeថ្មីនេះ ជាការឆ្លើយតបនឹងបញ្ហាវិវាទដីធ្លី និងអាចដោះស្រាយបញ្ហាដីធ្លីជាច្រើននាពេលអនាគត ព្រោះកន្លងមកបញ្ហាជម្លោះដីធ្លី ជាបញ្ហាក្តៅក្នុងអាណត្តិកន្លងមក៕

 

បុរី ឌឹ ផ្ល​រ៉ា ផ្តល់​ចំណងដៃ​ពិសេស​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី

0

ដោយ រ៉ាវី

ភ្នំពេញ៖ ជាមួយនឹង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ខ្លូន បុរី ឌឹ ផ្ល​រ៉ា​បានផ្តល់​ជូន​អតិថិជន​នូវ​លក្ខ​ខ័​ណ្ឌ​ល្អប្រសើរ ពិសេស​ផ្តល់ជូន​ស្វាមី ភរិយាដ​ថ្មី​នូវ​ចំណងដៃ​ពិសេស​មួយ។

បុរី​ដឺ ផ្លា​រ៉ា​ជា​គម្រោង​ដ៏​ធំ​មួយ ដែល​កំពុង​សាងសង់ នៅលើ​ផ្ទៃ​ប្រមាណ ២០០ហិកតា ចម្ងាយ​ប្រមាណ​ជាង១០គីឡូម៉ែត្រ ចុះ​ពី​ស្ពាន​ជ្រោយចង្វារ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A ដែលជា​ផ្លូវភ្លោះ​ធំ​បំផុត​របស់​កម្ពុជា ត​ភ្ជាប់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ប្រមាណ15នាទី​ពី​គល់ស្ពាន​ជ្រោយចង្វារ។

ជាមួយគ្នានេះ ជាការ​ចូលរួម​បង្កើន​ភាព​រីករាយ​សម្រាប់​គ្រួសារ​ថ្មី ដែលជា​អតិថិជន​របស់ខ្លួន​បុរី The Flora បាន​កម្មវិធី​ពិសេស​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ដោយ​ការផ្តល់​ចំណងដៃ​ពិសេស គឺ​កម្មវិធី​ធ្វើដំណើរ​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅក្រៅ​ប្រទេស​ទៀត។

កម្មវិធី​ពិសេស​នេះ​សម្រាប់​រដូវ​កាល​អា​ពា​ពិពាហ៍ (Wedding Season) ដោយ​គ្រាន់តែ​ទិញ​ផ្ទះ ក្នុង បុរី ឌឹ ផ្ល​រ៉ា ចាប់ពី​ថ្ងៃទី01 ខែមករា រហូតដល់ ថ្ងៃទី31 ខែមីនា ឆ្នាំ2018 ខាងមុខនេះ លោកអ្នក​នូវ​ការផ្តល់ជូន​ជាពិសេស​នេះ។ កាដូ​ដែល​ត្រូវ​ទទួលបាន រួមមាន​សំបុត្រ​យន្តហោះ (ជា​កញ្ចប់ Tour packed) ដំណើរ​កំសាន្ត​ទៅ កំសាន្ដ​ក្រេប​ច័ន្ទ​ទឹកឃ្មំ ទៅ កោះ​ក្រា​ប៊ី ប្រទេស​ថៃ កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​និង​ប្រទេស​សិង្ហ​បុរី។

សម្រាប់​ដំណើរ​កំសាន្ត គឺ​មិនមាន​ការចាប់​ឆ្នោត​នោះឡើយ គឺ​នឹង​ទទួលបាន​ដោយ​ស្វ័យប្រវត្ត​តែម្ដង ដែល​កាលបរិច្ឆេទ​ដំណើរ​កំសាន្ត នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ2018 ខាងមុខនេះ៕

សារមន្ទីរ Guggenheim Bilbao ស្ថាបត្យកម្ម​ទំនើប​បំផុត​ក្នុង​ពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្ថាបត្យកម្ម​សហ​សម័យ និង​ទំនើប​បំផុត​ត្រូវបាន​ប្រឌិត​ឡើង​ជាមួយនឹង​គំនិត​ស្រមើស្រម័យ របស់លោក Frank Gehry បាន​លេច​រូបរាង​ឡើង ជាមួយនឹង​សោភ័ណភាព និង​កម្រិត​ស្ថាបត្យកម្ម​ដល់​កំពូល​នៃ​សតវត្សរ៍​ទី២។

នេះ​ជា​សារមន្ទីរ Guggenheim Bilbao គឺជា​សារមន្ទីរ​សិល្បៈ​សម័យ​ទំនើប និង​ដែល​រចនា​ដោយ​ស្ថាបត្យករ​ល្បីឈ្មោះ ជនជាតិ​កាណាដា លោក Frank Gehry ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Bilbao ប្រទេស ប្រទេស​អេ​ស្ប៉ា​ញ។

សារមន្ទីរ​នេះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១៨ ខែតុលា​ឆ្នាំ១៩៩៧ បន្ទាប់ពី​បាន​សាងសង់​កាលពី​ឆ្នាំ១៩៨០។ ពេល​សម្ភោ​ធ​សារៈមន្ទីរ​នេះ មានការ​ចូលរួម​ជា​អធិបតី​អតីត​ស្តេច Juan Carlos I របស់​ទេស​អេ​ស្ប៉ា​ញ។ សារមន្ទីរ​ដ៏​ទំនើប និង​ទាន់​សម័យនេះ ត្រូវបាន​សាងសង់ឡើង​តាម​ដង​ទន្លេ Nervion ដែលមាន​ទឹក​ហូរ​កាត់​ទៅកាន់​ទីក្រុង Bilbao នៃ​សមុទ្រ Cantabrian។ ប្រជាជន​ប្រហែល​ប្រាំ​ពាន់​នាក់ ដែល​រស់នៅក្នុង​ទីក្រុង Bilbao បាន​ចូលរួម​ពិធី​បើក​សម្ភោ​ធ​ជា​ផ្លូវការ និង​ធ្វើ​ពិធីជប់លៀង​មួយ​នៅ​ខាងក្រៅ​សារមន្ទីរ ដោយមាន​ការបង្ហាញ​ពន្លឺ និង​ការប្រគំ​តន្ត្រីក​ផងដែរ។

សារមន្ទីរ​នេះ​ផងដែរ គឺជា​កម្មសិទ្ធិ​របស់​មូ​ល​និ​ធិ Solomon R. Guggenheim ហើយ​មាន​លក្ខណៈពិសេស សម្រាប់​ប្រើប្រាស់​ជាទី​តាំង​ពិ​ព៌​ណ​ជា​អចិន្ត្រៃយ៍ និង​ការធ្វើដំណើរ​របស់​វិចិត្រករ​អេ​ស្ប៉ា​ញ និង​អន្តរជាតិ។ វា​គឺជា​សារមន្ទីរ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ។

សំណង់​មួយ​ក្នុងចំណោម​ស្នាដៃ ដែល​បាន​កោតសរសើរ​បំផុត​នៃ​ស្ថាបត្យកម្ម​សម័យថ្មី​របស់​អគារ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា “និមិត្តសញ្ញា​នៃ​វប្បធម៌​ស្ថាបត្យកម្ម” ។ សារមន្ទីរ​នេះ គឺជា​អាគារ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជា​ស្ថាបត្យកម្ម​ស្នាដៃ​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ពិភពលោក ដែល​បាន​សាងសង់​បញ្ចប់​តាំងពី​ឆ្នាំ១៩៨០។ នេះ​បើតាម​ការស្ទង់មតិ​ស្ថាបត្យកម្ម​ពិភពលោក​ឆ្នាំ២០១១ ក្នុងចំណោម​អ្នកជំនាញ​ខាង​ស្ថាបត្យកម្ម។

សារមន្ទីរ​នេះ ត្រូវបាន​កសាងឡើង​ដោយ​ក្រុមហ៊ុន Ferrovial  ក្នុងតម្លៃ៨៩ លាន​ដុល្លារ​អាមេរិក។

សារមន្ទីរ​នេះ​ត្រូវ​បានដាក់​ដំណើរការ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រស់​ឡើងវិញ​សម្រាប់​ទីក្រុង Bilbao។ ក្រោយពី​ការបើក​សម្ពោធភ្លាមៗនោះ​សារមន្ទីរ​ Guggenheim Bilbao បាន​ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ពិភពលោក។

នៅក្នុង​រយៈពេល៣ឆ្នាំ​ដំបូង មាន​ភ្ញៀវទេសចរ​ជិត៤លាន​នាក់​បាន​ទៅ​ទ ស្សនា​សារមន្ទីរ​នេះ ដោយបាន​ជួយ​បង្កើត​ប្រាក់​ប្រមាណ៥០០លាន​អឺរ៉ូ ពី​ភ្ញៀវ​ទេសចរណ៍។ ក្រុមប្រឹក្សា​ប្រចាំ​តំបន់​នេះ បាន​ប៉ាន់​ស្មានថា​ភ្ញៀវទេសចរ​ដែល​បាន​ចំណាយលុយ​លើ​សណ្ឋាគារ ភោជនីយដ្ឋាន ហាង និង​ការដឹកជញ្ជូន​ធ្វើអោយ​រដ្ឋ​ឱ​ប្រមូល​ពន្ធ​បាន១០០លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ។

អាគារ​សារមន្ទីរ​ដ៏​ល្បីល្បាញ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​ខ្សែភាពយន្ត James Bond ឆ្នាំ១៩៩៩ ក្នុង​រឿង The World Is Not Enough ដែលជា​ខ្សែភាពយន្ត​មុនគេ និង​នៅ​ឆ្នាំ២០០៧អាគារ​នេះ ក៏បាន​ស្ថិតនៅក្នុង​ខ្សែ​ង​ភាពយន្ត Tamil film  ក្រោម​ចំណងជើង​ថា Sivaji: The Boss ដោយ​ក្នុងនោះ​មាន​ដាក់​បទ​ចម្រៀង Style ដែល​តែង​និពន្ធ​ដោយ លោក  A.R. Rahman ក្នុង​ខ្សែភាពយន្ត​ផងដែរ ។

វីដេអូ​តន្ត្រី​របស់ Mariah Carey ដែល​ដឹកនាំ​ដោយ​លោក Hype Williams បានបង្ហាញ​តារាចម្រៀង​Jermaine Dupri និង Carey ក៏បាន​ដាក់បញ្ចូល​នៅក្នុង​ទីកន្លែងផ្សេងៗគ្នា​នៅឯ​សារមន្ទីរ Guggenheim Bilbao នេះ​ផងដែរ៕