ក្រសួងពាណិជ្ជកម្ម​រក​បាន​លុយ ៥៤លាន​ដុល្លារ​អាមេរិក​ចូល​ថវិកាជាតិ

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាមួយនឹង​សកម្មភាព​កំណែទម្រង់​ជា​បន្តបន្ទាប់ ជាល​ទ្ឋ​ផល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បា​នរក​ចំណូល​ចូល​ថវិកាជាតិ​ចំនួន ៥៤លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០១៧នេះ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូ​ស័ក្តិ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើកំណែទម្រង់​លើ​ច្រើន​វិស័យ ក្នុង​គោលដៅ​ជំរុញ​ការងារ​គ្រប់គ្រង​រដ្ឋបាល​ហិរញ្ញវត្ថុ​សាធារណៈ និង​យន្តការ​ការងារ​ឲ្យ​កាន់​តែមាន ប្រសិទ្ធភាព និង​ស៊ីជម្រៅ ដោយបាន​រៀបចំ​ម៉ា​ទ្រិ​ច​តាមដាន​សកម្មភាព​ការងារ​របស់​មន្ត្រីក្រោមឱវាទ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មន្ត្រីរាជការ​ពិតជា​បាន​អនុវត្ត​កាតព្វកិច្ច និង​ផែនការ​សកម្មភាព​ច្បាស់​លាស់​ក្នុងការ​បំពេញការងារ​ប្រចាំ​ថ្ងៃនេះ។

លោក ​ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​សមិទ្ធផលសំខាន់ៗដែល​សម្រេចបាន ដោយ​ក្រសួងពាណិជ្ជកម្ម​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​ឆ្នាំ២០១៧នេះ ដូចជា កម្ពុជា​បានទទួល​ភាពអនុគ្រោះ​ពន្ធ និង​មិន​ជាប់​កូតា​ពី​បណ្តា​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាច្រើន ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក និង​ការនាំចេញ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​ចរចា​ពង្រីក​ទីផ្សារ​សម្រាប់​ទំនិញ​ចេញ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន អាស៊ាន​បូក​ជាមួយ​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗ ជាពិសេស​បាន​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សហគមន៍​អឺរ៉ុប និង​បង់​ក្លា​ដេ​ស។ល។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ពិនិត្យឃើញថា ទោះជា​យ៉ាងណា​ក្រសួង​នៅមាន​ចំណុច​ខ្វះខាត​ត្រូវ​កែលម្អ កាលានុវត្តភាព និង​ផែនការ​ការងារ​ពាណិជ្ជ​កម្មសំខាន់ៗមួយចំនួន ដែល​ត្រូវធ្វើ​បន្ត​ក្នុង​ឆ្នាំ២០១៨ខាងមុខ ហើយ​ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ខាងមុខ ក្រសួង​គួរ​ពិនិត្យ​លទ្ធភាព ធ្វើ​ពិពិធ​កម្ម​ផលិតផល​នាំចេញ​និង​ទីផ្សារថ្មីៗបន្ថែមទៀត ដើម្បី​ចៀសវាង​គំនាប មិន​សម​ហេតុផល​ពី​បណ្តា​ប្រទេស​នាំចូល​មួយចំនួន​មកលើ​កម្ពុជា ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​និង​អនាគត​ជាដើម។ល៕

ចិន​វិនិយោគ​ទឹកប្រាក់​ជាង ២០០០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧ លើ​វិស័យ​សំណង់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេស​ចិន​បាន​ឈរ​ចំណាត់ថ្នាក់​លេខ១ជាថ្មី ក្នុងការ​វិនិយោគ លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ធំជាងគេ​បំផុត​ក្នុង​ឆ្នាំ២០១៧ ដោយមាន​ចំនួន១២៨គម្រោង ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ ឡៅ ទិព្វ​សីហា ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ប្រទេស​ឈ​លើ​លំដាប់​ទី១ ដែល​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ឆ្នាំ ២០១៧ ហើយ​ឈរ​លេខ​រៀង​បន្ទាប់​ចិន មានដូចជា​ប្រទេស​កូរ៉េ ជប៉ុន​និង​ប្រទេស​សិង្ហ​បុរី។

លោក​បន្តថា ប្រភេទ​គំរោង​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ ក្នុងឆ្នាំនេះ មានដូចជា ប្រភេទ​អាគារខ្ពស់ៗចាប់ពី៥ជាន់​ឡើងទៅ សំណង់​អាគារ​លំនៅឋាន និង​លំនៅឋាន​ប្រមូលផ្តុំ​បែប​បុរី ដែល​រីកដុះដាល​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

លោក​អនុរដ្ឋលេខាធិការ​បាន​បន្តថា “វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​នេះ បានផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ទាំង​កម្មករ​មាន​ជំនាញ និង​កម្មករ​គ្មាន​ជំនាញ អ្នកបច្ចេកទេស វិស្វករ និង​ស្ថាបត្យករ ជាង​ទឹក ជាងភ្លើង។ លោក​បន្តថា “អ្នកធ្វើការ​ពាក់​ព័​ន្ឋ​ក្នុង​វិស័យនេះ ទទួលបាន​ប្រាក់បៀវត្ស៍​មួយ​សមរម្យ ទទួលបាន​ចំណេះដឹង​បន្ថែម ដោយសារ​ការ​អនុវត្តិ​ផ្ទាល់​នៅ​ការដ្ឋាន និង​ទទួលបាន​បច្ចេកទេស​ថ្មី​នៃ​វិស័យ​សំណង់ ដែល​ប្រទេស​អភិវឌ្ឍន៍​យកមកអនុវត្ត​នៅ​ប្រទេស​កម្ពុជា ហើយ​វិស័យ នេះ​ផ្ទាល់​ក៏បាន​ចូលរួម​យ៉ាងសំខាន់ ក្នុង​កំណើនសេដ្ឋកិច្ច​ជាតិប្រមាណ​ជា៧ភាគរយ​ជា​រៀងរាល់ឆ្នាំ​ផងដែរ។

យោងតាម​របាយការណ៍​របស់​ក្រសួង​បាន​បង្ហាញថា គំរោង​សំណង់​ដែល​បានអនុម័ត​នា​ឆ្នាំនេះ​មាន៣០៥២គម្រោង លើ​ផ្ទៃក្រឡា​ជាង១០លាន​ម៉ែត្រការ៉េ ដោយ​វា​កើនឡើង​ជាង២២ភាគរយ​ធៀប នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​កា​រិ​និ​យោគ​លើ​វិស័យ​សំណង់ មាន​ទំហំ​ទឹកប្រាក់​ត្រឹមតែ​ជាង៥ពាន់២រយ៥០លាន​ដុល្លា​អាមេរិក និង​មាន​ត្រឹមតែ ២៤០៥គម្រោង លើ​ផ្ទៃក្រឡា​ជាង១១លាន​ម៉ែត្រការ៉េ។

លោក​ គីម ហ៊ាង ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ការ​ចូលមក​វិនិយោគ​ច្រើន​របស់​អ្នកវិនិយោគ​ចិន ជា​រឿង​ដែល​ត្រូវ​អបអរសាទរ ព្រោះ​ការវិនិយោគ​កាន់តែច្រើន នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​កាន់តែច្រើន ហើយ​ការវិនិយោគ​ច្រើន​របស់​ចិន ដោយសារ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​កត្តា​ផ្ទៃក្នុង​កម្ពុជា​ល្អប្រសើរ ដូចជា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​ដ៏​ល្អ។

លោក​បន្តថា “ទោះជា​យ៉ាងណា​កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​លើ​ការវិនិយោគ ដោយ​ធ្វើយ៉ាងណា​ឲ្យ​មានការ​វិនិយោគ​ពី​ប្រទេស​ជាច្រើន កុំ​ពឹងផ្អែក​តែ​ប្រទេសមួយ ៗ ព្រោះ​បើ​ប្រទេស​នោះ​ជួប​វិបត្តិ​សេដ្ឋកិច្ចកម្ពុជា​ក៏មាន​បញ្ហា​ផងដែរ”៕

រយៈពេល១៧ឆ្នាំ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជិត៤០ពាន់លាន​ដុល្លារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនវត្ថុ​មាន​ទំហំ​ទឹកប្រាក់ ជិត៤០ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល១៧ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ២០០០ដល់​ដំណាច់ឆ្នាំ២០១៧នេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំ ណង់​ដែល​បានបង្ហាញ​នា​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​អនុ​ញ្ញា​ត្តិ​ផ្តល់​លិខិត​សាងសង់ វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​ចាប់ពី​ឆ្នាំ២០០០ ដល់​ឆ្នាំ២០១៧ចំនួន៣៩៩០៣គម្រោង  មាន​ផ្ទៃក្រឡា​សរុប​ជាង១០២លាន​ម៉ែត្រក្រឡា និង​មាន​ទំហំ​ទុនវិនិយោគ​ជាង៣៧,៧៧១លាន​ដុល្លារ​អាមេរិក។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ ក្នុង​ដំណាច់ឆ្នាំ២០១៧នេះ មាន​ទឹកប្រាក់៦៤២៨លាន​ដុល្លារ មាន​គំរោង​សរុប​ចំនួន៣០៥២គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង១០លាន​ម៉ែត្រការ៉េ ខណៈ​ឆ្នាំមុន​ក្រសួង​បានអនុម័ត​គំរោង២៤០៥ មាន​ផ្ទៃក្រឡា​សំណង់​ជាង១១លាន​ម៉ែត្រការ៉េ និង​ទឹកប្រាក់​វិនិយោគ​ជាង៥២៤៦លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ននេះ វិស័យ​សំណង់​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ប្រមាណ២០ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ដោយ​មិនទាន់​រាប់បញ្ចូល​ពលករ​ជំនាញ​បរទេស​នៅឡើយ៕

ការវិនិយោគ​របស់​ជ​ប៉ុន​ផ្តោតលើ​មនុស្ស និង​បែបផែន​ជីវិត​សម័យថ្មី

0

ដោយ  រ៉ាវី

ភ្នំពេញ៖ ចំណេះដឹង បទពិសោធន៍ និង​ការដើរតាម​ដំណើរ​វិវត្តន៍​នៃ​សម័យកាល បានធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន ចាប់ផ្តើម​វិនិយោគ​នៅ​កម្ពុជា ដោយ​ផ្តោតលើ​បែបផែន​ជីវិត​សម្រាប់​មនុស្ស​សម័យថ្មី។

បើ​គេ​សម្លឹងមើល​ពី​ឥរិយាបថ និង​ចំណូលចិត្ត​ក្នុងការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន ភាគច្រើន​គឺ​ចង់​រស់នៅក្នុង​លំនៅដ្ឋាន​តាម​ទម្លាប់​ចាស់ ដូចជា​លំនៅដ្ឋាន​សាងសង់​នៅជាប់​ដី មាន​ទីធ្លា​ទូលាយ មាន​រុក្ខជាតិ ដូចជា ដើម​ផ្កា ឬ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ​ជាដើម ហើយ​មិនសូវ​ចាប់អារម្មណ៍​នឹង​សំណង់ខ្ពស់ៗដូចជា អា​ផាត​មិន និង​ខុន​ដូ​នោះឡើយ ។

ប៉ុន្តែ​ផ្នត់គំនិត​ទាំងអស់នេះ ត្រូវបាន​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍ និង​វិនិយោគ​ជប៉ុន ដែល​កំពុង​បោះទុន​វិនិយោគ​រហូតដល់​ជាង60លាន​ដុល្លារ ទៅលើ​ការសាងសង​អាគារ​ខុន​ដូរ​ដ៏​ប្រណីត​នៅ​កម្ពុជា Bodaiju Residencesបាន​អះអាងថា តាមរយៈ​ការវិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់រ​ប់​ក្រុមហ៊ុន​ជប៉ុន មិនយូរ​ទៀត​នោះទេ​ប្រជាជន​កម្ពុជា​សម័យថ្មី នឹង​បោះបង់ចោល​នូវ​ផ្នត់គំនិត​ចាស់ ហើយ​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ជីវិត​រស់នៅក្នុង​ខុន​ដូ ដែល​បង្ហាញ​ពី​ភាពទាន់សម័យ​ជាក់​ជាមិនខាន។

លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន​ជប៉ុន CREED ASIA (Cambodia) Co, Ltd ដែលជា​បុត្រ​សម្ព័ន្ធ​របស់ CREED GROUP បាន​ថ្លែង​ឱ្យដឹង​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ក្រុមហ៊ុន​របស់លោក​បាន​សហការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​TRIPLE GEM តាំងពី​ឆ្នាំ2012 និង​បានចាប់ផ្តើម​វិនិយោគ​ខុន​ដូ Bodaiju Residencesនៅ​ឆ្នាំ2013 ដែល​រហូត​មកទល់ពេលនេះ បាន​វិនិយោគ​លើ​គម្រោង​ខុន​ដូ និង​បុរី​មហា​សែន​សុខ ហើយ​បន្ទាប់ពី​បុរី​នេះ​ទទួលបាន​ជោគជ័យ ហើយ​ក្រុមហ៊ុន​ទាំង2បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​Hoosiers ដើម្បី​ចាប់ផ្តើម​គម្រោង​លំនៅដ្ឋាន​ថ្មី​មួយ​ឈ្មោះ ARATA ដែល​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី12ហិកតា។

លោក​បន្តថា “គម្រោង​ទាំង3នេះ បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ60លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ពេញនិយម​រស់នៅក្នុង​លំនៅដ្ឋាន​ដែល​នៅជាប់​នឹង​ដី។ លោក​បន្តថា “រយៈពេល10ឆ្នាំ​ខាងមុខ ខ្ញុំ​គិតថា​ប្រជាជន​កម្ពុជា​នឹង​ផ្លាស់ប្តូរ​ការគិត ហើយ​ពួកគេ​ចាប់ផ្តើម​រស់នៅ​ខុន​ដូ ដោយសារ​តម្លៃ​ដីធ្លី​នៅ​កណ្តាល​ក្រុង​ឡើងថ្លៃ​ខ្ពស់។

លោក TAKASHI Eguchi បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ប្រជាជន​នៅ​ទីក្រុង​បាងកក​ក៏​ដូចគ្នា ពួកគេ​ចង់បាន​លំនៅដ្ឋាន​ជាប់​នឹង​ដី ប៉ុន្តែ​ដោយសារ​ទីក្រុង​រីកចម្រើន តម្លៃ​ដីធ្លី​មានការ​កើនឡើង​ខ្ពស់ ពួកគេ​បានចាប់ផ្តើម​រស់នៅ​តាម​ខុន​ដូ​វិញ។ នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​ក៏​ដូចគ្នា ប្រជាជន​ប្រាថ្នា​រស់នៅ​ផ្ទះ​ជាប់​នឹង​ដី​ដូចគ្នា ប៉ុន្តែ​ដោយសារ​ដី​មានតម្លៃ​ថ្លៃ និង​ទីក្រុង​កាន់តែ​ចង្អៀត ពួកគេ​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ៕

តើ​ បុរី​ ប៉េង ហួត​ មួយ​ណា​កំពុង​វិវត្តន៍​ខ្លួន​ជាទី​ក្រុង​រណប​អន្តរ​ជាតិ?

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ ដំណើរ​វិវត្តន៍​បុរី និង​ការពង្រីក​ផ្ទៃដី​កាន់តែ​ធំ ជាមួយនឹង​បរិស្ថាន​ដ៏​អំណោយផល​ដល់​ការរស់នៅ រួម​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ចាំបាច់​ដទៃទៀត បាននិងកំពុង​ប្រែក្លាយ​បុរី​ ប៉េង ហួត ​ឌី​ស្រា​ផ្លា​ទី​ណឹ​ម នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្លាយជា​ទីក្រុង​រណប​ថ្មី​មួយនា​ពេលអនាគត។

ដោយ​ផ្ទៃដី​ប្រមាណ៤៥ភាគរយ​ផ្តោតលើ​បរិស្ថាន​បៃតង ជាមួយនឹង​ការវិនិយោគ​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ ដែល​បោះទុន​វិនិយោគ៦០លាន​ដុល្លារ​នឹង​បើក​ដំនើរការ​នៅ​ចុងឆ្នាំ២០១៨  និង​សាងសង់​ផ្សារ​ទំនើប PH Eco Mall លើ​ផ្ទៃដី ប្រមាណ៦ហិកតា និង​គ្រោង​បោះទុន​វិនិយោគ​តម្លៃ​ជាង២០០លាន​ដុល្លារ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២១ ព្រមទាំង​ទីលានកីឡា សាលារៀន​អន្តរជាតិ និង​គំរោង​ខុន​ដូ​នឹងធ្វើ​ឲ្យ​តំបន់​នេះ កាន់​តែមាន​ភាពរសរវើក​នាពេល​អនាគត។

ផ្លូវជាតិ​លេខ១ បាន​ពង្រីក​និង​បានបញ្ចប់​កាលពីដើមឆ្នាំ២០១៧នេះ ជា​អ្វី ដែល​អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​សាទរ ព្រោះ​ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅទីនេះ បានធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង និង​គំរោង​អភិវឌ្ឍន៍​នានា​បាននិងកំពុង​ពង្រីក​ជា​បន្តបន្ទាប់។

លោក​ឧកញ៉ា ​ថៃ ម៉េង​លី ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ប៉េង ហួត​ គ្រុប​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គិត​រហូត​មកទល់ពេលនេះ បុរី​ ប៉េង ហួត ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ជាទី​តាំង​ធំជាងគេ​ដែលមាន​ផ្ទះ​ចន្លោះ៧០០០ ទៅ៨០០០ខ្នង​ត្រូវបាន​លក់​ចេញ។ លោក​បន្តថា ទីតាំង​នេះ​មាន​ទំហំ​ផ្ទៃដី​ជាង២០0ហិកតា ដែល​អាច​ចាត់ទុកថា ជាទី​ក្រុង​រណប​មួយ​បាន​ហើយ។

លោក​បន្តថា “ក្រុមហ៊ុន​បុរី ​ប៉េង ហូត ​ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក ធ្វើ​អ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេសជាតិ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិតពី​បរិស្ថាន សួន​បៃតង និង​រចនា​ផ្ទះ​ដែលស្អាតៗជូន​អតិថិជន​ទាំងអស់។លោក​បន្តថា “យើង​ចង់​ឲ្យ​ខ្មែរ​មាន​មោទនភាព​ថា ខ្មែរ​យើង​ក៏​អាច​សាងសង់​ផ្ទះ​បានល្អ ដូច​ប្រទេសផ្សេងៗបានដែរ។

ទីតាំង​បុរី ​ប៉េង ហួត ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ មាន​ទំហំ​ផ្ទៃដី​ប្រមាណ២០០ហិកតា ជាមួយនឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដ៏​សម្បូរបែប និង​សមស្រប​ជាមួយ​លក្ខ​ខ័​ណ្ឌ​បៃតង​ដ៏​រស​រវើក ហើយ​អ្នក​រស់នៅក្នុង​បុរី​នេះ​ត្រូវបាន​គេ​ស្គាល់​ថា “ជា​ក្រុម​អភិជន។

ទីក្រុង​រណប​មួយ ត្រូវមាន​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ? ចម្លើយ​គឺ ការ​មាន​សំណង់​លំនៅដ្ឋាន ប្រកបដោយ​របៀបរៀបរយ មាន​តំបន់​បៃតង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដូចជា សួនច្បារ សាលារៀន ផ្សារ​ទំនើប​ជាដើម។

លោក​ឧកញ៉ា​ នួន រិ​ទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែងថា បុរី​ ប៉េង ហួត​ ជោគជ័យ​ដោយសារ​កត្តាសំខាន់ៗមួយចំនួន ដូច​ជាទី១ស្ថាបត្យកម្ម​នៃ​គម្រោង​នេះ​មាន​ភាព​ទាក់ទាញ និង​មាន​ភាព​ស៊ី​វិ​ល័យ ទី២ គុណភាព​សំណង់ និង​ម៉ូត​ផ្ទះ​មាន​ភាពល្អប្រសើរ ទីតាំង​មាន​ភាព​អំណោយផល ព្រោះ​នៅ​កៀក​នឹង​ទីក្រុង ទី៣ ហេ​ដ្ឋា​រចនា​ស​ម្ព​ន្ឋ​ល្អប្រសើរ និង​ទី៤ គុណភាព​សំណង់ និង​តម្លៃ​មាន​ភាពសមរម្យ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL លោក​ឧកញ៉ា​ ចេង ខេង​ បាន​ថ្លែងថា ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ពន្ឋ សួនច្បារ មាន​ផ្លូវ​ថ្មើ​ជើង ​ការដាំ​ដើមឈើធំៗ បានធ្វើឲ្យបុរី​នេះ រោះ​នៅកៀកនឹងទីក្រុង ទី៣ ហេដ្ឋារចនាសម្ពន្ឋល្អប្រសើរ និងទី៤ គុណការដាំ​ដើមឈើធំៗ បានធ្វើ​ឲ្យ​អ្នក​ចូលទៅ​កាន់​បុរី​នេះ មាន​អារម្មណ៍​ថា មិនមែន​នៅ​ស្រុក​ខ្មែរ គឺ​ប្រៀបដូចជា​នៅ​បរទេស។ លោក​បន្តថា លក្ខ​ខណ្ឌ​រស់នៅ និង​បែបបទ​ជីវិត ឬ Lifestyle ដែល​បុរី​នេះ​ផ្តល់ជូន គួរ​បុរីផ្សេងៗយក​គំរូ​តាម។

នៅពេល​និយាយ​ពី​បុរី​នេះ អាច​ចាត់ទុកជា​ទីក្រុង​រណប​មួយ​ឬ​នៅ? លោក​ឧកញ៉ា​ ចេង ខេង ​បាន​មានប្រសាសន៍ថា “ខ្ញុំ​គិតថា​វា​មិនទាន់​ស័​ក្ត​សម​ទេ ព្រោះ​ទីក្រុង​រណប​មួយ ត្រូវមាន​ហេ​ដ្ឋា​រចនា​ស​ម្ពន្ឋ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន ប៉ុន្តែ​នៅ​កម្ពុជា គេ​ចេះតែ​អាចនិយាយបាន ព្រោះ​កម្ពុជា​មិនទាន់​មានការ​កំណត់ថា​ទីក្រុង​រណប​មួយ គួរ​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​នៅឡើយ។

លោក​បន្តថា ប៉ុន្តែ​គុណភាព​សំណង់ ភាព​ទាក់ទាញ​នៃ​ម៉ូត​ផ្ទះ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា បានធ្វើ​ឲ្យ​ម៉ូត​ផ្ទះ​បាន​ទាក់ទាញ​មនុស្ស​ច្រើន​រស់នៅក្នុង​បុរី​នេះ។ លោក​បន្តថា កាលណា​មាន​មនុស្ស​ទៅ​រស់នៅ​ច្រើន មានន័យថា​ពួកគេ​ពេញចិត្តនូវ​អ្វីដែល​បុរី​នេះ​ផ្តល់ជូន​ហើយ៕

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជាង ៦៤០០លាន​ដុល្លារ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំនេះ នៅតែមាន​សញ្ញា​ល្អប្រសើរ ដោយ​ទុនវិនិយោគ បាន​កើន​ឡើងដល់​ជាង៦៤២៨លាន​អាមេរិក​នៅ​ដំណាច់​ឆ្នាំនេះ កើនឡើង២២ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពីមុន។

យោងតាម​របាយការណ៍ នៃ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៧ និង​លើក​ទិសដៅ​ឆ្នាំ២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​នា​ព្រឹក​ថ្ងៃទី២៨ ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​ក្នុង​វិស័យនេះ នៅតែមាន​សញ្ញា​ល្អប្រសើរ ដោយសារ​ការចូល​មក​របស់​អ្នកវិនិយោគ​អន្តរជាតិ​នានា និង​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​ផ្ទៃក្រឡា​សំណង់​កើន​ដល់​រាប់លាន​ម៉ែត្រការ៉េ ជា​សញ្ញា​ល្អប្រសើរ​សម្រាប់​វិស័យនេះ ដែលជា​វិស័យ​មួយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ។

លោក​ជា សុផារ៉ា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា នៅក្នុង​និតិ​កាល​ទី៥នេះ រាជរដ្ឋាភិបាល​នៅតែ​សម្រេចបាន​ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច​តាមរយៈ​ការអនុវត្ត​នូវ​រាល់​កំណែទម្រង់​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាំងឡាយ ដែល​កាន់តែ​ពង្រីក បាន​នូវ​លក្ខណៈសម្បត្តិ​អនុគ្រោះ​ថែមទៀត ដល់​ការអភិវឌ្ឍ​គ្រប់​វិស័យ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា ការវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនវត្ថុ​ឆ្នាំនេះ ជាការ​បន្ត​ការវិនិយោគ​កាលពី​ឆ្នាំមុន​ភាគច្រើន ព្រោះ​គំរោងថ្មីៗដែល​បានប្រកាស​សាងសង់​នៅ​ឆ្នាំនេះ មាន​ចំនួន​តិច​ធៀប​នឹង​ឆ្នាំ២០១។ លោក​បន្តថា ទោះជា​យ៉ាងណា​លោក​នៅតែមាន​សុទិដ្ឋិនិយម​នឹង​វិស័យនេះ ដែល​បន្ត​មាន​ភាព​រីកចម្រើន ប៉ុន្តែ កម្ពុជា​គួរ​ពឹងផ្អែក​ប្រ​ផ​ព​ទុន​ពី​គ្រប់ភាគី ជាជាង​ពឹងផ្អែក​តែ​ប្រទេស​ចិន។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា​លី ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​សម្តែង​ដុ​ទិដ្ឋិ​និយម​ជាង​នេះ ដោយ​លោក​បាន​ថ្លែងថា កា​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម និង​ច្បាប់​វិនិយោគ​ដ៏​ល្អ​របស់​កម្ពុជា លោក​គិតថា​លើ​វិស័យនេះ នៅតែមាន​សញ្ញា​ល្អប្រសើរ​សម្រាប់​រយៈពេល​វែង​បន្តទៀត៕

ក្រសួង​រៀបចំ​ដែនដី​ប្រាក់​ចូល​ថវិការ​រដ្ឋ​បាន​ជិត ៤ម៉ឺន​លាន​រៀល

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាមួយ​កំណើន​វិនិយោគ​ក្នុង​វិស័យ​សំណង់ ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​រកប្រាក់​ចូល​ថវិការ​រដ្ឋ បាន​ប្រមាណ​ជិត៤ម៉ឺន​លាន​រៀល ពី​សេវាកម្ម​នានា​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​នៅ​ឆ្នាំ២០១៧នេះ។

យោងតាម​របាយការណ៍​បួ​ក​សរុប​ការងារ​ឆ្នាំ២០១៧ របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ដែល​បានបង្ហាញ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៨ នា​ថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំនេះ​តាម​ការ​បូកសរុប​ការងារ របស់​ក្រសួង​ក្នុង​ឆ្នាំ២០១៧នេះ ក្រសួង​បាន​ប្រមូល​ចំណូល​ចូល​ថវិការ​ជាតិ សរុប​ជិត៤ម៉ឺន​លាន​រៀល ដោយ​គិត​ទាំង​ចំណូល​ពី​ការផ្ទេរ ទិញ​លក់ និង​ជួល​អចលនទ្រព្យ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ថវិការ​ជិត៤សែន​លាន​រៀល​ដែល​ប្រមូលបាន​ដោយ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ឆ្នាំ ២០១៧នេះ ទទួលបាន​ពី​សេវាកម្ម​សុរិយោដី ចំនួន​ជាង៤ពាន់​លាន​រៀល។ ចំណូល​ពី​សេវាកម្ម​សំណង់​មាន​ចំនួន​ជាង៤ពាន់​លាន​រៀល។ ចំណូល​ពី​ការជួល​ទីតាំង​រោងចក្រ សហគ្រាស​មាន​ចំនួន​ជិត៣រយ​លាន​រៀល និង​ចំណូល​បី​ពន្ធដា​លើ​ការផ្ទេរ​អចលនទ្រព្យ ដែល​ប្រមូល​ដោយ​អង្គភាព​ពន្ធដារ​ទទួលបាន​ជាង៣សែន​លាន​រៀល។

ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា លទ្ធផល​ការងារ​ឆ្នាំ២០១៧របស់​ក្រសួង​សម្រេចបាន​យ៉ាង​ប្រសើរ ទាំង​ក្នុង​វិស័យ​ដីធ្លី ការរៀបចំ​ដែនដី​នគររូបនីយកម្ម ការងារ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ វិស័យ​សំណង់ និង​ការងារ​លំនៅឋាន​គោលនយោបាយ​ផ្ដល់​ដី​សប្បទាន និង​ការសាងសង់​ផ្ទះ​ជូន​យោធិន និង​នគរបាល​នៅតាម​ព្រំដែន​ជាដើម៕

តោះ​ទៅ​ទស្សនា​អគារ 30 St Mary Ax ស្ថាបត្យកម្ម​ដល់​កំពូល​នៃ​ប្រទេស​អង់គ្លេស

0

ដោយ វុត្ថា

ភ្នំពេញ៖ ការរីកចម្រើន​ផ្នែក​ចំណេះដឹង បានធ្វើ​ឲ្យ​ស្ថាបត្យកម្ម​នៅលើ​ពិភពលោក​កាន់តែ​រស​រវើក ដោយ​ស្ថាបត្យករ​នានា​បាន​ច្នៃប្រឌិត​នូវ​សំណង់​អគារ ឬ​ធ្វើ​វត្ថុ​ប្រើប្រាស់ផ្សេងៗដើម្បី​ទុកជា​មរតក​សម្រាប់​មនុ​ស្ស​ជាតិ។

ជាក់ស្តែង​ប្រទេស​អង់គ្លេស គឺជា​ប្រទេស​មហាអំណាច​ពិភពលោក​ក្នុងចំណោម​មហាអំណាច​នានា ក៏បាន​សាង​អគខ្ពស់ៗ និងចម្លែកៗសម្រាប់​បង្អួត​នូវ​មោទនភាព​ជាតិ​របស់​ពួកគេ​ផងដែរ។

គេហទំព័រ propertyarea.asia នឹង​បង្ហាញជូន​នូវ អគារ 30 St Mary Ax ដ៏​ចម្លែក​របស់​ប្រទេស​អង់គ្លេស​មួយ​ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍។

អគារ 30 St Mary Ax ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា អគារ Gherkin និង Swiss Re Building) គឺជា​អាគារ​ហិរញ្ញ​វត្ថ​ហិរញ្ញវត្ថុ​ដ៏​ខ្ពស់​មួយ ដែល​ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស។អគារ​ដែលមាន​រូបរាង​ដ៏​ចំលែក ដែលមាន​សណ្ឋាន​ដូច​គ្រាប់កាំភ្លើង​នេះ ត្រូវបាន​គេ​សាសង់​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ២០០៣ និង​បាន​បើក​អោយ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែមេសា​ឆ្នាំ២០០៤។

អគារ​ដែលមាន​កម្ពស់៤១ជាន់ ស្មើនឹង​កម្ពស់180ម៉ែត្រ​នេះ និង​ឈរ​នៅលើ​ទីតាំង​អតីត​ផ្សារ Baltic Exchange និង​សភា​ដឹកជញ្ជូន (Chamber of Shipping) ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​កាលពី​អំឡុង​ឆ្នាំ១៩៩២ ដោយសារ​ការផ្ទុះ​គ្រាប់បែក​នៅតាម​បណ្តោយ St Mary Ax។ ដូច្នេះហើយ​បាន​គេ​ដាក់ឈ្មោះ​អាគារ​នេះ​ថា30 St Mary Ax។

បន្ទាប់ពី​គម្រោង​សាងសង់​អគារ Millennium Tower កម្ពស់៩២ ជាន់​ត្រូវបាន​គេ​ដកចេញ​នោះ គេ​ក៏បាន​រចនា​អគារ 30St Mary Ax ម្តងវិញ​នៅ​ឆ្នាំ២០០១ ដោយ​លោក Skanska  និង​រចនា​ដោយ​លោក Norman Foster និង​ក្រុមហ៊ុន Arup Group។

អាគារ​នេះ​បាន​ក្លាយទៅជា​លក្ខណៈពិសេស របស់​ទីក្រុង​ឡុង​ដ៍ ហើយក៏​ជា​គំរូ​មួយ ក្នុងចំណោម​គំរូ​អគារ​ដ៏​ល្បីល្បាញ​បំផុត​នៃ​ទីក្រុង​មួយ​នេះ។ ការសាងសង់​អាគារ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប សម្រាប់​ទីតាំង​អាគារ​ស្ថិតនៅ​ចំក ណ្តា​ល​តំបន់​នៃ​តំបន់​វាលទំនាប ដែលមាន​សំណង់​អាគារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាច្រើន និង ផ្លូវថ្នល់​តូចធំ។

រចនាសម្ព័ន្ធ​របស់​អគារ​មាន​ហុំ​ព័ទ្ធ​ទៅដោយ​ស៊ុម​ដែក ដែលមាន​រាង​មូល និង​ផ្នែក​ខាងមុខ​មាន​កញ្ចក់​ជា​បន្ទះ​រាង​ដូច​គ្រាប់ពេជ្រ។ លំនាំ​ឆ្នូត​ដែល​អាច​មើលឃើញ​នៅ​ខាងក្រៅ​នៃ​អគារ គឺជា​ប្រព័ន្ធ​សន្សំសំចៃ​ថាមពល​របស់​អាគារ ដែល​អនុញ្ញាតឱ្យ​ខ្យល់​ហូរ​តាម​រន្ធ​នោះបាន​យ៉ាង​ល្អ។

នៅលើ​កំពូល​ប៉ម​នៃ​អគារ​នេះ ភ្ញៀវទេសចរ​អាច​ទស្ស​នា​នូវ​ទេសភាព​ទីក្រុង​ដ៏​អស្ចារ្យ​ចេញពី​រនាំង​កញ្ចក់។ តែ​យ៉ាងណា​ជា​អកុសល​អាគារ​មិន​បើក​អោយ​សាធារណជន​ចូលទៅ​មើល​នោះទេ។

រចនាបទប្លែកៗ និង​ប្រសិទ្ធភាព​ថាមពល​របស់​អគារ​នេះ បានឈ្នះ​ពានរង្វាន់​ជាច្រើន​របស់ Gherkin រួមមាន​ពានរង្វាន់ Stirling  ពានរង្វាន់​តំបន់​ឡុង​ដ៍ (London Region Award) និង​ពានរង្វាន់​អគារ​កប់​ពពក Emporis (Emporis Skyscraper Award)៕

លោកឧកញ៉ាសៀ រិទ្ឋីធ្លាប់ត្រូវគេបាញ់នៅពេធ្វើដំណើរ

0

ដោយគង់ សូរិយា

​ភ្នំពេញ ៖ នៅក្នុងបទពិសផធន៍ដ៏ជូរចត់របស់លោក លោកឧកញ៉ាសៀ រិទ្ឋីធ្លាប់ត្រូវខ្មែរក្រហមបាញ់នៅតាមផ្លូវ កំឡុងពេលលោកដំនើរការក្រុមហ៊ុនដឹកជញ្ជូនរបស់លោកកាលពីដើមទសវត្សរ៍ទី៩០។

​មហាសេដ្ឋីជំនួញអចលនទ្រព្យរូបនេះ បាននិងកំពុងទទួលជោគជ័យលើ ​វិស័យអចលនទ្រព្យ តាមរយៈគំរោងអភិវឌ្ឍន៍ខ្នាតយក្សនៅទីក្រុងភ្នំពេញ ដូចជា គំរោងThe PeAk, The Bridge, The Palmជាដើម ដែលគំរោងទាំងនោះបោះទុន​វិនិយោគខ្ទង់ពាន់លានដុល្លារអាមេរិក។

​លោកកញ៉ាសៀ រិទ្ឋី បានលើកឡើងពីប្រវត្តិរបស់លោកកាលពីពេលថ្មីៗនេះថា លោកបានចាប់ផ្តើមជំនួញដំបូង គឺបើកដំនើការក្រុមហ៊ុនLogistic ជាក្រុមហ៊ុន ដែលផ្តល់សេវាដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ។លោកបន្តថា កំឡុងពេលរកស៊ីក្នុងវិស័យនេះ លោកធ្លាប់បានរងការបាញ់ប្រ​ហារជាច្រើនលើកពីពួកខ្មែរក្រហម ហើយលោកធ្លាប់លោតចុះពីលើឡាន ដើម្បី គេចពីគ្រាប់កាំភ្លើង។

​ជាមួយនឹងការតស៊ូយ៉ាងស្វិតស្វាញ បានធ្វើឲ្យមុខជំនួញរបស់លោកទទួ​លបានជោគ​ជ័យ ហើយរបររកស៊ីដែលធ្វើឲ្យលោកមានបានសព្វថ្ងៃនេះ គឺមានដោយសាររកស៊ីដី ទិញដីសម្រាប់លក់នៅពេលឡើងថ្លៃ។

​លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងឲ្យដឹងពីវិធីសាស្រ្ត វិនិយោគលើដីធ្លីឲ្យបានផលចំណេញថា ទី១ ត្រូវវិនិយោគនៅតំបន់ ដែលស្ថិតក្នុងគំរោងអភិវឌ្ឍន៍របស់​ រដ្ឋាភិបាល ទី២ វិនិយោគលើដីដែលមិនមានទំនាស់ និងទី៣ ត្រូវវិនិយោគលើតំបន់ ដែលមានការអភិវឌ្ឍន៍លឿននាពេលអនាគត។ ចំណុចនេះយើងត្រូវរកព៌តមានឲ្យបានជាមុន ព្រោះបើយើងទិញនៅពេលតម្លៃកើនឡើងខ្ពស់រួចទៅហើយ នឹងមិនទទួលបានផលចំណេញនោះទេ៕

កម្ពុជា​កំពុង​ទាក់ទាញ​ក្រុមហ៊ុន​ចិន​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ថ្លែងថា រដ្ឋាភិបាល​កំពុង​ទាក់ទាញ ក្រុមហ៊ុន​ចិន​ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម ដើម្បី​កែច្នៃ​ផលិតផល​ដើម្បី​នាំចេញ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​លោក​វេ​ង សាខុន​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា យោងតាម​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា ចិន ប្រទេស​ចិន​មាន​សក្តានុពល​ច្រើន​មិន​ត្រឹមតែ​ទាក់ទង នឹង​កា​វិនិយោគសាធារណៈ​នោះទេ ប៉ុន្តែ​ទាក់ទង​ដល់​ការវិនិយោគ​លើ​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​ទាំងពីរ។

លោក​បន្តថា ដំណើរ​ទស្សនកិច្ច​កន្ល​ង​ទៅថ្មីៗនេះ មានការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនធំៗ ដែលមាន​បំណង​បោះទុន​វិនិយោគ នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​ជប៉ុន​និង​ចិន ហើយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន ក៏​ដូច​បាន​ជំរុញ​ការវិនិយោគ​មក​កម្ពុជា ក្នុងការ​បង្កើត​រោងចក្រ​កែច្នៃ​ក​សិត​ផល នៅក្នុង​ប្រទេស​កម្ពុជា​និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា “ក្រុមហ៊ុន​ចិន​បាន​មើលឃើញ​ឱកាស​នៅ​កម្ពុជា​ច្រើន​គឺ ការផ្សារភ្ជាប់​ការហោះហើរ​ត្រង់​ពី​ជប៉ុន​ទៅ​កម្ពុជា និង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ក្នុងការ​នាំចេញ​កសិផល បន្លែ​ផ្លែឈើ ដើម្បី​ដឹកជញ្ជូន​ផ្ទាល់។

នាយក​វិទ្យា​សា​ស្ថាន​សិក្សា​គោលនយោបាយ​លោក​ចាន់ សុផល​បាន​ថ្លែងថា នេះ​ជា​ដំណឹង​ល្អ​ផងដែរ សម្រាប់​ប្រទេស​កម្ពុជា នៅពេល​មានការ​បណ្តាក់ទុន និង​បង្កើត​រោងចក្រ​កែច្នៃ​កសិផលផ្សេងៗ ដែល​កសិករ​ផលិត​បាន​នា​ពល​កន្លងមក។លោក​បន្ថែមថា បច្ចុប្បន្ន​កសិក​ផល​ខ្មែរ​មាន​ច្រើន ប៉ុន្តែ​មិនទាន់មាន​រោងចក្រ​កែច្នៃ​ដូច​ប្រទេសជិតខាង​នៅឡើយ​ទេ ហើយ​ការទាក់ទាញ​វិនិយោគ​របស់​ក្រសួងកសិកម្ម នឹង​ជំរុញ​ការផលិត​របស់​កសិក​រ​មានតម្លៃ​បន្ថែម៕