ដោយ វុត្ថា
ភ្នំពេញ៖ ជាថ្មីម្តងទៀតប្រទេសសឹង្ហបុរី កំពុងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាលក្ខណៈវិលជុំ ដែលជាកិច្ចប្រជុំដ៏សំខាន់សម្រាប់តំបន់ដែលមានប្រជាជនជាង៦៣០លាននាក់ និងមានសេដ្ឋកិច្ចរីកចម្រើនដ៏លឿននេះ។
តើមេដឹកនាំកំពូលអាស៊ានទាំង១០ និងប្រទេសជាដៃគូអាស៊ាននឹងផ្តោតកិច្ចពិភាក្សាលើបញ្ហាអ្វីខ្លះ Propertyarea.asia នឹងបង្ហាញត្រួសៗនូវព៌តមានដ៏មានសារៈសំខាន់នេះ។
ការពិតកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» ដែលបានប្រារព្ឋធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍ពី លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រី សិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ផងដែរ។
លោកលី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីបានគូសបញ្ជាក់ អាស៊ានមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា រួមទាំងការរៀបចំកិច្ចប្រជុំអាស៊ាននានា ដូចជាអាស៊ានបូកបី និង EAS ជាដើម។ នៅថ្ងៃនេះអាស៊ានគឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនៅឆ្នាំ២០៣០ ពោលគឺអនាគតអាស៊ានកំពុងមានភាពភ្លឺស្វាង។
លោកលីបន្តថា “នៅពេលនេះ យើងត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗដោយផ្អែកលើយុទ្ធសាស្ត្រថ្មី និងការផ្លាស់ប្ដូរសំខាន់ៗតាមរយៈបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលបានរំខានដល់សេដ្ឋកិច្ចរបស់យើង និងបានផ្លាស់ប្ដូរទម្លាប់ការរស់នៅការធ្វើការ និងការទំនាក់ទំនងរបស់យើង រួមមានទាំងការវាយប្រហារតាមព័ត៌មានវិទ្យាទៀតផង។ លោកបន្តថា “ព្រមពេលជាមួយគ្នានេះ ការគំរាមកំហែងពីភេរវកម្ម និងការប្រែប្រួលអាកាសធាតុក៏ជាក្ដីកង្វល់របស់យើងផងដែរ។ ភេរវកម្មគឺមិនមែនត្រឹមតែគំរាមកំហែងដល់សន្តិសុខតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់ជាតិសាសន៍នានា និងសាសនាជាច្រើននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។
បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងធ្វើឱ្យបណ្ដាប្រទេសអាស៊ានមួយចំនួនងាយរងគ្រោះនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ការកើនឡើងសីតុណ្ហភាព និងកំដៅផែនដី កំពុងបង្កផលប៉ះពាល់ជាមួយនឹងការបង្កជាជំងឺតំបន់ត្រូពិក ដែលគំរាមកំហែងដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជន។ ទាំងអស់នេះមានន័យថាកិច្ចសហប្រតិបត្តិការពហុភាគីគឺមានសារៈសំខាន់ និងជាបន្ទាន់បំផុតជាងពេលណាៗទាំងអស់។ ការប្រឈមមុខនឹងបញ្ហារួមនេះ គឺមានភាពស្មុគស្មាញនឹងមិនធ្លាប់មាន ហើយដំណោះស្រាយក៏មិនមានប្រទេសណាមួយអាចដោះស្រាយបញ្ហាទាំងនេះ តែម្នាក់ឯងបាននៅឡើយដែរ។ ពោលគឺយើងត្រូវតែរួមចិត្តរួមកម្លាំង ដោះស្រាយបញ្ហាទាំងនេះជាមួយគ្នា។ នេះហើយគឺមូលហេតុរុញឱ្យប្រទេសសិង្ហបុរីជ្រើសរើសភាពរឹងមាំ និងការច្នៃប្រឌិតជាមូលដ្ឋានសម្រាប់អាស៊ានរបស់យើង។លោកលីបញ្ជាក់។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងការកោតសរសើរចំពោះ ប្រទេសជាសមាជិកទាំងអស់ បានអនុវត្តន៍ទ្វេឡើងនូវកិច្ចខិតខំប្រឹងប្រែង ដែលបានសម្រេចចេញនូវដំណោះស្រាយដ៏ល្អប្រសើរនានា ដែលបង្ហាញអំពីលទ្ធផលនៃការរួបរួម ប្រសិទ្ធភាព និងសម្ព័ន្ធភាពក្នុងនាមជាអាស៊ាន។ ទន្ទឹមនឹងនោះដែរ អាស៊ានបានបញ្ជាក់ឡើងវិញនូវការ ប្តេជ្ញាធ្វើពាណិជ្ជកម្មពហុភាគី និងបោះជំហានទៅមុខឲ្យបានលឿន ឆ្ពោះទៅរកការបញ្ចប់កិច្ចចរចានានា ទៅលើភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ប្រកបដោយផ្លែផ្កា។ បណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ាន(ASCN) នឹងក្លាយជាវេទិកាសម្រាប់ទីក្រុងនៃបណ្តាប្រទេសអាស៊ានទាំងអស់ធ្វើការផ្សាយភ្ជាប់គ្នា ចែករំលែកបទពិសោធន៍ និងធ្វើការងាររួមគ្នាដើម្បីលើកស្ទួយគុណភាពរស់នៅដែលជាប្រយោជន៍របស់ប្រជាជន។
លោកលី សៀនឡុងបានបន្តថា “យើងបានពង្រឹងមូលដ្ឋាន សម្រាប់បរិស្ថានតំបន់ដែលយកច្បាប់ជាមូលដ្ឋាន ជាមួយនឹងការសន្និដ្ឋាននៃសន្ធិសញ្ញា បណ្តោះអាសន្នជាគំរូរបស់អាស៊ាន។ យើងបានបង្កើនភាពជាដៃគូសកម្មរួមគ្នារបស់យើង ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន រួមទាំងការវាយប្រហារតាមអ៊ីនធើណេត និងការប្រែប្រួលអាកាសធាតុ។ លទ្ធផលទាំងនេះ បង្ហាញពីជំនឿយ៉ាងរឹងមាំរបស់អាស៊ាន ចំពោះគំនិតបែបពហុភាគីនិយម គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសម្រាប់ការរីកចំរើន និងស្ថេរភាពនៃតំបន់”៕