តោះ! ទៅជិះកង់កម្សាន្តទស្សនាប្រាសាទនានានៅក្នុង រមណីយដ្ឋានអង្គរ

0

ដោយៈ យី សុថា

    សៀមរាបៈ ការជិះកង់លំហែរនៅរមណីយដ្ឋានអង្គរ មិនត្រឹមតែសម្រាប់ការលំហែរកាយ និងហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែមានអ្វីដែលជ្រាលជ្រៅជាងនេះ ជាមួយនឹងការគយគន់ព្រឹកព្រៃ ក៏អាចស្វែងយល់ពីតម្លៃបេតិកភ័ណ្ឌជាតិ​ដ៏រុងរឿងផងដែរ។

ជាក់ស្តែងអាជ្ញាធរជាតិអប្សរាបានសង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានា នៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។

លោកសេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនា តំបន់អង្គរ លើផ្លូវ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ចំនួនប្រមាណជាង១០០កង់ក្នុង១ថ្ងៃៗ។

លោកបញ្ជាក់ទៀតថា “បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនពេញចិត្ត ចំពោះការរៀបចំឱ្យមានផ្លូវជិះកង់ក្នុងនៅក្នុងព្រៃ តាមវាលស្រែ នៅក្នុងរមណីយដ្ឋានអង្គរ ដោយកំណើនភ្ញៀវទេសចរជិះកង់ បានកើនឡើងពីមួយខែទៅមួយខែ លើកលែងតែរដូវភ្លៀងធ្លាក់ខ្លាំងតែប៉ុណ្ណោះ”​។

អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវជិះកង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រវែង២៣គីឡូម៉ែត្រតាំងតែពីឆ្នាំ២០១៩។ ផ្លូវជិះកង់នេះ មានឆ្លងកាត់ព្រៃព្រឹក្សា ស្ទឹង វាលស្រែ និងក្បែរៗប្រាសាទ ជាផ្នែកមួយធ្វើឱ្យមានភាពទាក់ទាញអារម្មណ៍ ទេសចរបែរមកជិះកង់ជំនួសយានយន្តផ្សេងៗនៅរមណីយដ្ឋានអង្គរ។

បើទោះបីជាផ្លូវកង់នេះ បានទទួលការគាំទ្រពីភ្ញៀវទេសចរជាច្រើនក៏ដោយក៏អាជ្ញាធរជាតិអប្សរា នៅតែមានគម្រោងរៀបចំកែលម្អ បន្ថែមទៀត ទៅតាមសំណូមពររបស់ភ្ញៀវទេសចរដែលនិយមជិះកង់។ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតកង់ចំនួន៨កន្លែង នៅលើទីតាំងសំខាន់ៗ តាមគោលដៅទស្សនារមណីយដ្ឋានអង្គរ ក្នុងវង់តូច និងវង់ធំផ្តល់ងាយស្រួលចត មានសុវត្ថិភាព និងសណ្តាប់ធ្នាប់។

ការរៀបចំផ្លូវសម្រាប់ជិះកង់ ទស្សនាតំបន់អង្គរនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ សម្រាប់ពង្រីកវិស័យទេសចរណ៍ថ្មីៗ។ ផ្លូវជិះកង់ បានបង្កើតឱ្យទៅជាដំណើរទស្សនាអង្គរថ្មីមួយទៀត ពីព្រោះថាក្រៅពីទេសចរទស្សនាប្រាសាទ គឺអាចជិះកង់កម្សាន្តនៅតាមព្រៃអង្គរ ទេសភាពវាលស្រែផ្លាស់ប្តូរតាមរដូវកាល មានបរិយាកាសល្អបរិសុទ្ធពីធម្មជាតិ ដូចជាការហាត់កីឡាដើម្បីសុខភាពថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here