ដោយៈ ម៉ាលីនណា
កោះកុងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាសហគមន៍ ដែលកន្លងមក បានសម្រេចសមិទ្ធផលជាច្រើនជូនសហគមន៍ផ្ទាល់ ក្នុងការចូលរួមនៅក្នុងការអភិរក្ស និងអភិវឌ្ឍ ការពារតំបន់ធម្មជាតិ ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ ក្នុងសហគមន៍ជីផាត ខេត្តកោះកុង។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោកឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយអ៊ំពូមីងបងប្អូនប្រជាសហគមន៍ អេកូទេសចរណ៍ជីផាត ដើម្បីស្តាប់នូវសេចក្តីរាយការណ៍អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរនានា ពីលោកប្រធានសហគមន៍ និងចុះពិនិត្យស្ថានភាពជាក់ស្តែង នៅសហគមន៍អេកូទេសចរណ៍ ដ៏មានសក្តានុពលមួយនៅព្រះរាជាណាចក្រកម្ពុជា ពោលគឺជាសហគមន៍គំរូ និងជាប់ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ពិសេសគឺជាប់ស្តង់ដាផ្ទះស្នាក់សហគមន៍ទេសចរណ៍អាស៊ាន ដែលទទួលស្គាល់ទាំងនៅថ្នាក់ជាតិ និងក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទាំងពីរ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោកប្រធានហគមន៍អេកូទេសចរណ៍ជីផាត និងលោកអ៊ំ ពូ មីង បងប្អូនប្រជាសហគមន៍អេកូទេសចរណ៍ជីផាតផងដែរ។
ថ្លែងក្នុងឱកាសនៃពិធី លោកហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់សហគមន៍ត្រូវបន្តរក្សាសុដុមនីយកម្មនៅក្នុងសហគមន៍ បន្តយកចិត្តទុកដាក់លើអនាម័យទាំងម្ហូបអាហារ ទីធ្លាបរិវេណ ជាពិសេសបន្ទប់ទឹក បន្តរក្សាតម្លៃឱ្យបានសមរម្យ, បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការប្រកួតប្រជែង ថ្នាក់ជាតិ និងក្របខ័ណ្ឌអាស៊ានបន្តទៀត៕






