ដំណឹងល្អៈ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបត្រៀមស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៣នៅចុងឆ្នាំនេះ

0

ដោយៈ ម៉ាណា

    សៀមរាបៈ ការកើនឡើងនៃជើងហោះហើរអន្តរជាតិ ជាការឆ្លុះបញ្ចាំងពីគោលនយោបាយ “បើកចំហរជើងមេឃ” ដ៏ជោគជ័យរបស់កម្ពុជា និងគ្រឿងបរិក្ខារដ៏ល្អឥតខ្ចោះ ដែលមាននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរដ្ឋ (SSCA) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិយ៉ាងហោចណាស់ចំនួនបី កំពុងស្ថិតនៅលើផ្លូវត្រូវ ដើម្បីចាប់ផ្តើមប្រតិបត្តិការ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរមុនដំណាច់ឆ្នាំនេះ។

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំងបី គឺក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines, T’way Air និង Air Busan នេះបើយោងតាមការបញ្ជាក់របស់SSCA។

Firefly ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Malaysia Aviation Group (MAG) នឹងដាក់ឱ្យដំណើរការជើងហោះហើរត្រង់រវាងទីក្រុងគូឡាឡាំពួរ និងខេត្តសៀមរាប ដោយចាប់ផ្តើមពីថ្ងៃទី ២៧ ខែវិច្ឆិកា។

ក្រុមហ៊ុនអាកាសចរណ៍ពីរផ្សេងទៀតគឺ T’way Air& Air Busan គឺជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។

លោកស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ SSCA បានមានប្រសាសន៍ថា ការតភ្ជាប់ផ្លូវអាកាសអន្តរជាតិជាច្រើនគឺដោយសារតែគោលនយោបាយ បើកចំហរជើងមេឃរបស់រដ្ឋាភិបាល និងគ្រឿងបរិក្ខារអាកាសយានដ្ឋានទំនើបៗ។

លោកបានបន្តថា“ការកើនឡើងជាបន្តបន្ទាប់  នៃជើងហោះហើរអន្តរជាតិនេះ ជាការឆ្លុះបញ្ចាំងដោយផ្ទាល់នៃគោលនយោបាយ ‘បើកចំហរជើងមេឃ’ ដ៏ជោគជ័យរបស់កម្ពុជា និងសមត្ថភាពដ៏អស្ចារ្យរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី”។

លោកបានបន្ថែមថា ទាំងនេះបង្ហាញពីសមិទ្ធផលថ្មីៗដែលសម្រេចបានដោយSSCA ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ការប្រកាសអំពីក្រុមហ៊ុនអាកាសចរណ៍ថ្មី បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយ មកពីប្រទេសឥណ្ឌាគឺ IndiGo ទើបតែបានដាក់ឱ្យដំណើរការសេវាកម្ម លើកដំបូងរបស់ខ្លួនពីទីក្រុងកូលកាតាទៅកាន់សៀមរាប។

ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ចម្ងាយប្រហែល៥០ គីឡូម៉ែត្រពីក្រុងសៀមរាប(SAI) បានចាប់ផ្តើមប្រតិបត្តិការកាលពីខែតុលាឆ្នាំមុន។

ជាអាកាសយានដ្ឋានអន្តរជាតិ កម្រិត4E SAI អាចទទួលជើងហោះហើរផ្លូវឆ្ងាយ ពីទូទាំងពិភពលោក ជាមួយនឹងផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងកន្លែងចតយន្តហោះចំនួន៣៨កន្លែង។

ព្រលានយន្តហោះនេះ ក៏អាចគ្រប់គ្រងអ្នកដំណើរបានប្រាំពីរលាននាក់ជារៀងរាល់ឆ្នាំ ហើយត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរចំនួន១២ លាននាក់ចាប់ពីឆ្នាំ២០៤០។

យោងតាមរបាយការណ៍របស់SSCA វិស័យអាកាសចរណ៍របស់កម្ពុជាបានកត់ត្រាកំណើនយ៉ាងខ្លាំង ដោយមានអ្នកដំណើរសរុបចំនួន ៥.៦៦លាននាក់ ចន្លោះពីខែមករា ដល់ខែតុលា ជាមួយនឹងកំណើន ១៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here