គម្រោង​រថភ្លើង​អាកាស​នៅ​ក្រុងភ្នំពេញ​មិនទាន់​កំណត់ពេល​ជាក់លាក់

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ការផ្សព្វផ្សាយ​ពី​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស កាលពី​ម្សិល​ម៉ិ​ញ​មិនមាន​ភាពជាក់លាក់​ទេ ព្រោះ​ពេលវេលា​នៃ​ការចាប់ផ្តើម​សាងសង់ និង​ចំណាយ​ថវិកា​ប៉ុន្មាន​រយ​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​គំរោង​នេះ​មិនទាន់​ច្បាស់លាស់​នៅឡើយ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ម៉េ​ត មាស​ភក្តី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០ ធ្នូ​នេះ​ថា ការសិក្សា​ពី​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ហើយ​គំរោង​នេះ​នឹងត្រូវ​វិនិយោគ​លើទឹក​ប្រាក់​ប៉ុន្មាន ក៏​មិនទាន់មាន​ភាពជាក់លាក់​នៅឡើយ​ដែរ ដោយសារ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) ទើប​បង្ហាញ​ពី​របាយការណ៍​សិក្សា​បឋម​ប៉ុណ្ណោះ កាលពី​ម្សិល​ម៉ិ​ញ​នេះ។

លោក​បន្តថា “រហូតមកទល់​ពេលនេះ យើង​មិនដឹងថា​ការសិក្សា​នេះ​នឹង​បញ្ចប់​នៅពេលណា និង​ចាប់ផ្តើម​សាងសង់​នាពេល​ណា​នោះទេ ហើយ​ចំណាយ​ថវិកា​វិនិយោគ​ប៉ុន្មាន​ក៏​មិនទាន់​ដឹង​ដែរ។លោក​បន្តថា “គំរោង​នេះ​ជាការ​ស្នើសុំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន ហ្សូ​អា​បេ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ទៅកាន់​ប្រទេស​ជប៉ុន​កាលពីពេលថ្មីៗនេះ។

តាម​គំរោង​ការសាងសង់​ផ្លួ​វ​រថភ្លើង​អាកាស​ធុន​ស្រាល ប្រភេទ AGT នេះ​មាន​ប្រវែង​ប្រមាណ១៨គីឡូម៉ែត្រ និង​ចេញពី​មហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​មុនី​រ៉េត ឆ្ពោះ​មក​ផ្លូវ​លេខ២១៧ ទៅកាន់​ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ និង​បែកខ្នែង​ទៅ​តំបន់​ផ្លូវ​កប់​ស្រូវ និង​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ឯករាជ្យ​បាន​ថ្លែងថា ការសាងសង់​រថភ្លើង​លើ​អាកាស នឹង​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ និង​លើក​កំ ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ ហើយ​វា​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​មាន​ភាព​ស៊ី​វិ​ល័យ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផងដែរ។

លោក​បន្តថា “វា​ជា​មធ្យោបាយ​ថ្មី​មួយ សម្រាប់​ការធ្វើដំណើរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ”៕

ដំណាច់ឆ្នាំ២០១៧ ចំនួន​ខុន​ដូ​កើន​ដល់ ១៦០ទីតាំង ស្មើនឹង​ជាង៦ម៉ឺន​យូ​នី​ត

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ដំណាច់ឆ្នាំ២០១៧នេះ​ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​ដល់១៦០ទីតាំង និង​មានផ្ទះ​សរុប​ជាង៦ម៉ឺន​យូ​នី​ត។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Vtrust Appraisal ដែល​បានបញ្ចប់​និង​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន១៦០ទីតាំង ក្នុងនោះ៣៣ទីតាំង​បានបញ្ចប់​និង​ដាក់ចូល​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​កើន​ដល់៦០៥០០យូ​នី​ត ក្នុងនោះ៨៧០០យូ​នី​ត​បាននិងកំពុង​ប្រើប្រាស់​ឬ​បញ្ចប់។ ក្រៅពី​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ព្រះសីហនុ​មាន​ខុន​ដូ​ចំនួន​សរុប​កើន​ដល់១៥គំរោង និង​មានផ្ទះ​ប្រមាណ៥០០០យូ​នី​ត ដែល​ភាគច្រើន​នៃ​ខុន​ដូ​ទាំងនោះ​កំពុង​សាងសង់។

ការសិក្សា​ដដែល​បាន​រកឃើញថា នៅ​ឆ្នាំ២០១៧ខុន​ដូ​ចំនួន១៨,០០០យូ​នី​ត ត្រូវបាន​ប្រកាស​លក់​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ ខណៈ​ឆ្នាំ២០១៦មាន​ខុន​ដូ ចំនួន១៤,០០០យួ​នី​ត​ប៉ុណ្ណោះ​បានប្រកាស​លក់។ ផ្ទុយ​ពីនេះ ការលក់​ខុន​ដូ​នៅ​ឆ្នាំ២០១៧នេះ គិត​ជា​មធ្យម​ក្នុង​មួយខែ​លក់បាន១០០យូ​នី​ត ខណៈ​ឆ្នាំ២០១៦ចំនួន​នៃ​ការលក់​មាន​រហូតដល់៣៨០យូ​នី​ត​ក្នុង​មូ​យ​ខែ។

ខុន​ដូ​មួយ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី៦០,០០០ ទៅ១០០,០០០ដុល្លារ ខុន​ដូ​ពី​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី១៣០,០០០ទៅ១៥០,០០០ដុល្លារ និង​ខុន​ដូ​បី​ប ន្ទ​ប់​គេង​មានតម្លៃ​ចន្លោះ​ពី២៥០,០០០ទៅ៣០០,០០០ដុល្លារ​អាមេរិក។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTRUST Appraisal លោក ហ៊ឹម សីហា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៩ ធ្នូ​នេះ​ថា ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ក្តី ក៏​ទីផ្សារ​នេះ​មិនមាន​សញ្ញា ហានិភ័យ​ណាមួយ​នោះទេ ផ្ទុយទៅវិញ​វា​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​ទៅវិញ ព្រោះ​ដើម្បី​ឆ្លើយតប​តម្រូវការ​នាពេល​អនាគត ប៉ុន្តែ​អ្វី​សំខាន់​គឺ​អ្នកវិនិយោគ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​គំរោង​ទាំងនោះ​សាងសង់​ចប់។ កុំ​ឲ្យ​មានការ​ផ្អាក​សាងសង់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ យើង​មិនទាន់បាន​រកឃើញ​គំរោង​ណា​គាំង​កណ្តាល​ទី​ទៀត​ទេ។

លោក​ឧកញ៉ា​ចេង ខេង​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPLបាន​ថ្លែងថា ចំនួន​ខុន​ដូ​នៅ​កម្ពុជា​មិនមាន​បញ្ហា​ទីផ្សារ​នោះទេ ព្រោះ​ខុន​ដូ​នៅ​កម្ពុជា​មិនបាន​ស្មើ២០ភាគរយ ធៀប​នឹង​ប្រទេសជិតខាង​នៅឡើយ​ទេ ហេតុនេះ​អ្វីដែល​ត្រូវធ្វើ គឺ​ការវិនិយោគថ្មីៗបន្ថែមទៀត​កាន់តែច្រើន​កាន់តែ​ល្អ ព្រោះ​ទីផ្សារ​របស់​យើង​មិនមែនជា​ទីផ្សារ​របស់​ក​ម្ពុ​ជា​តែមួយ​នោះទេ តែ​ជាទី​ផ្សារ​សម្រាប់​អាស៊ាន​ទាំងមូល ដែលមាន​ប្រជាជន​រហូតដល់​ជាង៦៣០លាន​នាក់៕

វិនិយោគ​លើ​អា​ផាត​ម៉ិ​ន ឬ​សណ្ឋាគារ​មូ​យ​ណា មាន​សេរីភាព​ហិរញ្ញវត្ថុ​ជាង?

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេល​និយាយ​ពី​អ្នកមាន​ប្រាក់ ពួកគេ​តែងតែ​គិតពី​ការវិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ និង​ភាពជោគជ័យ​សម្រាប់​រយៈ​ពេល​វែង​របស់​ពួកគេ ហេតុនេះ​ការវិនិយោគ​លើ​វិស័យ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ​មួយណា​មាន​ផលចំណេញ​ជាង? ជា​អ្វី​ដែលជា​សំណួរ​ចាក់​ដោត​មួយ។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោក អ្នកសិក្សា​ពី​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អ្នក​កំពុង​វិនិយោគ​សាងសង់​អា​ផាត​ម៉ិ​ន​សម្រាប់​ជួល​ផងដែរ។

លោក​ឧកញ៉ា​ នួន រិ​ទ្ឋី​ អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដែល​បាននិងកំពុង​វិនិយោគ​លើ​អា​ផាត​ម៉ិ​ន KFA នៅ​តំបន់​បឹងត្របែក​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ​ជាការ​វិនិយោគ​សម្រាប់រ​យៈ​ពេល​វែង​ដូចគ្នា និង​មាន​ភាព​វិជ្ជមានខុសៗគ្នា អាស្រ័យ​លើ អ្នកវិនិយោគ​និមួយៗជ្រើសរើស ប៉ុន្តែ​សម្រាប់​ទស្សន​និង​ការយល់ឃើញ​របស់លោក​ផ្ទាល់ គឺ​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន​មាន​ភាពងាយស្រួល​ជាង។

អា​ផាត​ម៉ិ​ន

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន ជាការ​វិនិយោគ​គិតពី​រយៈពេល​វែង និង​សម្រាប់​អ្នក​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ ឬ​ចូលនិវត្តន៍​ពី​ការងារ​វ័យក្មេង ព្រោះ​អា​ផាត​ម៉ិ​ន​ទទួលបាន​ចំណូល​ទៀត​ទាត់ និង​ស្ងាត់ស្ងៀម ជាង​វិនិយោគ​លើ​សណ្ឋាគារ។ ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន មិនសូវ​ត្រូវការ​សេវាកម្ម​ច្រើនពេក​នោះទេ គឺ​ប្រើប្រាស់​បុគ្គលិក​តិច និង​ងាយស្រួល​គ្រប់គ្រង។

ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន​ជោគជ័យ ទាមទារ​ឲ្យ​មានការ​ចង​បណ្តាញ​ជាមួយ​អ្នកជំនួញ ការផ្សព្វផ្សាយ និង​សេវាកម្ម​ល្អ ពិសេស​ទីតាំង​មាន​ភាព​អំណោយផល​ផងដែរ។

សណ្ឋាគារ

ការវិនិយោគ​លើ​សណ្ឋាគារ ជាការ​វិនិយោគ​រយៈពេល​វែង​ដូចគ្នា ទទួលបាន​ចំណូល​ច្រើន​ផងដែរ ប៉ុន្តែ​សណ្ឋាគារ​ត្រូវមាន​សេវាកម្ម​ច្រើនជាង​អា​ផាត​ម៉ិ​ន ដូចជា ត្រូវមាន​បន្ទប់​ប្រជុំ មាន​ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ និង​មានការ​ប្រើប្រាស់​បុគ្គលិក​ច្រើនជាង​អា​ផាត​ម៉ិ​ន ពិសេស​ត្រូវ​ផ្តោតលើ​ការរក្សា​នូវ​ផាសុខភាព ភាពកក់ក្តៅ និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ជា​ចម្បង។ ផ្ទុយទៅវិញ​អា​ផាត​ម៉ិ​ន មិនចាំបាច់​មាន​ភោជនីយដ្ឋាន សាលប្រជុំ ឬ​ប្រើប្រាស់​បុគ្គលិក​ច្រើន​នោះទេ។លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បញ្ជាក់​ឲ្យ​ដឹង។

លោក​ឧកញ៉ា​បាន​បន្តថា “ទោះជា​យ៉ាងណា​ការវិនិយោគ​លើ​សណ្ឋាគារ ទទួលបាន​ប្រាក់ចំណូល​ច្រើន​ប្រចាំថ្ងៃ ប្រសិនជា​សណ្ឋាគារ​នោះ​ដំណើរការ​ដោយ​ជោគជ័យ។លោក​បន្តថា “ហេតុនេះ​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន និង​សណ្ឋាគារ​ល្អ​ម្យ៉ាង​ម្នាក់ ប៉ុន្តែ​ការវិនិយោគ​លើ​សណ្ឋាគារ ទាមទារ​ឲ្យ​ម្ចាស់​មាន​ភាព​មមាញឹក​ច្រើន”៕

វិស័យឯកជនស្នើអាជ្ញាធរសម្បូរព្រៃគុក ពន្យាពេលដំឡើងថ្លៃសំបុត្រ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានស្នើសុំអាជ្ញាធរសម្បូរព្រៃគុក ពន្យាពេលការដំឡើងថ្លៃសំបុត្រចូល ទស្សនារមណីយដ្ឋាននេះ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

លោក ស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​ថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ធ្នូនេះថា សមាគមស្នើសុំឲ្យអាជ្ញាធរសម្បូ​រព្រៃគុក ពន្យាពេលដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទនេះ ព្រោះការជូនដំ ណឹងពីការដំឡើងថ្លៃសំបុត្រនេះ មានរយៈពេលខ្លីពេក ហើយការដំឡើងថ្លៃខ្ពស់ ពេក ព្រោះកាលពីមុនមានតម្លៃត្រឹម៣ដុល្លារ ប៉ុន្តែចាប់ពីខែមករា​ឆ្នាំ២០១៨ អាជ្ញាធរនេះបានដំឡើងថ្លៃសំបុត្ររហូតដល់១០ដុល្លារ សម្រាប់ទេស​ចរណ៍ម្នាក់។

លោកស្រីបន្តថា សមាគមដែលតំណាងឲ្យក្រុមហ៊ុនទេសចរណ៍ជាង១០០​ក្រុមហ៊ុន សូមស្នើសុំអាជ្ញាធរសម្បូរព្រៃគុកពន្យាពេល៦ខែទៀត ចាំដំឡើងថ្លៃសំ​បុត្រ ដើម្បីឲ្យប្រតិបត្តិករទេសចរណ៍នានាបានរៀបចំខ្លួនរួចរាល់ និងងាយស្រួល​រៀបចំកញ្ចប់ទស្សនកិច្ចឡើងវិញ។

អាជ្ញាធរសម្បូរព្រៃគុក កាលពីពេលថ្មីៗនេះបានចេញសេចក្តីជូនដំណឹងទៅសមាគមទេសចរណ៍ និងស្ថាប័នពាក់ព័ន្ឋពីការដំឡើងថ្លៃសំបុត្រចូលទស្សនា​ប្រាសាទសម្បូរព្រៃគុកពី៣ដុល្លារ ដល់១០ដុល្លារ។

លោកហូ វណ្ឌី អគ្គលេខាធិការសមាគមទេសចរណ៍ជាតិកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា ការពន្យាពេលដំឡើងថ្លៃសំបុត្រចូលទស្សនា ប្រាសាទសម្បូរព្រៃគុក សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិជារឿងល្អប្រសើរ ដើម្បីឲ្យប្រតិបត្តិករទេស​ចរណ៍នានាបានត្រៀមខ្លួន និងរៀបចំកញ្ចប់ទស្សនកិច្ច និងកម្មវិធីទុកជាមុន ហើ​យបើដំឡើងថ្លៃគួរធ្វើជាជំហ៊ានៗ មិនគួរដំឡើងមានលក្ខណៈគំហុកបែបនេះទេ។លោកបន្តថា ការរៀបចំដំឡើងឲ្យមានភាពសមស្រប គឺជាគោលនយោបាយទាក់ទាញទេសចរណ៍ ហេតុនេះគួរដំឡើងជាភាគរយតិចៗសិន។

លោកបន្តថា “ការដំឡើងថ្លៃលឿនបែបនេះ អាចធ្វើឲ្យប៉ះពាល់ចំណូលជាតិ និងសហគមន៍ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះវាអាចប៉ះពាល់ដល់ការសម្រេ​ច​ចិត្តរបស់ភ្ញៀវទេសចរណ៍អន្តរជាតិនានា”៕

Gold Tower42 ចាប់ផ្តើម​ឆ្នាំ២០១៨ ខណៈ​ក្រុមហ៊ុន​សាងសង់​កំពុង​សុំច្បាប់

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ជាថ្មី​ម្តងទៀត​ក្រុមហ៊ុន YUNWOO Cambodia បានបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​សាងសង់​អាគារ​តម្លៃ២៤០លាន​ដុល្លារ នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ ខណៈ​ក្រុមហ៊ុន​ទទួលបន្ទុក​សាងសង់ និង​រចនា​អាគារ​នេះ​កំពុង​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាក់​ព័​ន្ឋ។

ក្នុង​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ ដែល​បាន​និយាយ​ពាក់​ព័​ន្ឋ​នឹង​សុវត្ថិភាព និង​គុណភាព​សំណង់​ទុកចោល​ជាច្រើន​ឆ្នាំ​នា​ព្រឹក​ថ្ងៃទី១៩ ធ្នូ​នេះ លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា អាគារ​នេះ បាន​ចំណាយ​ប្រាក់​សាងសង់​អស់១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំ ណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន៣៩៩យូ​នី​ត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YUNWOO បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​សាងសង់​បញ្ចប់​អាគារ​នេះ នៅ​ចុងឆ្នាំ២០១៩ខាងមុខ​ជាមួយ​ក្រុមហ៊ុន​ផ្នែក​រចនា​គឺ​ក្រុមហ៊ុន ​Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Waiman construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

អាគារ Gold Tower42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់៤២ជាន់​នេះ៕

ក្រុមហ៊ុន​អចលនទ្រព្យ​យក្សចិន​បោះទុន​វិនិយោគ ៧០០លាន​ដុល្លា​សាងសង់អាគារ​ពាណិជ្ជកម្ម​ចម្រុះ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា មិន​បញ្ឈប់​ល្បឿន​នៃ​ការអភិវឌ្ឍន៍​នោះទេ ដោយ​ក្រុមហ៊ុន R&F Properties Cambodia Co.,Ltd ជា​ក្រុមហ៊ុន​យក្ស​មួយ​មកពី​ប្រទេស​ចិន បាន​បោះទុន​វិនិយោគ​ប្រមាណ៧០០លាន​ដុល្លារ​អាមេរិក លើ​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ។

អគ្គនាយក​ក្រុមហ៊ុន R&F Properties Cambodia Co.,Ltd លោក Yanli Lin ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​សាងសង់​អគារ​ខុន​ដូ ព្រឹក​ថ្ងៃទី១៩ ធ្នូ ២០១៧នេះ​ថា R&F គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ដែលមាន​បញ្ចូល​នូវ​ការ​រចនា​អចលនទ្រព្យ ការអភិវឌ្ឍ ការគ្រប់គ្រង​វិស្វកម្ម ការលក់​ការគ្រប់គ្រង​អចលនទ្រព្យ និង​ភ្នាក់ងារ​អចលនទ្រព្យ ។ ក្រុមហ៊ុន​មានគុណ​វុឌ្ឍិ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អចលនទ្រព្យ​កម្រិតកម្រិត​A និង​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលមាន​សមត្ថភាព​ចម្រុះ​ខ្លាំង​បំផុត​នៅ​ប្រទេស​ចិន ។

លោក​បាន​បន្តថា “គម្រោង​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ស្នូល ដែលមាន​ទំហំ​ទឹកប្រាក់​ប្រហែល៧០០លាន​ដុល្លារ​អាមេរិក និង​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប៧,៧ហិកតា និង​មាន​ផ្ទៃក្រឡា​អគារ​ជិត៥៦ម៉ឺន​ម៉ែត្រការ៉េ ក្នុងនោះ​អាគារ​លំនៅដ្ឋាន​មាន​ទំហំ​ចាប់ពី ៥៥.១៣៤ម៉ែត្រការ៉េ និង​មាន​បន្ទប់​ចាប់ពី១ទៅ៣បន្ទប់ ដែលមាន​ភាពសមស្រប​សម្រាប់​ទាំង​ការវិនិយោគ និង​ការរស់នៅ​ផ្ទាល់ខ្លួន។លោក​បន្តថា “ក្នុងនាម​ជា​សហគមន៍​រស់នៅ​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ គម្រោង​នេះ​ត្រូវបាន​បំពាក់​ដោយ​ការតុបតែង​សម្ភារៈ​ដ៏​ប្រណិត តាម​បទដ្ឋាន​អន្តរជាតិ និង​ក្លឹប​កម្សាន្ត​លំដាប់​កំពូល” ។

គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន​ខុន​ដូ អា​ផាត​ម៉ិ​ន ការិយាល័យ មជ្ឈមណ្ឌល​កំសាន្ត និង​កីឡា​នេះ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​ឬ​ផ្លូវ​លេខ៦០ម៉ែត្រ។

លោក Yanli Lin បាន​បន្ត​ឲ្យ​ដឹង​ទៀតថា វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ គឺជា​ជោគជ័យ​ពាក់កណ្តាល ក្នុងនាម​ក្រុមហ៊ុន​និង​ដៃគូ​សាងសង់​ដែល​ពាក់ព័ន្ធ នឹង​អនុវត្ត​ស្តង់ដារ​ខ្ពស់ នៃ​ការធ្វើផែនការ​ការគ្រប់គ្រង​គុណភាព​ខ្ពស់ និង​ប្រតិ​ប​តិ្ត​ការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ផ្តល់ជូន​ម្ចាស់​កម្ម​សិ​ទិ្ធ​នូវ​លក្ខខណ្ឌ នៃ​ការរស់នៅ​ដែលមាន​គុណភាព​ខ្ពស់ ដើម្បី​បង្កើត​នូវ​គម្រោង​ប៊ូ​ទិ​ក ដែលមាន​អត្ថន័យ​ទូលំទូលាយ​ទី១ នៅ​រាជធានី​ភ្នំពេញ សម្រាប់​ក្រុមហ៊ុន R&F Properties Cambodia Co.,Ltd ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ប៉ែន សុផល បាន​ថ្លែងថា ការវិនិយោគ​នេះ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស ដែល​ប្រទេស​កម្ពុជា​កំពុងមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ចសង្គម​ពេញលេញ ដែលជា​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​នាំមក​នូវ​កំនើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ប្រកបដោយ​ផ្លែផ្កា​គ្រប់​វិស័យ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ។

លោក​បន្តថា  “លទ្ធផល​គួរ​ជាទី​មោទន​នេះ បានកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ និង​ឯកជន ជាពិសេស​ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ក្នុងការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ការទាក់ទាញ​ការវិនិយោគ។

លោក ​ប៉ែន សុផល ​បាន​បន្តថា កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​បាន​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជួយ​ទ្រទ្រង់​ដល់​កំនើន​សេដ្ឋកិច្ចកម្ពុជា ក្នុង​រង្វង់៧ភាគរយ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មកនេះ និង​តាម​ការព្យាករណ៍​នៅ​ឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជា នឹង​សម្រេចបាន​ក្នុង​រង្វង់៧ភាគរយ​បន្តទៀត ក្នុងនោះ​វិស័យ​អចលនទ្រព្យ និង​សំណង់ ជាសរ​សរ​ស្តម្ភ​មួយ​ដ៏​សំខាន់ ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង​ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៦កន្លងទៅនេះ មាន​ប្រមាណ៥៥៨០លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ២០១៥ គឺមាន​កំណើន​ប្រមាណ៦៧.១៥ភាគរយ និង​ក្នុង​រយៈពេល១០ខែ​នៃ​ឆ្នាំ២០១៧នេះ មាន​ប្រមាណ៦២៦៧លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៦គឺមាន​កំណើន​ប្រមាណ២៧,៦៨ភាគរយ៕

ដំណឹង​ល្អ តោះ ! ទៅ​មើល​ស្ថានភាព​ខុន​ដូ​ឆ្នាំ២០១៧

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​ខុន​ដូ គេ​តែង​នឹកឃើញ​វត្តមាន​អាគារខ្ពស់ៗនៅ ដែល​លូត​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ ដែល​វា​កំពុង​ផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​នេះ​យ៉ាង​សម្បើម។

តើ​ស្ថានភាព​នៃ​ការវិនិយោគ ការផ្គត់ផ្គង់ និង​តម្រូវការ​នៅក្នុង​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ​នេះ (ខុន​ដូ) ប្រែប្រួល​យ៉ាងដូចម្តេច? គេហទំព័​យ​អចលនទ្រព្យ ឈានមុខ​គេ​នៅ​កម្ពុជា Propertyarea.asia នឹង​បង្ហាញជូន​នូវ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​ក្នុង​វិស័យនេះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Vtrust Appraisal ដែល​បានបញ្ចប់​និង​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន១៦០ទីតាំង ក្នុងនោះ៣៣ទីតាំង​បានបញ្ចប់​និង​ដាក់ចូល​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​កើន​ដល់៦០៥០០យូ​នី​ត ក្នុងនោះ៨៧០០យូ​នី​ត​បាននិងកំពុង​ប្រើប្រាស់​ឬ​បញ្ចប់។ ក្រៅពី​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ព្រះសីហនុ​មាន​ខុន​ដូ​ចំនួន​សរុប​កើន​ដល់១៥គំរោង និង​មានផ្ទះ​ប្រមាណ៥០០០យូ​នី​ត ដែល​ភាគច្រើន​នៃ​ខុន​ដូ​ទាំងនោះ​កំពុង​សាងសង់។

នៅ​ឆ្នាំ២០១៧ខុន​ដូ​ចំនួន១៨,០០០យូ​នី​ត ត្រូវបាន​ប្រកាស​លក់​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ ខណៈ​ឆ្នាំ២០១៦មាន​ខុន​ដូ ចំនួន១៤,០០០យួ​នី​ត​ប៉ុណ្ណោះ​បានប្រកាស​លក់។ ផ្ទុយ​ពីនេះ ការលក់​ខុន​ដូ​នៅ​ឆ្នាំ២០១៧នេះ គិត​ជា​មធ្យម​ក្នុង​មួយខែ​លក់បាន១០០យូ​នី​ត ខណៈ​ឆ្នាំ២០១៦ចំនួន​នៃ​ការលក់​មាន​រហូតដល់៣៨០យូ​នី​ត​ក្នុង​មូ​យ​ខែ។ ការសិក្សា​បញ្ជាក់​ឲ្យ​ដឹង។

ខុន​ដូ​មួយ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី៦០,០០០ ទៅ១០០,០០០ដុល្លារ ខុន​ដូ​ពី​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី១៣០,០០០ទៅ១៥០,០០០ដុល្លារ និង​ខុន​ដូ​បី​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី២៥០,០០០ទៅ៣០០,០០០ដុល្លារ​អាមេរិក។

លោក​ហ៊ឹម សីហា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTRUST Appraisal បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៩ ធ្នូ​នេះ​ថា ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ក្តី ក៏​ទីផ្សារ​នេះ​មិនមាន​សញ្ញា ហានិភ័យ​ណាមួយ​នោះទេ ផ្ទុយទៅវិញ​វា​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​ទៅវិញ ព្រោះ​ដើម្បី​ឆ្លើយតប​តម្រូវការ​នាពេល​អនាគត ប៉ុន្តែ​អ្វី​សំខាន់​គឺ​អ្នកវិនិយោគ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​គំរោង​ទាំងនោះ​សាងសង់​ចប់។ កុំ​ឲ្យ​មានការ​ផ្អាក​សាងសង់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ យើង​មិនទាន់បាន​រកឃើញ​គំរោង​ណា​គាំង​កណ្តាល​ទី​ទៀត​ទេ។

លោក​បន្តថា “ស្ថានភាព​នៃ​ការផ្គត់ផ្គង់ វា​ដូចជា​ផ្លូវ​មួយ​ដែល​បានបញ្ចប់​ការសាងសង់ ទោះបី​មិនមាន​មនុស្ស​ធ្វើដំនើរ​ច្រើន​ពីមុន​ក្តី ប៉ុន្តែ​ពេល​សាងសង់​ចប់ វា​នឹង​ទាក់ទាញ​អ្នកធ្វើដំណើរ​ច្រើន។លោក​បន្តថា “វា​ជា​ឳ​កាស​សម្រាប់​ទីផ្សារ សម្រាប់​អតិថិជន ព្រោះ​ពេល​សាងសង់​ចប់​អ្នកវិនិយោគ ក៏​អាច​ប្រែក្លាយ​ខុន​ដូ​ទៅជា​អា​ផាត​ម៉ិ​ន​បាន។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា នាពេល​បច្ចុប្បន្ន​ការលក់​ខុន​ដូ​ប្រណីត មានការ​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​សម្រាប់​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ ដោយ​ផ្តោតលើ​អ្នកមាន​ប្រាក់ចំណូល​មធ្យម និង​លើ​មធ្យម​បន្តិច​នៅតែមាន​សញ្ញា​ល្អប្រសើរ។អ្នកនាង​បន្តថា អ្នកទិញ​ខុន​ដូ​ជា​ជនជាតិ​បរទេស ភាគច្រើន​ពួកគេ​ទិញ​សម្រាប់​ជួល និង​លក់​ចេញ​យកចំណេញ ប៉ុន្តែ​ប្រជាជន​ក្នុងស្រុក​ទិញ​សម្រាប់​រស់នៅ និង​លក់​ចេញ​ឬ​ទុក​ជួល​ផងដែរ។

អ្នកនាង​បន្តថា “បច្ចុប្បន្ន​ប្រជាជន​ខ្មែរ ដែល​បាន​ទិញ​ខុន​ដូ​បាន​កើនសន្សឹមៗ ប៉ុន្តែ​ស្ថានភាព​ទីផ្សារ​មិនមាន​សញ្ញា​ហានិភ័យ​នោះទេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL លោក​ឧកញ៉ា​ចេង ខេង​បាន​ថ្លែងថា ស្ថានភាព​ទីផ្សារ​នេះ​នៅតែ​ល្អប្រសើរ បើទោះជា​មាន​អ្នកខ្លះ​បារម្ភ​ថា ការផ្គត់ផ្គង់​លើស​តម្រូវការ​ក្តី ប៉ុន្តែ​ការពិត​វា​មិន​លើស​តម្រូវការ​នោះទេ ព្រោះ​ចំនូ​ន​ខុន​ដូ​នៅ​កម្ពុជា ធៀប​នឹង​ប្រទេសជិតខាង​មិនទាន់បាន១០ ទៅ២០ភាគរយ​នៃ​ខុន​ដូ​ប្រទេស​គេ​នៅឡើយ​ទេ៕

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ព្រមាន​មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​រំខានអតិថិជន​នៅ​ម៉ោង​សម្រាក

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ និយ័តករ​ទូរគមនាគមន៍​កម្ពុជា (ន​ទក) បាន​ប្រមាន​ចំពោះ​ប្រតិបត្តិ​ករ ឬ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត ទាំងអស់​នៅ​កម្ពុជា​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្ញើរ​សារ ឬ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ខ​ល​ទៅ​រំខាន​អតិថិជន​របស់ខ្លួន​ក្នុង​ម៉ោង​សម្រាក់​ដែល​ប៉ះពាល់ និង​រំខាន​ដល់​សិទ្ធ​ឯកជន​របស់​អ្នកប្រើប្រាស់​សេវា​របស់ខ្លួន។

ការបញ្ចេញ​សារ​ប្រមាន​ចំពោះ​ប្រតិបត្តិ​ករ ឬ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​របស់​និយ័តករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១៩ ធ្នូ​នេះ ក្រោយពី​ទ​ទូល​ការប្តឹង​ពី​សំណាក់​អ្នកប្រើប្រាស់​ថា មាន​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្ញើរ​ក្នុង​ម៉ោង​សម្រាក់ ដែល​រំខាន​ដល់​ដំណេក​របស់​ពួកគេ។

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​លើក​ឡើ​ថា “ដោយ​ទទួលបាន​អ៊ី​ម៉ែ​លពី​សំណាក់​អ្នកប្រើប្រាស់ ប្ដឹង​មកកាន់​នាយកដ្ឋាន​ការប្រកួតប្រជែង និង​ការការពារ​អ្នកប្រើប្រាស់​អំពី​ទូរស័ព្ទ ឬ​សារ​ផ្សព្វផ្សាយ ដែល​ផ្ញើមក​រំខាន​នៅ​ម៉ោង​សម្រាក ជាពិសេស​កំឡុងពេល​ចាប់ពី​ម៉ោង១០យប់​ឡើងទៅ ឬ​កណ្ដាល​អ​ធ្រា​ត​ជាដើម និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា សូម​ធ្វើការ​ក្រើនរំលឹក​ឡើងវិញ ចំពោះ​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ករណី​នេះ។

អាជ្ញាធរ​ដែល​គ្រប់គ្រង​ក្រុមហ៊ុន ទូរគមនាគមន៍​ដដែល​នេះ​បាន​បន្តថា “សូម​ប្រតិបត្តិ​ករ​ទាំងអស់​បញ្ឈប់​នូវ​ការផ្ញើ​សារ ឬ​ខ​ល​ផ្សព្វផ្សាយ​អំពី​ប្រូ​ម៉ូ​សិន​របស់ខ្លួន​នៅក្នុង​ម៉ោង​សម្រាក ដែល​ចាត់ទុកជា​ការរំខាន​សិទ្ធ​ឯកជន​របស់​អ្នកប្រើប្រាស់។

គួរបញ្ជាក់​ផងដែរ​ថា Screenshots ដែល​លោកអ្នក​បានឃើញ​នេះ​បាន​ផ្ញើ​ពី​ក្រុមហ៊ុន ស្មា​ត និង​ម៉ូ​ប៊ី​ថែ​ល។

ទោះជា​យ៉ាងនេះ​ក្ដី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​បញ្ជាក់ថា ពួកគេ​នឹងធ្វើ​ការស្វែងរក​ថា មានការ​ផ្ញើ​ចេញពី​ក្រុមហ៊ុន​ផ្សេង​ឬ​អត់ ហើយ​សិក្សា​អំពី​មូលហេតុ ដែលនាំឱ្យ​មានការ​ផ្ញើ​សារ​ទាំងនេះ​ជាមុនសិន ដើម្បីឱ្យ​ច្បាស់​ថា​ជា​កំហុស​របស់​ប្រព័ន្ធ ឬក៏​ជា​ការយល់ច្រលំ​ណាមួយ រួច​ន.ទ.ក. នឹងធ្វើ​លិខិត​ជូនដំណឹង​ផ្លូវការ ទៅកាន់​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​ឱ្យ​អនុវត្តតាម។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្ដា​ប្រតិបត្តិ​ករ​ទាំងអស់​នឹងចូលរួម​សហ​ការល្អ​ជាមួយគ្នា”៕

លំហូរ FDI មក​កម្ពុជា​នៅតែមាន​ភាពខ្លាំង ខណៈ​កម្ពុជា​ជា​គោលដៅ​របស់អ្នកវិនិយោគ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ លំហូរ​ទុនវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​មក​កម្ពុជា (FDI) នៅតែមាន​សញ្ញា​រ៉ឹង​មាំ និង​គួរ​ឲ្យ​រីករាយ​សម្រាប់​ឆ្នាំ២០១៧នេះ ដោយ​ទំហំ​ទឹកប្រាក់​កើន​ដល់​ជាង២៦០០លាន​ដុល្លារ ខណៈ​កម្ពុជា​កំពុង​ស្ថិតក្រោម​ក្រសែភ្នែក​នៃ​អ្នកវិនិយោគ​អន្តរជាតិ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង​អាន សុធី​តា​ដែល​បាន​តាមដាន​ការវិវត្តន៍ នៃ​លំហូរ​ទុនវិនិយោគ​ពី​បរទេស​មកកាន់​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ដោយសារ​កម្ពុជា​មានកា​រ​រីកចម្រើន​និង​ក្លាយជា​ប្រទេសមួយ ដែល​អ្នកវិនិយោគ​ផ្តោត​ជា​គោលដៅ បានធ្វើ​ឲ្យ​លំហូរ​ទុន​វុ​និ​យោគ​ដោយផ្ទាល់​ពី​បរទេស កើន​ដល់២៦០០លាន​ដុល្លារ​កាលពី​ឆ្នាំមុន និង​រំពឹង​កើន​ដល់​ច្រើនជាង២៦០០លាន​ដុល្លារ សម្រាប់​ឆ្នាំ២០១៧នេះ។នេះ​បើតាម​ការព្យាករណ៍​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អ្នកនាង​បន្តថា “កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ច្បាប់​វិនិយោគ​ច្បាប់​ព​ន្ឋ និង​ច្បាប់​ពាក់​ព័​ន្ឋ​នឹង​ការលើកទឹកចិត្ត​អ្នកវិនិយោគ បានធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​កំនើន​លំហូរ FDI គួរ​ឲ្យ​រីករាយ។អ្នកនាង​បន្តថា “ធៀប​ជាមួយ​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន គឺ​ថៃ​មាន​លំហូរ FDI ត្រឹម១៣០០លាន​ដុល្លារ​ប៉ុណ្ណោះ ដោយសារ​បញ្ហានយោបាយ​នៅ​ប្រទេស​ថៃ ការឡើង​ថ្ល​ឌ​ពលកម្ម និង​ការពឹងផ្អែក​របស់​ថៃ​លើ​អ្នកវិនិយោគ​ក្នុងស្រុក។

អ្នកនាង​អាន សុធី​តា​បាន​បន្តថា ប្រសិនជា​ធៀប​លំហូរ FDI មក​កម្ពុជា គឺមាន​ប្រហាក់ប្រហែលគ្នា នឹង​ប្រទេស​វៀតណាម​កាលពី​ឆ្នាំមុន ប៉ុន្តែ​នៅ​ឆ្នាំនេះ​យើង​មិនទាន់មាន​តួលេខ​ជាក់លាក់​ទេ តែ​តាម​ការព្យាករណ៍​កំនើន​ពី​រដ្ឋាភិបាល​កំនើន​ FDI មក​កម្ពុជា​នឹង​នៅតែ​ល្អប្រសើរ។

ទោះជា​យ៉ាងណា​យោងតាម​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ២០១៦ កម្ពុជា​បាន​ទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ក្នុង​ទឹកប្រាក់​សរុប៣.៦០៩.៧០លាន​ដុល្លារ ក្នុងនោះ​ទុនវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ៣៤ភាគរយ។ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ១៥ភាគរយ វិស័យ​កសិកម្ម១៣ភាគរយ និង​វិស័យ​ទេសចរណ៍ ៣៨ភាគរយ។

សម្តេច​បាន​បន្តថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​បរទេស គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ៨ពាន់​លាន​ដុល្លារ គឺ​បាន​កើនឡើង​ប្រមាណ១១ភាគរយ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៥»៕

ក្រុមហ៊ុន​តាក់ស៊ី Grab ប្រកាស​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន Grab ជា​ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​ឈានមុខ​គេ​នៅ​អាស៊ី​អា​គ្មេ​យ៍​បានប្រកាស​ចូល​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​នា​ព្រឹក​ថ្ងៃទី១៩ ធ្នូ​នេះ។

អតិថិជន​អាច​ហៅ​តាក់ស៊ី Crab តាមរយៈ App Store និង ហ្គូ​ថ​ហ្គ​ល ផ្លេ (Google Play) (អន​ឡាញ) ជា​បច្ចេកវិទ្យា​ក្នុង​ការផ្តល់​សេវាកម្ម​តាក់ស៊ី​ទីមួយ​នៅ​កម្ពុជា ដែល​ប្រើប្រាស់​បច្ចេកវិទ្យា និង​ទិន្នន័យ​ផ្ទាល់​រវាង​អតិថិជន និង​ក្រុមហ៊ុន។

លោក Wee Tang Yee នាយក​ក្រុមហ៊ុន​ក្រេប​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ពោធ​កម្មវិធី​មធ្យោបាយ​ធ្វើដំណើរ​លេខ១ នៅ​អាស៊ីអាគ្នេយ៍​មកដល់​ប្រទេស​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី១៩ ធ្នូ​នេះ​ថា ក្រោយពី​បាន​ចុះ​អនុស្សារណៈ​យោគយល់ ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ក្រុមហ៊ុន​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍន៍​សេវា​ដឹកជញ្ជូន​ប្រកប ដោយ​សុវត្ថិភាព​ជឿទុកចិត្ត​មាន​សេវា​ទូលំទូលាយ ចូលរួម​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ចរាចរណ៍​កាន់តែ​ល្អប្រសើរ ព្រមទាំង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផងដែរ។

លោក​បាន​បន្តថា “Crab បាន​ប្រតិបត្តិការ សេវាកម្ម​កម្មវិធី​រថ​យន្ត​តាក់ស៊ី​ក្នុងប្រទេស​ចំនួន៧ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន ប្រទេស​សឹង្ហ​បុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​មី​យ៉ាន់​ម៉ា។ លោក​បន្តថា “ក្រុមហ៊ុន​នេះ​មាន​អ្នកបើកបរ​ប្រចាំ​នៅក្នុង​តំបន់​ប្រមាណ ជាង២.១លាន​នាក់ ក្នុង​ទីក្រុង​ចំនួន១៥៦ និង​មានការ​ទាញយក​កម្មវិធី​ក្រេប​ច្រើនជាង៧២លាន​ដង។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា វត្តមាន​របស់​ក្រេប​នាពេលនេះ នឹង​ជំរុញ​ឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​ដឹកជញ្ជូន ពិសេស​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ក្រុមហ៊ុន​នេះ​បាន​គោរព​ស្តង់ដារ​ពេញលេញ នៅក្នុង​ទីផ្សារ​តំបន់​អាស៊ី ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ខ្ពស់ ក្នុង​ទីផ្សារ​ដឹកជញ្ជូន​ដែល​អាច​ទទួលបាន​សម្រាប់​ប្រជាជន​ទាំងអស់ និង​ធ្វើ​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍ ក្លាយជា​តំបន់​សេដ្ឋកិច្ច​ឌីជីថល៕