ជំនាញអចលនទ្រព្យមួយទៀត ដែលរកលុយបានច្រើន មិនទាន់មានអ្នកផ្តល់សេវាគ្រប់គ្រាន់

ដោយ គង់ សូរិយា

ភ្នំពេញ៖ Property Management ជាសេវាគ្រប់គ្រងអចលនទ្រព្យ ដែលកម្ពជាមិនទាន់បំពេញបាននៅឡើយទេ ដោយសារក្រុមហ៊ុនអចលនទ្រព្យនានានៅកម្ពុជាមិនទាន់មានជំនាញនេះនៅឡើយ។

វាជាជំនាញមួយ និងជាសេវាកម្មមួយដែលអាចរកប្រាក់បានច្រើន ប៉ុន្តែមិន​ទាន់មានក្រុមហ៊ុនច្រើននៅឡើយទេ ដែលអាចចាប់យកឳកាសនេះបាន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងកាលពីពេលថ្មីៗនេះបានលើកឡើងថា ជំនាញគ្រប់គ្រងអចលនវត្ថុ(Property Management) នៅ​កម្ពុជាមិនទាន់មានក្រុមហ៊ុនច្រើនអាចធ្វើបាននៅ ឡើយទេ គឺបច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិបីឬបួនប៉ុណ្ណោះ បានផ្តល់សេវាកម្មផ្នែកនេះ ខណៈសេវាកម្មបែបនេះនៅមានសក្តានុពល ពោលគឺមានតម្រួវការច្រើន​ក្នុងទីផ្សារ។

លោកបន្តថា ​”ជំនាញនេះមានសារៈសំខាន់ និងអាចរកលុយបានច្រើន ហេតុនេះ យើងគួរពង្រឹងផ្នែកនេះ ដើម្បីអាចផ្តល់សេវាកម្មជាមួយចំណេះដឹងនិង​ផ្តល់សេវាកម្មល្អប្រសើរដល់អតិថិជន”។លោកបន្តថា “សំណង់អាការធំៗខ្ពស់ៗ ជាច្រើនបានរីកចម្រើននៅកម្ពុជាយ៉ាងខ្លាំង ហេតុនេះការសិក្សាជំនាញនេះពិតជា​មានសារៈសំខាន់ ដើម្បីជួយដល់វិស័យនេះ”។ ក្រុមហ៊ុនអន្តរជាតិតិចតួចប៉ុណ្ណោះបាន និងកំពុងផ្តល់សេវាកម្មនេះនៅកម្ពុជា។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងថា បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នក​ជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើ  ឲ្យអចលនទ្រព្យកើនឡើង និងធ្វើឲ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអាគារនោះ។

អ្នកនាងបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអច​លនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលន​ទ្រព្យបែបនេះច្រើននៅឡើយ”។

អ្នកនាង អាន សុធីតា បានបន្តថា ការផ្តល់សេវាគ្រប់គ្រងអាគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុន​គ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើ​យថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ៕

ចំណុចត្រូវដឹង ដើម្បីការពារហានិភ័យមុនទិញដីឡូត៍

ដោយ រ៉ាវី

ភ្នំពេញ៖ ស្របពេលចលនានៃការទិញដីឡូត៍ និងពុះដីឡូត៍លក់ចាប់ផ្តើមផ្ទុះរឿងបណ្តើរៗ។ Propertyarea.asia សូមយកចំណុចពិសេសខ្លះចេញពីវេបសាយលំដាប់អន្តរជាតិមួយ គឺគេហទំព័រ Propertyarea.asia ដែលបានពន្យល់លំអិតពីបញ្ហានេះ។

គេហទំព័រនេះបានណែនាំអ្នកមានបំណងទិញ ឬវិនិយោគលើដីឡូត៍ពិនិត្យ​មើលទិដ្ឋភាពមួយចំនួន មុនសម្រេចចិត្តទិញឬមិនទិញដីឡូត៍ទាំងនោះ។

ទិដ្ឋភាពផ្លូវច្បាប់

ត្រូវប្រាកដថាដីឡូត៍ដែលលោកអ្នកទិញ ជាការទិញពីម្ចាស់ប័ណ្ណពិតប្រាក​ដ មិនមែនទិញពីអ្នកពុះដីឡូត៍នោះទេ ព្រោះអ្នកពុះដីឡួត៍មួយចំនួនបានយកដីគេមកលក់ ហើយរត់ចោលអតិថិជនរបស់ខ្លួន នៅពេលពួកគេប្រមូលប្រាក់បាន(ករណីនេះបានកើតមានរួចហើយ។

ប្លង់កម្មសិទ្ឋ

ចំណុចមួយទៀតត្រូវប្រាកដថា ដីឡូត៍ដែលខ្លួនបានទិញមានប្លង់ត្រឹមត្រូវ។ នេះមានន័យថា ប្រសិនជាដីឡូត៍នោះមានប្លង់រឹង ត្រូវតែកាត់ប្លង់រឹង ព្រោះអ្នកលក់ដីឡូត៍ខ្លះមានប្លង់រឹង តែបានកាត់ប្លង់​ត្រឹម ស្រុក ឬខ័ណ្ឌ ឬត្រឹម ឃុំសង្កាត់។ ប្រសិនជាការទិញលក់បែបនេះ ពិតជាមានហានិភ័យ ព្រោះម្ចាស់ដីឡូត៍ខ្លះបានដាក់ប្លង់នៅធនាគាររួចហើយ និងអាចលួចផ្ទេរកម្មសិទ្ឋដល់កូនចៅ​របស់ខ្លួនជាប្លង់រឹង នោះអ្នកទិញដីឡូត៍នោះនឹងមានហានិភ័យកើតឡើង ព្រោះពួកគេគ្មានមូល​ដ្ឋានផ្លូវច្បាប់តវ៉ាឡើយ។

ហេដ្ឋារចនាសម្ព័ន្ឋ

តាមធម្មតា អ្នកពុះដីឡូត៍លក់តែងតែមានយុទ្ឋសាស្រ្តខុសៗគ្នា ដើម្បីទាក់​ទាញអតិថិជនរបស់ខ្លួន តាមរយៈការចាក់ផ្លូវ ដាក់បង្គោលអគ្គិសនី ទឹកស្អាត និងប្រព័ន្ឋលូជាដើម។ ហេតុនេះអ្នកទិញ ដែលមិនយល់ពីបញ្ហានេះ ពួកគេមិនបារម្ភឡើយ ប៉ុន្តែមានរឿងជាច្រើននៅក្នុងនោះ ដូចជា តើផ្លូវត្រូវតាមស្តង់ដាឬទេ? ប្រព័ន្ឋលូមានកន្លែងបង្ហូរត្រឹមត្រូវឬទេ ឬគ្រាន់តែដាក់ឲ្យរួចពីដៃ។ ចំណុចមួយទៀតតើប្លង់ទាំងនោះត្រូវបានទទួលស្គាល់កម្រិតណា?ជាដើម។ នេះជាចំណុច ដែលត្រូវសួរ។

ការបង់រំលោះ

ដោយសារតែចង់ពុះដីឡូត៍លក់បានច្រើន និងយកចំណេញ អ្នកវិនិយោគពុះ​ដីឡូត៍លក់តែងតែឲ្យអតិថិជន បង់ប្រាក់នៅក្រុមហ៊ុនរបស់ខ្លួន ដោយគ្មានការ​ប្រាក់។នេះជាចំណុចហានិភ័យមួយ ព្រោះទី១ ការទូទាត់បែបនេះមិនមានច្បាប់​ណាមួយគ្រប់គ្រងឡើយ ទី២ ការបង់រំលោះបែបនេះ ក្រុមហ៊ុនអាចប្រមូលបានប្រាក់ហើយរត់ និងមិនទទួលខុសត្រូវ និងប្រព័ន្ឋបង់ប្រាក់បែបនេះ ជាការទូទាត់​ខុសច្បាប់។

ទិដ្ឋភាពសង្គម

តំបន់ដីឡូត៍មិនងាយនឹងមានការអភិវឌ្ឍនោះទេ ដោយសារអ្នកទិញដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងពួកគេរង់ចាំគ្នា មិនងាយនឹងធ្វើការសាងសង់លំនៅដ្ឋាននោះទេ។ ទោះជាពួកគេសាងសង់លំនៅដ្ឋាន ក៏ជាលំនៅដ្ឋានគ្មា​នរបៀបរៀបរយនោះដែរ ព្រោះពួកគេមានចិត្តស្រលាញ់ខុសៗគ្នា ដែលធ្វើឲ្យស​ហគមន៍ពួកគេរស់នៅមិនមានសោភ័ណភាពឡើយ។

ទិដ្ឋភាពសេដ្ឋកិច្ច

អ្នកទិញដីឡូត៍ភាគច្រើន ចង់ទិញយកលក់យកចំណេញ ប៉ុន្តែតាមធម្មតា អ្នកទិញដីឡូត៍ មិនងាយទទួលបានផលចំណេញនោះទេ ព្រោះអ្នកវិនិយោគពុះដីឡូត៍លក់ បានយកចំណេញខ្ពស់រួចទៅហើយ។ ហេតុនេះការទិញដីឡូត៍មិនសូវ ទទួលបានផលចំណេញខ្ពស់នោះឡើយ៕

ស្វែងយល់អាស៊ាន! ប្រទេសឡាវកំពុងប្រែក្លាយតំបន់មួយចំនួនទៅជាងតំបន់សេដ្ឋកិច្ចទំនើប

ដោយ : វុត្ថា

ភ្នំពេញ : យោងតាមសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមអ្នកវិនិយោគបានបោះទុន ២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់មួយចំនួនអោយក្លាយទៅជាតំបន់សេដ្ឋកិច្ចទំនើបក្នុងទីក្រុងវៀងច័ន្ទប្រទេសឡាវ ។


លោក Phanchinda Lengsavad អនុរប្រធាននៃក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសបានអោយដឹងថា ចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះ មាន វិនិយោគទុនសរុបចំនួនជាង ២០០ លានដុល្លារបានហូរចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស That Luang Marsh Special Economic Zoon ដោយក្នុងនោះមានគម្រោងវិនិយោគ condo ចំនួន ៤ ក្នុងចំណោម ១១គម្រោង ដែលគ្រោងសាងសង់ចាប់ពី ១៧ ជាន់ឡើង ហើយនាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសកំពុងបើកអោយមានការដាក់លក់។ លើសពីនេះ ទៀត ក៏មានគម្រោងហេដ្ឋាចនាសម្ព័ន្ធដែលសាងសង់រួចរាល់ប្រមាណជា ៩០ភាករយដូចជាង ផ្លូវចូល ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធបង្ហូរទឹក ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់សេដ្ឋកិច្ចនេះកាលពីសប្តាហ៍មុននេះ លោក Sinlavong Khounphaythoune ចៅហ្វាយក្រុងវៀងច័ន្ទ បានជម្រុញអោយអ្នកអភិវឌ្ឍន៍ប្រកាន់យកនៅពាក្យស្លោកមួយចំនួនដែលរួមមាន ភាពស្អាត សុវត្ថិភាព និង សន្តិភាពក្នុងដំណើរការអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះអោយទៅជាទីក្រុង Smart City ខណៈទីក្រុងវៀងច័ន្ទ កំពុងតែបោះជំហានមួយកម្រិតទៀត ។
លោកក៏បានអំពាវនាវដល់មន្ត្រីបរិស្ថាន និងធនធានធម្មជាតិ ត្រូវសហការជាមួយក្រុម អ្នកអភិវឌ្ឍន៍ដើម្បីដោះស្រាយសំណងបញ្ហាដីធ្លីដែលនៅសេសសល់នៅតំបន់នេះ ។
ចៅហ្វាយក្រុងរូបនេះបន្ថែមថា អាជ្ញាធរពាក់ព័ន្ធក៏គួរតែសម្របសម្រួលជាមួយសាងសង់ក្នុងការកសាងប្រព័ន្ធលូទឹកដើម្បីឱ្យមានស្តង់ដារខ្ពស់ដើម្បីទប់ស្កាត់ទឹកជំនន់ដែលកើតឡើងជាយថាហេតុណាមួយ។

គម្រោងស្រដៀងគ្នានេះក៏មាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Boten Dankham ក្នុងខេត្ត Luang Namtha ។ តំបន់សេដ្ឋកិច្ចពិសេសនៅតំប់ត្រីកោណមាសនៅក្នុងខេត្ត Bokeo។ តំបន់សេដ្ឋកិច្ចពិសេស Phoukhievw នៅខេត្ត Khmamuan តំបន់សេដ្ឋកិច្ចពិសេស Pakxe-Japan នៅខេត្ត Champassak និងតំបន់សេដ្ឋកិច្ចពិសេស Savan-Seno នៅខេត្ត Savannakhet។

បុរី VIP ចូលរួមធ្វើទំនប់ការពារជំនន់ដោយទឹកភ្លៀង

ជាការចូលរួមចំណែកនៅក្នុងកិច្ចការងារសង្គម ក្រុមហ៊ុន បុរី VIP បានសហការជាមួយអជ្ញាធរក្នុងតំបន់ធ្វើទំបន់ការពារទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង សង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាមួយនឹងការចូលរួមសកម្មភាពខាងលើនេះ ក្រុមហ៊ុន បុរី VIP បានឧបត្ថម្ភជាគ្រឿងចក្រ រួមមានគ្រឿងចក្រកាយដី គ្រឿងចក្រឈូសឆាយដី គ្រឿងចក្រកិនបង្ហាប់ដី និងរថយន្តដឹកដីជាដើម ។

លោក យ៉ែន សុខលីន ប្រធានគ្រប់គ្រងផ្នែកទីផ្សារបានប្រាប់ឱ្យដឹងថា ៖ សម្រាប់ទំនប់ដែលកំពុងធ្វើនាពេលនេះ មានប្រវែងជិត2000ម៉ែត្រ ដោយយើងត្រូវកាយធ្វើជាប្រឡាយ និងចាក់ដីបន្ថែម ដែលអាចមានលទ្ធភាពបញ្ចៀសគ្រោះទឹកជំនន់ដល់ប្រជាពលរដ្ឋប្រមាណជិត 1000គ្រួសារ ដែលកំពុងរស់នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកបានបន្ថែមទៀតថា ៖ នេះគ្រាន់តែជាការចូលរួមចំណែកនៅក្នុងការងារសង្គមជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈដែលជាទូទៅ ក្រុមហ៊ុន បុរី VIP តែងព្យាយាមចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដូចជាកាលពីថ្ងៃទី20 ម្សិលមិញនេះ ក្រុមហ៊ុន បាននាំយកថវិកាចំនួនមួយម៉ឺនដុល្លារ សហការជាមួយលោក ហេរ៉ូ ពិធីករប្រចាំនៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ និងសប្បុរសជនមួយចំនួនទៀត ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកគាំទ្រដល់ដំណើររបស់មន្ទីរពេទ្យមួយនេះ ៕

ក្រសួងទេសចរណ៍ ចាប់ផ្ដើមជំរុញការធ្វើពិពិតធកម្មទេសចរណ៍

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុកលើកដំបូងដ៏ធំមួយ នៅកោះពេជ្រ ដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ និងចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក ដែលកំពុងមានការកើនឡើងរៀងរាល់ឆ្នាំ។

ពិធីបើកពិព័រណ៍ទេសចរណ៍នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានស្តង់បង្ហាញផលិតផលទេសចរណ៍ប្រមាណ ១៥០ស្តង់។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» បាននិងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត។

ជាក់ស្តែង នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥.៦លាននាក់ ក្នុងកំណើន ១១.៨% បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប និងតំណាងឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។ ហើយក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ យើងទទួលបានទេសចរអន្តរជាតិប្រមាណ ២.៦លាននាក់ ក្នុងកំណើន ១៣.៥%។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណ ១លាននាក់ និងនៅឆ្នាំ២០៣០ ទេសចរអន្តរជាតិនឹងកើនដល់ ១៥លាននាក់ នឹងនាំចំណូលប្រមាណ ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណ ២លាននាក់។

ឯកឧត្តមបន្តថា សម្រាប់ទេសចរណ៍ក្នុងស្រុក កំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (៦%ជាមធ្យម)។ ជាក់ស្តែង នៅឆ្នាំ២០១៥ ទេសចរក្នុងស្រុកមានចំនួនជាង ៩.៦លាននាក់ កើនដល់ជាង ១០លាននាក់ នៅឆ្នាំ២០១៦ និងជិត ១១លាននាក់ នៅឆ្នាំ២០១៧ ហើយជាចក្ខុវិស័យក្រសួងទេសចរណ៍រំពឹងថានឹងមានទេសចរប្រមាណ ១៩លាននាក់ នៅឆ្នាំ២០២៥។

សារសំខាន់នៃទេសចរណ៍ក្នុងស្រុករួមចំណែកក្នុងសេដ្ឋកិច្ចជាតិ និងសង្គម រួមមាន៖
១៖ ខុសពីទេសចរណ៍អន្តរជាតិ ទេសចរណ៍ក្នុងស្រុកមិនសូវរងផលប៉ះពាល់ដោយសារវិបត្តិសាកល មិនថាជាវិបត្តិសេដ្ឋកិច្ច នយោបាយ ជំងឺឆ្លង ឬបញ្ហាគ្រោះធម្មជាតិ។

២៖ រួមចំណែកក្នុងការអភិវឌ្ឍក្នុងតំបន់តាមរយៈការបែងចែកចំណូល និងផលចំណេញតាមមធ្យោបាយផ្សេងៗ ដោយការបន្ថែមគុណតម្លៃនៅតំបន់ទាំងនោះ។

៣៖ ទេសចរណ៍ក្នុងស្រុកជាមធ្យោបាយដ៏ល្អឥតខ្ចោះមួយ ដែលជួយសម្រួលភាពតានតឹងសង្គម ដោយអនុញ្ញាតឱ្យប្រជាជនដែលមានចំណូលទាប ដែលមិនមានលទ្ធភាពអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស អាចមានឱកាសធ្វើដំណើរលំហែកាយ និងសម្រាកតាមរមណីយដ្ឋាននានានៅក្នុងស្រុក។

៤៖ ចលនាទេសចរណ៍ក្នុងស្រុកជាឧបករណ៍ធ្វើឱ្យតំបន់ទេសចរណ៍ថ្មីៗ ឬមិនសូវមានភាពល្បីល្បាញទទួលបានការចាប់អារម្មណ៍ និងដំណើរការទៅមុខសម្រាប់បម្រើឱ្យវិស័យទេសចរណ៍។

៥៖ ផ្អែកតាមទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច ទេសចរណ៍ក្នុងស្រុកអាចធ្វើរំលស់ចំណាយជាតិលើវិស័យទេសចរណ៍អន្តរជាតិបាន។ តួយ៉ាងដូចជាការវិនិយោគលើសម្បទារូបវ័ន្ត មានការដឹកជញ្ជូន ស្នាក់នៅ អាហារជាដើម ក៏ដូចជាការវិនិយោគផ្នែកអរូបីដូចជាការបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្ម។

៦៖ ទេសចរណ៍ក្នុងស្រុកជាចលករយ៉ាងសំខាន់ សំដៅការការអប់រំប្រជាពលរដ្ឋឱ្យដឹងពីសក្តានុពល ចេះស្រលាញ់ទឹកដី នឹងជឿជាក់លើរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក អនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍ ២០១២-២០២០ ឱ្យបានជោគជ័យ និងឆ្លើយតបតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ដែលនឹងជំរុញឱ្យមានទេសចរក្នុងស្រុកប្រមាណ ១៩លាននាក់ ក្នុងឆ្នាំ២០២៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអនុវត្តការងារមួយចំនួនក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយគុណភាព និងចិរភាព រួមមានការដាក់ចេញការអនុវត្តយន្តការពង្រឹងប្រព័ន្ធវាយតម្លៃ ចំណាត់ថ្នាក់សេវាស្នាក់នៅ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អជាដើម៕

គម្រោងដីឡូដ៍លើកដំបូងមានសេវាធនារ៉ាប់រង

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន ៧ អិនជី (ខេមបូឌា) និងក្រុមហ៊ុន មាតារ៉ាប់រង ភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការផ្តល់ធានារ៉ាប់រងអាយុជីវិតរយៈពេល ៥ជូនដល់អតិថិជនទិញដីឡូដិ៍ នៅតំបន់អភិវឌ្ឍន៍ ៧ អិនជី ដែលស្ថិតនៅក្នុងឃុំវិហារសួគ៌ ខេត្តកណ្តាល។

ថ្លែងប្រាប់គេហទំព័រ propertyarea.asia ក្រោយពិធីចុះហត្ថលេខាលើអនុស្សារណៈ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោក ខែម សារី នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មាតារ៉ាប់រង ភីអិលស៊ី បានអោយដឹងថា ការសហការគ្នានេះ គឺជាគំនិតផ្តួចផ្តើមឡើងរវាងថ្នាក់ដឹកនាំ ក្រុមហ៊ុន 7 NG ជាមួយក្រុមហ៊ុន ធានាមាតារ៉ាប់រង ក្នុងគោលបំណងក្នុងការលើកទឹកចិត្តក៏ដូចជាតម្រូវការអតិថិជនថ្មីដែលទិញដីឡដិ៍តំបន់នេះ។

លោកបន្តទៀតថា នៅក្នុងជីវិតរបស់មនុស្សមិនត្រឹមតែត្រូវការអចលនទ្រព្យដូចជា ដី ធ្លី ឬ លំនៅដ្ឋាន សម្រាប់រស់នៅប៉ុណ្ណោះទេ ទើបក្រុមហ៊ុនក៏បានគិតគូដល់អាយុជីវិតអតិថិជនផងដែរ។

លោកបញ្ជាក់ទៀតថា ដោយមើលឃើញពីតម្រូវការបែបនេះ ហើយ ទើបក្រុមហ៊ុនបង្កើតគម្រោង Orange Sky នេះ ឡើង ក្នុងការផ្តល់ធានារ៉ាប់រងអាយុជីវិតរយៈពេល ៥ ដល់អថិជនថ្មីទាំងនៅពេលដែលពួកគេ ទិញដីឡូដិ៍ណាមួយនៅក្នុងតំបន់នេះ។ បើអិតិថិជនរូបណាមានបញ្ហាណាមួយកើតឡើងដល់អាយុជីវិតក្នុងចន្លោះពេល ៥ ឆ្នាំនៃការទិញដីឡូដិ៍នោះ ក្រុមហ៊ុនជាអ្នកចេញថ្លៃសំណងនានាជូនដល់អិតិជនទាំងអស់ ព្រោះថា បច្ចុប្បន្ននេះ នណាៗ ក៏គិតគូពីធានារ៉ាប់រងជីវិតដែរ។ ដូច្នេះអ្វីដែលក្រុមហ៊ុនទាំងពីរបានសហការគ្នាធ្វើឡើង នេះ គឺដើម្បីសម្រួលដល់អតិជន និងលើកទឺកចិត្តដល់អតិថិជន។

តែយ៉ាងណាក៏ដោយលោកបានពន្យល់ដែរថា សំណងដែលត្រូវសង់អិតិថិជននេះ មិនមែនសង់ទៅលើការ បង់ប្រាក់ រំលោះដីធ្លីនោះទេ គឺក្រុមហ៊ុនមានកញ្ចប់ថវិការផ្តល់ជូននៅពេលអតិជន ជួបគ្រោះថ្នាក់ដល់អាយុ ជីវិតតែប៉ុណ្ណោះ។
លោក លន់ ដារិន នាយកអចលនទ្រព្យនិងធានារ៉ាប់រងនៃក្រុមហ៊ុន ៧ អិនជី (ខេមបូឌា) បានលើកឡើងដែរថា នេះ គឺជាលើកទីមួយក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុនទាំងពីរបានសហការគ្នាក្នុងការផ្តល់គម្រោងធានារ៉ាប់រងដល់អាយុជីវិតជូនដល់អតិថិជន និងផ្តល់ជំនឿទុកចិត្តដល់អតិថិជនដោយក្រុមហ៊ុនមានដីឡូដិ៍ច្បាស់លាស់លក់ជូនដល់អថិជន។

លោកបន្តទៀតថា នៅក្នុងតំបន់អភិវឌ្ឍន៍ ៧ អ៊ិនជី នេះ មានគម្រោងជាច្រើន កំពុអភិវឌ្ឍន៍ តែក្រុមហ៊ុនកំពុងលក់ជូនដល់អតិថិជននេះ មាន ៣ គម្រោងប៉ុណ្ណោះ គឺ គម្រោង Orange Sky មាន ២ គម្រោង និង New Family មានមួយគម្រោង។

លោកបានរំពឹង ក្រោយពីចុះហត្ថលេខាលើកអនុស្សារណៈយោគយល់គ្នាក្នុងការផ្តល់ធានារ៉ាប់រងអាយុជីវិតជូនដល់អតិថិជននេះ នឹងទទួលបានជោគជ័យព្រោះថា តំបន់នេះ កំពុងតែមានសក្កដានុពលសេដ្ឋកិច្ចខ្លាំង មានទំាងរោងចក្រចំនួន ២០ កំពុងប្រតិបត្តិការ ដោយក្នុងនោះក៏មានគម្រោងរបស់រដ្ឋាភិបាលសហការជាមួយកូរ៉េវិនិយោគ ទៅលើការសាងសង់ស្ពានឆ្លងកាត់ទន្លេចំនួនពីរបន្ថែមទៀតទៅកាន់តំបន់នេះ នឹងធ្វើអោយតំបន់នេះមានសកក្កានុពលផ្នែកដីធ្លីកាន់តែមានតម្លៃឡើងថ្លៃមួយកម្រិតទៀត៕

គម្រោងខុនដូថ្មីមួយទៀត នឹងបង្ហាញខ្លួននៅជិតផ្សារទំនើប AEON 2 ក្នុងខណ្ឌសែនសុខ 

ខណៈពេលដែលវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេស នៅក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញ ដែលពោរពេញទៅដោយសំណង់អាផាតមិន និងខុនដូ យ៉ាងស្អែកស្កះនោះ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដុនដូដ៏ទំនើប និងស្រស់ស្អាតដែលមានឈ្មោះថា VISTA Condo នៅទីតាំងដែលកំពុងតែមានការអភិវឌ្ឍន៍ ប្រកបដោយសក្ដានុពលខ្លាំង ក្បែរផ្សារទំនើប AEON 2 និងផ្សារផលិតផលថៃ Makro។

ផ្អែកតាមការអោយដឹង ពីលោក ងួន ឆាយលាង ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុន ភ័ញធើ ប្រូភើធី បានប្រាប់ឱ្យដឹងថា ៖ ជាមួយនឹវត្តមានរបស់ខុនដូបែបទំនើប និងទាន់សម័យ VISTA Condo នឹងទទួលបានភាពល្អប្រសើរជាច្រើន ត្បិតខុនដូមួយនេះបានជ្រើសរើសទីតាំងយ៉ាងល្អប្រសើរ ស្ថិតនៅចំកន្លែងដែលអំណោយផលល្អ ពោលគឺជាទីតាំងមានតម្រូវការជួលខ្ពស់ពីអតិថិជនជាតិ និងអន្តរជាតិ។

ជាពិសេសទីតាំងនោះ មានបុគ្គលិកជាជនបរទេស និងសិស្សសាលាអន្តរជាតិនានា ព្រមទាំងក្បែរផ្សារ Makro និងក្បែរផ្សារទំនើប AEON 2 ផងដែរ ដែលហ៊ុំព័ទ្ធទៅដោយក្រុមហ៊ុន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ខុនដូ VISTA បានរួមផ្សំជាមួយនឹងរចនាបទទំនើប និងមានកន្លែងកម្សាន្តលំហែរួមបែបស៊ីវិល័យល្អ មានបំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ស្ទើរនឹកស្មានមិនដល់។

លើសពីនេះ ដោយោងតាមប្រសាសន៍លោក គង់ គឹមហុង ដែលជានាយកប្រតិបត្តិនៃគម្រោង VISTA Condo បានអោយដឹងថា ជាមួយនឹងការបង្ហាញវត្តមានយ៉ាងលេចធ្លោរក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ជាការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជន នៅក្នុងឱកាសនៃការអបអរសាទរបញ្ចប់គ្រោងអគារ និងបើកលក់ជាផ្លូវការ ខុនដូ VISTA មានការបញ្ចុះតម្លៃយ៉ាងពិសេស រហូតដល់ ១៦,០០០ ដុល្លារអាមេរិក ដែលបង់ត្រឹមតែ ៤១៤ ដុល្លារអាមេរិចក្នុងមួយខែ ហើយការផ្តល់ជូននេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ2018 ខណៈដែលការសាងសង់នឹងបញ្ចប់ជាស្ថាពរ នៅត្រឹមចុងឆ្នាំ២០១៨ខាងមុខនេះ៕ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 010 887 336 / 011 887 226

ដំណឹងល្អ! រដ្ឋាភិបាលភិបាល នឹងចំណាយថវិកា ១១០លានដុល្លារពង្រីកផ្លូវជាតិលេខ៤

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការនឹងដឹកជញ្ជូន គ្រោងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន និងពង្រីកផ្លូវជាតិលេខ៤ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង បន្ទាប់ពីមានឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះ​សុន។

ក្នុងពេលចុះពិនិត្យមើលស្ថានភាពផ្លូវលេខ ៤ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨បានលើកឡើងថា ថវិកាដែលគ្រោងចំណាយក្នុងការជួសជុល និងបង្រីកផ្លូវជាតិលេខ៤នេះ ជាថវិការកម្ចីពីធនាគារពិភពលោក ក្នុងទំហំ​ទឹកប្រាក់ចំនួន១១០លានដុល្លារ ដោយពង្រីកទំហំផ្លូវនេះពី៧ម៉ែត្រ ដល់១១ម៉ែត្រចេញសង់ខាងថែមទៀត ដោយចាក់កៅស៊ូប្រភេទAC។

ដោយសារប្រទេសកម្ពុជា កំពុងទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ឈ្មោះសុន ទីញ បានបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ និងមានទឹកជំនន់ទឹកភ្លៀងជន់លិច នៅតាមបណ្តាខេត្តមួយចំនួន និងបានធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួនត្រូវបានកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ដូចជាកំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្តលេខ១៣២ ជាដើម ហើយខ្សែផ្លូវជាតិ ផ្លូវខេត្ត មួយចំនួនទៀតក៏ទទួលរងការខូចខាតស្រទាប់ផ្លូវផ្នែកផ្ទៃខាងលើផងដែរ ដូចជា កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេជាដើម ដែលបង្កអោយ មានការលំបាកធ្វើចរាចរណ៍។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមករបស់បងប្អូន។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សុំការយោគយល់អធ្យាស្រ័យ ក្នុងការជួបការលំបាក ឬខកខានក្នុងការធ្វើដំណើរដោយឆ្លងកាត់កំណាត់ផ្លូវ ស្ពាន ដែលកំពុងរងការខូចខាត ហើយក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទុកជាមុន ចំពោះការចូលរួមសហការ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខ​ណ:ងាយស្រួល ដល់ការជួសជុល និងស្តារ ផ្លូវ ស្ពានដែលខូចខាតឡើងវិញ៕

ការប្រមូលពន្ឋគយក្នុងវិស័យសំណង់កើនឡើង ២៦,៦ភាគរយ ក្នុងឆមាសទី១

ដោយ រ៉ាវី

ភ្នំពេញ៖ បើទោះបីជាវិស័យសំណង់ មានការថមថយជាងឆ្នាំមុនបន្តិច ក្រោមហេតុផលគម្រោងសំណង់ធំៗ ត្រូវបានបញ្ចប់ការសាងសង់របស់ខ្លួនក៍ដោយ ប៉ុន្តែការនាំចូលសម្ភារៈសំណង់នៅតែបន្តកើនឡើង ដោយសារសំណង់ផ្ទះល្វែងកើនឡើងជាលំដាប់។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ នេះថា ការប្រមូលពន្ឋគយលើសម្ភារៈគ្រឿងសំណង់កើនឡើង២៦,៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨នេះ។ លោកបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ នេះ ចំណូលសរុប ដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រមាណ៤,៧៣៦ប៊ីលានរៀល ឬប្រមាណជា១,១៧២លានដុល្លារអាមេរិក ។

តួលេខចំណូលនេះត្រូវជាប្រមាណ៥៦,៧ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៧  ចំណូលនេះ កើនឡើងប្រមាណ២៧,៨ភាគរយ ក្នុងនោះចំណូលពីមុខទំនិញយានយន្តមានកំណើន៤០,៥ភាគរយ។ មុខទំនិញប្រេងនិងថាមពលកើនឡើង១០,៥ភាគរយ គ្រឿ​ងសំណង់កើនឡើង២៦,៦ភាគរយ និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន២៧ភាគ​រយ។

ប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមានពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បើប្រៀបធៀបនឹងឆមាសទី១ឆ្នាំ២០១៧ លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ ពន្ធគយមានកំណើនជិត១៦ភាគរយ អាករពិសេសមានកំណើន៣៩,៤ភាគរយ ហើយ VAT មានកំណើន២៧ភាគរយផងដែរ៕

ពង្រឹងស្តង់ដា! ក្រសួងទេសចរណ៍ ដាក់អោយដំណើរប្រឡងប្រណាំង“ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”

ដោយ វុត្ថា

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងស្តង់ដាចម្រុះក្នុងវិស័យនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំដាក់ចេញចលនាប្រឡងប្រណាំង ”រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” លើកទី ៣ ឆ្នាំ២០១៨-២០១៩។

ចលនាប្រលងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកឯកជន ដែលជាសហគ្រាស ឬប្រតិបត្តិករ ឬសហគមន៍ ឬបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។

កម្មវិធីប្រលងប្រណាំងនេះ នឹងបែងចែកប្រភេទពានរង្វាន់ជាច្រើនដូចជា រង្វាន់ធុរកិច្ចបៃតងនេះមាន៧ប្រភេទរង្វាន់ ដូចខាងក្រោម ទី ១  រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាអនាម័យ និងបរិស្ថាន” (Environment Award) ទី២រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣ Rs” (3Rs Award) ទី៣រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្វប្បធម៌” (Social Welfare and Cultural Heritage Award ទី៤ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ” (Best Workplace Award)។

ទី៥ រង្វាន់សម្រាប់ “សហគ្រិនដែលមានស្នាដៃឆ្នើម” (Entrepreneur Award) ទី៦ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាឆ្នេរសមុទ្រ” (Beach Eco-Label Award) ទី៧ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិត​ផលខ្មែរ” (Khmer Product Usage Award)។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ចលនាប្រឡងប្រណាំងធុរកិច្ចបៃតងនេះជាផ្នែកមួយ ចូលរួមដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជម្រុញការអនុវត្តគោលការណ៍ “ទំនួលខុសត្រូវសង្គម” (Corporate Social Responsibility) របស់វិស័យឯកជន ពិសេសផ្តោតលើ ការបញ្ចូលទស្សនទាននៃ “ភាពស្អាត និងបៃតង” ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ការចូលរួមការងារសង្គម ការងារបរិស្ថាន ការងារស្ម័គ្រចិត្ត និងចូលរួមលើកកម្ពស់ការងារសមរម្យ (Decent jobs) ដល់បុគ្គលិក និយោជិត ជាដើម។

ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបតិ្ដករទាំងអស់ នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេស​ចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប ចូលរួមក្នុងការប្រឡងប្រណាំងនេះ ឲ្យបានផុសផុល ដោយអាចស្វែងរកព័ត៌មានលំអិត និងចុះឈ្មោះចូលរួមប្រកួតប្រជែង (ត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨) គណៈកម្មការនឹងធ្វើការវាយតម្លៃស្របតាមនីតិវិធី ហើយជ័យលាភីនឹងត្រូវប្រកាសនាឱកាសទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៩៕