អ្នកជំនាញបួនរូបលើកឡើងពីសុខភាពក្នុងវិស័យអចលនវត្ថុ សម្រាប់ឆ្នាំ២០២៥

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជើងចាស់បានលើកឡើងដោយបានបង្ហាញសញ្ញាសុទិដ្ឋិនិយមតិចតួច ពីទីផ្សារអចលនទ្រព្យ ដែលនឹងងើបឡើងនៅឆ្នាំ២០២៥ខាងមុខនេះ។

    នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២៤ដ៏សោកសៅសម្រាប់វិស័យនេះ នឹងកន្លងផុត ជាមួយការចាប់ផ្តើមនូវសញ្ញាមិនច្បាស់លាស់នៅឡើយ។

    អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ឆ្នាំ២០២៥ ខាងមុខ យើងមិនទាន់ អាចមានសន្ទស្សន៍វិភាគបានច្រើននៅឡើយ ប៉ុន្តែតាមបទពិសោធន៍ កន្លងមកបានឲ្យយើងអាចគិតថា ឆ្នាំខាងមុខមិនទាន់មានសញ្ញាអ្វីគួរឲ្យកត់សំគាល់នៅឡើយ។ លោកបន្តថា ការផ្លាស់ប្តូរមេដឹកនាំអាមេរិក ដែលនឹងអាចជះឥទ្ឋិពល ដល់លំហូរពាណិជ្ជកម្មចិន អាចធ្វើឲ្យចិនជួបផលលំបាក នៅក្នុងការបង្ហូរទុនមកក្រៅប្រទេស។
លោកបន្តថា “គិតពីត្រីមាសចុងក្រោយនៃឆ្នាំនេះ និងរហូតដល់​ដើមឆ្នាំ២០២៥ ខ្ញុំមិនមើលឃើញសញ្ញានៃការងើបឡើងនៅឡើយទេ”។ លោកបន្ថែមថា “វិនិយោគទុនធំរបស់យើងគឺចិន ហេតុនេះបើចិនរងសម្ពាធពីអាមេរិក នឹងមិនមានលំហូរទុនមកកម្ពុជាច្រើននោះទេ”។

    ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនadvance Realty បានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងអាចប្រមើលមើលបណ្តើរៗបាន សម្រាប់ម៉ាក្រូនៅក្នុងវិស័យអចលនទ្រព្យ ដែលអាចមានស្ថានភាពមិនខុសគ្នានឹងឆ្នាំ២០២៤នោះទេ ដោយតម្រូវការនៃការទិញ លក់ និងលំហូរទុននៅក្នុងការអភិវឌ្ឍវិស័យនេះនៅមានកម្រិត ពិសេ​សតម្រូវការទាំងក្នុងនិងក្រៅប្រទេស ក៏មិនមានការកើនឡើងជាដុំកំភួននោះទេ។

    លោកបន្តថា “អ្វីដែលខ្ញុំមើលឃើញ គឺទីផ្សារនឹងមានសភាពប្រហាក់ប្រហែលនឹងឆ្នាំ២០២៤”។

    លោកពន្យល់ថា ការអះអាងបែបនេះ ដោយសារយើងមើលកត្តាមួយចំនួនដូចជា ទី១ ស្ថានភាពពិភពលោក នយោបាយនៃសង្រ្គាមនៅ​តែអូសបន្លាយ ទោះជាមានព័ត៌មានល្អក្តី ប៉ុន្តែការចចារអាចចំណា​យពេល៦ខែទៅមួយឆ្នាំ។ ទី២ សហរដ្ឋអាមេរិកផ្លាស់ប្តូរមេដឹកនាំថ្មី អាចធ្វើឲ្យជម្លោះពាណិជ្ជកម្មកើនឡើង ដោយប្រទេសនិមួយៗនឹងទាញយកផលប្រ​យោជន៍រៀងៗខ្លួន​ ទី៣ បញ្ហាបំណុលរបស់ពិភពលោកើនឡើងខ្ពស់ ដែលធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តប្រុងប្រយ័ត្ន ក្នុងការផ្តល់ឥណទានសម្រាប់វិស័យនេះ។

    ទោះជាយ៉ាងណា លោកប៉ូ អ៊ាវគង់បានបង្ហាញសុទិដ្ឋិនិយមផងដែរថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាមានសភាពប្រសើរ ប៉ុន្តែកំណើនGDP មិនបានស្មើគ្នា ព្រោះស្ថានភាពកើនឡើងគឺសម្រាប់តែការនាំ​ចេញ ដែលលំហូរសាច់ប្រាក់បានហូរចេញទៅវិញ។

    ចំណែក លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ ធ្នូ ដោ​យបានបង្ហាញនូវភាពសុទិដ្ឋិនិយមតិចតួច សម្រាប់វិស័យនេះផងដែរ។

    លោកស្រីបានបន្តថា “ទោះជាយ៉ាងណា យើងឃើញមានការខិតខំពីប្រមុខរាជរដ្ឋាភិបាល ដែលបានព្យាយាមទាក់ទាញការវិនិយោគ ហេតុនេះយើងរំពឹងថាឆ្នាំ២០២៥ នឹងមានភាពប្រសើរជាងឆ្នាំនេះ”។ លោកស្រីបន្តទៀតថា “យើងអ្នករកស៊ី ក៏ត្រូវមើលលើបញ្ហានយោ​បាយ ដែលកម្ពុជាមានស្ថេរភាពនយោបាយ ហើយថ្នាក់ដឹកនាំយើងបានខិតខំណាស់”។

    លោកស្រីតាំង ហួរបានបន្តថា លើសពីនេះប្រមុខរដ្ឋាភិបាល បានដោះស្រាយបញ្ហា ទាក់ទងការលើកលែងពន្ឋប្រថាប់ត្រា លើផ្ទអមានតម្លៃ៧ម៉ឺនចុះ និង២១ម៉ឺនដុល្លារចុះ ព្រមទាំងគោលនយោបាយលើកទឹកចិត្តជាច្រើនទៀត។

    លោកស្រីបន្តថា ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានជ្រើរសរើសប្រធានាធិបតីថ្មី ដោយលោកដូណាល់ ត្រាំបានជាប់ឆ្នោត ហើយលោកត្រាំបានទទួលបានប្រជាប្រិយ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយលោកធ្លាប់អញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។

    លោកស្រីតាំង ហួរបានបញ្ជាក់ថា យើងរំពឹងថាលោកត្រាំ នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកប្រសើរជាងមុន ហើយស្ថានភាពទីផ្សារជារួមក្នុងវិស័យនេះនៅកម្ពុជា នឹងមានសភាពប្រសើរជាងឆ្នាំ២០២៤ ប៉ុន្តែមិនហក់ឡើងខ្លាំងនោះទេ”។

    ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានបដិសេធមិនអត្ថាធិប្បាយ ប៉ុន្តែលោកបានលើកឡើងកាលពីពេលថ្មីៗនេះថា ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជា ដើរស្របគ្នានឹងស្ថានភាពសេដ្ឋកិច្ចពិភពលោក ប៉ុន្តែស្ថានភាពទីផ្សារយ៉ាងណា យើងអាចមើលឃើញសញ្ញា កំរើកឡើងវិញបណ្តើរៗនៅក្នុងវិស័យនេះ។

    លោកបន្តថា “អ្វីៗទាមទារពេលវេលាបន្ថែមទៀត ដើម្បីជម្រុញឲ្យទីផ្សារនេះមានសភាពកាន់តែប្រសើរឡើង”៕

សណ្ឋាគារប្រណីតថ្មីមួយនឹងលេចវត្តមាននៅក្រុងព្រះសីហនុ

0

ដោយៈ ស៊ីវ ម៉េង

ព្រះសីហនុៈ ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និង

សណ្ឋា​គារ រីស៊ត ធួយប៊្លូនឹងលេចវត្តមាននៅក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងគំរោងរបស់ក្រុមហ៊ុន Prince Real estate Group។

លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា នៃកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរកាលពីថ្ងៃទី១០ ធ្នូបានថ្លែងថា ពិធីចុះហត្ថលេខា ស្តីពីការគ្រប់គ្រងសណ្ឋាគារ រវាងក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា (PRINCE REAL ESTATE Cambodia) និងសណ្ឋាគារ រីស៊ត ធួយប៊្លូ (TUI BLUE Hotels & Resorts) នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈ នាទិសនិរតី” និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាសក្ខីភាពបង្ហាញឪ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគ ទុនមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា “ការចុះហត្ថលេខាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើក កម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទទួលបានភាពទាក់ទាញ និងរីកចម្រើន ពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ”។ លោកបន្តថា “គំរោងនេះនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការ ជំរុញឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់។ ហើយចំណុចខ្លាំងដ៏ធំរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នា បង្កើតបានទៅជាមាគ៌ាសន្តិភាព ស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា “អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់”។

លោកម៉ាង ស៊ីណេតបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ពិសេសបន្តជំរុញការអភិវឌ្ឍទេស​ចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេស ចរណ៍បៃតង ស្អាត និងវៃឆ្លាត បង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបានដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”។

រដ្ឋបាលខេត្តព្រះសីហនុ បានកំពុងយកចិត្តទុកដាក់អភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹក សាធារណៈ សួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដា សេវាកម្មទេសចរណ៍ ពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតទាំងនៅក្នុងក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរ ឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរជាពិសេសជំរុញការបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ ក្នុងស្មារតីស្រលាញ់រាប់អានសហប្រតិបត្តិការល្អ និងចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ ប្រែក្លាយជាគោលដៅទេសចរណ៍ ឈានមុខពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ភស្តុភារកម្ម  ទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ៕

សម្តេចធិបតីបង្ហើបពីការរៀបចំបេឡាជាតិរបបសន្តិសុខសង្គមជាកញ្ចប់ដល់គ្រួសារ

0

ដោយៈ គង់សូរិយា

   ភ្នំពេញៈ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីផែនការគិតគូរឲ្យបង្កើតបណ្ណបេឡាជាតិរបបសន្ដិសុខសង្គម ជាកញ្ចប់គ្រួសារតែម្ដង បន្ថែមលើអ្វីដែលមាននៅពេលបច្ចុប្បន្នសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះ។

ផែនការបន្ថែមគិតគូរដល់សុខមាលភាព របស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សមាជិក ប.ស.ស ឥលូវមានផ្ទាល់ខ្លួន ប៉ុន្ដែអ្នកនៅក្នុងបន្ទុកអត់មានទេ យើងបង្កើតក្នុងរូបភាពមួយ របបសន្ដិសុខសង្គមដោយស្ម័គ្រចិត្ត ដោយបង់សេវា១៥៦០០រៀលក្នុងមួយខែ គាត់អាចទទួលបាននូវរបបសន្ដិសុខដូចគ្នា”។ សម្តេចបន្ថែមថា “ថ្ងៃមុនខ្ញុំប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហេង សួរ ឲ្យគិតមើលកញ្ចប់បន្ថែមទៀតលក្ខណៈគ្រួសារ”។

ក្នុងន័យនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់អ្នកដែលស្ម័គ្រចិត្ត ប្រើប្រាស់សេវាបេឡាជាតិរបបសន្ដិសុខសង្គម ដោយបង់សេវាប្រចាំការ គួរតែផ្ដល់នូវការលើកទឹកចិត្ត ក្នុងតម្លៃសមរម្យណាមួយ ដើម្បីឲ្យគាត់អាចប្រើប្រាស់ជាកញ្ចប់គ្រួសារតែម្ដង ក្នុងមានទាំងប្ដី ប្រពន្ធ និងកូនៗនៅក្នុងបន្ទុក។ ការណ៍នេះ នឹងសម្រួលដល់ការកាត់បន្ថយ នូវការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទៅទទួលសេវាសុខាភិបាល។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ឈរលើស្មារតីគិតគូរធានាឲ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខាភិបាលនេះហើយ ទើបរាជរដ្ឋាភិបាល បង្កើតឲ្យមានបណ្ណសមធម៌សុខាភិបាល សម្រាប់ប្រជាពលរដ្ឋដែលមិនមានការងារធ្វើ ឬមុខរបរ ហើយងាយរងហានិភ័យ ដោយរដ្ឋជាអ្នកទទួលបន្ទុកលើការចំណាយធានារ៉ាប់រង។

ដោយឡែក បេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស ត្រូវបានបែងចែកដាច់ពីគ្នា រវាងមន្ដ្រីរាជការ (រដ្ឋជាអ្នកទទួលបន្ទុកចំណាយ) បុគ្គលក្រុមហ៊ុន កម្មករ កម្មការិនី (និយោជកជាអ្នកទទួលបន្ទុកចំណា​យ) និងស្វ័យនិយោជន៍ ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បង់សេវាប្រចាំការដោយខ្លួនឯង)។

ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គិតមកទល់ពេលនេះក្នុងគោ​ល​នយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូររៀបចំទាំងកញ្ចប់ មូលនិធិសមធម៌សុខាភិបាល ទាំងប.ស.ស កាតព្វកិច្ច និងស្ម័គ្រចិត្ត គ្របដណ្ដប់លើប្រជាពលរដ្ឋចំនួន៧,៣០០,០០០នាក់ ដែលជាចំនួនមួយកើនឡើងគួរឲ្យកត់សម្គាល់៕

រដ្ឋមន្ត្រីព័ត៌មានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់

0

ដោយៈ សហសេវិក

   ប្រទេសចិនៈ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ពីតួនាទីសំខាន់ របស់ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងការចងសាមគ្គីភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកបានថ្លែងបែបនេះ នៅក្នុងវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជា​ប់វប្បធម៌ ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតប ទៅនឹងបញ្ហាប្រឈមសកល នៅចំពោះមុនថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មាន ពីបណ្តាលប្រទេសអាស៊ីខាងត្បូង និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។

ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើង ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ គួរឱ្យកត់សម្គាល់របស់កម្ពុជា លើវិស័យប្រព័ន្ធផ្សព្វ​ផ្សាយជាមួយបណ្តាអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយចិន។

លោកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង”។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តី។

តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ បានជំរុញឱ្យប្រជាជនកម្ពុជា យល់កាន់តែច្បាស់អំពីទំនា​ក់ទំនងក្នុងតំបន់ ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញ ទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។

ការបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីដើមឆ្នាំនេះគឺជាការវិវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យប្រព័ន្ធផ្សព្វផ្សាយតំបន់។

លោកបានក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការរៀបចំវេទិកានេះ ដើម្បីនាំយកនូវអ្នកជំនាញដែលមានបទពិសោធមកជជែកពិភាក្សា និងបង្កើតកិច្ចសហការជាមួយគ្នា ក្នុងចំណោមប្រទេសជាសមា​ជិក ដោយបានលើកយកឧទាហរណ៍ អំពីគម្រោងរួមគ្នា មានដូចជា “ទេសចរណ៍យូណាន-អង្គរ ឬ Yunnan-Angkor Tours” ជាដើម៕

រដ្ឋាភិបាលផ្តល់ប័ណ្ណសម្គាល់អចលនវត្ថុចំនួនជាង១ម៉ឺនប័ណ្ណដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

0

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១០,១៥៨បណ្ណ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបង្ហោះនៅរសៀលថ្ងៃទី១០ ធ្នូនេះបានឲ្យដឹងថា ក្រុងប៉ោយប៉ែត ធ្លាប់តែជាតំបន់ដែលមានសង្គ្រាម បែរពោរពេញដោយស្នាមញញឹមសាទរ ពីប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចែកជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន១០,១៥៨បណ្ណ ដើម្បីផ្ដល់សុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អចល នទ្រព្យជូនដល់ប្រជាពលរដ្ឋ ស្របតាមការងារយុទ្ធសាស្ត្រទី១ ក្នុងចំណោម៦ចំណុច គឺ “ការចុះបញ្ជីដីធ្លីបង្ហើយ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អច លនវត្ថុ” របស់រាជរដ្ឋាភិបាល ដោយមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ ។

ការងារចុះបញ្ជីដីធ្លី ដោយបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី គឺជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤មុំទី៤៕

អ្នកវិនិយោគអាមេរិកមកពី១៦ក្រុមហ៊ុនចាប់អារម្មណ៍លើឱកាស វិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគ របស់អាមេរិកចំនួន១៦ក្រុមហ៊ុន ដឹកនាំដោយលោកគឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគ របស់អាមេរិកនាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ដោយលោកឧបនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគ របស់អាមេរិកមកដល់ប្រទេសកម្ពុជាដោយផ្ទាល់នេះ បានបង្ហាញពីភាពទាក់ទាញខ្ពស់ ប្រកបដោយសក្តានុពល និងភាពអំណោយផលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនដែលចូលរួមទាំងនោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើវិស័យមានជាអាទិ៍ បច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។

លោក គឹម ឆាហួត ក៏បានជម្រាបជូនអំពីផែនការដំណើរបេសកកម្ម របស់គណៈប្រតិភូវិនិយោគសហរដ្ឋអាមេរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជន សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា៕

ទីផ្សារការិយាល័យនៅទីក្រុងតៃបុិបន្តមានភាពរឹងមាំ ខណៈពុំមានការផ្គត់ផ្គង់អគារការិយាល័យថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរបាយការណ៍ថ្មីៗនេះរបស់ខ្លួន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានលើកឡើងថា កំណើននៃអត្រាការិយាល័យទំនេរនៅទីក្រុងតៃបុិរបស់កោះតៃវ៉ាន់ នឹងត្រូវបានកាត់បន្ថយ ដោយសារតែពុំមានការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅក្នុងតំបន់ពាណិជ្ជកម្ម (CBD) របស់ទីក្រុងតៃប៉ិរហូតដល់ចុងឆ្នាំ២០២៤នេះ។

ស្ថានភាពនេះអនុញ្ញាតឱ្យទំហំការិយាល័យដែលមានស្រាប់ត្រូវបានស្រូបយកដោយទីផ្សារជាលំដាប់ មុនពេលដែលអត្រាការិយាល័យទំនេរអាចនឹងកើនឡើងម្តងទៀត ដោយសារតែការផ្គត់ផ្គង់ថ្មីនៅឆ្នាំ២០២៥។

របាយការណ៍បន្តថា តម្រូវការនៅតែមានស្ថិរភាព។ នៅចុងឆ្នាំ២០២៤ ទំហំនៃការជួលការិយាល័យប្រចាំឆ្នាំនៅក្នុងតំបន់ CBD របស់ទីក្រុងតៃបុិត្រូវបានគេរំពឹងថា នឹងមានផ្ទៃក្រឡាសរុបលើសពី១៤,២៨លានម៉ែត្រការ៉េ។

ការជួលការិយាល័យនៅតំបន់ CBD របស់ទីក្រុងតៃប៉ិក្នុងត្រីមាសទី៣ ឆ្នាំនេះ មានផ្ទៃក្រឡាសរុបប្រមាណ៣,២៣លានម៉ែត្រការ៉េ ខណៈការជួលរាប់ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ ឆ្នាំ២០២៤ បានកើនឡើងដល់ប្រមាណ១១,៥២លានម៉ែត្រការ៉េ ដែលលើសពីចំនួនសរុបពេញមួយឆ្នាំ២០២៣រួចទៅហើយ។

ដោយឡែក បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិត A បានកើនឡើងបន្តិចដល់ចំនួន៩ភាគរយ ខណៈអត្រាការិយាល័យទំនេរកម្រិត B បានធ្លាក់ចុះមកនៅត្រឹមចំនួន៣,៦ភាគរយ។

ជាមួយគ្នានេះ តម្លៃជួលការិយាល័យកម្រិត A និងកម្រិត B ជាមធ្យមបានកើនឡើងដល់ចំនួន៣.០៦៥ដុល្លារតៃវ៉ាន់ (ប្រហែល៩៤,៥ដុល្លារអាមេរិក)និង១.៩១០ដុល្លារតៃវ៉ាន់(ប្រហែល៥៩ដុល្លារអាមេរិក)ក្នុងមួយភីង រៀងគ្នា។(១ភីង ឬ ping=៣,៣ម៉ែត្រការ៉េ)៕ប្រភព: CBRE & Real Estate Asia៕

គម្រោងសាងសង់ផ្ទះចំនួន៣លានយូនីតជារៀងរាល់ឆ្នាំរំពឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌូនេសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងសាងសង់ផ្ទះចំនួន៣លានយូនីតក្នុងមួយឆ្នាំៗ។

គោលដៅនេះ រួមមានការសាងសង់ផ្ទះចំនួន២លានយូនីតនៅតំបន់ជនបទ និងតំបន់ឆ្នេរ និង១លានយូនីតនៅក្នុងតំបន់ទីក្រុង។

អ្នកជំនាញអចលនទ្រព្យ ដូចជាលោក Joko Suranto ប្រធានសមាគមអចលនទ្រព្យឥណ្ឌូនេស៊ី (REI) ប៉ាន់ប្រមាណថា គំនិតផ្តួចផ្តើមនេះនឹងជំរុញកំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីចំនួន០,៥ភាគរយ និងបង្កើតការងារចំនួន១២លានកន្លែង។

លើសពីនេះ គំនិតផ្តួចផ្តើមរបស់លោក Prabowo នឹងលើកកម្ពស់ការបែងចែកប្រាក់ចំណូល និងដោះស្រាយបញ្ហាកង្វះលំនៅដ្ឋាននៅក្នុងប្រទេសឥណ្ឌូនេសុី។

លោកបានលើកឡើងថា ឥទ្ធិពលដ៏ធំនៃគម្រោងលំនៅដ្ឋាននេះអាចផ្តល់ការងារដល់កម្មករពី១៤លាននាក់ ទៅ១៧លាននាក់ និងជំរុញកំណើននៃឧស្សាហកម្មពាក់ព័ន្ធចំនួន១៨៥ប្រភេទ។

លោកបានបន្ថែមថា “ការសាងសង់ផ្ទះចំនួន១លានយូនីតអាចបង្កើតការងារបានចំនួន៤លានកន្លែង។ ដូច្នេះ ការសាងសង់ផ្ទះចំនួន៣លានយូនីតប្រាកដជាអាចបង្កើតការងារចំនួន១២លានកន្លែង”។

លោក Joko ចាត់ទុកគំនិតផ្តួចផ្តើមនេះជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដោយផ្តល់នូវអត្ថប្រយោជន៍ក្នុងការស្រូបយកកម្លាំងពលកម្ម ការបែងចែកប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនអំណាចនៃការទិញ។

គម្រោងនេះក៏ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការខ្វះខាតលំនៅដ្ឋានរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នមានចំនួន១២,៣លានយូនីត ខណៈវិបត្តិនេះបានបន្តអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ៕ប្រភព: Jakarta Globe៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈធនាគារកណ្តាលរបស់ប្រទេសចិន(PBOC)បានទិញមាសដើម្បីចាក់បញ្ចូលទុនបម្រុងកាលពីខែវិច្ឆិកា បន្ទាប់ពីផ្អាកអស់រយៈពេល៦ខែ គួបផ្សំនឹងការកើនឡើងនៃភាពតានតឹងនយោបាយនៅក្នុងប្រទេសសុីរី។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៧ភាគរយដល់២៦៦៨,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៦ភាគរយដល់២.៦៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥៨,៧៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៨៥,៨០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៥,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,១៩ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,១៤ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៩%ដល់៣២,៥៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១%ដល់៩៤៤,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១%ដល់៩៨៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

អ្នកជំនាញបង្ហើបពីដីធ្លីដែលអាចនឹងមានតម្រូវការខ្ពស់នៅឆ្នាំ២០២៥

0

ដោយ៖ គង់ សូរិយា

    ភ្នំពេញ៖ អ្នកជំនាញ និងអ្នកវិភាគអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមលើទីផ្សារដីធ្លីពីរបែប ដែលនឹងអាចមានតម្រូវការខ្ពស់នៅឆ្នាំ២០២៥ខាងមុខ។

    អគ្គនាយកក្រុមហ៊ុនAdvance Realty លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៩ ធ្នូថា យើងសង្កេតឃើញមានចលនាទិញ លក់ដី និងកាសាងសង់តំបន់ឧស្សាហកម្មមួយចំនួនបានកើនឡើង នៅតាមចំណុចផ្លូវសំខាន់ៗ។ លើសពីនេះ យើងសង្កេតឃើញមានការសាងសង់កាស៊ីណូច្រើន នៅតាមតតំបន់ជាប់ព្រំដែនមួយចំនួន ដូចជា ទីក្រុងបាវិត ប៉ោយប៉ែត ជ្រៃធំ តំបន់រលាំងជ្រៃ ក្នុងខេត្តព្រៃវែង តំបន់ព្រំដែនម៉ឺនជ័យ តំបន់ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីជាដើម ដែលធ្វើឲ្យទីផ្សារដីធ្លីនៅតំបន់នោះមានតម្រូវការកើនឡើង។

    លោកបន្តថា “ទោះបីមានចលនាទិញ លក់ដី នៅតំបន់មួយចំនួនក្តី ប៉ុន្តែតម្រូវការដី និងទំហំដីនៅមានកម្រិតតូចៗនៅឡើយ ដែលវាមិនធ្វើឲ្យតម្លៃដីធ្លីកើនឡើងនោះទេ”។ លោកបន្តថា “ស្ថានភាពកកស្ទះនូវចលនាទិញ លក់មានសភាពយឺតយ៉ាវរយៈពេលបី បួនឆ្នាំកន្លងមកនេះ នឹងមិនធ្វើឲ្យទីផ្សារនេះងើបឡើងខ្ពស់នៅឡើយទេ”។

    លោកប៉ូ អ៊ាវគង់បានបន្តថា អ្នកវិនិយោគតំបន់ឧស្សាហកម្ម មួយចំនួនបានងាកទៅតំបន់ជាយក្រុង ដែលគេសង្កេតឃើញនៅតាមតំបន់ជាប់ផ្លូវជាតិមួយចំនួន ដែលធ្វើឲ្យមានសកម្មភាពផុសផុលមួយចំនួនផងដែរ ប៉ុនតែវាមិនធ្វើឲ្យទីផ្សារងើបឡើងលឿន ឬកំណើនតម្លៃដីធ្លីនៅឡើយទេ​ ស្របពេលស្ថាប័នហិរញ្ញវត្ថុភាគច្រើន នៅបន្តរឹតបន្តឹងលើការផ្តល់ហិរញ្ញប្បទានចូលក្នុងវិស័យនេះ៕