ទីផ្សារការិយាល័យនៅទីក្រុងតៃបុិបន្តមានភាពរឹងមាំ ខណៈពុំមានការផ្គត់ផ្គង់អគារការិយាល័យថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរបាយការណ៍ថ្មីៗនេះរបស់ខ្លួន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានលើកឡើងថា កំណើននៃអត្រាការិយាល័យទំនេរនៅទីក្រុងតៃបុិរបស់កោះតៃវ៉ាន់ នឹងត្រូវបានកាត់បន្ថយ ដោយសារតែពុំមានការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅក្នុងតំបន់ពាណិជ្ជកម្ម (CBD) របស់ទីក្រុងតៃប៉ិរហូតដល់ចុងឆ្នាំ២០២៤នេះ។

ស្ថានភាពនេះអនុញ្ញាតឱ្យទំហំការិយាល័យដែលមានស្រាប់ត្រូវបានស្រូបយកដោយទីផ្សារជាលំដាប់ មុនពេលដែលអត្រាការិយាល័យទំនេរអាចនឹងកើនឡើងម្តងទៀត ដោយសារតែការផ្គត់ផ្គង់ថ្មីនៅឆ្នាំ២០២៥។

របាយការណ៍បន្តថា តម្រូវការនៅតែមានស្ថិរភាព។ នៅចុងឆ្នាំ២០២៤ ទំហំនៃការជួលការិយាល័យប្រចាំឆ្នាំនៅក្នុងតំបន់ CBD របស់ទីក្រុងតៃបុិត្រូវបានគេរំពឹងថា នឹងមានផ្ទៃក្រឡាសរុបលើសពី១៤,២៨លានម៉ែត្រការ៉េ។

ការជួលការិយាល័យនៅតំបន់ CBD របស់ទីក្រុងតៃប៉ិក្នុងត្រីមាសទី៣ ឆ្នាំនេះ មានផ្ទៃក្រឡាសរុបប្រមាណ៣,២៣លានម៉ែត្រការ៉េ ខណៈការជួលរាប់ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ ឆ្នាំ២០២៤ បានកើនឡើងដល់ប្រមាណ១១,៥២លានម៉ែត្រការ៉េ ដែលលើសពីចំនួនសរុបពេញមួយឆ្នាំ២០២៣រួចទៅហើយ។

ដោយឡែក បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិត A បានកើនឡើងបន្តិចដល់ចំនួន៩ភាគរយ ខណៈអត្រាការិយាល័យទំនេរកម្រិត B បានធ្លាក់ចុះមកនៅត្រឹមចំនួន៣,៦ភាគរយ។

ជាមួយគ្នានេះ តម្លៃជួលការិយាល័យកម្រិត A និងកម្រិត B ជាមធ្យមបានកើនឡើងដល់ចំនួន៣.០៦៥ដុល្លារតៃវ៉ាន់ (ប្រហែល៩៤,៥ដុល្លារអាមេរិក)និង១.៩១០ដុល្លារតៃវ៉ាន់(ប្រហែល៥៩ដុល្លារអាមេរិក)ក្នុងមួយភីង រៀងគ្នា។(១ភីង ឬ ping=៣,៣ម៉ែត្រការ៉េ)៕ប្រភព: CBRE & Real Estate Asia៕

តម្លៃ​អាផាតមុិន​លំដាប់​ខ្ពស់នៅប្រទេសវៀតណាមហក់ឡើងដល់ចំនួន១៥.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយ​ការណ៍​ថ្មី​មួយ​បានបង្ហាញ​ថា បច្ចុប្បន្ន តម្លៃ​អាផាតមុិន​លំដាប់​ខ្ពស់​(High-end)នៅ​ប្រទេសវៀតណាម​​មាន​ទំហំទឹកប្រាក់ចន្លោះ​ពី៥.៤០០ដុល្លារទៅ១៥.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែលស្មើ​នឹង​តម្លៃនៅតាមបណ្តាប្រទេស​អភិវឌ្ឍន៍​នៅលើពិភពលោក។

យោងតាមរបាយការណ៍ឈ្មោះ“Asia Pacific Horizon” របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឱ្យដឹងថា “កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមមិនត្រឹមតែជំរុញតម្រូវការអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញតម្លៃអចលនទ្រព្យផងដែរ”។

ទីតាំងជាយុទ្ធសាស្រ្តរបស់វៀតណាមនៅក្នុងចង្កោមនៃតំបន់អាស៊ាន និងការកែទម្រង់ថ្មីៗលើបទប្បញ្ញត្តិស្តីពីការកាន់កាប់អចលនទ្រព្យដោយជនបរទេស បានទាក់ទាញជនបរទេសជាច្រើនទៅកាន់ប្រទេសវៀតណាម។

របាយ​ការណ៍​ខាងលើបាន​បន្ត​ថា ​ពលរដ្ឋដើមកំណើត​វៀត​ណាម​ដែលរស់នៅ​បរទេស រួមទាំងពលរដ្ឋកូរ៉េ​ខាង​ត្បូង ជប៉ុន និង​ចិន បានចាប់អារម្មណ៍ទិញអចលនទ្រព្យនៅវៀតណាម ដោយសារពួកគេរំពឹង​ទុកថា​ តម្លៃអចលនទ្រព្យរបស់វៀតណាមនឹង​​កើនឡើង​បន្ថែម​ទៀត។

បណ្តាវិនិយោគិនបរទេសចូលចិត្តទិញអាផាតមុិននៅទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ ដោយសារទីក្រុងទាំង២នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងមានបទពិសោធន៍សង្គមដ៏រស់រវើក។

ដោយឡែក អគារអាផាតមុិននៅតាមទីតាំងរមណីយដ្ឋានទេសចរណ៍ល្បីៗដូចជាទីក្រុង Nha Trang ឬទីក្រុង Da Nang ទទួលបានការពេញនិយមក្នុងចំណោមជនបរទេស ដែលស្វែងរករបៀបរស់នៅបែបស្ងប់ស្ងាត់ និងមានទិដ្ឋភាពឆ្នេរសមុទ្រស្រស់ស្អាត៕ប្រភព: Vnexpress៕

ប្រទេសចិន​ប្រកាសប្តេជ្ញា​ចិត្តបង្កើន​វិធានការ​ជំរុញ​សន្ទុះនៃកំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២៥ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិនអះអាងថា ប្រទេសចិនគ្រោងនឹងអនុវត្តន៍គោលនយោបាយរូបិយវត្ថុធូររលុងនៅឆ្នាំក្រោយ រួមជាមួយនឹងគោលនយោបាយសារពើពន្ធសកម្មបន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានរាយការណ៍ ដោយដកស្រង់លទ្ធផលចេញពីកិច្ចប្រជុំរបស់មន្ត្រីបក្សកុម្មុយនិស្តចិនថា ប្រទេសចិននឹងផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក និងការបង្កើនការប្រើប្រាស់។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានអះអាងថា នៅឆ្នាំ២០២៥ អាជ្ញាធរត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបន្តសម្រេចបានវឌ្ឍនភាព និងការរក្សាបាននូវស្ថិរភាព។ ការិយាល័យនយោបាយបានគូសបញ្ជាក់បន្ថែមថា ទីផ្សារលំនៅដ្ឋាន និងទីផ្សារភាគហ៊ុនត្រូវតែមានស្ថិរភាព។

លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តចិនជាន់ខ្ពស់របស់ធនាគារ ANZ បានអះអាងថា “យើងគិតថា ការប្រកាសនេះចង្អុលបង្ហាញពីការជំរុញវិធានការសារពើពន្ធដ៏រឹងមាំ ការកាត់បន្ថយអត្រាការប្រាក់ទ្រង់ទ្រាយធំ និងការទិញទ្រព្យសកម្មនៅឆ្នាំ២០២៥”។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបប្រទះការលំបាកនៅឆ្នាំនេះ ដោយជំរុញឱ្យក្រុមមន្ត្រីបង្កើតគោលនយោបាយចិនចាត់វិធានការយ៉ាងច្រើននៅក្នុងខែកញ្ញា។

ក្នុងនោះ ធនាគារកណ្តាលចិនបានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីជំងឺរាតត្បាត ដោយកាត់បន្ថយអត្រាការប្រាក់ និងចាក់បញ្ចូលទឹកប្រាក់១ទ្រីលានយ័នទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងវិធានការជាច្រើនផ្សេងទៀត។

ប្រទេសចិនត្រូវបានព្យាករណ៍ថា អាចសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៥% នៅឆ្នាំនេះ។ ប៉ុន្តែការព្យាយាមរក្សាបាននូវល្បឿនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥អាចជួបការលំបាក ស្របពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ នឹងត្រលប់មកកាន់សេតវិមានវិញ ដោយលោកបានគំរាមយកពន្ធចំនួន៦០% ឬច្រើនជាងនេះទៅលើការនាំចូលទំំនិញរបស់ចិន។

កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនបានបង្ហាញកញ្ចប់បំណុលចំនួន១០ទ្រីលានយ័ន ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញប្បទានរបស់រដ្ឋបាលក្នុងតំបន់ និងស្តារស្ថិរភាពកំណើនសេដ្ឋកិច្ច៕ប្រភព: CNN៕

Luxury apartment costs up to $15,000 per sqm

0

Vietnam’s high-end apartment price now ranges between US$5,400 and $15,000 per square meter, on par with global developed markets, a new report shows.

“The allure stems from Vietnam’s rapid economic growth, which not only drives demand for real estate but also promises capital appreciation,” according to the Asia Pacific Horizon by U.K.-based consultancy firm Knight Frank.

Vietnam’s strategic location in Southeast Asia, and recent government reforms in foreign property ownership regulations, have attracted a growing expat population, it
said.

“This aligns with broader cross-border trends, where affluent buyers from Asia seek luxury properties in emerging markets with high rental yields and strong growth potential.”
Land lots and buildings in.

Buyers include overseas Vietnamese, South Koreans, Japanese, and Chinese who are drawn to the country by expectations of further price increase, the report said.

Investors favor apartments in HCMC and Hanoi for their proximity to business hubs and vibrant social experiences, while resort locations such as Nha Trang or Da Nang are popular to those looking for a laid-back and coastal lifestyle, it added.

Property businesses ranked second in terms of pledged foreign direct investment in Vietnam in the first 10 months, reaching $4.41 billion and accounting for 18.7% of total investment, according to the General Statistics Office.

Another report by property consultancy Avison Young Vietnam shows that Hanoi average apartment price in the third quarter was $2,500-3,500 per square meter.

The rates were between $3,000 and $5,000 in HCMC.

“As global wealth shifts and geopolitical landscapes evolve, affluent individuals are seeking prime residential hotspots that provide both lifestyle benefits and financial security,” said Kevin Coppel, managing director of Knight Frank Asia-Pacific.

Source: Vnexpress

ក្រុមអ្នកវិភាគ: កំពូលមហាសេដ្ឋីលោក Elon Musk អាចប្រើឥទ្ធិពលក្រោមរដ្ឋបាលលោកត្រាំ ដើម្បីផ្តួលដៃគូប្រជែងអាជីវកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំពូលមហាសេដ្ឋីនៅលើពិភពលោក លោក Elon Musk ដែលជាម្ចាស់របស់បណ្តាក្រុមហ៊ុនខ្នាតយក្សជាច្រើនដូចជា Tesla និង SpaceX ត្រូវបានគេស្គាល់ថា ជាមនុស្សចូលចិត្តប្រកួតប្រជែងជាមួយដៃគូធំៗដ៏មានសក្តានុពលរបស់ខ្លួន។

តួយ៉ាង លោក Musk ធ្លាប់បានបបួលលោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta មកប្រយុទ្ធគ្នាក្នុងទ្រុង។ លោក Musk បានហៅលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon ថា ជា “មនុស្ស ដែលចម្លងតាមស្នាដៃអ្នកដទៃ ឬ Copycat”ហើយនាពេលថ្មីៗនេះលោកក៏បានប្តឹងលោក Sam Altman ម្ចាស់ក្រុមហ៊ុន OpenAI ផងដែរ។

សកម្មភាពទាំងនេះអាចជារឿងធម្មតាចំពោះការប្រកួតប្រជែងផ្នែកអាជីវកម្មរវាងបណ្តាបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនបំផុត និងជោគជ័យបំផុតមួយចំនួននៅលើពិភពលោក។

ប៉ុន្តែ ករណីនេះបានក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ ព្រោះប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងលោក Elon Musk ឱ្យដឹកនាំអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាលថ្មី ក្រោយពីលោក Elon Musk បានបោះទុនរាប់លានដុល្លារ ដើម្បីជួយគាំទ្រដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំ។

ការតែងតាំងនេះនឹងធ្វើឱ្យកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោករូបនេះកាន់តែមានឥទ្ធិពលខ្លាំងឡើង។

ស្របពេលដែលលោក Elon Musk នឹងមានឥទ្ធិពលខ្លាំងក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ត្រាំ ក្រុមអ្នកវិភាគបានបង្ហាញការភ័យខ្លាចថា លោក Musk អាចប្រើប្រាស់អំណាចក្នុងជួររដ្ឋាភិបាលដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក និងធ្វើបាបដៃគូប្រជែង។

លោក Musk អាចធ្វើទុក្ខបុកម្នេញលើដៃគូប្រជែងរបស់លោកក្នុងទម្រង់នានាដូចជា ការបើកការស៊ើបអង្កេតលើក្រុមហ៊ុនរបស់ដៃគូប្រជែង ព្រមទាំងបង្កើត ឬកាត់បន្ថយបទប្បញ្ញត្តិ និងប្រគល់កិច្ចសន្យាគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាលដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក៕ប្រភព: CNN៕

ក្រុមហ៊ុនខ្មែរ-អាមេរិកចំនួន២បានចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២ ដែលវិនិយោគរួមគ្នាលើការកែច្នៃ នាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។

ក្រុមហ៊ុនទាំងពីរនោះ រួមមានក្រុមហ៊ុនAmru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនStabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជន របស់សហរដ្ឋអាមេរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គ របស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន​ពីរក៏បានរាយការណ៍ជូនលោក ឧបនាយករដ្ឋមន្រ្តី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុនខ្លួន នៅកម្ពុជាផងដែរ។

លោកស៊ុន ចាន់ថុល បានជម្រាបជូនអំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគជោគជ័យ ក្នុងកិច្ចការវិនិយោគរបស់ខ្លួន លើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនៅក្នុងអង្គប្រជុំនេះដែរ អំពីបច្ចុប្បន្នភាពស្ថានភាពវិនិយោគនៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា​៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារតែការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងកររំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់ជាលើកទី៣របស់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២១ភាគរយដល់២៦៩៩,៤១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧១ភាគរយដល់២៧៣៧,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៩៣,៦៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧១៨,៤០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,២៧ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៤០ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០២%ដល់៣២,៧៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៧%ដល់៩៥២,៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤%ដល់៩៨៥,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

កម្ពុជាជំពាក់បំណុលសាធារណៈក្នុងទំហំទឹកប្រាក់ជិត១២ពាន់ លានដុល្លារ

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប១១.៧៨ ប៊ីលានដុល្លារអាមេរិក។

រដ្ឋាភិបាល នៅតែវាយតម្លៃថា ស្ថានភាពបំណុលនៅកម្ពុជា បន្តស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមាន “ចីរភាព” និង​”ហានិភ័យកម្រិតទាប”។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ក្នុងចំណោមសន្និធិបំណុលសាធារណៈ១១.៧៨ ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ១១.៦៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង១% ត្រូវនឹងប្រមាណ១១៥លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៥% ជាដុល្លារអាមេរិក។ ចំនួន១៩% ជាអេសដេអ៊ែ។ ១២% ជាយេនជប៉ុន, ១១% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង៥% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន៧៣៨.០៧ លានដុល្លារអាមេរិក ឬស្មើនឹង៥៤២.៥៥លានអេសដេអ៊ែ។

ជារួមសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន១.០៧ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧៨៦.៦៨លានអេសដេអ៊ែ ស្មើនឹងប្រមាណ៤៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លាន អេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌទ្វេរភាគី៣៨% និងក្របខ័ណ្ឌពហុភាគី ៦២%។

បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ ៧%។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ប្រមាណ៤៧%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែក ទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ការរក្សាបាននូវចីរភាពបំណុល សាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុល សាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖ ១ ក្របខ័ណ្ឌគតិយុត្ត, ២ គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និង៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល៕

ខេត្តមណ្ឌលគិរីចាប់ផ្តើមមានសភាពាណិជ្ជកម្មប្រចាំខេត្ត របស់ខ្លួនហើយ

0

ដោយៈ ច្រាយ ចំណាន

    មណ្ឌលគិរីៈ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកហឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្ម មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូប។

 ជាលទ្ធផល បេក្ខជនសរុបចំនួន១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៦នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តមណ្ឌលគិរីចំនួន២០៤នាក់ស្មើនឹង ៩៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ២១៦នាក់។

លោក វឿង ប្រយុទ្ធ បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ ដោយទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន១៤សម្លេង លើ១៥សម្លេង  នៃសមាជិកជ្រើសតាំងទាំងសរុប១៥នាក់៕

រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង៥០,២៦២គីឡូម៉ែត្រ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង៥០,២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូបានប្រវែង៦,៧២៣គីឡូម៉ែត្រ ផ្លូវបេតុង បានប្រ​វែង១,៨០៤គីឡូម៉ែត្រ ផ្លូវល្បាយក្រួស បានប្រវែង៣១៧០៤គីឡូ​ម៉ែត្រ និងផ្លូវដីស បានប្រវែង១០,០២៩គីឡូម៉ែត្រ។

ព័ត៌មាននេះបានធ្វើបច្ចុប្បន្នភាព ក្រោមអធិបតីភាព លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់”ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើន។

យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនា លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានផ្លូវ២៧១ខ្សែ ក្នុងនោះសាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់៩៤០,៧១ គីឡូម៉ែត្រ សាងសង់ផ្លូវក្រាលបេតុងបានប្រវែង១៦៤,២១គីឡូម៉ែត្រ សាងសង់ផ្លូវក្រាលល្បាយក្រួស បានប្រវែង២១៨,០៥គីឡូម៉ែត្រ សាងសង់ស្ពានបេតុង បានចំនួន១២កន្លែង ស្មើនឹងប្រវែង៦៧៥ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យ គ្រប់ប្រភេទជាច្រើនទៀត ព្រមទាំងការថែទាំ និងជួសជុលផ្លូវបានចំនួន៤០៤ខ្សែ ប្រវែងសរុប៤,២៧២គីឡូម៉ែត្រ និងសំណង់សិល្បការ្យគ្រប់ប្រភេទ។

លោករដ្ឋមន្ត្រីបានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីបានដាក់ចេញនូវទិសដៅបន្តបន្ថែម ដូចជា

១.ត្រូវបន្តពង្រីកវិសាលភាព និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ ២.ត្រូវបន្តពង្រីកវិសាលភាពការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ៣. បន្តសិក្សាស្វែងរកបច្ចេកវិទ្យាថ្មីៗ ដូចជាការសិក្សាធ្វើបច្ចុ​ប្បន្នភាពលើបទដ្ឋានបច្ចេកទេស ការសិក្សារកវត្ថុធាតុដើមថ្មី (Stabilizer)ជាដើម។

លោកឆាយ រិទ្ឋីសែនបានបញ្ជាក់ថា “សមិទ្ធផលទាំងនេះសម្រេ​ចទៅបាន ក៏ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជនទាំង​មូលផងដែរ”៕