ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានលើកឡើងថា ផលិតផលក្លែងក្លាយ មិនត្រឹមតែបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបាត់ជំនឿទុកចិត្ត ដល់វិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជាថែមទៀតផងដែរ។
លោកថ្លែងបែបនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ ផ្តោតសំខាន់លើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១) កម្មសិទ្ធិបញ្ញាក្នុងវិស័យទេសចរណ៍ ទី២) ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងវិស័យទេសចរណ៍ និងទី៣) ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍។
            
 


 





