តើតម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងសៀងហៃអាចទប់ទល់នឹងការផ្គត់ផ្គង់ផ្ទះថ្មីចំនួន៣មុឺនយូនីតនៅឆ្នាំនេះដែរឬទេ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅទីក្រុងសៀងហៃប្រទេសចិននឹងទទួលបានការផ្គត់ផ្គង់ផ្ទះថ្មីបន្ថែមទៀតនៅឆ្នាំនេះ ដោយជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍សម្រុកលក់ចេញផ្ទះដែលនៅសេសសល់សំដៅទប់ស្កាត់មិនឱ្យមានការផ្គត់ផ្គង់លើសតម្រូវការកាន់តែខ្លាំង។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Baonuo បានឱ្យដឹងថា គម្រោងលំនៅដ្ឋានយ៉ាងតិចចំនួន២៧០ទីតាំង ដែលមានផ្ទះចំនួន៣០.០០០យូនីតនឹងត្រូវបានដាក់លក់នៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសចិននៅឆ្នាំនេះ។

គិតមកទល់បច្ចុប្បន្ន ផ្ទះដែលនៅសេសសល់ ឬលក់ចេញមិនទាន់ដាច់ (Inventory) នៅក្នុងទីក្រុងសៀងហៃមានចំនួន៥៤.០០០យូនីត។នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារអចលនទ្រព្យ Baonuo។

លោក Fu Liuhao អ្នកគ្រប់គ្រងជាន់ខ្ពស់នៅទីភ្នាក់ងារ Baonuo បានលើកឡើងថា “ការលើកទឹកចិត្តរបស់រដ្ឋាភិបាលចិនប្រហែលជាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការជំរុញការលក់ផ្ទះថ្មីទេ ព្រោះអ្នកទិញភាគច្រើនមានការប្រុងប្រយ័ត្នចំពោះទស្សនវិស័យរបស់ទីផ្សារ ហើយពួកគេប្រកាន់យកវិធីសាស្រ្តរង់ចាំមើលស្ថានការណ៍”។

កាលពីឆ្នាំមុន ទីក្រុងសៀងហៃបានលក់ចេញផ្ទះថ្មីចំនួន៥៧.២១៨យូនីត ធ្លាក់ចុះ២៤ភាគរយធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Shanghai UWin Real Estate Information Services។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុងសៀងហៃបានកើនឡើង១៩ភាគរយកាលពីឆ្នាំមុនធៀបនឹងឆ្នាំ២០២៣ដល់ទំហំទឹកប្រាក់ចំនួន៧៩.១៥០យ័ន(ប្រហែល១០.៩២៦ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

ដោយផ្អែកលើទិន្នន័យនៃការលក់ផ្ទះកាលពីឆ្នាំមុន ក្រុមអ្នកវិភាគបានព្យាករណ៍ថា អ្នកអភិវឌ្ឍន៍អាចនឹងចំណាយពេលលើសពីមួយឆ្នាំដើម្បីលក់បង្ហើយផ្ទះដែលនៅសេសសល់ក្នុងស្តុក។

យោងតាមមន្ត្រីមូលដ្ឋានចំនួន២រូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានទម្លាយប្រាប់កាសែត South China Morning Post ថា “រដ្ឋបាលទីក្រុងសៀងហៃកំពុងពិចារណាដាក់ចេញនូវគោលនយោបាយថ្មីបន្ថែមទៀតដើម្បីជំរុញវិស័យអចលនទ្រព្យ បន្ទាប់ពីបានអនុវត្តន៍វិធានការជំរុញទីផ្សារជាបន្តបន្ទាប់កាលពីឆ្នាំមុន”៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលគន្លងនៃទិសដៅគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៧៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៣ភាគរយដល់២.៧៧១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៨៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៧ភាគរយដល់៣០,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៤ភាគរយដល់៩៥៦,១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧២ភាគរយដល់៩៤៨,០៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

ធនាគារកណ្តាលចិនប្រកាសអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនក្នុងស្រុកអាចខ្ចីបំណុលបរទេសបន្ថែមទៀត ដើម្បីស្រូបទាញប្រាក់ដុល្លារអាមេរិក

ដោយ: គង់ លាងហួរ
ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិនបានពង្រឹងការការពារកាន់តែរឹងមាំសម្រាប់ប្រាក់យ័ន និងទីផ្សារប្តូរប្រាក់ក្នុងស្រុក ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម និងអត្រាប្តូរប្រាក់។

តួយ៉ាង ធនាគារកណ្ដាលចិនបានប្រកាសអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុន-សហគ្រាសចិនអាចខ្ចីប្រាក់កាន់តែច្រើនបន្ថែមទៀតពីក្រៅប្រទេស ដើម្បីទប់ស្កាត់មិនឱ្យអត្រាប្តូរប្រាក់យ័នដាំក្បាលចុះខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក។

ក្រុមអ្នកជំនាញបានលើកឡើងថា ការអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនចិននានាអាចខ្ចីបំណុលបរទេសកាន់តែច្រើន ស្ថិតក្នុងចំណោមគោលនយោបាយ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន ខណៈប្រាក់យ័នបានធ្លាក់ថ្លៃចុះយ៉ាងគំហុកធៀបនឹងប្រាក់ដុល្លារអាមេរិក។

លោក Zhu Tian សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាលាធុរកិច្ចអន្តរជាតិចិន-អឺរ៉ុបក្នុងទីក្រុងសៀងហៃបានអះអាងថា “ចំណាត់ការនេះអាចជួយបន្ធូរបន្ថយសម្ពាធនៃការធ្លាក់ថ្លៃនៃរូបិយបណ្ណក្នុងស្រុក និងបង្កើនទំហំបំណុលនៅក្រៅប្រទេសរបស់សហគ្រាសចិន”។

លោក Zhu Tian បានគូសបញ្ជាក់ទៀតថា “ជាលទ្ធផល ប្រសិនបើប្រាក់ដុល្លារអាមេរិកហូរចូលកាន់តែច្រើនមកកាន់ប្រទេសចិន នោះការណ៍នេះពិតជានឹងជួយធ្វើឱ្យប្រាក់យ័នមានស្ថិរភាព”។

ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិនមានទំហំទឹកប្រាក់ចំនួន៣,២ទ្រីលានដុល្លារអាមេរិកគិតត្រឹមដំណាច់ចុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters ។

លោក Lynn Song សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន ING Greater China បានលើកឡើងថា ការរក្សាស្ថិរភាពរូបិយបណ្ណក្នុងស្រុកនៅតែជាអាទិភាពសំខាន់របស់ធនាគារកណ្តាលចិន ទោះបីជាក្រុមអ្នកវិភាគមួយចំនួនបានអះអាងអំពីលទ្ធភាពនៃការទាញទម្លាក់តម្លៃប្រាក់យ័ន ដោយចេតនា ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញចិនយ៉ាងណាក្តី។

ចំណាត់ការនេះក៏បានគូសបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលចិនក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ដោយជំរុញលំហូរសាច់ប្រាក់ និងរក្សាស្ថិរភាពរូបិយបណ្ណជាតិ ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ច៕ប្រភព: Reuters & SCMP៕

តម្លៃដីធ្លីនៅប្រទេសវៀតណាមហក់ឡើងថ្លៃយ៉ាងគំហុក ដោយបង្កជាក្តីបារម្ភសម្រាប់វិស័យអចលនទ្រព្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​ហក់ឡើង​យ៉ាងគំហុកនៃតម្លៃដី​ធ្លីនៅ​ក្នុងប្រទេសវៀតណាម​ កំពុង​បង្កឱ្យមានការព្រួយបារម្ភ​ពី​សំណាក់ក្រុមអ្នកជំនាញ​ និងភាគីពាក់ព័ន្ធនានា ព្រោះស្ថានភាពនេះនឹងអាចក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យអចលនទ្រព្យក្នុងប្រទេសវៀតណាម។

គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តចំនួន២៥ទូទាំងប្រទេសវៀតណាម បានចេញក្របខណ្ឌតម្លៃដីថ្មី ដែលមានប្រសិទ្ធភាពដល់ដំណាច់ចុងឆ្នាំ២០២៥ ។ ​ការចេញក្របខណ្ឌ​នេះ ជាផ្នែកមួយនៃកំណែទម្រង់ក្រោមច្បាប់ស្តីពីភូមិបាលឆ្នាំ២០២៤ ​ក្នុង​​គោលបំណងលើកកម្ពស់តម្លាភាព និង​ធ្វើ​ឱ្យ​តម្លៃដី​ស៊ីសង្វាក់គ្នា​ទៅនឹង​តម្លៃនៅលើទីផ្សារជាក់ស្តែង។

ទោះបីជាយ៉ាងណាក្តី ការហក់ឡើងថ្លៃយ៉ាងគំហុកនៃតម្លៃដីនៅតាមតំបន់មួយចំនួន បានធ្វើឱ្យប្រជាជន​ និងក្រុមអ្នកវិនិយោគមានការប្រុងប្រយ័ត្ន និងបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ។

ជាក់ស្តែង តម្លៃដីធ្លីនៅក្នុងទីក្រុងហូជីមិញបានហក់ឡើងថ្លៃចំនួន៣៨ដង ដោយដីនៅតំបន់មួយចំនួននៃទីក្រុងនេះមាន​តម្លៃ​៦៨៧,២លាន​ដុង (ប្រហែល២៧.០៥៥ ដុល្លារ​អាមេរិក​)ក្នុងមួយម៉ែត្រការ៉េ។

ដោយឡែក តម្លៃដីធ្លីនៅទីក្រុងហាណូយបានកើនឡើងចន្លោះពី​២ដងទៅ៦ដង ​ខណៈដែលតម្លៃដីនៅតំបន់មួយចំនួននៃរដ្ឋធានីមួយនេះបានហក់ឡើងដល់៦៩៥,៣លាន​ដុង(ប្រហែល២៧.៥០០ដុល្លារ)​ក្នុងមួយម៉ែត្រការ៉េ។

កំណើន​ដ៏ខ្ពស់នេះ​បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកវិនិយោគ អំពីលទ្ធភាព​ ព្រោះស្ថានភាពនេះអាច​កាត់បន្ថយលទ្ធភាពនៃការ​ទិញដី និង​ភាព​ទាក់ទាញ​នៃ​ការវិនិយោគ។

លោក Nguyễn Quốc Hiệp ប្រធានសមាគមអ្នកម៉ៅការសំណង់វៀតណាម (VACC) បានបង្ហាញក្តីព្រួយបារម្ភអំពីការហក់ឡើងនៃតម្លៃដី ព្រោះវាអាចជះផលប៉ះពាល់ដល់បរិយាកាសវិនិយោគនៅប្រទេសវៀតណាម។

លោកបានអះអាងថា តម្លៃដី​ក្នុងកម្រិតប្រកួតប្រជែង គួបផ្សំនឹងតម្លៃកម្លាំងពលកម្ម​សមរម្យ និង​ហេដ្ឋារចនាសម្ព័ន្ធភស្តុភារប្រកបដោយប្រសិទ្ធភាព ជាកត្តាសំខាន់ក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)។ ​

លោក Hiệp បានគូសបញ្ជាក់បន្ថែមថា “ប៉ុន្តែ ​នៅពេល​តម្លៃពលកម្ម និងតម្លៃដីកើនឡើងព្រមគ្នា នោះសមត្ថភាពនៃការប្រកួតប្រជែងរបស់វៀតណាមអាចប្រឈមមុខនឹងហានិភ័យ ដែលអាចជះផលប៉ះពាល់ដល់ការវិនិយោគនាពេលអនាគត”៕ប្រភព:Viet Nam News៕

ការសិក្សាថ្មី: សេដ្ឋកិច្ចពិភពលោកប្រឈមការខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន៥,៧ទ្រីលានដុល្លារពីការបែងចែករវាងលោកខាងលិច និងលោកខាងកើត

ដោយ: គង់ លាងហួរ
អន្តរជាតិ: របាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយបានព្រមានថា ការបែងចែកបក្ខពួករវាងបណ្តាប្រទេសមហាអំណាចអាចបង្កជាការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចរបស់ពិភពលោកខ្លាំងជាងវិបត្តិហិរញ្ញវត្ថុសកល ឬជំងឺរាតត្បាត។

យោងតាមការស្រាវជ្រាវពីវេទិកាសេដ្ឋកិច្ចពិភពលោក និងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង Oliver Wyman របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការកាត់ផ្តាច់ទំនាក់ទំនងរវាងបណ្តាប្រទេសលោកខាងលិច និងបណ្តាប្រទេសលោកខាងកើតអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ពិភពលោកខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន៥,៧ទ្រីលានដុល្លារ។

ផលប៉ះពាល់ភាគច្រើននឹងកើតឡើងតាមរយៈរូបភាពនានា រួមមានដូចជាការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មពិភពលោក ការធ្លាក់ចុះនៃលំហូរមូលធន និងការខាតបង់ប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច។

របាយការណ៍ខាងលើបានបន្តថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យធ្វើពាណិជ្ជកម្មផ្តាច់មុខជាមួយប្លុកលោកខាងលិច ឬប្លុកលោកខាងកើត និងបានព្រមានថា ទំហំផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា ប្រេស៊ីល តំបន់អាមេរិកឡាទីន និងតំបន់អាស៊ីអាគ្នេយ៍អាចដាំក្បាលចុះ១០ភាគរយ ។

របាយការណ៍នេះបានកត់សម្គាល់ថាបណ្តាប្រទេសនានាកំពុងងាកទៅប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុជាអាវុធដើម្បីជំរុញគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន តាមរយៈការដាក់ទណ្ឌកម្ម ការផ្តល់ជំនួយឧបត្ថម្ភធន និងគោលនយោបាយឧស្សាហកម្មចាប់តាំងពីឆ្នាំ២០១៧មក។

យ៉ាងណាមិញ ប្រសិនបើលំហូរមូលធន និងពាណិជ្ជកម្មត្រូវបានដាក់លក្ខខណ្ឌត្រឹមតែចំពោះសន្តិសុខជាតិ និងការប្រកួតប្រជែង នោះផលប៉ះពាល់លើផលទុនជាតិសរុបរបស់ពិភពលោកនឹងមានទំហំទឹកប្រាក់ត្រឹមតែ៦០០ពាន់លានដុល្លារប៉ុណ្ណោះ។នេះបើយោងតាមលោក Matthew Blake ប្រធាន​មជ្ឈមណ្ឌល​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​រូបិយវត្ថុ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។

របាយការណ៍នេះត្រូវបានចេញផ្សាយ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជាពិសេសបន្ទាប់ពីលោក ដូ ណាល់ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទី២។

រដ្ឋបាលរបស់លោក ដូ ណាល់ត្រាំ កំពុងពិចារណាដាក់ពន្ធចំនួន២៥ភាគរយលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដានៅដំណាច់ចុងខែមករានេះ ក៏ដូចជាការយកពន្ធចំនួន៦០ភាគរយលើការនាំចូលទំនិញរបស់ប្រទេសចិនផងដែរ៕ប្រភព: Oil price. Com៕

តើទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ​អាចផ្តល់ភាគលាភពីការជួលប៉ុន្មានភាគរយក្នុងមួយឆ្នាំ?

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ​របស់ប្រទេសកម្ពុជាអាចផ្តល់ភាគលាភពីការជួល​(Rental yields) ក្នុង​រង្វង់​ពី​៦​ភាគរយ​ទៅ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank អះអាងថា តួលេខនេះមាន​ការ​ប្រកួតប្រជែង​បើប្រៀបធៀប​នឹង​ទីផ្សារ​ផ្សេង​ទៀតក្នុង​តំបន់​​។

Knight Frank បានគូសបញ្ជាក់ថា តម្រូវការអចលនទ្រព្យសម្រាប់ជួលនៅតំបន់ទីប្រជុំជន ដូចជាតំបន់បឹងកេងកង១ (BKK1) កំពុងទាក់ទាញកំណើននៃការវិនិយោគក្នុងស្រុក និងការវិនិយោគពីបរទេស។

តម្រូវការនេះត្រូវបានជំរុញដោយសារតែតំបន់បឹងកេងកង១ មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ និងមានបរិក្ខារចាំបាច់នៅជិត ដែលធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ ជាពិសេសសម្រាប់អ្នកជួល។

ទន្ទឹមនឹងនោះ តំបន់បឹងកេងកង១ កំពុងផ្តល់ផលចំណេញគួរជាទីពេញចិត្តសម្រាប់អ្នកវិនិយោគអចលនទ្រព្យលំនៅដ្ឋាន។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

ដោយឡែក ចំពោះប្រទេសជិតខាងរបស់កម្ពុជា ដូចជាប្រទេសថៃ ក្រុមហ៊ុន Knight Frank បានកត់សម្គាល់ឃើញថា ទីផ្សារអចលនទ្រព្យនៅទីក្រុងបាងកកមានសភាពរឹងមាំក្នុងពេលថ្មីៗនេះ ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យប្រណីត ដែលជំរុញដោយលំហូរវិនិយោគផ្ទាល់ពីបរទេស។

ទីផ្សារអចលនទ្រព្យប្រណីតនៅទីក្រុងបាងកកបានបង្ហាញពីភាពធន់ក្នុងរយៈពេលថ្មីៗនេះ ទោះបីជាមានបញ្ហាប្រឈមដូចជា កង្វះដីធ្លី និងការកើនឡើងថ្លៃដើមនៃការសាងសង់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ស្ថិតនៅតាមបណ្តោយមាត់ទន្លេចៅប្រាយ៉ា(Chao Phraya) យ៉ាងណាក្តី។

មិនខុសពីទីផ្សារអចលនទ្រព្យប្រណីតនៅកម្ពុជា ជនបរទេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យប្រណីតរបស់ទីក្រុងបាងកក ដោយក្នុងនោះ អ្នកវិនិយោគចិនជាអ្នកទិញនាំមុខគេ៕ប្រភព: Knight Frank៕

ហ្វីលីពីនគ្រោងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយសហរដ្ឋអាមេរិក និង EU

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសហ្វីលីពីនគ្រោងនឹងជំរុញយ៉ាងសកម្មឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTA) ជាមួយសហរដ្ឋអាមេរិក ខណៈទីក្រុងម៉ានីលរំពឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ នឹងបើកចំហចំពោះការរចរចាកិច្ចព្រមព្រៀងបែបនេះ។

លោក Ceferino Rodolfo មន្ដ្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មហ្វីលីពីនបានមានប្រសាសន៍ឱ្យដឹងថា “ប្រទេសហ្វីលីពីននឹងព្យាយាមស្វែងរកកិច្ចព្រមព្រៀង FTA ទ្វេរភាគីជាមួយសហរដ្ឋអាមេរិក”។

លោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការចុះកិច្ចព្រមព្រៀង FTA ជាមួយប្រទេសហ្វីលីពីនក្រោមអាណត្តិលើកដំបូងរបស់លោក ដូ ណាល់ត្រាំ ជាប្រធានាធិបតីអាមេរិក។

ផ្ទុយទៅវិញ លោក Rodolfo បានអះអាងថា រដ្ឋបាលមុនរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន មានគោលជំហរប្រុងប្រយ័ត្នជាមួយហ្វីលីពីនក្នុងការចរចាកិច្ចព្រមព្រៀង FTA ទ្វេរភាគី។

លោក Rodolfo បានសម្តែងក្តីសង្ឃឹមថា “ក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោក ត្រាំ ដូចជាលោក Jamieson Greer ដែលត្រូវបានតែងតាំងជាមន្ដ្រីតំណាងពាណិជ្ជកម្មអាមេរិក នឹងជះឥទ្ធិពលជាវិជ្ជមានលើទំនាក់ទំនងអាមេរិក និងហ្វីលីពីន”។

ស្របពេលដែលហ្វីលីពីនជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយអាមេរិក លោក Rodolfo សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងជួយពន្លឿនដល់ការចរចាកិច្ចព្រមព្រៀង FTA ទ្វេរភាគីរវាងហ្វីលីពីន និងសហភាពអឺរ៉ុបផងដែរ។

រដ្ឋាភិបាលហ្វីលីពីន និងសហភាពអឺរ៉ុបបានបន្តកិច្ចចរចាលើកិច្ចព្រមព្រៀង FTA ឡើងវិញកាលពីខែតុលាឆ្នាំមុន បន្ទាប់ពីការចរចាបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៧ ខណៈការចរចាជុំបន្ទាប់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕ប្រភព: Philstar ៕

បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទីក្រុងហុងកុងប្រឈមវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុងខ្នាតយក្ស New World Development ត្រូវបានគេចាត់ទុកជាពិភពជំនួញដ៏មានស្ថិរភាព និងមានសាច់ប្រាក់យ៉ាងច្រើនមហាសាល។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ New World Development បាននិងកំពុងជួបប្រទះវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោក Adrian Cheng អ្នកស្នងមរតកជំនាន់ទី៣នៃក្រុមហ៊ុន New World Development របស់ក្រុមគ្រួសារត្រកូល Cheng បានលាលែងពីមុខតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុន New World បានស្នើដាក់បញ្ចាំអចលនទ្រព្យជាច្រើនរបស់ខ្លួន ដើម្បីទទួលបានប្រាក់កម្ចីចំនួន១៥ពាន់លានដុល្លារអាមេរិក និងបានគេចវេសមិនចង់ដោះស្រាយចំពោះក្តីព្រួយបារម្ភនានាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ New World Development បានផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ខ្លួនចំនួនពីរដងក្នុងរយៈពេល២ខែកន្លងមកនេះ ដែលធ្វើឱ្យតម្លៃមូលបត្របំណុលរបស់ខ្លួនដាំក្បាលចុះយ៉ាងគំហុក។

លោក Patrick Wong អ្នកវិភាគរបស់ស្ថាប័ន Bloomberg Intelligence (BI) បានលើកឡើងថា “ស្ថានភាពរបស់ក្រុមហ៊ុន New World នាពេលនេះជាស្ថានភាពអាក្រក់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុងហុងកុងគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីចាបពីឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៩”។

តម្លៃមូលបត្របំណុលប្រាក់ដុល្លារមួយចំនួនរបស់ក្រុមហ៊ុន New World បានដាំក្បាលចុះដល់កម្រិតទាបបំផុតនៅថ្ងៃទី២២ ខែមករា ខណៈតម្លៃទីផ្សារ(Market Value)របស់ក្រុមហ៊ុននេះបានដាំក្បាលចុះជិតដល់កម្រិតនៅក្នុងឆ្នាំ២០០៣។

ក្រុមវិនិយោគិនកំពុងតាមដានយ៉ាងដិតដល់នូវសញ្ញានៃភាពតានតឹងចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀត។

ជាក់ស្តែង ក្រុមហ៊ុន Parkview Group ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏លេចធ្លោមួយទៀតរបស់ទីក្រុងហុងកុងបានប្រកាសដាក់លក់អគារពាណិជ្ជកម្មដ៏ល្បីល្បាញរបស់ខ្លួននៅក្នុងទីក្រុងប៉េកាំង ដែលអគារនោះមានឈ្មោះថា“Fang Cao Di”។

លោក Richard Harris ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Port Shelter Investment Management បានលើកឡើងថា “ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុងធំៗទាំងនេះត្រូវបង្ខំចិត្តលក់អគារល្បីៗរបស់ខ្លួន ដើម្បីទម្លុះភាពទាល់ច្រក”។

លោកបញ្ជាក់បន្ថែមថា “ ភាពតានតឹងជាច្រើនមិនត្រឹមតែបានកើតឡើងចំពោះបណ្តាក្រុមហ៊ុនអចលនទ្រព្យចិនដីគោកប៉ុណ្ណោះទេ។ ប៉ុន្តែ ភាពតានតឹងផ្នែកហិរញ្ញវត្ថុក៏បានកើតឡើងចំពោះបណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងផងដែរ”៕ប្រភព: Bloomberg៕

ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសឥណ្ឌូនេសុីបង្ហាញសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីនឹងបង្ហាញសញ្ញាល្អប្រសើរនៅឆ្នាំ២០២៥នេះ ខណៈក្រសែភ្នែករបស់ក្រុមវិនិយោគិន និងអ្នកទិញទាំងអស់បានផ្តោតលើកំណើនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ឥណ្ឌូនេសុី។

ជាមួយគ្នានេះ ការដាក់ចេញវិធានការគាំទ្រនានាពីរដ្ឋាភិបាល នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការកើនឡើងនៃតម្រូវការលំនៅដ្ឋាន បានបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យអចលនទ្រព្យនៅឥណ្ឌូនេស៊ី។

យោងតាមការព្យាករណ៍នាពេលថ្មីៗនេះបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅឥណ្ឌូនេស៊ីកំពុងបង្ហាញពីអត្រាកំណើនជាវិជ្ជមាន ដោយត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សារទាក់ទាញបំផុតមួយក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៥នេះ។

ទំហំទីផ្សារលំនៅដ្ឋានឥណ្ឌូនេសុីត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំចំនួន៧,៩៥%ចាប់ពីពេលនេះដល់ឆ្នាំ២០២៩ខាងមុខ។ កំណើននេះសរបង្ហាញឱ្យឃើញពីការកើនឡើងនៃតម្រូវការលំនៅដ្ឋាន និងភាពទាក់ទាញរបស់ប្រទេសនេះចំពោះបណ្តាវិនិយោគិនបរទេស និងអ្នកទិញអចលនទ្រព្យ។

ជាមួយគ្នានេះ ទីក្រុងហ្សាការតានៅតែជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគិន និងអ្នកទិញអចលនទ្រព្យ។ ទីក្រុងដែលមានប្រជាជនរស់នៅជាង១០លាននាក់នេះផ្តល់ឱកាសវិនិយោគយ៉ាងធំសម្បើម។

លំនៅដ្ឋាននៅទីក្រុងហ្សាការតាមានតម្លៃជាមធ្យមប្រហែល២.៦៩២ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃសមរម្យបើធៀបនឹងទីក្រុងធំៗផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។

ដោយឡែក តម្លៃអាផាតមុិននៅក្នុងទីក្រុងហ្សាការតាអាចមានការប្រែប្រួលខុសៗគ្នា ដោយសារវាអាស្រ័យទៅលើភូមិសាស្ត្រទីតាំង ទំហំ និងគ្រឿងបរិក្ខារ។

ជាក់ស្តែង អាផាតមុិនដែលមានបន្ទប់គេងទោលអាចមានតម្លៃប្រហែល៧៥.០០០ដុល្លារក្នុងមួយយូនីត ខណៈអាផាតមុិនដែលមានបន្ទប់គេងចំនួន២មានតម្លៃប្រហែល១០៩.០០០ដុល្លារក្នុងមួយយូនីត ហើយអាផាតមុិនដែលមានបន្ទប់គេងចំនួន៣អាចមានតម្លៃប្រហែល១៨៥.០០០ដុល្លារក្នុងមួយយូនីត។

ភាគលាភពីការជួលអចលនទ្រព្យលំនៅដ្ឋាន(Rental Yields)នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានអត្រាចាប់ពី៩ភាគរយ ទៅ១៥ភាគរយ ក្នុងមួយឆ្នាំ។ ការណ៍នេះធ្វើឱ្យទីផ្សារលំនៅដ្ឋានឥណ្ឌូនេស៊ីអាចទាក់ទាញបណ្តាអ្នកវិនិយោគអន្តរជាតិដែលកំពុងស្វែងរកឱកាសដើម្បីធ្វើពិពិធកម្មផលបត្ររបស់ពួកគេ៕ប្រភព: Centrarium៕

ដំណឹងល្អ: រដ្ឋាភិបាលថៃគ្រោងបង្កើនចំនួនផ្លូវរថយន្តក្រុងដឹកអ្នកដំណើរមកកាន់កម្ពុជា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Transport Company Limited ដែលជាប្រតិបត្តិកររថយន្តក្រុងរបស់រដ្ឋាភិបាលថៃបានប្រកាសថា ខ្លួនគ្រោងបើកផ្លូវរថយន្តក្រុងចំនួន១១ខ្សែទៅកាន់ប្រទេសឡាវ និងកម្ពុជាដើម្បីលើកកម្ពស់នូវការធ្វើដំណើរឆ្លងដែនបន្ថែមទៀត។

បច្ចុប្បន្ន ក្រុមហ៊ុន Transport Company Limited បានបើកផ្លូវ​រថយន្តក្រុង​ចំនួន​ពីរ​ខ្សែ មក​កាន់កម្ពុជា​ រួមមាន ផ្លូវរថយន្តក្រុងពីទីក្រុងបាងកក​មកកាន់ខេត្តសៀមរាប និង​ផ្លូវរថយន្តក្រុងពីទីក្រុងបាងកក​មកកាន់ទីក្រុងភ្នំពេញ​។

លោក Atthawit Rakjamroon ប្រធានស្តីទីក្រុមហ៊ុន Transport Company Limited បានលើកឡើងថា ការបើកដំណើរការផ្លូវរថយន្ដក្រុងទាំងនេះបាននិងកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនថៃ ឡាវ និងកម្ពុជា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍ទាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសជិតខាងផងដែរ។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា ផ្លូវទាំងនេះដឹកអ្នកដំណើរជាមធ្យមប្រហែល៣.០០០នាក់នៅក្នុងមួយថ្ងៃ ដោយបានកើនឡើង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩បានបញ្ចប់។

លោក Atthawit បានបន្ថែមថា ក្រុមហ៊ុន Transport Company Limited ទទួលបានចំនួនអ្នកដំណើរជាមធ្យមចន្លោះពី៨មុឺននាក់ទៅ៩មុឺននាក់ក្នុងមួយថ្ងៃ ជារៀលរាល់ថ្ងៃធ្វើការ ខណៈចំនួនអ្នកដំណើរនៅថ្ងៃចុងសប្តាហ៍អាចកើនឡើងដល់ចន្លោះពី១០មុឺននាក់ទៅ១២មុឺននាក់ជាមធ្យមក្នុងមួយថ្ងៃ។

ក្រុមហ៊ុន Transport Company Limited ជាសហគ្រាសរដ្ឋស្ថិតចំណុះក្រោមក្រសួងដឹកជញ្ជូនថៃ។

ក្រុមហ៊ុននេះក៏បើកដំណើរការផ្លូវរថយន្តក្រុងនៅក្នុងស្រុកចំនួន៥៦ខ្សែផងដែរ រួមមាន ផ្លូវទៅកាន់តំបន់ភាគខាងជើងនៃប្រទេសថៃចំនួន២១ខ្សែ ផ្លូវទៅកាន់តំបន់ភាគឦសាន និងតំបន់ភាគខាងកើតចំនួន២១ខ្សែ និងផ្លូវទៅកាន់តំបន់ភាគខាងត្បូងចំនួន១៤ខ្សែ៕ប្រភព: The Nation៕