វិភាគៈតើប្រជាពលរដ្ឋខ្មែរភាគច្រើនជាមនុស្សចូលចិត្តប្រើអារម្មណ៍មែនឬ?

ដោយៈ យិន លាងគង់

ភ្នំពេញៈ មនុស្សឆ្លាតតែងតែប្រើបញ្ញា ដែលអាចវិភាគបានតាម   រយៈវិចារណៈញ្ញាណរបស់ខ្លួន ព្រោះវិចារណៈញ្ញាណ ជាសារធាតុម្យ៉ាងដែលធ្វើឲ្យមនុស្សឆ្លាតជាងសត្វដទៃ។

ប៉ុន្តែក្នុងសង្គមជាក់ស្តែង ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត មនុស្សរបស់ប្រទេសនោះនិយមប្រើប្រាស់អារម្មណ៍ សម្រាប់សម្រេចចិត្ត និងវិ​និច្ឆ័យលើរឿងអ្វីមួយ តាមរយៈគំហើញ ជាជាងការយកអ្វីដែលខ្លួនបានឃើញ បានលឺនោះ​យកមកពិចារណាឲ្យគ្រប់ជ្រុងជ្រោយ វិភាគឲ្យបានស៊ីជម្រៅ ល្អិតល្អ​ន់​ជាមុនសិន ។

តើប្រជាពលរដ្ឋខ្មែរមួយចំនួន ជាមនុស្សប្រើប្រាស់អារម្មណ៍ដើម្បីវិនិច្ឆ័យលើរឿងអ្វីមួយពិតឬទេ? ចម្លើយគឺ “ជាការពិត”។

ការពិតនៅត្រង់ថា នៅលើបណ្តាញទំនាក់ទំនងសង្គមក្តី នៅលើប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានក្តី នៅពេលពួកគេឃើញករណីគ្រួសារណាមួយឈ្លោះគ្នា ពួកគេចូលទៅធ្វើបុរេវិនិច្ឆ័យភ្លាម ដោយមិនបានសិក្សាពីជម្រៅនៃបញ្ហាគ្រួសាររបស់គេនៅឡើយ។

ទាក់ទងប្រព័ន្ឋផ្សព្វផ្សាយវិញ ពួកគេមិនចូលចិត្តអានអត្ថបទឲ្យចប់ចុងចប់ដើម យកមកវិភាគពិចារណានៅឡើយទេ ប៉ុន្តែពួកគេឃើញតែចំណងជើងភ្លាម ពួកគេរិះគន់ភ្លាម ដោយពួកគេមិនទាំងមានចំណេះដឹងលើផ្នែកនោះ ឬមិនបានសិក្សាពីមូលហេតុអ្វី តើអត្ថបទឬ វីដេអូនោះមានប្រភពពីណានៅឡើយទេ។

ការធ្វើបុរេវិនិច្ឆ័យបែបនេះ បញ្ជាក់ថា “អ្នកជាមនុស្សគ្មានសុភវិនិច្ឆ័យ គឺធ្វើតាមសភាវគតិ”។ មនុស្សមិនធ្វើអ្វីតាមសភាវគតិទេ គឺត្រូវប្រើប្រាស់វិចារណញ្ញាណ ដើម្បីអាចវិភាគ ពិចារណាដឹងថា អ្វីខុស អ្វីត្រូវ អ្វីល្អ អ្វីអាក្រក់ អ្វីស អ្វីខ្មៅជាដើម។

ការប្រើប្រាស់សភាវគតិ តែម្យ៉ាងមិនគ្រប់គ្រាន់នោះទេ ព្រោះមានតែសត្វប៉ុណ្ណោះ ដែលប្រើប្រាស់សភាវគតិ ជាមូលដ្ឋាននៃដំណើរជីវិតរបស់ពួកគេ។

ហេតុនេះ ការធ្វើបុរេវិនិច្ឆ័យភ្លាមៗលើរឿងអ្វីមួយ លើបញ្ហាអ្វីមួយ មិនគួរត្រូវយកមកប្រើប្រាស់ក្នុងសង្គមនោះឡើយ ព្រោះបើសង្គមសម្បូរមនុស្សបែបនោះ សង្គមនោះនឹងមិនស្គាល់អ្វីហៅថា ស៊ីវិល័យ ហើយប្រជាជនរបស់ប្រទេសនោះ នឹងមិនទទួលបាននូវអ្វីហៅថា “ជាអរិយជន”ឡើយ៕

ក្រុមប្រទេស BRICS គ្រោងបង្កើតប្រព័ន្ធទូទាត់ឯករាជ្យដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន ឬហៅកាត់ថា BRICS កំពុងពិចារណាលើការបង្កើត ប្រព័ន្ធទូទាត់ឯករាជ្យមួយ ដោយផ្អែកលើរូបិយប័ណ្ណឌីជីថល និងបច្ចេកវិទ្យា Blockchain ដើម្បីកាត់បន្ថយការពឹងផ្អែក លើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច។

លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ការបង្កើតប្រព័ន្ធទូទាត់ឯករាជ្យហៅកាត់ថា BRICS គឺជាគោលដៅសំខាន់មួយ សម្រាប់អនាគត ដែលនឹងផ្អែកលើឧបករណ៍ទំនើបបំផុត ដូចជាបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យា Blockchain ។

លោក Ushakov បានថ្លែងប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា “រឿងសំខាន់ យើងត្រូវធ្វើឱ្យប្រាកដថា ប្រព័ន្ធនេះមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាល មនុស្សសាមញ្ញ និងក្រុមហ៊ុនអាជីវកម្ម ក៏ដូចជា ការចំណាយប្រកបដោយប្រសិទ្ធភាព និងសេរីភាពនយោបា​យ”។

ដំបូងឡើយ សម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើង ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១០មក ក្រុមប្រទេសសមាជិកBRICS បានបន្ថែមសមាជិករបស់ខ្លួនជាលើកដំបូង ដោយដាក់បញ្ចូលអេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអេរ៉ាប់រួម ជាសមាជិកថ្មី។

ជាមួយគ្នានេះ ប្រទេសចំនួន៤៤ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងប្លុកនេះ។កាលពីឆ្នាំ២០២៣កន្លងទៅ បណ្តាប្រទេសសមាជិកBRICS បានបង្កើនការដោះដូរពាណិជ្ជកម្ម ជាមួយគ្នាទៅវិញទៅមកដោយប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុករបស់ពួកគេ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងដើម្បីប្រឆាំងទៅនឹងឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិក។

លោក Mahdi Safari អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា ការបង្កើតរូបិយប័ណ្ណរួមគ្នា នៅក្នុងក្រុមប្រទេស BRICS អាចមានប្រសិទ្ធភាពខ្លាំង។

លោក Safari បានថ្លែងកាលពីពេលថ្មីៗកន្លងទៅថា “តាមរយៈការប្រើប្រាស់រូបិយប័ណ្ណជាតិ យើងបានចាប់ផ្តើមដំណើរការ ក្នុងការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារ ក្នុងការដោះដូរពាណិជ្ជកម្ម ហើយយើងចាប់អារម្មណ៍ ក្នុងការបន្តដំណើរការនេះ”។

ដោយសារតែមានទុនបម្រុងបរទេសដ៏ច្រើន សន្ធឹកសន្ធាប់ធនធា​នធម្មជាតិដ៏សម្បូរបែប ចំនួនប្រជាជនសរុបបញ្ចូលគ្នា ស្មើនឹងជាង៤០% នៃចំនួនប្រជាជនពិភពលោក និងចក្ខុវិស័យរួមសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ក្រុមប្រទេសសមាជិកBRICS បានវិវត្តន៍ទៅជាក្រុមដ៏ស្អិតរមួត ដែលមានសក្តានុពលសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្ត្រនយោបាយ៕ប្រភព: PressTV៕

ខេត្តជាប់មាត់សមុទ្រទាំង៤ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់យកជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

        ដោយៈ គង់ ហ្វីអូណា

        តំបន់ឆ្នេរៈ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានប្រជុំសម្របសម្រួលរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.)។

កិច្ចប្រជុំនេះដឹកនាំដោយ លោកបណ្ឌិតផាន់ ផល្លា រដ្ឋលេខាធិ​ការនៃក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន ​នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង​ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន ២៧ ជាពិសេសគណៈអភិបាល តំណាងមន្ទីរសំខាន់ៗរបស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួន។

អង្គប្រជុំ​បានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់​ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំង ទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ ។​

ក្រុមការងារលេខាធិការដ្ឋាន​ ក.ប.ស.ផ.​ នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណនេះ ក្នុងគោលបំណង ដាក់ជូនគណៈកម្មការអន្តរក្រសួង សម្របសម្រួលផែនការមេ ដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម ​មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ៕

កម្ពុជាជាប់ក្នុងចំណោមបណ្តាប្រទេសធូរថ្លៃបំផុតទាំង២០នៅ តំបន់អាស៊ីដែលភ្ញៀវទេសចរណ៍គួរមកទស្សនា

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមគេហទំព័រសារពត៌មាន Yahoo Finance បានធ្វើការចុះផ្សាយអត្ថបទ រៀបរាប់អំពីបណ្តាប្រទេសចំនួន២០ ស្ថិ​ត​នៅតំបន់អាស៊ី ដែលពលរដ្ឋអាមេរិក​ អាចធ្វើដំណើរទៅកំសាន្ត ដោយចំណាយសមរម្យ។

ក្នុងចំណោមបណ្តាប្រទេសទាំង២០នោះ ក៏រួមមាន កម្ពុជាផងដែរ ដោយកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១០​ ដែលការចំណាយទាំងថ្លៃសំបុត្រធ្វើដំណើរ និងថ្លៃចំណាយស្នាក់នៅ មានកម្រិតសមរម្យបំផុត។

គេហទំព័រខាងលើបានសរសេរថា ថ្លៃសំបុត្រធ្វើដំណើររវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃ១.៩៧២ដុល្លារ និងថ្លៃចំណាយជាមធ្យម ក្នុងអំឡុងពេលស្នាក់នៅ ចំនួន៧៤៨ដុល្លារ។ដូចនេះ ថ្លៃចំណាយសរុប គឺស្មើនឹង២.៧២០ដុល្លារ សម្រាប់មនុស្សចំនួន២នាក់។

គោលដៅទេសចរណ៍ ដ៏សំខាន់នៅប្រទេសកម្ពុជា គឺការទៅទស្សនា សំណង់ថ្មប្រាសាទជាច្រើនប្រភេទ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាស្នាដៃដ៏អស្ចារ្យ ផ្នែកស្ថាបត្យកម្មរបស់ដូនតាខ្មែរ ពីសម័យបុរាណ។

ក្នុងនោះ ប្រាសាទអង្គរវត្ត គឺជាប្រាសាទសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក និងជាអច្ឆរិយៈវត្ថុទី៨របស់ពិភពលោក។ ជាងនេះទៅទៀត ប្រាសាទតាព្រហ្ម  ដែលត្រូវបានរុំព័ទ្ធទៅដោយដើមឈើធំៗ ដែលមានអាយុកាលជាច្រើនសតវត្សរ៍ ក៏ជាគោលដៅទេសចរណ៍ ដ៏លេចធ្លោមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍បរទេសផងដែរ។

ម៉្យាងវិញទៀត កម្ពុជាក៏មានទេសភាពឆ្នេរ ដ៏ស្រស់បំព្រងបំផុតប្រចាំតំបន់អាស៊ី ដែលផ្តល់លក្ខណៈអំណោយផលល្អ សម្រាប់ការសម្រាកវិស្សមកាលនៅមាត់សមុទ្រ ក៏ដូចជាសម្រាប់ដំណើរទេស​ចរណ៍បែបវប្បធម៌ផងដែរ។

ចំណែក ប្រទេសជាប់ចំណាត់ថ្នាក់លេខ១ គឺប្រទេសហ្វីលីពីន តាមពីក្រោយដោយប្រទេសឥណ្ឌា វៀតណាម បង់ក្លាដែស ប៉ាគីស្ថាន  ថៃ ម៉ាឡេស៊ី អ៊ូបេគីស្ថាន អាស៊ែបៃហ្សង់ និងកម្ពុជាដែលស្ថិតនៅលេខរៀងទី១០ ខណៈចំណាត់ថ្នាក់លេខ២០ ចុងក្រោយគេបានធ្លាក់ទៅលើប្រទេសចិន។

ដើម្បីវាយតម្លៃចំណាត់ថ្នាក់ទាំងនេះ គេហទំព័រ Yahoo បានដកស្រង់ទិន្នន័យជើងហោះហើរ ដែលមានតម្លៃថោកបំផុត ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សពេញវ័យចំនួន២នាក់ ចេញពីវេបសាយ Google Flights ដោយជ្រើសរើសយក អាកាសយានដ្ឋាន John F. Kennedy នៅទីក្រុងញ៉ូវយ៉ក ជាចំណុចចេញដំណើររួម។

លើសពីនេះទៅទៀត គេហទំព័រ Yahoo បានប្រើប្រាស់វេបសាយ Budgetyourtrip និងវេបសាយ Whereandwhen ដើម្បីដកស្រង់ទិន្នន័យអំពីចំនួនទឹកប្រាក់មធ្យម ដែលត្រូវចំណាយរយៈពេលមួយសប្តាហ៍ ក្នុងប្រទេសនីមួយៗ៕

អ្នកឧកញ៉ាគិត ម៉េងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយលើទំហំ១២០ហិកតាក្នុងខេត្តកណ្តាល

ដោយៈ  គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន Royal Group របស់អ្នក​ឧកញ៉ា គិត ម៉េងបានប្រកាស នឹង​​បង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ថ្មីមួយទៀត ​​នៅ​ខេត្តកណ្តាល​ លាត​សន្ធឹង​លើផ្ទៃដី​ទំហំជាង១២០ហិកតា។

គម្រោង​​​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​ថ្មី ​នៅ​ខេត្ត​កណ្តាល​ ដើម្បីបំពេញនូវតម្រូវការ ទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ នៅ​ជុំវិញ​រាជធានីភ្នំពេញ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​​របស់ក្រុមហ៊ុន Royal Group កាលពី​​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្ន​ក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើត តំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែល​លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតា។

ដំណើរការ​គម្រោង​ បាន​ចាប់ផ្តើមដោយ​ចាក់​ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោល អាចនឹង​ត្រូវបញ្ចប់ដើម្បីទទួ​លស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុង​ឆ្នាំ​២០២៤ នេះ​។

ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​ថ្មី​នេះ ក៏​​នឹង​​តភ្ជាប់ទៅ​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោត ដែល​បានសាងសង់រួច តាំងពីឆ្នាំ២០២២។ ប្រភព​បាន​បញ្ជាក់បន្ថែម។

ដោយសារតម្រូវការទីតាំងវិនិយោគ មានការកើនឡើង ដីទំហំប្រមាណ១០០ ហិកតា ត្រូវបាន​កក់ទុក​​មុនរួចទៅហើយ ដោយក្រុមហ៊ុនមួយ ដែលកំពុង​ដំណើរការ​ ក្នុងតំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ប្រភពក្រុមហ៊ុន​បាន​បញ្ជាក់ថា នៅពេលដំណើរការផលិតពេញលេញ នឹងបង្កើតឱកាសការងារប្រមាណ២ម៉ឺននាក់ ថែមទៀតដល់ប្រជាជនខ្មែរ​៕

លោកយិន លាងគង់ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកនៃគេហទំព័រ Property Area និង Cambodia Financial Time បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

កម្ពុជារៀបចំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកហេង ណនបានអញ្ជើញដឹកនាំ កិច្ចពិភាក្សាលើវឌ្ឍនភាពការងារ និង សេចក្តីព្រាងឯកសារសំណើសុំគម្រោង ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយកភស្តុភារកម្ម មអគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោកអគ្គនាយករងដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើននាក់។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល និងផ្តល់អនុសាសន៍បន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងសំណើសុំការគាំទ្រគម្រោងនេះ ពីសំណាក់ដៃគូអភិវឌ្ឍន៍ ដើម្បីកសាងផែនការមេដ៏ល្អមួយ ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់។

កិច្ចប្រជុំនេះ ក៏ជាការត្រៀមខ្លួន ដើម្បីរៀបចំឯកសារដែលមានសារៈសំខាន់នេះឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ឆ្លងឯកសារនេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យ និងសម្រេច នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)៕

Indonesia seeks to join Singapore to promote tourism with A-list stars

Indonesia’s Tourism Minister Sandiaga Uno said his country is willing to cooperate with Singapore to attract world-famous artists like Taylor Swift for big concerts that would help promote tourism.

Concertgoers to the recent Taylor Swift’s shows in Singapore brought in five times more spending than the typical tourists, Sandiaga said during a recent visit to the city state, as quoted by Jakarta Post.

More than 368,000 people attended Taylor Swift’s Eras Tour six-night concerts in Singapore from March 2-9, with airfares and hotel room rates skyrocketing, The Straits Times reported, adding that Swift’s stop in Singapore resulted in 30% increase in demand for accommodation.

Sandiaga said the Indonesian government plans to set up a tourism fund worth US$128 million to support local organizers to conduct performances similar to the Taylor Swift event in Singapore.

He also pledged to improve infrastructure, permit issuance and human capital to enable A-list stars to organize concerts in Indonesia.
Indonesia welcomed 11.7 million foreign tourists last year and aims to draw 14 million this year.

Southeast Asia’s largest economy plans to waive visas for visitors in more countries and simplify permits to make it easier for domestic event organizers to organize large-scale music events. Source: VNexpress

តើតម្លៃផ្ទះនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ប្រែប្រួលបែបណា ក្នុងរយៈពេលប៉ុន្មានខែនេះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន កាលពីខែមីនា បានកើនឡើង ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២ឆ្នាំកន្លះកន្លងមក បើធៀបនឹងខែកុម្ភៈ ដែលជំរុញដោយវិធានការគាំទ្រមួយចំនួនរបស់រដ្ឋាភិបាលចិន។

យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy បានបង្ហាញថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០ បានកើនឡើង០,២៧% នៅក្នុងខែមីនា បើធៀបនឹងខែកុម្ភៈ ដែលនេះជាកំណើនដ៏ខ្ពស់បំផុត គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។

វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចចិន បានជាប់ផុងក្នុងវិបត្តិ ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីទៅឱ្យអ្នកអភិវឌ្ឍន៍ ដែលបានបង្កឱ្យមានវិបត្តិសាច់ប្រាក់។

រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជំរុញ និងវិធានការបន្ធូរបន្ថយជាបន្តបន្ទាប់ ដើម្បីជំរុញការលក់ និងបង្កើនសាច់ប្រាក់ងាយស្រួល។ កាលពីសប្តាហ៍មុន អាជ្ញាធរទីក្រុងប៉េកាំង បានបន្ធូរបន្ថយច្បាប់ទិញផ្ទះ ដោយលុបចោលច្បាប់ ដែលដាក់កម្រិតមិនឱ្យបុគ្គលណាម្នាក់ទិញផ្ទះ នៅក្នុងទីក្រុងក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការលែងលះ។នៅក្នុងចំណោមទីក្រុងទាំង១០០ នៃប្រទេសចិន គេសង្កេតឃើញមានចំនួនទីក្រុងចំនួន៤៣ ដែលសម្រេចបានការងើបឡើងថ្លៃប្រចាំខែ នៃតម្លៃផ្ទះក្នុងខែមីនា បើធៀបនឹងទីក្រុងចំនួន៤០ កាលពីខែកុម្ភៈ។

តម្លៃផ្ទះនៅទីក្រុងសៀងហៃ បានកើនឡើងខ្ពស់ជាងគេបំផុតក្នុងរង្វង់១,០៩ភាគរយ ខណៈពេលដែលតម្លៃផ្ទះនៅទីក្រុង Changchun ភាគឦសាននៃប្រទេសចិន បានដាំក្បាលចុះខ្លាំងជាងគេបំផុតក្នុងរង្វង់០,៦៨% ។

ទោះជាយ៉ាងណាក្តី បើគិតពីតម្លៃ ការលក់ផ្ទះសរុបក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចំនួន១០០ បានធ្លាក់ចុះ៤៩ភាគរយ ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ការលក់ផ្ទះទោលនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងខែកុម្ភៈ បន្ទាប់ពីអត្រាការប្រាក់លើកម្ចីទិញផ្ទះបានកើនឡើង នៅក្នុងកំឡុងពេលនោះ។ តម្លៃផ្ទះថ្មីជាមធ្យមកាលពីខែកុម្ភៈ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង២ឆ្នាំកន្លះ ខណៈការផ្គត់ផ្គង់បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។

ការិយាល័យជំរឿនរបស់នាយកដ្ឋាន ពាណិជ្ជកម្មអាមេរិកបានរាយការណ៍ថា ការលក់ផ្ទះថ្មីបានធ្លាក់ចុះ០,៣% ហើយការលក់បានធ្លាក់ចុះដល់៦៦២.០០០យូនីតកាលពីខែកុម្ភៈ បើធៀបនឹងផ្ទះចំនួន៦៦៤.០០០យូនីត ដែលត្រូវបានលក់ចេញក្នុងខែមករា។

រីឯ តម្លៃផ្ទះថ្មីជាមធ្យម ក្នុងខែកុម្ភៈគឺ៤០០.៥០០ដុល្លារ ដែលជាតម្លៃថោកបំផុត គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ និងធ្លាក់ចុះ៧,៦% បើធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ ការផ្គត់ផ្គង់ផ្ទះថ្មីនៅលើទីផ្សារ មានចំនួន៤៦៣.០០០យូនីត គិតត្រឹមដំណាច់ខែកុម្ភៈ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ និងកើនឡើងពីការផ្គត់ផ្គង់ចំនួន៤៥៧.០០០យូនីតក្នុងខែមករា៕

រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងចំណាយទុនរាប់លានដុល្លារទាក់ទាញតារាល្បីលំដាប់ពិភពលោកមកប្រគំតន្ត្រីក្នុងប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី លោក Sandiaga Uno បានថ្លែងថា ប្រទេសរបស់លោកមានឆន្ទៈ ក្នុងការសហការជាមួយសិង្ហបុរី ដើម្បីទាក់ទាញសិល្បករល្បីៗនៅលើពិភពលោក សម្រាប់រៀបចំការប្រគុំឆាកតន្ត្រីធំៗ។

នៅក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ លោក Sandiaga បានលើកឡើងថា “អ្នកទៅទស្សនាកម្មវិធីប្រគុំតន្ត្រី របស់កំពូលតារាចម្រៀងអាមេរិក គឺអ្នកនាង Taylor Swift នៅក្នុងប្រទេសសិង្ហបុរី បានចំណាយប្រាក់ច្រើនជាងភ្ញៀវទេសចរធម្មតាចំនួន៥ដង។Indonesia looks to Singapore's 'Swiftonomics' success to boost tourism, but  can it sustain creative industry? | South China Morning Postយោងតាមសារព័ត៌មាន The Straits Times បានរាយការណ៍ថា មនុស្សជាង៣៦៨.០០០នាក់ បានចូលរួមទស្សនាការប្រគុំតន្ត្រី    រយៈពេល៦យប់របស់អ្នកនាង Taylor Swift នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះ និងតម្លៃបន្ទប់សណ្ឋាគារ បានហក់ឡើងខ្ពស់កប់ពពក។

ប្រភពដដែលបានបន្ថែមថា ការសម្តែងរបស់អ្នកនាង Taylor Swift នៅក្នុងប្រទេសសិង្ហបុរី ជំរុញឱ្យតម្រូវការស្វែងរកកន្លែងស្នាក់នៅ មានការកើនឡើង៣០ភាគរយ។

លោក Sandiaga បានអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងបង្កើតមូលនិធិទេសចរណ៍ ដែលមានតម្លៃ១២៨លានដុល្លារ ក្នុងគោលដៅគាំទ្រ ដល់អ្នករៀបចំព្រឹត្តិការណ៍ក្នុងស្រុក ដើម្បីធ្វើការសម្តែងស្រដៀង នឹងកម្មវិធីប្រគុំតន្ត្រីរបស់អ្នកនាង Taylor Swift នៅប្រទេសសិង្ហបុរី។

លោកក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការចេញលិខិតអនុញ្ញាត និងធនធានមនុស្ស ដើម្បីទាក់ទាញតារាលំដាប់ពិភពលោក ឱ្យរៀបចំការប្រគុំតន្ត្រី នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ប្រទេសឥណ្ឌូនេស៊ីបានស្វាគមន៍ ភ្ញៀវទេសចរបរទេសចំនួន១១,៧លាននាក់កាលពីឆ្នាំមុន ហើយប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី៤ របស់ពិភពលោកមួយនេះ បានដាក់ចេញគោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបានចំនួន១៤លាននាក់នៅឆ្នាំនេះ។

ប្រទេសឥណ្ឌូនេស៊ី គ្រោងលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋមកពីបណ្តាប្រទេសជាច្រើនទៀត និងសម្រួលលិខិតអនុញ្ញាត ដើម្បីបង្កភាពងាយស្រួល សម្រាប់អ្នករៀបចំព្រឹត្តិការណ៍ក្នុងស្រុក៕