រដ្ឋបាលលោក Joko Widodo គ្រោងវិភាជន៍ថវិកាចុងក្រោយចំនួន២,៦ពាន់លានដុល្លារបន្ថែម សម្រាប់គម្រោងសាងសង់រដ្ឋធានីថ្មី

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេសុីគ្រោងវិភាជន៍ថវិកាចំនួន៤០,៦ពាន់ពាន់លានរូពៀ (២,៦ពាន់លានដុល្លារ) ចេញពីកញ្ចប់ថវិកាជាតិ ដែលបានស្នើសម្រាប់ឆ្នាំ២០២៤ ដើម្បីសាងសង់គម្រោងរដ្ឋធានីថ្មី Nusantara។

ថវិកាយ៉ាងហោចណាស់៣៥ពាន់ពាន់លានរូពៀ ឬស្មើនឹង៨៦,២% នៃថវិកាសរុប ត្រូវបានផ្តល់ជូនក្រសួងសាធារណការ និងលំនៅដ្ឋាន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងអាកាសយានដ្ឋាន VVIP ផងដែរ។

ចំណែក ថវិកាដែលនៅសេសសល់ត្រូវបានចាត់ចែងសម្រាប់ក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីអភិវឌ្ឍសម្ភារៈបរិក្ខារចាំបាច់នៅក្នុងរដ្ឋធានីថ្មី រួមទាំងមន្ទីរពេទ្យផងដែរ។

លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេសុី បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា មូលនិធិនេះមានគោលបំណងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់អគាររដ្ឋបាលរបស់ប្រទេស ក៏ដូចជាលំនៅដ្ឋានសម្រាប់មន្ត្រីរាជការដែលតម្រូវឱ្យផ្លាស់ប្តូរទីលំនៅពីទីក្រុងហ្សាកាតាទៅកាន់រដ្ឋធានីថ្មី។

ទន្ទឹមគ្នានេះ អាណត្តិទីពីរ និងជាអាណត្តិចុងក្រោយរបស់លោកប្រធានាធិបតី Joko Widodo នឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៤ខាងមុខ ដែលមានន័យថា នេះគឺជាឆ្នាំចុងក្រោយហើយ ដែលលោកអាចចាត់ចែងធនធានដើម្បីតម្រង់ឆ្ពោះទៅការកសាងរដ្ឋធានីថ្មី៕

ដំណឹងល្អៈ ក្រសួងចំនួន២រកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែងនៅកម្ពុជា

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  បានរកឃើញ តំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌  នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។

ព័ត៌មាននេះ ជាការផ្សព្វផ្សាយនៅក្នុងពិធី “ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ”ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និងលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅព្រឹកថ្ងៃទី១៧   ខែសីហា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណង ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃ​ណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។

`

លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពា​រធម្មជាតិ និងជាតំណាងអោយក្រុមការងារ បានបង្ហាញថា សមិទ្ធិផលដ៏ត្រចះត្រចង់ និងមានសារប្រយោជន៍ដល់សង្គមជាតិ ដល់ការថែររក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែគំនិត ផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការណែនាំរបស់ លោករដ្ឋមន្ត្រីសាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។

ជាលទ្ធផល នៅក្នុងចំណោមតំបន់ ការពារធម្មជាតិទាំង៧៣កន្លែ​ងក្រុមការងារបានរកឃើញតំបន់ ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យនិងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។

សំខាន់ជាងនេះទៅទៀត ក្រុមការងារបានរកឃើញទីតាំងបេតិ​កភណ្ឌវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើមានចំនួនកើនឡើង បើប្រៀបធៀបជាមួយទិន្ន​ន័យដែលបានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (EcoleFrancaise Extreme- Orient)។

ជាក់ស្តែងក្រុមការងារបានរកឃើញ ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមានក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មានចំនួនរហូតដល់ទៅ១០៦៩កន្លែង។

នៅអាណត្តិទីមួយ នៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាល បានបង្កើតតំបន់ការពារធម្មជាតិចំនួន២៣កន្លែង តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែនេះមិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជា ទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិ តំបន់អង្គរ ធ្លាប់មានងារជាឧទ្យានជាតិតាំងពីឆ្នាំ១៩២៥មកម៉្លេះ ដែលជាតំបន់ការពារធម្មជាតិទី១នៅកម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១នៅអាស៊ីអគ្នេយ៍៕

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានវៀតណាមផ្ដល់ការបង់រំលស់គ្មានការប្រាក់ជិត១០ឆ្នាំដើម្បីទាក់ទាញអ្នកទិញ

ដោយៈ តែម សុខុម

ហាណូយ: ដើម្បីជំរុញតម្រូវការឱ្យកើនឡើង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួន ក្នុងប្រទេសវៀតណាម កំពុងផ្តល់ប្រូម៉ូសិនមហាពិសេសជាមួយការបង់រំលស់ គ្មានការប្រាក់រហូតដល់៨ឆ្នាំ ដើម្បីទាក់ទាញអ្នកទិញផ្ទះ ជំនួសឱ្យការរំលស់គ្មានការប្រាក់ជាធម្មតាពី១ទៅ២ឆ្នាំ។

តួយ៉ាង ក្រុមហ៊ុនអភិវឌ្ឍន៍មួយ កំពុងលក់អាផាតម៉ិននៅភាគខាងកើតទីក្រុងហាណូយ ជាមួយនឹងលក្ខខណ្ឌឱ្យអ្នកទិញបង់រំលស់ដោយគ្មានការប្រាក់ ចាប់ពីពេលនេះរហូតដល់ខែសីហា ឆ្នាំ២០៣១។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា។

ជាធម្មតាប្រាក់កម្ចីទិញផ្ទះ គ្របដណ្ដប់ចន្លោះពី៤៥% ទៅ៧០% នៃតម្លៃសរុបរបស់អាផាតម៉ិន ដោយអាស្រ័យលើទំហំផ្ទះ និងពេលវេលាប្រគល់ផ្ទះ។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ក៏បានសន្យាជាមួយអ្នកទិញដែរថា អាផាតម៉ិន ដែលពួកគេទិញនឹងអាចដាក់ជួលបាន ក្នុងអត្រា១២,៥%ក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុនអភិវឌ្ឍន៍មួយទៀត នៅក្រុងហូជីមិញបាននិយាយថា អ្នកទិញអាចចូលស្នាក់នៅ ឬជួលអាផាតម៉ិនរបស់ពួកគេបាន បន្ទាប់ពីបង់ប្រាក់មុនត្រឹមតែ៣០% ហើយនៅសល់ប៉ុន្មានបង់រំលស់ក្នុងរយៈពេល១៨ខែ។

គម្រោងអាផាតម៉ិនមួយនៅទីក្រុងធូ ដាវ ម៉ូត (Thu Dau Mot) ក្នុងខេត្តប៊ិញ ឌួង (Binh Duong) កំពុងផ្តល់ប្រូម៉ូសិនស្រដៀងគ្នា ប្រសិនបើអ្នកទិញបង់ប្រាក់ដំបូង២០%នៃតម្លៃផ្ទះ។

នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់ខ្លួន សមាគមភ្នាក់ងារអចលនវត្ថុវៀតណាម និយាយថា គម្រោងអាផាតម៉ិនមួយចំនួនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ល្បីឈ្មោះ បានផ្ដល់ប្រូម៉ូសិនដ៏ទាក់ទាញផ្សេងៗគ្នាដែលបានជួយជំរុញឱ្យការកក់ផ្ទះ ពីសំណាក់អតិថិជនកើនឡើង។

ទោះជាយ៉ាងណា ក្រសួងសំណង់របស់វៀតណាម និយាយថា ចំនួនអាផាតម៉ិន និងលំនៅឋាន ដែលបានលក់ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣ បានធ្លាក់ចុះ៥០%ធៀបនឹងឆ្នាំ និង២៥%ធៀបនឹងត្រីមាស។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Vietnam លើកឡើងថា តម្លៃលំនៅឋានក្នុងប្រទេសវៀតណាម នៅតែខ្ពស់ខ្លាំងពេកដែលពលរដ្ឋវៀតណាម ជាច្រើនគ្មានលទ្ធភាពទិញ។

ក្រុមហ៊ុនប្រឹក្សាយោបល់ និងអ្នកជំនាញជាច្រើនជឿថា ទីផ្សារអចលនទ្រព្យវៀតណាម នឹងមិនងើបឡើងវិញក្នុងឆមាសទី២ ចុងឆ្នាំនេះឡើយ៕ VN Express៕

អគារកប់ពពកខ្ពស់បំផុតបំផុតទី៣នៅប្រទេសកូរ៉េខាងត្បូងបាន បើកការដ្ឋានសាងសង់ហើយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងសំណង់អគារខ្ពស់កប់ពពក Busan Lotte Tower ដែល​ត្រូវ​បាន​ពន្យារ​ពេល​អស់ជា​យូរ​មកហើយនោះ បាន​ចាប់​ផ្តើម​ពិធីបើក​ការដ្ឋាន​សាងសង់​ នៅ​ទីក្រុង​Busan ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ម្សិលមិញនេះ។

Lotte Shopping ដែលជាសាខាលក់រាយរបស់ក្រុមហ៊ុន Lotte Group បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារនេះ ដែលមានកំពស់៦៧ជាន់ ស្មើនឹង៣៤២,៥ម៉ែត្រ ដែលនឹងត្រូវសាងសង់នៅលើទីតាំងអតីតសាលាក្រុង Busan នៅឆ្នាំ២០២៦។

Busan Lotte Tower នឹងក្លាយទៅជាអគារខ្ពស់ជាងគេបំផុតទី៣របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអគារLotte World Tower ដែលមានកំពស់៥៥៥ម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល និងអគារ LCT Landmark Tower កំពស់៤១១ម៉ែត្រនៅទីក្រុងប៊ូសាន។

ការបើកការដ្ឋានសាងសង់ បានធ្វើឡើងប្រហែល២០ឆ្នាំ បន្ទាប់ពីគម្រោងនេះ ត្រូវបានប្រកាសជាលើកដំបូង។  Lotte Shopping បានទទួលលិខិតអនុញ្ញាតសាងសង់ហាងLotte Department Store នៅទីតាំងនោះក្នុងឆ្នាំ២០០០ ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុននេះ ក៏ត្រូវសាងសង់អគារ Busan Lotte Tower នៅទីនោះផងដែរ។

ទោះជាយ៉ាងនេះក្តី ដោយសារតែការសាងសង់អគារខ្ពស់កប់ពពកនេះ មិនបានបង្ហាញអំពីវឌ្ឍនភាពណាមួយសោះ រដ្ឋបាលក្រុងប៊ូសានបានបដិសេធ មិនបន្តលិខិតអនុញ្ញាតប្រតិបត្តិការ ជាបណ្តោះអាសន្ន សម្រាប់ហាងទំនិញកាលពីឆ្នាំមុន។

ក្រុមហ៊ុន Lotte Shopping បានបញ្ជាក់ថា អគារខ្ពស់កប់ពពកនេះ នឹងបង្ហាញនូវកន្លែងទាក់ទាញទេសចរណ៍ជាច្រើន រួមជាមួយនឹងទិដ្ឋភាពទីក្រុង៣៦០ដឺក្រេ និងអគារផ្សារទំនើបដែលមានហាងទំនើបប្លែកៗ និងអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស៕

ធនាគារហត្ថាប្រារពពិធីបិទបញ្ចប់ការសាងសង់គ្រោងអាគារការិ យាល័យកណ្តាលកំពស់២២ជាន់

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ថ្នាក់ដឹកនាំ និងប្រធានសាខាធនាគារហត្ថា បានប្រារពពិធីបិទបញ្ចប់ការសាងសង់ គ្រោងអាគារការិយាល័យកណ្តាលរបស់ខ្លួនកំពស់២២ជាន់ នៅលើមហាវិថីសម្តេចតេជោ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបា​នមានប្រសាសន៍ ក្នុងពិធីបិទបញ្ចប់គ្រោងអាគារនេះ នាព្រឹកថ្ងៃទី១៨ សីហានេះថា ការបិទបញ្ចប់ និងចាក់បេតុងដំបូលអគារនេះ គឺប្រៀបដូចជា ការការពារនូវកំដៅ ព្យុះភ្លៀងទាំងឡាយ ប៉ុន្តែមូលដ្ឋានរឹងមាំរបស់អាគារនេះ គឺគ្រឹះរបស់អគារ ដែលទ្រទ្រង់អគារឲ្យមានភាពរឹងមាំ ប្រៀបដូចជាធនាគារហត្ថា ដែលប្រធានសាខានិមួយៗត្រូវប្រតិ​បត្តិការ និងធ្វើតាមគោលនយោបាយ ដែលបានដាក់ចេញដោយការិ​យាល័យកណ្តាល។

លោកបន្តថា អាគារការិយាល័យកណ្តាលកំពស់២២ជាន់ និងមានផ្ទៃក្រឡាទំហំជាង៥០,០០០ម៉ែត្រការ៉េនេះ នឹងប្រើប្រាស់សម្រា​ប់ការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ដែ​លយើងមានសេវាកម្មជាច្រើន សម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក ដូចជា កន្លែងធ្វើការ កន្លែងហាត់ប្រាណ ស្ទីម សូណា ភោជនីយដ្ឋាន ហាងកាហ្វេ តារាងបាល់ជាដើម។

ការសាងសង់អាគារនេះ នឹងបញ្ចប់ទាំងស្រុងនៅខែ កក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ការសាងសង់អាគារនេះ គឺ​បង្ហាញពីមូលដ្ឋានរឹងមាំ និងផ្តល់ទំនុកចិត្តដល់សាធារណៈជនកាន់តែខ្លាំង ព្រោះធនាគារពាណិជ្ជនៅកម្ពុជា មិនសូវមានការិយា​ល័យកណ្តាលធំៗបែបនេះនៅឡើយទេ។

លោកបន្តថា សុខភាពធនាគារហត្ថា នៅតែមានភាពប្រសើរ បើទោះបីជាអត្រាសងត្រលប់យឺតយ៉ាវបន្តិចក្តី តែសុខភាពនៅក្នុងធនាគារនៅតែរឹងមាំ ប៉ុន្តែទំហំប្រាក់ចំណេញរបស់យើង បានថម​ថយបន្តិចប៉ុណ្ណោះ៕

 

Banteay Srei Eco City បង្កើតឡើងសម្រាប់មនុស្សជំនាន់ថ្មី វិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីចាប់យកឱកាសឈ្នះ-ឈ្នះរួមគ្នា

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅពេលអ្នកទៅលេងខេត្តសៀមរាប បំណងប្រាថ្នាដំបូងគេគឺទៅទស្សនាប្រាសាទអង្គរវត្ត អង្គរធំ និងទៅលេង Pub Street ប៉ុន្តែនៅមានកន្លែងជាច្រើនផ្សេងទៀត ដែលអ្នកគួរតែទៅទស្សនា និងមិនអាចបំភ្លេចបាន។

ជាក់ស្តែង ស្រុក​បន្ទាយស្រី​ក្នុងខេត្តសៀមរាប បាននិងកំពុងមាន​ការ​រីក​ចម្រើនលូតលាស់ និង​មានភាពល្បី​ល្បាញ​ ដោយ​សារប្រាសាទ​បន្ទាយស្រី ​ដែល​រចនា​ឡើង​បានយ៉ាងរសរវើក។

ស្រុកនេះបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើន រួមទាំងគម្រោង Banteay Srei Eco City ដែលកំពុងអភិវឌ្ឍលើផ្ទៃដីជាង៣០០ហិកតាផងដែរ។

លោកបណ្ឌិត Alexander Evengroen ដៃគូសហការ និងជានាយកផ្នែកអភិវឌ្ឍន៍គំរោងនៃក្រុមហ៊ុន Strategic Realty Investment Co., Ltd ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងខាងលើនេះ និងជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ បានមានប្រសា​សន៍ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា កន្លងមកថា ប្រាសាទបន្ទាយស្រីមានសក្ដានុពលដ៏ធំ និងឱកាសរីកចម្រើនដ៏អស្ចារ្យ ក្នុងពេលឆាប់ៗនេះ ដោយសារមូលដ្ឋានដែលមានស្រាប់ ដូចជា ប្រាសាទបុរាណល្បីៗ ទីតាំងភូមិសាស្រ្ត ភាពទាក់ទាញប្រវត្តិសាស្រ្តពិភពលោក បូករួមទាំងគម្រោងអភិវឌ្ឍជាច្រើនបាន និងកំពុងឆ្ពោះទៅកាន់តំបន់ដ៏អស្ចារ្យនេះ។

ជាមួយនឹងគោលដៅ លើកកម្ពស់វិស័យទេសចរណ៍ ការអភិវឌ្ឍបរិស្ថានក្នុងតំបន់ ការបង្កើតការងារ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Strategic Realty Investment Co., Ltd បាននិងកំពុងអភិវឌ្ឍទីក្រុង  Banteay Srei Eco City ដែលរហូតមកទល់ពេលនេះ ការរៀបចំប្លង់មេសម្រាប់ គម្រោងបានបញ្ចប់៩៥%ហើយ ដោយក្រុមហ៊ុន កំពុងចាប់ផ្តើមអភិវឌ្ឍលើផ្ទៃដីទំហំ៦០+ហិកតា ក្នុងដំណាក់កាលមេចំនួន៣ ហើយគម្រោង​នេះ​ បាន​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់វិនិយោគិន​ក្នុង​ស្រុក និង​អន្តរជាតិ។

លោក Alexander Evengroen បានមានប្រសាសន៍បន្តទៀតថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍមួយជំហានម្តងៗ ហើយរហូតមកដល់ពេលនេះ យើងបាននិងកំពុងអភិវឌ្ឍជាច្រើនជំហាន នៅក្នុងគម្រោងរបស់យើង ប៉ុន្តែយើងនឹងបន្តការយកចិត្តទុកដាក់ ទៅលើការបង្កើតតម្លៃបន្ថែមសម្រាប់តំបន់ ប្រជាជន សេដ្ឋកិច្ចកម្ពុជា ការបង្កើតរបៀបរស់នៅថ្មី តភ្ជាប់មនុស្សជាមួយនឹងធម្មជាតិ ជុំវិញប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ ជាច្រើនសម្រាប់កុមារ និងមនុស្សចាស់។

លោកបញ្ជាក់ទៀតថា លើសពីនេះ យើងកំពុងសាងសង់ផ្ទះវីឡា សួនច្បារ សួនផ្កា ទីលានកីឡា ផ្ទះលំហែរកាយ និងកន្លែងញុំាអាហារ ជាមួយនឹងគំនិតបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានលក្ខណៈខុសប្លែកពីខេត្តដទៃ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនដើម្បីរីកចម្រើនជាមួយគ្នា។

គម្រោង Banteay Srei Eco City នឹងនាំមកជូននូវសាកលវិទ្យាល័យលំដាប់ពិភពលោក អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណិត ផ្ទះអាជីវកម្ម វីឡា សួនកុមារ ផ្សារទំនើប វីឡាបែបខ្មែរ ស្តាតបាល់ទាត់ទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្ម​ភាពជិះទូកកម្សាន្ត ផ្សារទំនើប  កោះប្រណិត ផ្លូវ៣០ម៉ែត្រ និងរបស់ជាច្រើនផ្សេងទៀត។

លោកបណ្ឌិត Alexander Evengroen បានលើកឡើងថា យើងកំពុងអភិវឌ្ឍគម្រោងនេះឡើង ដើម្បីបង្កើត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ដូចជាអ្នករចនាឌីហ្សាញ អ្នកម៉ៅការ និងស្ថាបត្យករ ព្រោះយើងគិតគូរអំពីអនាគត របស់មនុស្សជំនាន់ថ្មី ដែលពួកគេនឹងធ្វើអ្វីៗដោយគំនិតថ្មីវ័យក្មេង។

វិធីសាស្ត្រាក្នុងការបង្កើត Banteay Srei Eco City នឹងធានាថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនអាចមើលរំលងគម្រោងនេះបានទេ ហើយនឹងមិនអាចបំភ្លេចបាន និងលើកទឹកចិត្តពួកគេឱ្យមកទស្សនាម្តងហើយម្តងទៀត។

នៅពេលស្ថិតនៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋកម្ពុជារំភើបចិត្តបំផុត ពេលទៅទស្សនាពហុកីឡដ្ឋានមរតកតេជោ ដែលបានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមដ៏ជោគជ័យ និងសាយភាពល្បីល្បាញលើឆាកអន្តរជាតិ ប៉ុន្តែនៅសៀមរាប យើងចង់ឲ្យភ្ញៀវទេសចរណ៍នឹកឃើញដល់ កីឡដ្ឋានដ៏ស្រស់ស្អាត និងទាក់ទាញបំផុតនៅស្រុកបន្ទាយស្រី ដែលស្ថិតនៅក្នុងគំរោងទីក្រុង Banteay Srei Eco CITY ដែលនឹងទាក់ទាញសកម្មភាពកីឡាក្នុងស្រុក និងអន្តរជាតិ ប្រកប​ដោយភាពវិជ្ជមាន និងរួបរួមមនុស្សមកពីជុំវិញពិភពលោក។

លោកបណ្ឌិត Alexander បានបន្ថែមថា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ បេសកកម្ម និងមូលដ្ឋានដ៏រឹងមាំ យើងកំពុងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសាធារ​ណជនទូទៅ ដើម្បីចូលរួមជាមួយយើង ក្នុងឱកាសវិនិយោគឈ្នះ-ឈ្នះ និងឈ្នះ-ឈ្នះសម្រាប់ក្រុមហ៊ុន ប្រជាជន និងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច-នវានុវត្តន៍។

លើសពីនេះ ក្រុមហ៊ុន Strategic Ltd Realty Investment Co., Ltd នឹងចាប់ផ្តើមរៀបចំដំណើរកំសាន្ត Field exploration trips ជាច្រើន ដើម្បីណែនាំ និងបង្ហាញគម្រោង Banteay Srei Eco City ទៅកាន់ពិភពលោក រួមទាំងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដើម្បីទស្សនា ស្វែងរក និងសិក្សាពីឱកាសវិនិយោគរួមគ្នា៕

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយស៊ីមបាវ៉េ ពិសេសទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍

(ភ្នំពេញ)៖ កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៉ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៉ីមបាវ៉េក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។

ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោកជំទាវ ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៉ីមបាវ៉េប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៣លាននាក់រួចទៅហើយ។

លោកជំទាវ ខន់ស្ដេន ចេមវ៉ាយី បានសង្កេតឃើញនូវការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាមានភាពលឿនរហ័ស។ លោកស្រីបានបន្តថា កម្ពុជានិងស៊ីមបាវ៉េអាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះផងដែរ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។ លោកជំទាវបានបន្តថា ស៊ីមបាវ៉េគឺចង់ជំរុញទេសចរណ៍វប្បធម៌ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញកំណើនទេសចរនៅក្នុងប្រទេសខ្លួនឱ្យកាន់តែច្រើន ក្រោយពេលវិបត្តិកូវីដ១៩។

ជាមួយគ្នានោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៍របស់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទួតថា កម្ពុជាមានសក្ដានុពលទេសចរណ៍ជាច្រើន និងមានគោលនយោបាយជាច្រើនសម្រាប់ជំរុញវិស័យអេកូទេសចរណ៍នេះ ហើយក្នុងវិបត្តិជំងឺកូវីដ១៩ វិស័យអេកូទេសចរណ៍គឺជាផលិតផលទេសចរណ៍សំខាន់ដែលជំរុញដោលកំណើនទេសចរក្នុងស្រុក។ លោកជំទាវឯកអគ្គរដ្ឋទួតក៏បានបញ្ជាក់ដែរថា នៅប្រទេសស៉ីមបាវ៉េក៏មានធនធានធម្មជាតិច្រើនដែរ ពិសេសសត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅសំខាន់ ហើយនៅជាប់ទឹកធ្លាក់វិចតូរីយ៉ាដែលជាគោលដៅទាក់ទាញខ្លាំងមួយ។ តាមរយៈការលើកឡើងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការចំពោះវិស័យទាំងពីរនេះ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគី-ភាគីស៉ីមបាវ៉េបានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាពលេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរអាចនឹងមានការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។

តែយ៉ាងណា ភាគីទាំងពីរនឹងរៀបចំជាអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីជាផែនទីសម្រាប់អនុវត្តផែនការសកម្មភាពជាមួយគ្នា ហើយនឹងជួបពិភាក្សាគ្នាបន្ថែមទៀតក្នុងពេលដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំមហាសន្និបាតនៅប្រទេសអ៊ូបេគីស្ថាន (នៅតំបន់អាស៉ីកណ្ដាល) នៅចុងឆ្នាំ២០២៣ខាងមុខ៕

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្ស Sansiri ហក់ឡើងរហូតដល់១៦២ភាគរយ ក្នុងឆមាសទី១

ដោយ: គង់ លាងហួរ

បាងកក: ប្រាក់ចំណេញសុទ្ធនៅក្រុមហ៊ុន Sansiri Plc បានហក់ឡើង១៦២% បើធៀបនឹងឆ្នាំ រហូតដល់៣,២ពាន់លានបាត(ប្រហែល៩១,២៤លានដុល្លារ) ក្នុងឆមាសទីមួយ ដោយសារការលក់ដ៏រឹងមាំនៃផ្ទះប្រណីតលំដាប់ខ្ពស់ និងខុនដូដែលបំពាក់គ្រឿងសង្ហារិមរួច។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យថៃលំដាប់យក្ស Sansiri នៅត្រីមាសទី២ ឆ្នាំ២០២៣នេះ មានចំនួន១,៦២ពាន់លានបាត ដោយកើនឡើង៧៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អនុបាតចំណេញដុល (Profit margin) របស់ក្រុមហ៊ុនសម្រាប់រយៈពេល៦ខែដំបូង ដើមឆ្នាំនេះគឺស្ថិតក្នុងរង្វង់១៧,៣% បើធៀបនឹង៩,៣% ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំមុន។

ចំណែក ប្រាក់ចំណូលសរុបមានចំនួន១៨,៩៣ពាន់លានបាតក្នុងឆមាសទីមួយ ពោលគឺកើនឡើង៤២% បើធៀបនឹងឆ្នាំមុន ដែលត្រូវបានជំរុញដោយការលក់ដាច់លើសពីការរំពឹងទុកពីគម្រោងធំៗដូចជា Narasiri Paragon – Watcharapol។

លើសពីនេះ យោងតាមការចុះផ្សាយដោយកាសែតថៃ The Nation បានបង្ហាញថា ក្រុមហ៊ុន Sansiri ក៏គ្រោងនឹងបង្ហាញគម្រោងថ្មីចំនួន៣៩ ដែលមានតម្លៃសរុបចំនួន៥៦,៧ពាន់លានបាតនៅឆមាសទីពីរផងដែរ៕

ការស្ទង់មតិ: ជិតពាក់កណ្តាលនៃជនជាតិអាមេរិកគាំទ្រការហាមឃាត់កម្មវិធី TikTok របស់ចិន

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: យោងតាមការស្ទង់មតិថ្មីរបស់សារពត៌មាន Reuters ដែលបានសួរអំពីកង្វល់សន្តិសុខជាតិ និងប្រទេសចិនបានបង្ហាញថា ជិតពាក់កណ្តាលនៃមនុស្សពេញវ័យអាមេរិកគាំទ្រការហាមឃាត់លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន TikTok ។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន ByteDance និងប្រើប្រាស់ដោយជនជាតិអាមេរិករាប់សិបលាននាក់បានប្រឈមមុខនឹងការអំពាវនាវពីសមាជិកសភាសហរដ្ឋអាមេរិកសម្រាប់ការហាមឃាត់នៅទូទាំងប្រទេសជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិនដែលអាចកើតមាន។

អ្នកឆ្លើយតបប្រហែល៤៧% ចំពោះការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារបានអះអាងថា ពួកគេគាំទ្រការហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សយសង្គម TikTok ពីការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ខណៈដែល៣៦ភាគរយបានប្រឆាំងនឹងការហាមឃាត់ ចំណែក១៧ភាគរយទៀតបាននិយាយថា ពួកគេមិនដឹងទេ។

ការស្ទង់មតិនេះក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាជនអាមេរិកអំពីឥទ្ធិពលជាសកលរបស់ប្រទេសចិន ខណៈពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ការស្ទង់មតិតាមប្រព័ន្ធអុីនធឺណិតរបស់សារពត៌មាន Reuters នេះត្រូវបានធ្វើឡើងទូទាំងប្រទេស ដោយប្រមូលការឆ្លើយតបពីមនុស្សពេញវ័យចំនួន១.០០៥នាក់ រួមទាំងអ្នកមកពីបក្សប្រជាធិបតេយ្យចំនួន៤៤៣នាក់ និងអ្នកមកពីបក្សសាធារណរដ្ឋចំនួន៣៤៦នាក់។

នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក លោក Christopher Wray ធ្លាប់បានបង្ហាញក្តីកង្វល់របស់លោកចំពោះ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនចិន ByteDance ទៅកាន់សភាអាមេរិកថា កម្មវិធីនេះនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ដោយលោកចោទថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់វាក្នុងការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក។

លើសពីនេះ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកកំពូលផ្សេងទៀត រួមទាំងនាយកទីភ្នាក់ងារ CIA លោក William Burns ក៏បានអះអាងថា កម្មវិធី TikTok បង្កការគំរាមកំហែងផងដែរ៕

គណៈប្រតិភូនៃសភាពាណិជ្ជកម្មថៃ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ

តែម សុខុម

បាងកក: គណៈប្រតិភូនៃសភាពាណិជ្ជកម្មថៃ កាលពីពេលថ្មីៗនេះបានធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោក វ៉ូរ៉ាថាត តាន់ទីអួងគុលស៊ុក (Voratat Tantiongkolsuk) ដែលបានដឹកនាំគណៈប្រតិភូថៃ ចូលជួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៥ ខែសីហា បានថ្លែងថា “អំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់យើងគ្រោងទៅសិក្សាស្វែងយល់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ យើងមានគោលបំណងស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងការវិនិយោគ ហើយក៏ស្វែងរកដៃគូអាជីវកម្មដ៏មានសក្តានុពលផងដែរ”។

លោកបន្ថែមថា ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍គណៈប្រតិភូថៃ ដែលមានបំណងស្វែងយល់ពីឱកាសធុរកិច្ចនៅកម្ពុជា។

លោកមានប្រសាសន៍ថា “កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានក្លាយជាមេដែកឆក់ស្រូបទាញអ្នកវិនិយោគទូទាំងពិភពលោក។ កម្ពុជា ទាក់ទាញការវិនិយោគបានយ៉ាងច្រើនពីប្រទេសដូចជា ចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក អង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន”។

លោកក៏បានសង្កត់ធ្ងន់ពីភាពទាក់ទាញផ្នែកធុរកិច្ចរបស់កម្ពុជា ផងដែរ ដោយលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសមួយចំនួនដូចជា ចិន កូរ៉េ និងអារ៉ាប់រួមអេមីរ៉ាត ជាដើម៕ The Nation៕