ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញ និងជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យជើងចាស់ លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន KFA បានឲ្យដឹងថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងតំបន់មួយចំនួននៃស្រុកកៀនស្វាយ និងខ័ណ្ឌច្បារអំពៅ នឹងបន្តរីកចម្រើន។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១២ ធ្នូនេះថា តំបន់ទាំងបីខាងលើនេះ នឹងបន្តរីកចម្រើនជាមួយនឹងលក្ខខ័ណ្ឌភូមិសាស្រ្តល្អប្រសើរ ការបញ្ចប់កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងការសាងសង់ព្រលានយន្តហោះ តេជោក្រុងតាខ្មៅ ដែលបាននិងកំពុងឈានទៅបញ្ចប់នាពេលខាងមុខ។
លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា “តំបន់នេះនៅតែរក្សាបានអតិថិជន ដែលចង់ទៅរស់នៅ ដែលតំបន់នេះមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ”។ លោកឧកញ៉ាបន្តទៀតថា “ដោយសារកត្តាហេដ្ឋារចនាសម្ព័ន្ឋសមស្រប នឹងធ្វើឲ្យតំបន់ភាគខាងត្បូង និងតំបន់ក្នុងខ័ណ្ឌច្បារអំពៅ ស្រុកកៀនស្វាយរីកចម្រើនលឿនជាងភាគខាងជើង”។






