ដោយ៖ សុផារី
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ លី ជិនទង ដែលជាស្ថាបត្យករដ៏សំខាន់មួយរូបជំនាន់លោកវណ្ណ មូលីវណ្ណ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍្តទី០៥ ខែឧសភា ឆ្នាំ២០២២ នៅជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់លោក ជាការបាត់បង់ធនធានមនុស្សរបស់ជាតិ ខណៈលោកបានក្លាយជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរ រហូតមកដល់ពេលនេះ។

-->
លោកសាស្ត្រាចារ្យលី ជិនទង ជាអតីតសាស្រ្តាចារ្យមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយ៍វិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកបានបន្សល់ទុកស្នាដៃស្ថាបត្យកម្មល្បីៗជាច្រើនជូនប្រទេសជាតិ។
ស្នាដៃសំខាន់ៗ ដែលលោកបានរួមចំណែកក្នុងការលើកស្ទួយវិស័យស្ថាបត្យកម្មកម្ពុជា រួមមាន អគារពុទ្ធសាសនបណ្ឌិត្យ Phnom Penh 1925 Colonial Maison អាគារ Training របស់អគ្គិសនីភ្នំពេញ និងស្នាដៃស្ថាបត្យកម្មជាច្រើនទៀត។

នៅឆ្នាំ១៩៩៦ ជាឆ្នាំ ដែលលោកសាស្ត្រាចារ្យ បានគូរប្លង់រចនា “វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ” លោកក៏បានរៀបចំផែនការទីក្រុង សម្រាប់រាជធានីភ្នំពេញផងដែរ ដោយបានកំណត់យ៉ាងច្បាស់នូវ “តំបន់លំនៅឋានក្នុងទីក្រុង” (Residential Zone) និងការកំណត់កម្ពស់អគារអតិបរមា ត្រឹម៣០ម៉ែត្រ តែគម្រោងនេះមិនត្រូវបានអនុម័តឡើយ។


រហូតមកដល់ពេលថ្មីៗនេះ ចាប់ផ្តើមមានការកំណត់នៅក្នុងរាជធានី ស្តីអំពីការមិនអនុញ្ញាតឱ្យមានសំណង់ ដែលធ្វើឱ្យបាត់បង់ទស្សនីយភាពរបស់តំបន់ប្រវត្តិសាស្ត្រ “រមណីយដ្ឋានវត្តភ្នំ” នោះឡើយ។
លោក ពុំ មាសបណ្តូល អតីតបុគ្គលិកក្រុមហ៊ុន L.C.T. Architecture Group របស់លោក លី ជិនទង បានរៀបរាប់ពីប្រវត្តិរបស់លោកសាស្ត្រាចារ្យថា លោកសាស្ត្រាចារ្យបានបញ្ជាប់ការសិក្សា ថ្នាក់វិទ្យាល័យ នៅក្នុងឆ្នាំ១៩៦០ ហើយបានផ្លាស់ទីលំនៅ ទៅរស់នៅក្នុងទីក្រុងប៉ារីស និងបានសិក្សាមុខជំនាញស្ថាបត្យកម្ម នៅសកលវិទ្យាល័យ Ecole Nationale Superieur des Bureaux Arts de Paris ក្នុងទីក្រុងប៉ារីស អស់រយៈពេលជិត៩ឆ្នាំ ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩។ លោកបានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយមានការទទួលស្គាល់ពីរដ្ឋាភិបាលបារាំងនៅក្នុងឆ្នាំ១៩៦៩។

ស្របពេលជាមួយគ្នានេះ នៅកំឡុងឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៨ លោកបានសិក្សានៅវិទ្យាស្ថាន Institute d’Urbanisme de Paris នៅក្នុងក្រុងប៉ារីស ដោយបានទទួលជោគជ័យលើការការពារនិក្ខេបបទ D.I.U.U.P នៅក្នុងឆ្នាំ១៩៦៩។
ក្នុងកំឡុងឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩ លោកក៏បានសិក្សានៅវិទ្យាស្ថាន Institute of Legal and Economic លើមុខជំនាញ “សំណង់ និងផ្ទះ” (Construction and Housing (Commercial Law and Housing Programming option)ដោយបានបញ្ជប់ CNAM. I.C.H diploma នៅក្នុងឆ្នាំ១៩៦៩។
ក្រោយមកនៅក្នុងឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៦ លោកបានចំណាយពេលពីរឆ្នាំបន្ថែមទៀត ក្នុងការសិក្សាជំនាញពន្ធសាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ (Option: financial management and corporate taxation) នៅវិទ្យាស្ថានគ្រប់គ្រងធុរកិច្ចទីក្រុងប៉ារីស (Institute of Business Administration in Paris)។

បើតាមលោកមាសបណ្តូល បានឱ្យដឹងបន្ថែមថា លោកសាស្រ្តាចារ្យបានចំណាយពេលសិក្សា ធ្វើការនៅក្នុងប្រទេសបារាំង និងបង្កើតក្រុមហ៊ុនមួយនៅក្នុងប្រទេសបារាំង មុននឹងវិលត្រលប់មកកាន់មាតុភូមិវិញនៅក្នុងទស្សវត្សឆ្នាំ១៩៩០។ តាមរយៈការងាររបស់ក្រុមហ៊ុន លោកបានចូលរួមចំណែកយ៉ាងធំធេងក្នុងវិស័យស្ថាបត្យកម្មសំណង់នៅក្នុងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា “នៅក្នុងឆ្នាំ១៩៩០ជាង លោកបានត្រលប់មកកាន់ស្រុកខ្មែរ ចាប់ផ្តើមការងារនៅភ្នំពេញ ជាមួយសាលាក្រុង លើការងារចុះរៀបចំក្រុង ចុះស្រង់អគារផ្សេងៗ អាគារបេតិកភណ្ឌនៅក្នុងក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ បន្ទាប់មក លោកធ្វើការលើការងាររចនារបស់អាការរដ្ឋ”៕

