ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ ការទិញលក់អចលនទ្រព្យតាមបច្ចេកវិទ្យាឌីជីថលនៅលើពិភពលោក បាននិងកំពុងមានការពេញនិយមកាន់តែខ្លាំង ហើយបច្ចេកវិទ្យានេះក៏បានចាប់ផ្ដើមប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងការជំរុញដល់ការលក់អចលនទ្រព្យផងដែរ។
លោក បុង រ៉ាយានិត នាយកប្រតិបត្តិនៃក្រុមហ៊ុន Zillion United បានមានប្រសាសន៍ឱ្យដឹងថា នៅលើពិភពលោកនេះ មានអាជីវកម្មជាច្រើនកំពុងបង្កើតផ្លេតហ្វមឌីជីថល ដើម្បីសម្រួលកិច្ចការដោះដូរ ឬការប្រើប្រាស់ភ្ញៀវទាំងអស់គ្នា។ ក្នុងវិស័យងចលនទ្រព្យក៏ដូចគ្នាដែរ គឺយើងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជាផ្លេតហ្វមក្នុងវែបសាយ និង Mobile Application សម្រាប់សម្រួលដល់ការជួញដូរបស់អតិថិជន នៅលើពិភពលោក គឺធ្វើយ៉ាងណា ដើម្បីឱ្យអ្នកទិញអ្នកលក់កាន់តែមានភាពងាយស្រួល ចំណាយពេលតិច និងចំណេញថវិកា។
-->
លោកបន្តថា “ជាធម្មតា ការដោះដូរអចលនទ្រព្យ ត្រូវការពេលវេលាច្រើន ត្រូវការទុនច្រើន ដើម្បីឱ្យការដោះដូរអាចប្រព្រឹត្តិទៅបាន។ បញ្ហាប្រឈមមួយទៀតរបស់អចលនទ្រព្យ គឺព័ត៌មាន ដូច្នេះអ្នកត្រូវការទិញអចលនទ្រព្យ ត្រូវការស្វែងរកដីធ្លី តាមរយៈការចុះទៅមើលដីដល់ទីតាំងផ្ទាល់ និងត្រូវឆែកឯកសារផ្សេងៗនៅលើដីនោះផ្ទាល់ ដែលត្រូវការប្រើពេលវេលា”។
លោកថា “នៅពេលយើងមានផ្លេតហ្វមឌីជីថល គឺ យើងមានភាពងាយស្រួល ក្នុងការទិញលក់អចលនទ្រព្យ និងអាចជំរុញការទិញលក់លើអចលនទ្រព្យ កាន់តែមានភាពងាយស្រួលកាន់តែខ្លាំង”។

លោកបន្ថែមថា “អចលនទ្រព្យធំៗ ដែលមានតម្លៃខ្ពស់ៗ គឺពិតជាពិបាកក្នុងការស្វែងរកអ្នកទិញ ដោយសារតែទុនវាធំ ហើយវាពិបាកណាស់ក្នុងការរកទុន ឬប្រមូលទុនមកទិញអចលនទ្រព្យ ដែលមានតម្លៃខ្ពស់នោះ។ បើសិនជាមានវត្តមានផ្លេតហ្វមឌីជីថល វានឹងជួយឱ្យប្រតិបត្តិការទិញលក់អចលនទ្រព្យកាន់តែប្រសើរ និងងាយស្រួលជាងមុន ជាពិសេស ម្ចាស់ទ្រព្យ និងអ្នកទិញកាន់តែមានទំនុកចិត្ត ទៅលើផ្លេតហ្វមថ្មីនេះ”។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាអភិបាល នៃក្រុមហ៊ុន VTrust Group ឱ្យដឹងផងដែរថា នៅបណ្ដាប្រទេសរីកចម្រើន ការទិញលក់អចលនទ្រព្យ គេស្ទើរតែលែងជួបគ្នាទៅហើយ ហើយរាល់ប្រតិបត្តិការទិញលក់ គឺធ្វើឡើងតាមឌីជីថល តាមអនឡាញ។ សម្រាប់ប្រទេសកម្ពុជា យើងត្រូវពេលវេលាបន្តិច ដើម្បីដើរទៅលើផ្លូវហ្នឹងដែរ៕