តំបន់ប៉ែកខាងត្បូងកាន់តែសកម្មក្នុងការអភិវឌ្ឍអចលនទ្រព្យ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ បានបង្ហាញសកម្មភាព លើការវិនិយោគអចលនទ្រព្យ កាន់តែខ្លាំងឡើង​។ ជាក់ស្ដែង សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា កំពុងត្រូវបានអភិវឌ្ឍយ៉ាងផុសផុល ស្របពេលស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពវិបត្តិកូវីដ១៩ប្រទេសកម្ពុជា បាននិងកំពុងប្រសើរឡើង។

សកម្មភាពរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នានា ដែលមានទីតាំងមូលដ្ឋានអាជីវកម្មនៅតំបន់ខាងត្បូង ត្រូវបានមើលឃើញថា មានសកម្មភាពមមាញឹកខ្លាំងជារៀងរាល់ថ្ងៃ ចំណែកការដ្ឋានសំណង់កាន់តែច្រើន និងសកម្មភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏កាន់តែច្រើនផងដែរ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា បច្ចុប្បន្ន សកម្មភាពនៃការអភិវឌ្ឍនៅប៉ែកខាងត្បូងភ្នំពេញ កាន់តែមានសន្ទុះគួរឱ្យកត់សម្គាល់ ទាំងគម្រោងវិនិយោគរបស់រដ្ឋ និងសកម្មភាពនៃការវិនិយោគរបស់ឯកជន ដូចជា គម្រោងលំនៅឋាន ផ្សារទំនើប អគារខ្ពស់ជាដើម ជាពិសេសនៅជុំវិញតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងអភិវឌ្ឍន៍ផ្សារទំនើបអ៊ីអន៣។

អ្នកស្រីបន្តថា អ្នកវិនិយោគ ដែលចូលទៅកាន់តំបន់ប៉ែកខាងត្បូង ភាគច្រើនផ្ដោតទៅលើ ការអភិវឌ្ឍលំនៅឋាន ដោយឃើញ គម្រោងលំនៅឋានតូចធំជាច្រើន បានចាប់ផ្ដើមបញ្ចេញសកម្មភាព ជាពិសេសក្រោយពេលរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ និងនៅពេលស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើង។

លោក ទឹម វណ្នី នាយកប្រតិបត្តិនៃបុរីបុស្បា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅប៉ែកខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុនបុរីបុស្បា បានជ្រើសរើសប៉ែកខាងត្បូង ធ្វើជាទីតាំងអភិវឌ្ឍន៍លំនៅឋាន ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ដោយសារ ក្រុមហ៊ុនបានមើលឃើញថា តំបន់នេះមានការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធច្រើន ផ្លូវរដ្ឋធំៗ មានផ្លូវក្រវ៉ាត់ក្រុង គម្រោងព្រលានយន្តហោះ និងផ្សារទំនើប ហើយជាទីតាំងស័ក្តិសមបំផុតសម្រាប់អភិវឌ្ឍន៍លំនៅឋាន។

លោកបន្តថា “បន្ទាប់ពីអភិវឌ្ឍគម្រោងទី១រួចរាល់ ក្រុមហ៊ុននឹងអនុវត្តន៍គម្រោងបន្តបន្ទាប់ទៀតនៅក្បែរនោះ ដើម្បីបំពេញតម្រូវការលំនៅឋានជូនប្រជាពលរដ្ឋកម្ពុជា ខណៈតម្រូវការលំនៅឋាននៅភ្នំពេញ នៅតែមានចំនួនខ្ពស់”។

ក្រៅពីគម្រោងអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន នៅតំបន់ខាងត្បូងភ្នំពេញ ក៏មានគម្រោងធំៗជាច្រើន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ត្រៀមនឹងបញ្ចេញសកម្មភាព និងជំរុញឱ្យសកម្មភាពនៅតំបន់នោះកាន់តែមមាញឹក ហើយក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល នៅពេលខាងមុខនេះដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here