ការផ្គត់ផ្គង់ខុនដូរំពឹងកើនឡើងដល់ជិត៨ម៉ឺនយូនីតក្នុងរយៈពេល៣ឆ្នាំខាងមុខ

0

ដោយ៖ វឌ្ឍនៈ

 

ភ្នំពេញ ៖     ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងរីកដុះដាលជាបន្តបន្ទាប់ ដោយមានអ្នកវិនិយោគជាច្រើន បានសាងសង់ខុនដូផ្គត់ផ្គត់ដល់អតិថិជន ទាំងក្នុងស្រុក និងក្រៅប្រទេស ដែលធ្វើឱ្យចំនួនយូនីតខុនដូមានការកើនឡើងជាបន្តបន្ទាប់។ ការព្យាករណ៍របស់ក្រុមហ៊ុនអន្តរជាតិមួយ ចេញផ្សាយកាលពីពេលថ្មីៗនេះ ឱ្យដឹងថាការផ្គត់ផ្គង់ខុនដូនៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងដល់ជិត៨ម៉ឺនយូនីត។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង២ម៉ឺន៧ពាន់យូនីត ស្មើនឹងចំនួនអគារ៩៥អគារ។ ការផ្គត់ផ្គង់ខុនដូ ត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង៧ម៉ឺន៨ពាន់យូនីត ស្មើនឹង១៧៥ អគារ នៅត្រឹមឆ្នាំ២០២៥។

យ៉ាងណាក្ដី បើតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថាក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូលើទីផ្សារ រំពឹងថា នឹងមានចំនួនជាង១ម៉ឺន៣ពាន់យូនីត ប៉ុន្តែក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ ខុនដូកំពុងផ្គត់ផ្គង់លើទីផ្សារ សម្រេចបានត្រឹមតែ៥ភាគរយ នៃចំនួនជាង១ម៉ឺន៣ពាន់យូនីតប៉ុណ្ណោះ។

របាយការណ៍ឱ្យដឹងថា ការយឺតយ៉ាវនេះ បណ្ដាលមកពីតម្រូវការក្រៅប្រទេសនៅ បន្តធ្លាក់ចុះ ដោយសារបញ្ហាកូវីដ១៩សកលមិនទាន់បានធូរស្បើយ និងបញ្ហាប្រឈម នៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងផងដែរថា វិនិយោគិនបរទេសបន្តធ្លាក់ចុះ នៅដើមឆ្នាំ២០២២នេះ ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារកម្ពុជាបន្តមានចំនួនតិចតួច ដោយសារបញ្ហាកូវីដ១៩សកលមិនទាន់មានភាពប្រសើរ ហើយបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែន បន្តប៉ះពាល់ដល់ពិភពលោក។

ទោះបីឆ្នាំ២០២២នេះ ចំនួនផ្គត់ផ្គត់ខុនដូនៅលើទីផ្សារ មានចំនួនតិចតួចក្ដី អ្នកជំនាញជាច្រើនរំពឹងថា ទីផ្សារខុនដូនៅកម្ពុជា នឹងមានកំណើនឡើងខ្ពស់ នាពេលអនាគត ស្របពេលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន បានងាកទៅផ្លាស់ប្តូរការរស់នៅក្នុងខុនដូ ជំនួសឱ្យការរស់នៅផ្ទះជាប់ដីដែលមានទីតាំងនៅឆ្ងាយពីក្រុង និងឆ្ងាយពីកន្លែងការងារ។

លោក ឃុន ហេង នាយកជាន់ខ្ពស់ផ្នែកវិនិយោគខុនដូ នៃក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជានឹងមានកំណើនកាន់តែខ្ពស់ នៅរយៈពេលពីរបីឆ្នាំខាងមុខ ដូច្នេះអ្នកអភិវឌ្ឍន៍ខុនដូ នាពេលបច្ចុប្បន្ននេះ នឹងមានទីផ្សារខ្ពស់នៅខាងមុខ។ វិនិយោគិនបរទេសកាន់តែច្រើន នឹងចូលមកវិនិយោគ ជាអ្នកអភិវឌ្ឍន៍ និងអ្នកទិញ ឬជួលខុនដូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here