ការអភិវឌ្ឍលំនៅឋានរួមចំណែកក្នុងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដាក់ទីតាំងលើគម្រោងរបស់ខ្លួននៅតំបន់ណាមួយ គេតែងតែសង្កេតឃើញថា ក្រុមហ៊ុនឬអ្នកអភិវឌ្ឍន៍នោះតែងតែរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ជាពិសេសផ្លូវតភ្ជាប់ពីផ្លូវធំទៅកាន់ទីតាំងនៃគម្រោងលំនៅឋាននោះតែម្ដង។

ការអភិវឌ្ឍលំនៅឋានរបស់ម្ចាស់បុរីកាន់តែច្រើន បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែច្រើនដែរ។

បុរីធំៗ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានចូលរួមច្រើនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ ជាក់ស្ដែង បុរីភ្នំពេញថ្មីបានប្រកាសបញ្ចប់ការសាងសង់ផ្លូវចំនួន២ខ្សែ ស្ថិតនៅក្នុងគម្រោងរបស់ខ្លួន នាក្រុងតាខ្មៅ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២១ទៅផ្លូវជាតិលេខ២១០ ហើយគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងពេលឆាប់ៗនេះផងដែរ។ ការសាងសង់ផ្លូវនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់នោះផ្ទាល់តែម្ដង។

តំណាងបុរីភ្នំពេញថ្មី ធ្លាប់បានលើកឡើងកន្លងមកថា ការអភិវឌ្ឍលំនៅឋានរបស់ខ្លួន នៅក្នុងតំបន់ណាមួយ មិនមែនគ្រាន់តែអភិវឌ្ឍន៍តែផ្ទះ ហើយលក់ជូនអតិថិជនទេ តែក៏បានគិតគូរទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងបុរីនោះផ្ទាល់ និងប្រជាពលរដ្ឋក្នុងតំបន់នោះផងដែរ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើន បានលើកឡើងស្រដៀងគ្នាថា ការអភិវឌ្ឍលំនៅឋានប្រកបដោយភាពទទួលខុសត្រូវរបស់អ្នកអភិវឌ្ឍន៍ មិនត្រឹមតែសាងសង់ផ្ទះលក់ជូនប្រជាជននោះទេ តែត្រូវគិតគូរពីបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ក៏ដូចជាប្រជាពលរដ្ឋរស់នៅ ក្នុងបុរីរបស់ខ្លួនផ្ទាល់ផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋាន នឹងមកនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងនោះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដើម្បីទាក់ទាញដល់ការវិនិយោគ ពីសំណាក់វិនិយោគិនលើលំនៅឋាននេះដែរ។

លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការផ្គត់ផ្គត់លំនៅឋានក្នុងប្រទេសកម្ពុជា មិនទាន់ឆ្លើយនឹងតម្រូវការទីផ្សារនៅឡើយ ដែលទាមទារឱ្យការអភិវឌ្ឍបន្ថែមទៀត។ ដូច្នេះ នៅពេលខាងមុខនេះ ការអភិវឌ្ឍលំនៅឋាននឹងកាន់តែច្រើនឡើងថែមទៀត ហើយក៏ត្រូវការអ្នកវិនិយោគលើលំនៅឋាននេះកាន់តែច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here