តំបន់ព្រៃសក្លាយជាតំបន់ទាក់ទាញលើការអភិវឌ្ឍលំនៅឋានកាន់តែច្រើន

0

ដោយ៖ វឌ្ឍនៈ

 

ភ្នំពេញ  ៖ កាលពីមុន ព្រៃសត្រូវបានចាត់ទុកជាតំបន់ជាយរាជធានីភ្នំពេញ ដែលមិនទាន់មានការអភិវឌ្ឍ និងមិនសូវមានការចាប់អារម្មណ៍លើការវិនិយោគ ពីសំណាក់អ្នកអភិវឌ្ឍន៍លំនៅឋាននៅឡើយ។

បច្ចុប្បន្ននេះ ព្រៃសបានក្លាយជាតំបន់មួយ ដែលមានការទាក់ទាញខ្លាំង ទៅលើការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។ តំបន់ព្រៃសមានការអភិវឌ្ឍលំនៅឋានយ៉ាងមមាញឹក ដោយអ្នកវិនិយោគជាច្រើន បានចាប់ផ្ដើមបញ្ចេញសកម្មភាពអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ហើយបានកែប្រែមុខមាត់តំបន់ព្រៃស ទៅជាតំបន់កាន់តែទាក់ទាញ សម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋានកាន់តែខ្លាំងឡើង។

លោកឧកញ៉ា ឡាង ទីលាង អ្នកអភិវឌ្ឍន៍បុរីលំនៅឋានមួយនៅតំបន់ព្រៃស បានមានប្រសាសន៍ឱ្យដឹងនៅក្នុងពិធីបង្ហាញផ្ទះគំរូថ្មីរបស់ខ្លួនថា តំបន់ព្រៃសជាតំបន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីជាច្រើន ហើយជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងទៅកាន់ខេត្តផ្សេងៗ យ៉ាងងាយស្រួល ដូចជាទៅកាន់ខេត្តកំពត ខេត្តកែប និងបណ្ដាខេត្តផ្សេងទៀតផងដែរ។

 

លោកឧកញ៉ាបន្តថា តំបន់នេះមានការទាក់ទាញខ្លាំងទៅលើលំនៅឋាន ហើយប៉ែកខាងត្បូងរាជធានីភ្នំពេញ ក៏ឃើញថាមានសំណង់ជាច្រើន លេចរូបរាងជាបន្តបន្ទាប់ និងសក្ដានុពលផ្សេងទៀត ដែលធ្វើឱ្យវិនិយោគិនកាន់តែច្រើនកាន់តែចាប់អារម្មណ៍ក្នុ ងការអភិវឌ្ឍលំនៅឋានផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។

 

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន Prop Nex Cambodia ក៏បានឱ្យដឹងផងដែរថា តំបន់ប៉ែកខាងត្បូងភ្នំពេញ មួយរយៈនេះ ហាក់ទទួលបានការវិនិយោគលើលំនៅឋានច្រើន ទាំងលំនៅឋានតម្លៃសមរម្យនិងលំនៅឋានតម្លៃមធ្យមឡើង ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋខ្វាត់ខ្វែង ផ្លូវក្រវ៉ាត់ក្រុង និងគម្រោងអភិវឌ្ឍន៍ ទាំងរដ្ឋនិងឯកជនជាច្រើនទៀត ដូចជាគម្រោងព្រលានយន្តហោះអន្តរជាតិ ផ្សារទំនើប និងគម្រោងលំនៅឋានប្រណីតមួយចំនួនផងដែរ។

អ្នកស្រីបន្តថា នាពេលអនាគតនេះ តំបន់ខាងត្បូងភ្នំពេញនឹងកាន់តែមានភាពទាក់ទាញ ហើយតម្លៃដីធ្លីនៅក្នុងតំបន់នេះ ក៏នឹងមានសន្ទុះកើនឡើងមួយកម្រិតទៀងដែរ ខណៈការអភិវឌ្ឍកាន់តែច្រើននឹងលេចរូបរាង។

តាមរបាយការណ៍ និងសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញផងដែរថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ គម្រោងលំនៅឋានជាច្រើនបានបោះទីតាំងភាគច្រើន នៅខណ្ឌមួយចំនួន នៃតំបន់ជាយរាជធានីភ្នំពេញ រួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ ហើយគម្រោងលំនៅឋានទាំងនេះនឹងចូលរួមក្នុងការផ្គត់ផ្គង់ទីផ្សារលំនៅឋានក្នុងប្រទេសកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here