ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកមតិ និងយោបល់៥ចំណុច ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោក។
ការចែករំលែកមតិយោបល់របស់សម្តេចតេជោ បានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ចើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ “ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៉ី នៅក្នុងពិភពលោកដែលបែកខ្ញែក”។
-->
នៅក្នុងបរិការណ៍រួមដូចបានគូសបញ្ជាក់ខាងលើ សម្តេចតេជោ សូមចែករំលែកនូវមតិ និងយោបល់ ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោក ដែលបែកខ្ញែក ដូចជាទី១ បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព ឱ្យប្រទេសទាំងអស់គោរពអធិបតេយ្យភាព និងឯករាជ្យភាព គ្នាទៅវិញទៅមក រួមទាំងជម្រើសនៃការដឹកនាំដែលស្របតាមលក្ខខណ្ឌ និងលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ។
ទន្ទឹមនេះដែរ ប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍នៃសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និង ការគោរពទៅវិញទៅមក នូវជីវភាពរស់នៅ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ដែលនេះជាគុណតម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកល ប្រកបដោយចីរភាព និងបរិយាបន្ន ។
ទី២ ការប្រកាន់ខ្ជាប់នូវគោលការណ៍ “ពហុភាគីនិយម” និង “កិច្ចសហប្រតិបត្តិការអន្ដរជាតិ ផ្អែកលើវិធាននៃច្បាប់” គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក ។ យើងមិនត្រូវបណ្ដោយឱ្យប្រទេសណាមួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្ដរជាតិ ព្រមទាំងគោលការណ៍ និងគោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ ។
ទី៣ បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ មានតម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហ-ប្រតិបតិ្តការក្នុងតំបន់ ។
ក្នុងន័យនេះ យើងត្រូវបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបតិ្តការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្ដានុពលនៃកិច្ចអភិវឌ្ឍរបស់អាស៊ី ឱ្យបានជាអតិបរមា ។
ទី៤ យើងត្រូវបន្តរក្សា និងពង្រឹងនូវការឯកភាព និងសាមគ្គីភាពរវាងបណ្ដាប្រទេសនានា ក្នុងទ្វីបអាស៊ី ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនានា ក្នុងតំបន់ និងពិភពលោក ។ ក្នុងន័យនេះ អាស៊ានជាអង្គការតំបន់មួយ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅ ប្រកបដោយគុណតម្លៃដ៏ថ្លៃថ្លាទាំងនោះ ។
អាស៊ាន តាមរយៈយន្តការនានា ដូចជា អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានប្រមូលផ្តុំមហាអំណាចធំៗ មហាអំណាចទំហំមធ្យម និងរដ្ឋតូចៗពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកសាងជំនឿ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបន- កម្មតំបន់ ផ្អែកលើវិធាននៃច្បាប់ ដែលមានអាស៊ានជាស្នូល ។
ទី៥ យើងត្រូវបន្តខិតខំរួមគ្នាបង្កើន ការយកចិត្តទុកដាក់ក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន តាមរយៈ ៖ (១). ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួល បានការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ (២). ការបន្តផ្តល់អាទិភាព លើកិច្ចសហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម (៣). ការជំរុញបន្ថែមនូវការតភ្ជាប់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ (៤). ការចាប់យកកាលានុវត្តភាព ពីបរិវត្តកម្មឌីជីថល និង (៥). ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការធ្វើអន្តរកាល ថាមពល តាមរយៈការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង៕