អ្នកជំនាញរំពឹងថាតំបន់ផ្លូវជាតិលេខ៦អា នឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ តំបន់ផ្លូវជាតិសំខាន់ៗ ចេញពីរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា រដ្ឋាភិបាលកំពុងសាងសង់ និងស្ថាបនាលើកកម្ពស់ជាថ្មី ដែលនឹងធ្វើឱ្យតំបន់តាមបណ្ដោយផ្លូវជាតិទាំងនោះ នឹងទទួលបានការវិនិយោគបន្ថែ​មពីវិនិយោគិន ជាពិសេសផ្លូវជាតិលេខ៦អា នឹងកាន់តែមានការទាក់ទាញ វិនិយោគិនកាន់តែខ្លាំង។

លោកស្រីហ្គ្រេស រចនីអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ ក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិ​ការណ៍ប្រកួតគីឡាស៊ីហ្គេម ហើយទីតាំងនេះ កម្មវិធីលំដាប់អន្តរជាតិនេះគឺនៅប៉ែកខាងជើងរាជធានីភ្នំពេញ។

ភ្ញៀវអន្តរជាតិ ចូលរួមទស្សនាមានទាំងអ្នកជំនួញ ទាំងភ្ញៀវទេសចរ និងកីឡាករ កីឡាការិនី នឹងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ដើម្បីទៅដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដូច្នេះផ្លូវជាតិលេខ៦អា នឹងក្លាយជាចំណាប់អារម្មណ៍មុនគេសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន ។

លោកស្រីបន្តថា “ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំក្រោយនេះដែរ នឹងធ្វើឱ្យកម្ពុជា ទទួលបានវិនិយោគិនអន្តរជាតិច្រើន ចូលមកទស្សនា ក្រៅពីនោះ ពួកគេក៏អាចសិក្សាពីសក្ដានុពលវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ”។ លោកស្រីបន្តថា “កម្ពុជាត្រូវត្រៀមខ្លួន ត្រៀមលក្ខណៈឱ្យបានជាមុន ដើម្បីស្វាគមន៍វិនិយោគិនបរទេស ដែលនឹងចូលមកកម្ពុជានៅពេលខាងមុខនេះ”។

ចំណែកលោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល ក៏បានមានប្រសាសន៍ផងដែរថា តាមពិតទៅសក្ដានុពលអចលនទ្រព្យ នៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានភាពទាក់ទាញ និងរីកចម្រើនគួរឱ្យកត់សម្គាល់ជាពិសេសក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ។

លោកបន្តថា “តំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ឃើញថាទទួលបានការវិនិយោគ លើអចលនទ្រព្យច្រើន ក្នុងនោះរួមមានស្ដាតថ្មី សម្រាប់ទទួលស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ សំណង់វិមានឈ្នះឈ្នះ និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតជាដើម”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ នាយកក្រុមហ៊ុន Advance Real Estate ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Property Area នាពេលកន្លងមកថា តំបន់ផ្លូវជាតិលេខ៦អា ភាគច្រើនគេឃើញមានការទាក់ទាញ ទៅលើការអភិវឌ្ឍលំនៅឋាន និងមានអ្នកវិនិយោគក្នុងស្រុកជាច្រើន បានបណ្ដាក់ទុនវិនិយោគលំនៅឋាននៅទីនោះ ជាក់ស្ដែងយើងបានឃើញគម្រោងលំនៅឋានតូចធំជាច្រើន ព្រមទាំងមានគម្រោងអភិវឌ្ឍន៍ ជាវិនិយោគិនមកពីខាងក្រៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here