និន្នាការដីធ្លីថ្មីចំនួនពីរកំពុងជម្រុញកំណើនតម្រូវការដីធ្លីក្នុងខេត្តកំពត

0

ដោយៈសុផារី

កំពតៈ កំពតជាខេត្តមានសក្តានុពលខ្ពស់ លើសកម្មភាពអចលនទ្រព្យបម្រើឱ្យវិស័យទេសចរណ៍។ នាពេលថ្មីៗនេះ ក្រៅពីសកម្មភាពអចលនទ្រព្យទេសចរណ៍ គេសង្គេតឃើញមាននិន្នាការថ្មីចំនួនពីរ ដែលបាននិងកំពុងកើតឡើង នៅក្នុងវិស័យអចលនទ្រព្យ ខេត្តតំបន់ឆ្នេរសមុទ្រមួយនេះ។

អ្នកជំនាញបានបញ្ជាក់ថា មានការកើនឡើងគួរឱ្យកត់សម្គាល់ លើការស្វែងរកដីធ្លីនៅក្នុងការអភិវឌ្ឍ និងសម្រាប់ការបង្កបង្កើនផលក្នុងវិស័យកសិកម្មផងដែរ។

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ថា ស្របពេលសកម្មភាពអភិវឌ្ឍន៍ នៅបន្តមានភាពល្អប្រសើរជាហូរហែរ លោកសង្គេតឃើញមានការស្វះស្វែងរកទិញដី សម្រាប់កសិកម្មក៏មានកំណើនគួរឱ្យកត់សម្គាល់។

លោកឧកញ៉ាបានបន្តថា “អ្នកវិនិយោគដីធ្លីមួយចំនួន ក៏បានរកទិញដីនៅក្នុងតំបន់ភ្នំ ដោយសារតែដីនៅក្នុងខេត្តមួយនេះ មានជីវជាតិល្អ សម្រាប់ការដាំដំណាំបានល្អ ជាពិសេសប្រភេទធុរេន ជាដើម”។លោកបន្ថែមថា “កាលពីដើមឡើយ នៅមិនសូវមានអ្នកចាប់អារម្មណ៍ ណាស់ណានោះទេ ប៉ុន្តែឥលូវមានអ្នកស្វែងរកច្រើន ធ្វើឱ្យមានកំណើនទិញដីស្រែ ដីចម្ការដែលនៅសេសសល់ជាច្រើន”។

ចំពោះតម្លៃដីកសិកម្ម ដែលមានទីតាំងដែលនៅឆ្ងាយៗ បច្ចុប្បន្ននេះ មានតម្លៃមិនក្រោម១ដុល្លារ ដល់២០ដុល្លារអាមេរិក ក្នុងមួយមែត្រការ៉េទេ ដោយអ្នកទិញមានក្តីរំពឹង និងគោលបំណងប្រែក្លាយដៅកសិកម្មទាំងនោះជាដីឡូតិ៍ពុះលក់ និងជាប្រភេទចម្ការលំហែរនាពេលអនាគត។

ជាមួយគ្នានេះ លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពត ដីកសិកម្មក៏មានសក្តានុពលមួយផងដែរ សម្រាប់ដំណាំប្រភេទធុរេនជាដើម ហើយក៏មានការដាំដុះច្រើនផងដែរ បើទោះបីមិនទាន់មានការអភិវឌ្ឍចម្ការធំៗ សម្រាប់ទ្រង់ទ្រាយនាំចេញក្តី។

លោកថា “កន្លងមកមានក្រុមហ៊ុនចិនមួយចំនួន បានមកទិញដីរាប់សិបហិចតា ដើម្បីដាំដំណាំធុរេន ហើយក៏នៅបន្តមានការទិញដីរាប់រយហិចតាសម្រាប់ដំណាំចេកជាហូរហែរដែរ”។

ក្រៅពីប្រភេទដីទេសចរណ៍ និងកសិកម្ម និងការអភិវឌ្ឍជាហូរហែរនៅលើទឹកដីខេត្តកំពត លោកសង្គេតឃើញមានកំណើន នៃការស្វែងរកដីប្រភេទឧស្សាហកម្មយ៉ាងសកម្ម  ដោយសារតែកំពង់ផែ នៅក្នុងខេត្តកំពតបានចាប់ផ្តើមការសាងសង់ ដែលនាំឱ្យមាននិន្នាការអភិវឌ្ឍឃ្លាំង ដីកសិកម្ម ឃ្លាំងស្ងួត ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here