អ្នកជំនាញដីធ្លីមើលឃើញថាវិស័យដីធ្លីកម្ពុជាដល់ពេលងើបឡើងវិញហើយ ក្រោយរង្គោះរង្គើអស់ ២ឆ្នាំកន្លង

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់មិនខុសពីវិស័យផ្សេងទៀតឡើយ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិនៃជំងឺឆ្លងសកល កូវីដ១៩ តែមកដល់ពាក់កណ្ដាលឆ្នាំ២០២២នេះ អ្នកជំនាញនៃវិស័យនេះ បានមើលឃើញថា ដល់ពេលដែលវាត្រូវងើបឡើងវិញ និងបន្តមានសន្ទុះទៅមុខទៀតចាប់តាំងពីពេលនេះតទៅ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL និងជាអ្នកជំនាញដីធ្លីមួយរូបនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វាដល់ពេលដែលវិស័យអចលនទ្រព្យ ជាពិសេសវិស័យដីធ្លីចាប់ផ្ដើមកក្រើកឡើងវិញ ។

លោកបន្តថា “វិស័យនេះ វានឹងចាប់ផ្ដើមងើបឡើងវិញ ក្នុងស្ថានភាពល្អប្រសើរ ហើយវាមិនមែនងើបឡើង តែក្នុងឆ្នាំ២០២២នេះទេ តែក្នុងឆ្នាំក្រោយៗទៀត វានឹងកាន់តែល្អប្រសើរបន្តទៀត” ។

លោកឧកញ៉ាបន្តថា កត្តាដែលយើងហ៊ានអះអាងថា វិស័យនេះនឹងកាន់តែល្អនៅឆ្នាំក្រោយៗ គឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ី  ហ្គេម ហើយជាធម្មតាទាំងគេទាំងយើង នឹងមិនទៅបណ្ដាក់ទុនរកស៊ីឬវិនិយោគនៅប្រទេសណា ដែលយើងមិនធ្លាប់បានទៅដល់ មិនធ្លាប់ស្គាល់នោះទេ។

លោកបន្តថា ព្រឹត្តិការណ៍ស៊ីហ្គេម នឹងនាំមនុស្សពាសពេញពិភពលោកមកជុំគ្នានៅកម្ពុជា ដើម្បីទស្សនាការប្រកួត។ ក្រៅពីការប្រកួតវិនិយោ​គិននឹងដើរទស្សនា នៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ហើយនៅពេលដែលគេបានដឹង បានយល់ពីកម្ពុជា នោះគេនឹងបណ្ដាក់ទុនវិនិយោគរកស៊ីក្នុងប្រទេសកម្ពុជា ដែលអាចនាំមកនូវប្រាក់ចំណូល ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកមុខមាត់ប្រទេសកម្ពុជា ស្មើមុខស្មើមាត់នឹងប្រទេសជិតខាងផងដែរ។

លោកឧកញ៉ាចេង ខេងបានបន្ថែមថា ជាការកត់សម្គាល់មួយទៀត ដែលយើងអះអាងថា វិស័យដីធ្លីដល់ដំណាក់កាល កម្រើកឡើងវិញនោះ តាមរយៈសកម្មភាពនៃអាជីវកម្មក្នុងស្រុក ចរាចរណ៍ចាប់ផ្ដើមស្ទះហើយវាស្ទះខ្លាំងជាងកាលមុនកូវីដ១៩ទៅទៀត ដែលបញ្ជាក់ពីភាពមមាញឹកនៃការរកស៊ីរបស់ប្រជាពលរដ្ឋអាជីវករ ក្នុងប្រទេស  ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ក៏បានលើកឡើងផងដែរ ក្នុងរយៈពេលជាង៣សប្ដាហ៍កន្លងទៅនេះ កម្ពុជារកមិនឃើញករណីឆ្លងថ្មីនៃកូវីដ១៩នោះទេ ហើយកម្ពុជាក៏បានបើកទូលាយ ដល់អ្នកដំណើរមកពីបរទេស ដោយមិនធ្វើចត្តាឡ័ក និងមិនធ្វើតេស្ត សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច។

លោកបន្តថា “ទាំងនេះគឺជាសញ្ញាល្អសម្រាប់វិស័យដីធ្លី ក្នុងប្រទេសកម្ពុជា ដែលអាចនឹងទទួលបានការវិនិយោគ ការទិញ លក់ឡើងវិញក្រោយពីទទួលរងផលប៉ះពាល់២ឆ្នាំកន្លង”។

ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុកមួយរូបលោកថា នឹងធ្វើយ៉ាងណាផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជា ដល់វិនិយោគិនបរទេសចូលមកស្វែងរកការបណ្ដាក់ទុនបន្ថែម ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលមានសក្ដានុពសល និងទូលាយសម្រាប់ការវិនិយោគដីធ្លីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here