ដោយ:លាងហួរ
អឺរ៉ុប : សហភាពអឺរ៉ុប បានរងភាពបរាជ័យកាលពីថ្ងៃអាទិត្យ ក្នុងការអនុម័តលើការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី។
ប៉ុន្តែអ្នកការទូតកំពុងព្យាយាម ធ្វើឱ្យមានវឌ្ឍនភាពឡើងវិញមុនកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទដល់ថ្ងៃអង្គារស្តីពី ការលើកលែងសម្រាប់ការចែកចាយបំពង់បង្ហូប្រេង ទៅកាន់បណ្តាប្រទេសអឺរ៉ុបកណ្តាល ដែលគ្មានផ្លូវគោក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយថា “នៅមានព័ត៌មានលម្អិតច្រើនណាស់ ដើម្បីដោះស្រាយភាពជាប់គាំងនេះ” ដើម្បីឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងរួមគ្នាមួយ មុនពេលមេដឹកនាំសហភាពអឺរ៉ុប ជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល នៅរសៀលថ្ងៃចន្ទនេះ។
សំណើដាក់ទណ្ឌកម្ម លើការនាំចូលប្រេងគឺជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មជុំទី៦របស់សហភាពអឺរ៉ុបលើរុស្ស៊ី។
ការដាក់ទណ្ឌកម្មធំៗរបស់អឺរ៉ុប និងអាមេរិក រួមបញ្ចូលទាំងការកាត់ធនាគារធំបំផុតរបស់រុស្ស៊ី Sberbank ចេញពីប្រព័ន្ធ SWIFT និងការបង្កកទ្រព្យសម្បត្តិជាដើម។
ប្រទេសហុងគ្រីបាននិយាយថា ការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី នឹងបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ព្រោះពួកគេមិនអាចទទួលបានប្រេងពីប្រទេសផ្សេង ដោយងាយស្រួលនិងមានតម្លៃទាបជាងរុស្ស៊ីនោះទេ ខណៈដែលស្លូវ៉ាគី និងសាធារណៈរដ្ឋឆេក បានសម្តែងការព្រួយបារម្ភស្រដៀងគ្នា។
ការពិភាក្សាស្តីពី ការហាមប្រាមនាំចូលប្រេងពីប្រទេសរុស្ស៊ី បានបន្តអូសបន្លាយអស់រយៈពេលមួយខែ ដោយមិនមានការរីកចម្រើន ហើយមេដឹកនាំអឺរ៉ុប មានបំណងចង់ឈានដល់ការបង្កើត កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល ដើម្បីជៀសវាងការមើលទៅមិនចុះសម្រុងគ្នា ក្នុងការឆ្លើយតបរបស់ពួកគេចំពោះទីក្រុងម៉ូស្គូ។
ដើម្បីទម្លាយភាពជាប់គាំង គណៈកម្មការអឺរ៉ុបបានស្នើថា ការហាមប្រាមនេះ អនុវត្តន៍ចំពោះតែប្រេងរុស្ស៊ី ដែលនាំចូលទៅក្នុងសហភាពអឺរ៉ុបដោយកប៉ាល់ដឹកប្រេង ដោយទុកឱ្យប្រទេសហុងគ្រី ស្លូវ៉ាគី និងឆេក បន្តនាំចូលប្រេងពីរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៊ីមួយរយៈសិន រហូតដល់ការផ្គត់ផ្គង់ជំនួសអាចកើតមាន៕