ដោយៈសុខុម
សេអ៊ូល: បន្ទាប់ពីក្រុមហ៊ុនSamsung Group និងក្រុមហ៊ុន Hyundai Motor Group បានបង្ហាញផែនការវិនិយោគច្រើនសម្បើមរួចមក ក្រុមហ៊ុនគ្រាក់ៗផ្សេងទៀតរបស់កូរ៉េខាងត្បូង រួមមានក្រុមហ៊ុន SK ក្រុមហ៊ុនLG ក្រុមហ៊ុន GS ក្រុមហ៊ុន POSCO និងក្រុមហ៊ុន Hyundai Heavy Industries កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនបានបង្ហាញផែនការវិនិយោគទ្រង់ទ្រាយធំគួរឱ្យភ្ញាក់ផ្អើល។
អ្នកជំនាញមើលឃើញថា ផែនការវិនិយោគយ៉ាងច្រើនសម្បើមនេះ គឺដើម្បីស្វែងរកឱកាស សម្រេចបានកំណើនបន្ថែមទៀត នៅពេលអនាគត និងដើម្បីឆ្លើយតប ទៅនឹងការសន្យារបស់ប្រធានាធិបតី Yoon Suk-yeol ថានឹងបង្កើតបរិយាកាស ដែលអំណោយផលសម្រាប់អាជីវកម្ម។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៣០ ខែឧសភា នេះ។
ផែនការវិនិយោគរបស់ពួកគេ គឺផ្តោតលើការបង្កើតការងារបន្ថែមទៀត និងជំរុញអាជីវកម្ម ដែលកាក់កបខ្លាំងដូចជា បន្ទះឈីប ជីវឧស្ម័ន អាគុយរថយន្តអគ្គិសនី ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងបញ្ញាសិប្បនិម្មិត (IA) ជាដើមដែលពួកគេរំពឹងថា នឹងជំរុញឱ្យសេដ្ឋកិច្ចកូរ៉េខាងត្បូង មានសន្ទុះហក់ឡើងខ្លាំងវិញ។
តួយ៉ាងក្រុមហ៊ុន SK Group និយាយថា ខ្លួននឹងវិនិយោគសរុបចំនួន១៩៤,៨ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបាន៥០.០០០កន្លែង។
ទន្ទឹមនេះ ក្រុមហ៊ុន LG Group ក៏បានប្រកាសដែរថា ខ្លួននឹងវិនិយោគ៨៦ពាន់លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង សុទ្ធសាធរហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបានចន្លោះពី៥០.០០០កន្លែងទៅ១០.០០០កន្លែង។
ចំំណែកក្រុមហ៊ុន GS Group ដែលដំណើរការអាជីវកម្មប្រេង សំណង់ និងអាជីវកម្មចែកចាយក៏បានប្រកាសដែរថា ខ្លួននឹងវិនិយោគ១៧ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបាន២២.០០០កន្លែង។
រីឯក្រុមហ៊ុន POSCO Group បានប្រកាសថា ខ្លួននឹងវិនិយោគចំនួន៤៣ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦ ដោយផ្តោតលើការប្រកួតប្រជែងក្នុងអាជីវកម្មស្នូលដូចជាដែកថែប អ៊ីដ្រូសែន ហេដ្ឋារចនាសម្ព័ន្ធដែលមិនប៉ះពាល់ដល់បរិស្ថាន និងបច្ចេកវិទ្យានាពេលអនាគតជាដើម ដែលនឹងបង្កើតការងារថ្មីបាន២៥.០០០កន្លែង។
ចុងក្រោយ ក្រុមហ៊ុន Hyundai Heavy Industries Group បានប្រកាសថា ខ្លួននឹងវិនិយោគ១៧ពាន់លានដុល្លារ នៅរយៈពេល៥ឆ្នាំក្រោយរហូតដល់ឆ្នាំ២០២៦ ដែលនឹងបង្កើតការងារថ្មីបាន១០.០០០កន្លែង។
ដូចនេះ ទំហំទុនវិនិយោគសរុប ដែលគ្រោងចំណាយដោយក្រុមហ៊ុនគ្រាក់ៗទាំងនេះ មានចំនួនដល់ទៅ៣៥៧,៨ពាន់លានដុល្លារ៕ Korea Times៕