ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ដោយសារតម្លៃដីនៅជិតក្រុងមានតម្លៃខ្ពស់ វិនិយោគិនក៏បានងាកទៅរកតំបន់ជាយក្រុង ដើម្បីធ្វើការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីទទួលបានប្រាក់ចំនេញខ្ពស់។ ក្នុងនោះ តំបន់ខាងលិច និងខាងត្បូងភ្នំពេញមើលឃើញមានការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យច្រើន។
ជាការកត់សម្គាល់ លំនៅឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ និងខ្លះតម្លៃត្រឹម៤ទៅ៥ម៉ឺនដុល្លារអាមេរិក មានការអភិវឌ្ឍច្រើននៅតំបន់ខាងលិច និងខាងត្បូង ដោយវិនិយោគិនថ្មីចាស់ជាច្រើនចាប់ផ្ដើមបញ្ចេញសកម្មភាព ជាពិសេស នៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ និងតំបន់ដែលមានសក្ដានុពល។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃក្រោម១០ម៉ឺនដុល្លារគួរងាកទៅផ្លូវជាតិលេខ៣ ឬលេខ៤ ពីព្រោះតម្លៃដីធ្លីនៅតំបន់នោះនៅមានកម្រិតនៅឡើយ ដូច្នេះអ្នកអភិវឌ្ឍន៍អាចទិញដីនៅតំបន់នោះ ហើយសង់ផ្ទះ ដើម្បីលក់ក្នុងតម្លៃនោះបាន។
លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញភាគច្រើននៅជួលផ្ទះគេនៅឡើយ ។ ដូច្នេះបើសិនជាមានការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យច្រើននោះ ពួកគាត់នឹងមានលទ្ធភាពក្នុងការទិញផ្ទះ ដោយបង់រំលស់ជាមួយធនាគារ ឬបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ និងអាចស្នាក់នៅបាន ហើយក្នុងរយៈពេលណាមួយ ផ្ទះនោះនឹងក្លាយជារបស់ពួកគេ។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ខណ្ឌជាយក្រុងមួយចំនួនបានក្លាយជាទីចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ ក្នុងនោះមានខណ្ឌដង្កោនៅប៉ែកខាងត្បូងភ្នំពេញ ខណ្ឌកំបូលខាងលិចភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ នៅខាងលិចភ្នំពេញ ជាដើម។
អ្នកនាងបន្តថា ការអភិវឌ្ឍលំនៅឋានពីសំណាក់វិនិយោគិនក្នុងស្រុកជាច្រើន បានរួមចំណែកដល់ការផ្គត់ផ្គង់ទីផ្សារលំនៅឋានជូនប្រជាពលរដ្ឋ ដែលមានតម្រូវការហើយ។ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវិដ១៩ ការទិញលក់លំនៅឋានក្នុងប្រទេសកម្ពុជាក៏ឃើញថានៅតែមានភាពសកម្ម៕