ដោយ៖ សុផារី
ភ្នំពេញ ៖ កូវីដ១៩ ទើបធ្វើឱ្យច្រកព្រំដែនត្រូវបានបិទ ហើយសកម្មភាពកាស៊ីណូមិនមានដំណើរការ។ អ្នកជំនាញមើលឃើញថា ប្រសិនបើច្រកព្រំដែនបើកដំណើរការពេញលេញ កាស៊ីណូនឹងដំណើរការ ដែលនឹងជំរុញតម្លៃដីធ្លីនៅតំបន់នេះ អាចនឹងឡើងគុណនឹងបី ទៅបួនដង។
លោក ថន វីរៈ ប្រធានផ្នែកលក់ក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានទីតាំងនៅក្នុងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ប្រាប់ Property Area Asia ថា តម្លៃដីធ្លី មានការប្រែប្រួលតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតាមបណ្តោយព្រំដែននីមួយៗ។
អ្នកជំនាញមូលដ្ឋានរូបនេះបញ្ជាក់ថា ជាក់ស្តែង នៅតាមបណ្តោយព្រំដែនស្មាច់មានជ័យ តម្លៃដីធ្លីស្ថិតនៅចន្លោះ៦០ទៅ៧០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំណែក នៅតាមបណ្តោយព្រំដែនជប់គគីរ ចុះមកក្រោម៣គីឡូម៉ែត្រ មានតម្លៃចន្លោះពី៤៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
នៅតាមបណ្តោយព្រំដែនរវាងកម្ពុជានិងថៃ ប្រចាំខេត្តឧត្តរមានជ័យ មានកាស៊ីណូចំនួនបីទីតាំង នៅតាមព្រំដែនស្មាច់ និងច្រកជប់គគីរ។
លោកវីរៈបានឱ្យដឹងថា សម្ដេចតេជោបានជំរុញឱ្យបើកដំណើរការតាំងពីឆ្នាំ២០២០ម្លេះ តែដោយសារកូវីដ១៩ ទើបធ្វើឱ្យមិនមានដំណើរការ។ ប្រសិនបើចប់កូវីដទៅ ដឹងតែច្រកនឹងអាចឱ្យអភិវឌ្ឍន៍ជាង៨០ភាគរយ នៃច្រកប៉ោយប៉ែត។ បច្ចុប្បន្ននេះ ច្រកព្រំដែនស្មាច់ត្រូវបានបើកដំណើរការបណ្តើរៗហើយ ហើយច្រកព្រំដែនពីរទៀតគ្រោងនឹងបើកដំណើរការឆាប់ៗនេះ។
លោកថា បច្ចុប្បន្ននេះ ច្រកស្មាច់បើកដំណើរការ អាចចេញចូលមនុស្ស និងទំនិញបានហើយ ហើយច្រកពីរផ្សេងទៀតអាចនឹងបើកនៅខែក្រោយហើយ។ ប្រសិនបើបើកច្រក ដីធ្លីនៅតំបន់នេះអាចនឹងឡើងគុណនឹងបី ទៅបួនដង”។
លោកថា “ទីតាំងច្រកនេះជាតំបន់អភិវឌ្ឍន៍ថ្មី ដែលធ្វើឱ្យដីធ្លីមានកំណើនលឿន បើប្រៀបធៀបនឹងប៉ោយប៉ែត ដែលជាតំបន់ព្រំដែនអភិវឌ្ឍន៍រួចរាល់ហើយនោះ តម្លៃមិនសូវជាឡើងខ្ពស់ឡើយ”។
បើតាមលោកវីរៈ អតិថិជន ដែលកំពុងស្វែងរកទិញដីនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ នៅក្នុងខេត្តឧត្តរមានជ័យ ភាគច្រើនជាអតិថិជននៅក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួននៅជុំវិញ។
លោកបន្តថា “ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលកម្ពុជាបានផ្តោតការអភិវឌ្ឍខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមព្រំដែន ដែលកាលពីឆ្នាំ២០១៨ ២០១៩ គោលការណ៍អភិវឌ្ឍន៍ប៉ែកខាងលិច ក៏សម្រុកមកខេត្តឧត្តរមានជ័យខ្លាំងផងដែរ ដោយឱ្យអភិវឌ្ឍន៍ចាប់ពីច្រកព្រំដែនជប់គគីរទៅ។ ទោះបីជាប្រឈមសម័យកូវីដ១៩ក្តី ក៏ហាងឆេងនៅតែមិនធ្លាក់ចុះដែរ”៕