លោក ស៊ុន ចាន់ថុល៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានសារៈសំខាន់ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបី

0

ដោយ៖ សុផារី

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងបើកដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះមានតួនាទីសំខាន់ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបី រួមមាន ប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប។

នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចសម្ភាសពិសេសនៅថ្ងៃទី០៧ ខែមិថុនានេះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងពីសារៈសំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបី ដូចជា ប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប។

លោកបានសង្កត់ធ្ងន់ថា ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ និងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយមិត្ត ចិន ដើម្បីធ្វើផែនការមេសម្រាប់ខេត្តព្រះសីហនុទាំងមូល ក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ច ពិសេស ហើយផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុទាំងមូល។

លោកទេសរដ្ឋមន្ត្រីលើកឡើងថា ផែនការនេះស្របតាមសុភាសិតចិនលើកឡើងថា “ចង់មានបាន ត្រូវសង់ផ្លូវ”  ឯចំណែក​សុភាសិតខ្មែរថា “មានផ្លូវ មានក្តីសង្ឃឹម” និងស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ដែលបានផ្ដល់អាទិភាពបួនយ៉ាងគឺ ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើន ត្រូវតែមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។

ទាក់ទងនឹងគុណភាពផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ លោកទេសរដ្ឋមន្ត្រីអះអាងថា ផ្លូវនេះមានគុណភាពល្អ ទាំងការរៀបចំកសាង និងការរៀបចំសុវត្ថិភាព ហើយបន្ថែមពីលើនេះក្រសួងបានជួលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងវិស្វករឯករាជ្យឱ្យមកពិនិត្យលើគុណភាពថែមទៀត រួមជាមួយការប្រើបច្ចេកវិទ្យាថ្មី សម្ភារៈទំនើប បទពិសោធន៍ និងអ្នកជំនាញគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវនេះឱ្យមានគុណភាពរឹងមាំតាមស្តង់ដារបច្ចេកទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here