ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្សារទំនើបថ្មីមួយ ព្រីនស៍ ថាមស៍សឃ្វែរត្រូវបានប្រារព្ធពិធីបើកសម្ភោធជាផ្លូវការនៅរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនីលើមហាវិថីព្រះនរោត្តម។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនេះ។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងពេលកន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំហឹង ពីគ្រប់មជ្ឈដ្ឋាននិងសំណាក់ប្រជាជនកម្ពុជាផងដែរ។
ផ្សារទំនើបព្រីនស៍ ថាមស៍ សឃ្វែរ បាននាំមកនូវម្ចាស់អាជីវកម្មចិននិងខ្មែរជាច្រើន និងជាអគារនិមិត្តសញ្ញាថ្មីៗនៅទីក្រុងភ្នំពេញ ដែលប្រមូលផ្តុំនូវភោជនីយដ្ឋានយ៉ាងច្រើន។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលបានបើកដំណើរជាសាធារណៈ ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ មិនត្រឹមតែនាំមកនូវបទពិសោធន៍ពេញលេញថ្មីៗជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទេ ថែមទាំងក៏អាចបង្កើតឱកាសការងារបន្ថែមទៀតនៅកម្ពុជា និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។
លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា បើទោះបីក្នុងឆ្នាំ២០២១ កន្លងទៅ មានផលប៉ះពាល់ពីវិបត្តិជាសាកល បង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញ នៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២,២៦ពាន់លានដុល្លាអាមេរិកបន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសជិតក្បែរ និងក្នុងតំបន់អាស៊ានឡើយ។
លោកបានមានប្រសាសន៍ទៀតថា ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ បានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិន និងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំដែលមានមុខងារពេញលេញ នៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលបានបើកដំណើរជាសាធារណៈ។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ ធនាគារ ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំ សម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។
លោកបន្ថែមថា ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ គឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេលដែលប្រទេសជាតិយើងបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ៕