តើលិខិតយថាភូតមានន័យ និងប្រើប្រាស់ក្នុងទិដ្ឋភាពបែបណាលើអចលនទ្រព្យ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ឬអចលនទ្រព្យដទៃទៀត ត្រូវបានធ្វើឡើងជាច្រើនទម្រង់ ប៉ុន្តែជាទូទៅទម្រង់នីមួយ​ៗនេះ ត្រូវគេហៅថា លិខិតយថាភូត។

យោងតាមមាត្រា៩នៃច្បាប់ស្តីពី ការអនុវត្តក្រមរដ្ឋប្បវេណីបានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយ​ថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យា ក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវ ត្ថុ។
ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូតចំនួន៣ទម្រង់ដូចជា

១.​ កិច្ចសន្យាធ្វើឡើងដោយសាការី
កិច្ចសន្យាប្រភេទនេះ គឺត្រូវសរសេរឡើងដោយសាការីផ្ទាល់ តែគេកម្រឃើញមានខ្លាំងណាស់ ក្នុងប្រតិបត្តិការទិញលក់អចលនវត្ថុនៅកម្ពុជា ​ដែលផ្ទុយពីប្រទេសបារាំង​ ដោយសារបច្ចុប្បន្ននេះ កម្ពុជា​នៅមិនទាន់មានច្បាប់ស្តីពី សហលក្ខន្តិកៈសាការីនៅឡើយ។

ប្រភេទនៃលិខិតយថាភូតមួយនេះ មានតែក្នុងទ្រឹស្តីច្បាប់តែប៉ុណ្ណោះននៅឡើយ។

២. កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ឬក្រុង ស្រុក ខណ្ឌ
កិច្ចសន្យានេះ ធ្វើឡើងដោយមានសរសេរឈ្មោះ អត្តសញ្ញាណដីដែលជាកម្មវត្ថុនៃការចុះបញ្ជី និងចំណុចផ្សេងទៀត ដែល​ត្រូវសរសេរក្នុងទម្រង់ជាកិច្ចសន្យាមួយ ហើយអនុប្បទានិក អនុប្បទាយី សាក្សីពីររូប ចូលរួមផ្តិតស្នាមមេដៃ លើកិច្ចសន្យា​នៅមុខមេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ។

បន្ទាប់មក មេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ ចុះហត្ថលេខា និងប្រថាប់ត្រាផ្លូវការ ចំពោះមុខការិយាល័យចុះបញ្ជី។

៣. កិច្ចសន្យាឯកជនបញ្ជាក់ដោយសាការី
នេះជាប្រភេទលិខិតយថាភូតមួយប្រភេទ ដែលធ្វើឡើងដោយបុគ្គលឯកជន ហើយត្រូវបានបញ្ជាក់ពីភាពស្របច្បាប់ ដោយសាការី ដែលត្រូវចុះហត្ថលេខា កាលបរិច្ឆេទ និងបានចុះនិទ្ទេសអំពីការបញ្ជាក់លើលិខិតនោះ។​

ជាមួយគ្នានេះផងដែរ ការចាត់ចែងហ៊ីប៉ូតែក ដើម្បីធានាបំណុលរវាងម្ចាស់បំណុល និងកូនបំណុល ក៏តម្រូវឲ្យមានលិខិតយថាភូតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here