ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីផ្សារយានយន្តនៅកម្ពុជាសម្រេចបានកំណើនលក់យ៉ាងប្រសើរ និងជាប្រទេសមានការរីកចម្រើនល្អ ជាងបណ្តាប្រទេសនៅក្នុងអាស៊ាន ក្នុងការប្រើប្រាស់យានយន្តជាលក្ខណៈឯកជន ដែលជាផ្នែកមួយចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ។
អនុប្រធានអចិន្ត្រៃយ៍សមាគមខ្មែរ ចិន លោកឧកញ៉ាជា សឿនបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃពិរព័ណ៌អន្តរជាតិ សម្រាប់ឧស្សាហកម្មយានយន្ត ២០១៨ កាលពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៨កន្លងមកថា ទីផ្សារយានយន្តនៅកម្ពុជាបច្ចុប្បន្នត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការលក់យានយន្ត ដឹកអ្នកដំណើរបានកើនឡើងប្រមាណជាង២០ភាគរយ ដែលកំណើននេះកំពុងមានការរីកលូតលាស់ប្រសើរ ជាងប្រទេសដ៏ទៃទៀតនៅក្នុងអាស៊ានផងដែរ។
លោកឧកញ៉ាបន្តថា “ទីផ្សារយានយន្តកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ខណៈកម្ពុជាកំពុងបានងាកចេញជាបណ្តើរៗ ពីការផ្លាស់ប្តូរនៃការប្រើប្រាស់គ្រឿងបរិក្ខាថែទាំយានយន្តជជុះ មកប្រើប្រាស់ផលិតផលថ្មីៗ ដែលមានគុណភាពល្អ ក្នុងការថែរទាំម៉ាស៊ីន និងគ្រឿងបន្លាស់ផ្សេងៗ ជាពិសេសការផ្តល់សុវត្ថិភាពក្នុងការបើកបរ ដល់យើងទាំងអស់គ្នា។
លោក Richard Yaw អនុប្រធានប្រចាំការតំបន់ក្រុមហ៊ុន ABM Tarsus Events Group ដែលជាក្រុមហ៊ុនរៀបចំពិព៌ណលំដាប់អន្តរជាតិ និងកំពុងក្តោបយកទីផ្សារពិព៌ណនៅកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិពណ៌អន្តរជាតិ សម្រាប់ឧស្សាហកម្មយានយន្ត២០១៨ បានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកប្រើប្រាស់យានយន្ត ជាពិសេសសម្រាប់អ្នកជំនួញវិស័យឧស្សាហកម្មក្នុងស្រុក ក្នុងការបង្កើនអាជីវកម្មបន្ថែមទៀត ហើយលោក អ្នកនឹងទទួលបានបន្ថែមនូវការអភិវឌ្ឍន៍ជំនាញ និងការយល់ដឹងអំពីផលិតផលថ្មីៗ ដែលជាដៃគូពាណិជ្ជកម្មនឹងគ្នា៕