គម្រោងខ្នាតយក្សNEOM តម្លៃ៥០០ពាន់លានដុល្លារអាមេរិកចាប់ផ្ដើមលេចចេញជារូបរាងបណ្ដើរៗហើយ

0

ដោយៈ សុខុម

ក្រុងរីយ៉ាដ: គម្រោងខ្នាតយក្ស NEOM ដែលមានតម្លៃរហូតដល់ទៅ៥០០ពាន់លានដុល្លារអាមេរិក របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់កិច្ចសន្យាចំនួន២ដល់ក្រុមហ៊ុនមួយក្រុម ដើម្បីស្ថាបនាផ្លូវរូងក្រោមដី២ខ្សែដែលមានប្រវែងសរុប២៨គីឡូម៉ែត្រ។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឱ្យដឹងថា ផ្លូវរូងក្រោមដីទាំងនេះ សម្រាប់សេវាដឹកជញ្ជូនល្បឿនលឿនដែលជាផ្នែកមួយនៃគម្រោង NEOM។

កិច្ចសន្យាទី១ បានទៅលើសម្ព័ន្ធក្រុមហ៊ុនរួមមាន FCC Construction SA, China State Construction Engineering Corporation, Shibh Al-Jazira Contracting Company (FCC/CSCEC/SAJCO JV)  ហើយកិច្ចសន្យាទី២ បានទៅលើសម្ព័ន្ធក្រុមហ៊ុនរួមមាន Samsung C&T Corporation, Hyundai Engineering and Construction Co. Ltd, Saudi Archirodon Company Ltd (SHAJV)។

នៅពេលស្ថាបនារួចរាល់ ផ្លូវរូងក្រោមដីទាំងនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនមនុស្ស និងទំនិញកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែមានសុវត្ថិភាពជាងមុន។

គម្រោង NEOM គឺជាគម្រោងទីក្រុងថ្ងៃអនាគត គ្មានឧស្ម័នកាបូនធំបំផុតក្នុងលោកមានឈ្មោះថា “The Line” ដែលនឹងមានព្រំប្រទល់ជាប់ប្រទេសចំនួន៣ គឺអារ៉ាប៊ីសាអូឌីត ប្រទេសអេហ្ស៊ីប និងប្រទេសហ្ស៊កដានី នៅលើផ្ទៃដីរហូតដល់ទៅ២៦.៥០០គីឡូម៉ែត្រការ៉េ។

លោក Joseph Bradley អតីតនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក CISCO Systems ធ្លាប់បានលើកឡើងថា គម្រោងកសាងទីក្រុងដ៏មហិមានេះ នឹងចាប់ផ្ដើមដំណើរការសាងសង់នៅឆ្នាំ២០២១ ហើយដំណាក់កាលទី១ នឹងត្រូវបញ្ចប់ជាស្ថាពរត្រឹមឆ្នាំ២០២៥។

ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman មានបន្ទូលថា នេះគឺជាគម្រោងសាងសង់ដ៏ធំដំបូងបង្អស់ ដើម្បីធ្វើពិពិធកម្ម (ធ្វើឱ្យសម្បូរបែប) សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក។

គម្រោង NEOM ក៏មានគម្រោងសាងសង់ប្រព័ន្ធ ដំណើរការទូទាំងក្រុង ដែលផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅក្នុងតំបន់ពាណិជ្ជកម្មរបស់ខ្លួនផងដែរ ដើម្បីធ្វើឱ្យការប្រើប្រាស់ទិន្នន័យកាន់តែល្អប្រសើរឡើងសម្រាប់អ្នករស់នៅទីនោះ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here