ផ្លូវជាតិសំខាន់ៗពីរលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចអចលនទ្រព្យខេត្តជាប់ព្រំដែនកម្ពុជាថៃមួយ

0

ដោយ៖ សុផារី

ប៉ៃលិន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមច្រកទ្វារព្រំដែនអន្តរជាតិ មិនត្រឹមតែជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់ តែក៏បានបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសទាក់ទាញវិនិយោគជាមួយប្រទេសជិតខាងផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិពីរ​ បាននិងកំពុងបង្កើនសក្តានុពលសេដ្ឋកិច្ចនិងអចលនទ្រព្យនៅក្នុងខេត្តប៉ៃលិន ដែលធ្លាប់ត្រូវបានមើលឃើញថា ជាខេត្តឆ្ងាយដាច់ពីប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស។

លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមិថុនាថា ផ្លូវជាតិសំខាន់ចំនួនពីរ រួមមានផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់អភិវឌ្ឍមកកាន់ខេត្តប៉ៃលិន។

លោកថា “ប្រសិនបើផ្លូវជាតិលេខ៥ បញ្ចប់ការសាងសង់រួចរាល់ ចម្ងាយពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មកកាន់ខេត្តប៉ៃលិន នឹងមានចម្ងាយជិតជាងមុន”។

ចំណែកផ្លូវជាតិមួយទៀត គឺផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា។

ផ្លូវជាតិនេះក៏អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាតំបន់មួយ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

លោកតុងហៃ មានប្រសាសន៍ថា “ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិ៍សាត់ ឆ្លងមកស្រុកសំឡូត ដែលមានព្រំប្រទល់ជាប់ខេត្តប៉ៃលិនផងនោះ ស្ថានភាពនឹងល្អប្រសើរ ព្រោះផ្លូវនេះភ្ជាប់ខេត្តទិសនិរតី មួយចំហៀងប្រទេស មកកាន់ទិសពាយ័ព្យ នៃប្រទេស។ ដូច្នេះ ផ្លូវជាតិមួយនេះមានសារៈសំខាន់ណាស់ ក្នុងការជំរុញសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម និងអភិវឌ្ឍន៍ក្នុងខេត្តប៉ៃលិន”។

លោកថា “មិនដល់ដប់ឆ្នាំទៀតទេ ដោយមានការវិនិយោគរបស់អ្នកវិនិយោគបរទេស និងក្នុងស្រុក បូកផ្សំនឹងផែនការមេអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នឹងមានការផ្លាស់ប្តូរច្រើន សម្រាប់ខេត្តនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែមិថុនា ថា រាជរដ្ឋាភិបាលបានលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដោយសារតែផ្លូវនេះជាគម្រោងផ្លូវតភ្ជាប់ជាយុទ្ធសាស្ត្រទៅកាន់ប្រទេសជិតខាងរហូតដល់ទៅពីរ រួមមាន ប្រទេសថៃ និងវៀតណាម។

លោក ស៊ុន ចាន់ថុល លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ជាពិសេស ការរៀបចំផែនការមេភស្តុភារកម្ម ដែលមានគម្រោងប្រមាណ៣៣០ ត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាង សំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស កាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here