ដោយ៖ សុផារី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំកម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ភាគីទាំងពីរក៏បានសម្រេចឯកភាពលើគម្រោងវិស័យអាទិភាពក្នុងក្របខណ្ឌសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ១,៥ពាន់លានដុល្លារអាមេរិក ខណៈជំនួយឥតសំណងចំនួនប្រមាណ៥០លានដុល្លារអាមេរិក សម្រាប់ផែនការឆ្នាំ២០២២-២០២៤ ដើម្បីអភិវឌ្ឍលើវិស័យអាទិភាពធំៗរបស់កម្ពុជា។
ទឹកប្រាក់កម្ចី និងជំនួយខាងលើ នឹងយកទៅអភិវឌ្ឍវិស័យសំខាន់ៗនានា ដូចជា ផ្លូវជាតិ ផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាល និងវិស័យទូរគមនាគមន៍។
សេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងទៀតថា ចាប់ពីឆ្នាំ១៩៩៧ ដល់ ២០២២ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង១,៧ពាន់លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជាង៤៥៥លានដុល្លារអាមេរិក។
ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង (KSP) ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងការវិនិយោគឯកជន៕