អ្នកជំនាញជើងចាស់បង្ហើបការវិនិយោគអចលនទ្រព្យមានហានិភ័យទាបក្នុងបរិបទវិបត្តិសេដ្ឋកិច្ច

0

ដោយ៖ សុផារី

ភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ១៩ តែងតែបង្កផលប៉ះពាល់ដល់ជីវភាព និងសេដ្ឋកិច្ចជៀសមិនផុត។ អ្នកវិនិយោគឆ្លាតវៃ ត្រូវចេះប្រើប្រាស់សាច់ប្រាក់ ដែលខ្លួនមាន ក្នុងការវិនិយោគឱ្យត្រូវទិសដៅស្របនឹងបរិបទសង្គម-សេដ្ឋកិច្ច ដើម្បីបញ្ជៀសហានិភ័យនៃការខាតបង់។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសពិសេសជាមួយ Property Area Asia នៅក្នុងសប្តាហ៍នេះថា ប្រសិនបើយើងចង់វិនិយោគ ហើយយើងមានលុយ នោះការប្រើប្រាស់លុយធ្វើអ្វីក៏បានដែរ។ ប៉ុន្តែ អ្វីដែលសំខាន់គឺ យើងត្រូវស្គាល់ពីសមត្ថភាព និងបទពិសោធន៍របស់យើង ដើម្បីវិនិយោគឱ្យចំទិសដៅ។

អ្នកជំនាញអចលនទ្រព្យជើងចាស់រូបនេះបានផ្តល់ជាយោបល់ថា សម្រាប់អ្នកវិនិយោគថ្មីថ្មោង ការវិនិយោគលើដីឡូត៍ ជាជម្រើសមួយល្អបំផុត សម្រាប់ការប្រើប្រាស់លុយដែលខ្លួនមាន។

លោកបណ្ឌិតបញ្ជាក់ថា ” ប្រសិនបើយើងជាជើងថ្មី ដើមទុនមានកម្រិត បទពិសោធន៍នៅស្ទើរ ខ្ញុំមិនណែនាំឱ្យសាងសង់សណ្ឋាគារផ្កាយប្រាំ ឬវីឡាតម្លៃរាប់លានទេ។ ធ្វើដីឡូត៍ទៅ”។

ក្រោយប្រលូកក្នុងវិស័យនេះរួចរាល់ហើយ ជំហានបន្ទាប់ សម្រាប់អ្នក ដែលមានថវិកាល្មមគ្រប់គ្រាន់ និងបទពិសោធន៍សមរម្យក្នុងវិស័យដីឡូតិ៍ហើយនោះ អ្នកវិនិយោគអាចឈានជើងចូលទៅប្រលូកក្នុងវិស័យលំនៅឋាន ប្រភេទផ្ទះល្វែង ដោយចាប់ផ្តើមពីទំហំតូចល្មមសិន មុននឹងចាប់ផ្តើមការវិនិយោគបន្ថែមលើគម្រោងលំនៅឋានទំហំធំជាងមុន ឬលើអាគារខុនដូ។

លោកបណ្ឌិតបន្តថា “ប្រសិនបើបទពិសោធន៍យើងល្មម លុយយើងសមរម្យហើយ យើងចង់ក្លាយជាអ្នកអភិវឌ្ឍន៍សមរម្យមួយ សាងសង់ផ្ទះ១០ទៅ២០ល្វែងសិនទៅ។ មិនបាច់ទៅវីឡារាប់រយផ្ទះទេ”។

លោកបណ្ឌិតឱ្យដឹងទៀតថា “បើយើងឆ្លងកាត់បទពិសោធន៍យូរហើយ សាងសង់បុរី២០០ ៣០០ផ្ទះ ក៏វាមិនខុសដែរ។ តំណាលគ្នា សូមកុំភ្លេចថា ខុនដូក៏នៅអាចលក់បាន”។

ជាយោបល់រួម លោកបណ្ឌិតបញ្ជាក់ថា “ដីឡូត៍ក៏ធ្វើបាន គម្រោងបុរីក៏ធ្វើបាន ផ្ទះ២០ ឬ៣០ល្វែងក៏ធ្វើបាន ខុនដូក៏ធ្វើបាន វាសំខាន់លើយើងតើ ថាតើយើងជានរណា? ស្គាល់ខ្លួនឯងហើយ រកស៊ីតាមសមត្ថភាព និងលទ្ធផលដែលខ្លួនមាន នោះយើងជោគជ័យហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here