ដោយៈគង់ សូរិយា
ខេត្តកែបៈ “ឆ្នេរសមុទ្រកោងកាង” បាននិងកំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីបណ្តើរៗសម្រាប់ខេត្តកែប ដោយបច្ចុប្បន្ននេះសាធារណៈជនជាតិជាច្រើន បានចូលទស្សនានិងអ៊ុំទូកកាយ៉ាក់កំសាន្ត នៅតាមដងព្រែកក្នុងគំរោងនេះ។
ជាមួយនឹងគោលដៅប្រែក្លាយខេត្តកែប និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់ ម្ចាស់គំរោងអភិវឌ្ឍន៍ “ឆ្នេរសមុទ្រកោងកាង” បានទិញទូកកាយ៉ាក់ចំនួន៣០ និងតង់សម្រាប់បោះស្នាក់នៅក្នុងគំរោងនេះចំនួន៣០ ដើម្បីឲ្យសាធារណៈជនអាចជិះ និងសំរាកកំសាន្តក្នុងគំរោងនេះដោយឥតគិតថ្លៃ។
អ្នកនាងឆយ ហ្រ្វីដានាយិកាគ្រប់គ្រងទូទៅនៃគំរោងឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី១៧ មិថុនានេះថា ជាមួយនឹងទស្សនទាន នៃការអភិវឌ្ឍន៍ដោយចីរភាព បានធ្វើឲ្យគំរោងឆ្នេរសមុទ្រកោងកាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណៈជន ក៏ដូចជាអ្នកវិនិយោគ និងអ្នកស្វែងរកដីលំហែរកាយ សម្រាប់សាងសង់លំនៅដ្ឋានសម្រាកចុងសប្តាហ៍។
អ្នកនាងបន្តថា “រហូតមកទល់ពេលនេះ ការលក់របស់យើងសម្រេចបានតាមផែនការ ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងនេះកំពុងសាងសង់យ៉ាងសកម្ម”។ អ្នកនាងបន្តថា “ម្ចាស់គំរោងនេះកំពុងប្រែក្លាយគំរោងនេះ ជាគំរោងគំរូនិងធំជាងគេមួយនៅក្នុងខេត្តកែប ដែលជាការគាំទ្រដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា រាជរដ្ឋាភិបាលដើម្បីពន្លឿន និងអភិវឌ្ឍន៍ខេត្តនេះកាន់តែរីកចម្រើនបន្ថែមទៀត”។
ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការចូលរួមអភិវឌ្ឍដោយចីរភាពជាមួយនឹងរាជរដ្ឋាភិបាល ជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត ហេតុនេះទើបគំរោងនិមួយៗរបស់យើង ផ្តោតលើការអភិវឌ្ឍដោយចីរភាព និងទំនួលខុសត្រូវផ្នែកសង្គម ដើម្បីធ្វើយ៉ាងណាឲ្យអ្នកវិនិយោគ ឬអ្នកទិញគំរោងរបស់យើងទទួលបានផលចំណេញ និងទទួលបានទីតាំងលំហែរពិតប្រាកដ។
លោកបន្តថា “យើងកំពុងប្រែក្លាយគំរោង “ឆ្នេរសមុទ្រកោងកាង”ជាផលិតផលទេសចរណ៍ថ្មី សម្រាប់ខេត្តកែប ដោយយើងដាំផ្កាសាគូរ៉ាចំនួន៣០០ដើម រៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានដងព្រែកដែលអាចជិះទូកកំសាន្ត ស្ទូចត្រី មានទេសភាពស្រែអំបិល និងជួរភ្នំវែងអន្លាយ”។លោកបន្តថា “ជាមួយគ្នានេះ គំរោងនេះក៏លំអរដោយដើមកោងកាង ខៀវស្រងាត់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ”។
អភិបាលនៃគណៈអភិបាលខេត្តកែប លោកបណ្ឌិតសោម ពិសិដ្ឋបានស្វាគមន៍ និងគាំទ្រគំរោងនេះ ដែលវានឹងផ្តល់ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគដទៃទៀតមកកាន់ខេត្តកែបកាន់តែច្រើននាពេលខាងមុខ៕