ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ ក្នុងគោលដៅទាក់ទាញការវិនិយោគពីក្នុង និងក្រៅប្រទេស។ ជាលទ្ធផល សកម្មភាពវិនិយោគលើវិស័យឧស្សាហកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានសកម្មភាពកាន់តែខ្លាំង ដែលជំរុញឱ្យមានតម្រូវការ និងកំណើនតម្លៃដីធ្លី នៅតាមបណ្តាខេត្តក្នុងតំបន់នោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែននឹងជំរុញឱ្យសកម្មភាពនៃការវិនិយោគកាន់តែមានសន្ទុះ ហើយមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញចេញ និងចូលប្រទេស ដែលនាំឱ្យទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសជិតខាងក៏កាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត។
សម្ដេចក៏បានលើកឡើងពីការបង្កើតតំបន់សេដ្ឋកិច្ច នៅព្រំដែនកម្ពុជាវៀតណាម ដែលតាមរយៈតំបន់សេដ្ឋកិច្ចពិសេស កន្លងមក ឃើញថាបាននាំរោងចក្រឧស្សាហកម្មទៅបោះទុនវិនិយោគនៅក្នុងតំបន់នោះ ហើយធ្វើឱ្យប្រជាពលរដ្ឋមានឱកាសការងារធ្វើក៏កាន់តែច្រើន ។
លោក ថា ថេង អ្នកជំនាញនៃវិស័យដីធ្លីនៅក្នុងខេត្តព្រៃវែង បានលើកឡើងថា ការបង្កើតច្រកព្រំដែនកម្ពុជា និងវៀតណាម នៅក្នុងខេត្តព្រៃវែង បានជំរុញឱ្យតម្លៃដីធ្លី ដែលមិនធ្លាប់មានការចាប់អារម្មណ៍ និងមានតម្លៃទាប ទៅជាដីដែលមានតម្លៃ ហើយនឹងបង្កើនការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិអន្តរជាតិជាច្រើន។
លោកថា ដីធ្លីមួយចំនួននៅតំបន់ច្រកព្រំដែន ដែលពីមុនមានតម្លៃត្រឹមតែប៉ុន្មានលានរៀលក្នុងហិចតា បានឡើងដល់ខ្ទង់លានដុល្លារក្នុងមួយហិចតាហើយ។
លោកបន្តថា “មិនយូរដីនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង នឹងមានកំណើនបន្ថែមទៀត ហើយវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនទៀត នឹងចូលទៅកាន់តំបន់នោះ ស្វែងរកការវិនិយោគនានាបន្ថែមទៀត”។
អ្នកជំនាញមូលដ្ឋានរូបនេះបញ្ជាក់ថា “ឃើញអ្នកអភិវឌ្ឍន៍មួយចំនួនបានពុះឡូត៏ សង់ផ្ទះល្វែងសម្រាប់លក់ និងអនាគតជឿជាក់ថា នឹងមានរោងចក្រឧស្សាហកម្មចូលមកដំណើរការផលិត ហើយធ្វើឱ្យតំបន់នោះកាន់តែអ៊ូរអរ”៕