ដោយៈ សុខុម
ប៊ែរឡាំង: ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន មិនខ្លាចមេឃ មិនខ្លាចដី សមនឹងងារជាបុរសខ្លាំង ប៉ុន្តែអ្វីដែលលោកខ្លាចសបំផុតគឺ “ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ” ដែលអាចឆេះរាលដាលដល់ប្រទេសរបស់លោក។ នេះបើយោងតាមការលើកឡើង របស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។
អធិការបតីអាល្លឺម៉ង់ Olaf Scholz បានលើកឡើងបន្ថែមទៀតថា លោក ពូទីន កំពុងព្យាយាមធ្វើឱ្យអឺរ៉ុបបែកខ្ញែក បែកបាក់សាមគ្គី និងវិលត្រលប់ទៅកាន់សម័យកាលមួយ ដែលពិភពលោកត្រូវបានគ្រប់គ្រងដោយឥទ្ធិពលរបស់មហាអំណាច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមិថុនា នេះ។
ការអត្ថាធិប្បាយបែបនេះ របស់លោក Olaf Scholz ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួរមួយ ក្នុងបទសម្ភាសន៍ជាមួយកាសែត Muenchner Merkur ចុះផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ដែលបានលើកឡើងថា តើលោក ពូទីន នឹងទទួលស្គាល់ការពិតដែលអ៊ុយក្រែន កាន់តែខិតជិតក្លាយជាសមាជិក របស់សហភាពអឺរ៉ុប ដែរឬទេ។
លោក Olaf Scholz ថ្លែងថា “ប្រធានាធិបតីរុស្ស៊ី ត្រូវតែទទួលស្គាល់ថា មានសហគមន៍អ្នកប្រជាធិបតេយ្យ ដែលផ្អែកលើច្បាប់នៅក្នុងតំបន់របស់គាត់ ដែលកំពុងខិតចូលគ្នាកាន់តែជិត”។ លោកបន្តថា “ច្បាស់ណាស់ថា គាត់ (ពូទីន) ភ័យខ្លាចផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ ដែលអាចឆេះរាលដាលដល់ប្រទេសរបស់គាត់”។
ទោះជាយ៉ាងណា លោក Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានច្រានចោលការអត្ថាធិប្បាយបែបនេះ ដោយសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា “ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ នៅអាល្លឺម៉ង់ បានឆេះរាលដាលមកលើយើងពីរបីដងមកហើយ។ យើងនឹងមិនអនុញ្ញាតឱ្យមានផ្កាភ្លើងឆាបឆេះបែបនេះទៀតឡើយ”។
គណៈកម្មការអឺរ៉ុប កាលពីសប្តាហ៍មុនបានផ្តល់អនុសាសន៍ ឱ្យអ៊ុយក្រែន ដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលជាសមាជិករបស់សហភាពអឺរ៉ុប ជាចំណាតការមួយ ដែលលោក Olaf Scholz និយាយថា លោកគាំទ្រ។
លោក Olaf Scholz ព្រមានថា ការឡើងថ្លៃថាមពលទំនងជានឹងអូសបន្លាយរយៈពេលវែង ហើយបានច្រានចោលការអះអាងរបស់រុស្ស៊ី ដែលលើកឡើងថា ខ្លួនបានកាត់ផ្ដាច់ការបង្ហូរឧស្ម័ន ដោយសារតែខ្វះគ្រឿងបន្លាស់ព្រោះតែទទួលរងទណ្ឌកម្ម៕ Reuters៕