ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនសាងសង់កូរ៉េបានបង្ហាញពីការចូលរួម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានានៅកម្ពុជា ស្របពេលប្រទេសនេះកំពុងផ្តោតលើការវិនិយោគលើវិស័យសំខាន់នេះ។
លោកសូរ វ៉ិចទ័ររដ្ឋលេខាធិការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដឹកនាំដោយលោកហេង វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការអមដំណើរពីលោក Kim Songil អនុប្រធានក្រុមហ៊ុនសាជីវកម្ម Yooshin Engineering Corporation ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សា និងស្វែងយល់អំពីកាលានុវត្តភាព សម្រាប់ចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផ្លូវថ្នល់ស្ពាននានា របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
លោកសូរ វ៉ិកទ័រ បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្ត រួមមានផ្លូវថ្នល់ ស្ពានធំៗ ក៏ដូចជាការអនុវត្តនីតិវិធីទាក់ទងនឹងការសាងសង់ និងបានថ្លែងនូវការកោតសរសើរផងដែរចំពោះលោកហេង វុទ្ធី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃក្នុងការដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចពិភាក្សាអំពីលទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិការ ចូលរួមជំរុញការងារគម្រោង ផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ក្រុមហ៊ុនសាជីវកម្មនេះ បង្កើតឡើងនៅក្នុងឆ្នាំ១៩៥៣ មានបទពិសោធន៍លើការសាងសង់ផ្លូវល្បឿនលឿន ផ្លូវហាយវេ ផ្លូវរថភ្លើង ស្ពានខ្សែកាប ព្រលានយន្តហោះ ស្ពានធំៗ និងការអភិវឌ្ឍធនធានទឹកផងដែរ៕